បាត់ដំបង​: រោងចក្រ​ផលិត​ប្រេង​កន្ទក់​នៅ​ខេត្ដ​បាត់ដំបង ​ចាប់ផ្ដើម​ចម្រាញ់​ប្រេង​សាកល្បង​ក្នុង​បរិមាណ ​៦ ​តោន​ប្រេង ​ក្នុង ​១ ​ថ្ងៃ និង​ត្រៀម​ដាក់លក់​លើ​ទីផ្សារ​ក្នុងស្រុក​ក្រោយ​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណីជាតិ​បញ្ចប់​។

​លោក ឆែ​ន ចន្ទ​ដា​រ៉ា បាន​ជម្នះ​ការវាយតម្លៃ​របស់​សេដ្ឋវិទូ​មួយចំនួន​ដែល​អះអាងថា របរ​ផលិត​ប្រេង​កន្ទក់​ចាយ​ដើម​ធំ និង​មិនអាច​រកប្រាក់​ចំណូល​ម​ក​សង់រោង​ចក្រ​តម្លៃ​រាប់លាន​ដុល្លារ​។


លោក​បាន​និយាយថា​៖ «​ក្នុងនាម​ជា​យុវជនឈាមរាវ​ម្នាក់​ដែលមាន​បំណង​បង្កើត​អ្វី​ថ្មីៗ​សម្រាប់​ប្រទេស​កម្ពុជា​ជាពិសេស​ផលិតផល​ក្នុងស្រុក ខ្ញុំ​នៅតែ​ជម្នះ​ធ្វើ​វា ថ្វីដ្បិតតែ​សេដ្ឋ​កិច្ច​វិទូ​ខ្លះ​ថា វា​មិនអាច​ទៅរួច ដោយសារ​ការចំណាយ​ខ្ពស់​»​។​

កាលពី​ឆ្នាំ​ ២០១៥ លោក ចន្ទ​ដា​រ៉ា បាន​ចូលរួម​ពិព័រណ៍​មួយ​ក្នុងប្រទេស​ចិន និង​បាន​ចាប់អារម្មណ៍​ពី​ការផលិត​ប្រេង​កន្ទក់​។ លោក​បាន​សិក្សា​ស្រាវជ្រាវ​អំពី​ថ្លៃដើម​ចំពោះ​លទ្ធភាព​នៃ​ការ​​បង្កើត​រោងចក្រ​នៅ​កម្ពុជា​។


​នេះ​ជា​គំនិត​បង្កើត​រោងចក្រ​ផលិត​ប្រេង​កន្ទក់​សុ​ខៈ​ដែល​លោក​បាន​អះអាងថា វា​ជា​លើកដំបូង​បំផុត​នៅ​កម្ពុជា​។ ប៉ុន្ដែ​ផែនការ​របស់លោក​បាន​អាក់​ខាន​អំឡុងពេល​ផ្ទុះ​កូ​វីដ ហើយ​លោក​ទើប​សម្រេច​បន្ដ​ផែនការ​នានា​ពេល​ថ្មីៗ​។

​លោក​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា​៖ «​ប្រេង​កន្ទក់​សុ​ខៈ នឹងដាក់​លក់​នៅលើ​ទីផ្សារ​ក្នុងស្រុក ក្រោយ​បុណ្យចូលឆ្នាំ​ខ្មែរ​រួច​។ វា​មានតម្លៃ​ធូរ​ថ្លៃ​ជាង​ប្រេង​កន្ទក់​នាំចូល​ពី​ប្រទេសជិតខាង​។ រយៈពេល​ ១ ឬ ​២​ ឆ្នាំ​ទៀត ខ្ញុំ​មានបំណង​ផលិត​ប្រេង​កន្ទក់​រហូតដល់​ ៥០​ តោន ដែល​ប្រើ​ប្រាស់​កន្ទក់​បរិមាណ ២៥០​ ទៅ​ ៣០០​ តោន​»​។

​លោក ចន្ទ​ដា​រ៉ា ប្រធាន​សហ​​គ្រាស​ធុន​មធ្យម​នៃ​ក្រុមហ៊ុន Cambodian Rice Bran Oil Company Limited បានឱ្យដឹងថា រោងចក្រ​ទើប​បញ្ចប់​ការ​ផ្គុំ ម៉ាស៊ីន​កាលពី​ខែធ្នូ ឆ្នាំ ​២០២២ ហើយ​ពេលនេះ​កំពុងស្ថិត​ក្នុងការ​ចម្រាញ់​សាកល្បង​។ ដោយសារតែ​ដើមឆ្នាំ​មានកម្ម​​វិធី​បុណ្យ​ច្រើន​ការផលិត​តេស្ដ​នេះ​ទើប​មាន​រយៈពេល​ប្រហែល​ ២០ ថ្ងៃ​ប៉ុណ្ណោះ​។

​ផលិតផល​ប្រេង​កន្ទក់​ត្រូវ​បានដាក់​តាំង​បង្ហាញ​នៅក្នុង​ពិធី​ពិព័រណ៍​វិទ្យាសាស្ត្រ បច្ចេក​​វិទ្យា និង​នវានុវត្តន៍​អន្តរជាតិ​កម្ពុជា លើក​ទី​ ១ ឆ្នាំ​ ២០២៣ ​ដែល​រៀបចំឡើង​កាលពី​ចុងខែ​មីនា​កន្លងទៅ​។

​ជា​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ក្រសួង​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​បន្ទាប់ពី​វិបត្ដិ​កូ​វីដ ម្ចាស់​រោងចក្រ​ប្រេង​កន្ទក់​ដែល​ប្រើប្រាស់​ម៉ាស៊ីន​ស្វ័យ​ប្រ​វ​ត្ដិ​បច្ចេកវិទ្យា​ចុងក្រោយ​ជាមួយ​ការចាយ​ទុន ៦​ លាន​ដុល្លារ និង ២ ​លាន​ដុល្លារ​ទៀត​សម្រាប់​ការផលិត​ដំណាក់កាល​ដំបូង ត្រូវបាន​លើក​ទឹក​ចិ​ត្ដ​ឱ្យ​ដាក់តាំង​បង្ហាញ​ផលិតផល​ក្នុង​ពិធី​ពិព័រណ៍​នោះ​។​

​លោក​បានឱ្យដឹងថា នៅ​កម្ពុជា​មិនទាន់មាន​រោងចក្រ​ចម្រាញ់​ប្រេង​កន្ទក់​នេះ​ទេ ក្រៅពី​សិប្ប​កម្ម​ដែលមាន​សមត្ថភាព​កៀប​ប្រេង​ត្រឹម​ ១ ​ថ្ងៃ​ ១០០ គីឡូក្រាម​ខណៈ​ប្រេង​កន្ទក់​សុ​ខៈ​របស់លោក​ចន្ទ​ដា​រ៉ា អាច​ផលិត​ប្រេង ​១​ ថ្ងៃ​ក្នុង​រង្វង់​ ១០ ​តោន​។

​ម្ចាស់​រោងចក្រ​ប្រេង​កន្ទក់​ដែលមាន​ទីតាំងនៅ​ស្រុក​ថ្មគោល ខេត្ដ​បាត់ដំបង លោក ចន្ទ​ដា​រ៉ា បាន​និយាយថា ការផលិត​ប្រេង​កន្ទក់ ១០​ តោន​នេះ ត្រូវការ​កន្ទក់​ចន្លោះ​ពី ៥០ ​ទៅ ៨០​ តោន ដោយ​ផ្សំ​ជាមួយ​សមាស​​ធាតុ​ចម្រាញ់​មួយចំនួនទៀត​។

​លោក​បាន​រំឭកថា ទន្ទឹមនឹង​ភាពល្បីល្បាញ​នៃ​ការនាំចេញ​អង្ករ​ទៅ​ទីផ្សារ​អន្ដរជាតិ​តាំងពី​សម័យ​ជំនាន់​សង្គម​រាស្ដ្រ​និ​​យម កម្ពុជា​ក៏​ធ្លាប់មាន​រោង​ចក្រ​ប្រេង​កន្ទក់​នៅ​ឫស្សីកែវ​។ ប៉ុន្ដែ​អកុសល សមិទ្ធផល​ទាំងនេះ ត្រូវបាន​បំផ្លាញ​ក្នុង​របប​ខ្មែរក្រហម​ទាំងអស់​។

​ស្របតាម​ចក្ខុវិស័យ​របស់​រាជរ​ដ្ឋា​ភិ​បាល​ដែល​បាន​លើកឡើងថា​ «​រួមគ្នា​ទិញ​ផលិតផល​ខ្មែរ​គឺ​បង្កើត​ការងារ​ជូន​ពលរដ្ឋ​ខ្មែរ​» [Buy Local to Create Jobs for Cambodians] ម្ចាស់​សហ​គ្រាន​ធុន​មធ្យម​រូបនេះ​បាន​បន្ដថា ជាក់ស្ដែង អាជីវកម្ម​របស់លោក​មើលឃើញ​ចំណេញ​។

​ការបង្កើត​រោងចក្រ​ផលិត​ប្រេង​កន្ទក់​នេះ ក្រៅពី​សុខភាព និង​ផលចំណេញ លោក​ក៏បាន​ផ្ដោតលើ​កត្ដា ៣​ យ៉ាង គឺ​ការ​កាត់បន្ថយ​ការនាំចេញ​វត្ថុ​ធាតុ​ដើម និង​ចូល​ផលិតផល​សម្រេច កាត់បន្ថយ​អត្រា​ពលករ​ចំណាក​ស្រុក និង​ពលរដ្ឋ​មិនចាំបាច់​ចំណាយ​ខ្ពស់​ក្នុង​ការទិញ​ផលិតផល​ប្រេងឆា​នាំចូល ដែលមាន​តម្លៃ​ថ្លៃ​លើ​ផលិតផល​ដូចគ្នា​។

​បើតាម​លោក​គីម ហួត ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តបាត់ដំបង ការផលិត​របស់​រោង​ចក្រ​នឹង​ជួយ​កាត់បន្ថយ​ការប្រើប្រាស់​ប្រេងឆា​នាំចូល ដែល​លោក​អះ​-​អាង​ជា​ញឹកញាប់​ថា មានគុណ​​ភាព​ឬ​ស្តង់ដា​ទាប និង​អាច​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​។​

​លោក ចន្ទ​ដា​រ៉ា បាន​ប្រាប់ថា ការ​បំប្លែង ឬ​ញែក​ប្រេង​ចេញពី​កន្ទក់​ត្រូវ​ប្រើ​សារធាតុ​គីមី​ ៦​ ប្រភេទ​ទៅតាម​កម្រិតស្ដង់ដា​អន្ដរ​ជាតិ​ដោយ​មានតែ​អំបិល​ប៉ុណ្ណោះ អាច​ត្រូវបានរ​កនៅ​ក្នុងស្រុក ក្រៅពីនេះ​ជាការ​នាំចូល​។

​លោក ចន្ទ​ដា​រ៉ា ទទួលស្គាល់ថា នៅ​កម្ពុជា​មានការ​ខ្វះខាត​ខ្លាំង​ចំពោះ​គ្រឿង​ផ្គុំ​ផ្នែក​ខាង​ម៉ាស៊ីន និង​វត្ថុធាតុដើម​សម្រាប់​បំប្លែង​ជា​ប្រេង​កន្ទក់​។ លោក​បាន​លើកឡើងថា កន្លងមក​នៅតាម​សិប្ប​កម្ម​នានា វិធីសាស្ត្រ​ក្នុង​ការយក​ប្រេង​កន្ទក់​ត្រូវបាន​ធ្វើឡើង​តាមរយៈ​ការ​កៀប​។ ប៉ុន្ដែ​វិធី​បុរាណ​នេះ មិនអាច​ទាញយក​ប្រេង​អស់ពី​កន្ទក់​ឡើយ​។

​លោក​បានឱ្យដឹងថា បច្ចុប្បន្ន រោងចក្រ​ស្ដង់ដា​ទូទៅ​ប្រើ​សារធាតុ​បំប្លែង​ដែល​អាច​ស្រូបយក​ប្រេង​ទាំង​អស់ពី​ល្បាយ​កន្ទក់​។ លោក​បាន​អះអាងថា អង្គការ​សុខភាព​ពិភពលោក​បានលើកឡើង​ថា ការប្រើប្រាស់​សារធាតុ​បំប្លែង​នេះ​មាន​រយៈពេល​ ១០០​ ឆ្នាំ​ហើយ ដោយ​មិន​ប៉ះពាល់​សុខភាព​អ្នកទទួល​ទាន​ទេ​។

​លោក​បាន​បន្ដថា សារធាតុ​ចម្រាញ់​ទាំងនោះ មាន​តួនាទី​កម្ចាត់​ខ្លាញ់​មិនល្អ​ ២ ​ប្រភេទ​ចេញ និង​រក្សាទុក​ខ្លាញ់​ល្អ​ ២​ នៅក្នុង​ខ្លួន​ដែលជា​តម្រូវការ​នៃ​សារ​ពា​ង្គ​កាយ​របស់​មនុស្ស​។

​លោក ចន្ទ​ដា​រ៉ា បាន​អះអាងថា ប្រេង​កន្ទក់​ផ្ដល់​អត្ថប្រយោជន៍​ច្រើន​ចំពោះ​សុខភាព​អ្នក​ទទួលទាន ជាពិសេស​សុខភាព​បេះដូង​ដែល​វា​ផ្ទុក​ជីវជាតិ និង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ដូចជា oryzanol ជាដើម​។

​ចំពោះ​ពណ៌​សម្បុរ​នៃ​ប្រេង​កន្ទក់ ម្ចាស់​សហគ្រាស​តម្លៃ​ប្រា​ក់លាន​លោក ចន្ទ​ដា​រ៉ា បាន​បន្ដថា វា​អាស្រ័យ​លើ​ធាតុពិត​នៃ​វត្ថុធាតុដើម​។ ជាក់ស្ដែង កន្ទក់​អង្ករ​ម្លិះ ដែលជា​វត្ថុ​ធាតុ​ដើម​ចម្បង​របស់​រោងចក្រ នឹងមាន​ពណ៌​មាស​ទៅតាម​ពណ៌​កន្ទក់​។

​លោក​បានលើកឡើង​ពី​គុណ​ភាព​អង្ករ​នៅក្នុង​ស្រុក​ដែល​បន្ដ​ជាប់​លេខ​ ១ ​ថា អង្ករ​កម្ពុជា​មិនសូវ​ប្រើប្រាស់​ជី ក៏ដូចជា ការផលិត​តាំងពីដើម​ដល់​ចប់​ស្របទៅតាម​លក្ខខណ្ឌ​វិនិច្ឆ័យ​របស់​គណៈកម្មាធិការ​។

​លោក​បាន​បញ្ជាក់ថា​៖ «​កន្ទក់​នៅ​ស្រុកថៃ វៀតណាម ឥណ្ឌា ស្រីលង្កា​ឬ​បង់​ក្លា​ដែ​ស​ផ្ដល់​ទិន្នផល​ប្រេង​យ៉ាងច្រើន ​១៦ ​ភាគ​​រយ​ប៉ុណ្ណោះ ខណៈ​កន្ទក់​នៅ​កម្ពុជា​ផ្ដល់​ទិន្នផល​ប្រេង​ប្រហាក់​ប្រហែល​ ២០ ​ភាគរយ​»​។

​ក្រៅពី​គុណភាព​អង្ករ​ដែល​បន្សល់​ជា​កន្ទក់ ការ​ចម្រាញ់​វត្ថុ​ធាតុ​ដើម​នេះ មិនត្រូវ​ធ្វើឡើង​លើសពី​រយៈពេល​ ៤៨ ​ម៉ោង ក្រោយ​កន្ទក់​ត្រូវបាន​កិន​ចេញពី​រោង​ម៉ាស៊ីន​នោះទេ ដោយ​ការ​រក្សាទុក​កន្ទក់​រយៈ​ពេល​យូរ វា​ធ្វើឱ្យប៉ះពាល់​ដល់​គុណភាព​ប្រេង​។​

​ពាក់ព័ន្ធ​បញ្ហា​នេះ ស្ថាបនិក​រោងចក្រ​ប្រេង​កន្ទក់​រូបនេះ​ធ្វើការ​ជាមួយ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ដើម្បីឱ្យ​ម្ចាស់​រោង​ម៉ាស៊ីន​ផ្ដោតលើ​ផលិតផល​កន្ទក់​ផង ក្រៅពី​គុណភាព​អង្ករ​ពួកគេ​។ អតីត​និស្សិត​ផ្នែក​សេដ្ឋកិច្ច វិទ្យាសាស្ដ្រ​នយោបាយ និង​ទំនាក់ទំនង​អន្ដរជាតិ​នៃ​សាកលវិទ្យាល័យ China University of Political Science and Law លោក ចន្ទ​ដា​រ៉ា បានឱ្យដឹងថា​៖ «​ពេល​ពួកគាត់​កិនស្រូវ​រួច ពួកគាត់​ដឹក​អង្ករ​ចេញលក់​តាម​អតិថិជន​ដោយ​មិនសូវ​ខ្វល់​អំពី​កន្ទក់ អង្កាម និង​ចុងអង្ករ​។ ខ្ញុំ​ចង់ឱ្យ​ពួកគាត់​បែងចែក​រវាង​កន្ទក់ ចុងអង្ករ និង​អង្កាម​ដាច់ដោយឡែក​ពីគ្នា ដោយសារ​សារធាតុ​សំណល់​នេះ​សុទ្ធ​តែមាន​អត្ថប្រយោជន៍​ផ្សេងៗ​គ្នា​»​។

​លោក​សារភាពថា លោក​បាន​ជួប​ឧបសគ្គ​ច្រើន​ចំពោះ​ការផលិត​ប្រេង​កន្ទក់​នេះ ដោយសារ​វា​ថ្មី​សម្រាប់​កម្ពុជា ហើយ​គ្រប់​អ្នកពាក់ព័ន្ធ​ទាំងអស់ មិនទាន់​ដឹង​ច្បាស់​អំពី​ផលិតផល​នេះ ជាពិសេស​ការប្រើប្រាស់​សារធាតុ​បំប្លែង​។

​លោក​បានឱ្យដឹងថា​៖ «​ជាក់​​ស្ដែង ការ​នាំចូល​សារធាតុ​បំប្លែង​សម្រាប់​ផលិតផល​ប្រេង ត្រូវបាន​មន្ដ្រី​មាន​សមត្ថកិច្ច​ខ្លះ​យល់ថា វា​ជា​សារធាតុ​សម្រាប់​ផលិត​គ្រឿងញៀន​។ នេះ​ជាការ​តាម​​ដាន និង​ត្រួតពិនិត្យ​របស់​អាជ្ញា​​ធរមាន​សមត្ថកិច្ច​»​។

​អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​បាត់ដំបង​លោក​សឿ​ម ប៊ុន​រិ​ទ្ធ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា លោក​ស្វាគមន៍​ចំពោះ​គម្រោង​បង្កើត​រោងចក្រ​នៅក្នុង​ខេត្ត​ដែល​លោក​ថា នឹង​ជួយ​ជំរុញ​កំណើន​សេដ្ឋ​កិច្ច និង​បង្កើត​ការងារ លើក​ទឹកចិត្ត​ប្រជាពលរដ្ឋ​កុំ​ឱ្យធ្វើ​ចំណាកស្រុក​។​

​លោក ចន្ទ​ដា​រ៉ា បានឱ្យដឹងថា​បច្ចុប្បន្ន​នេះ រោងចក្រ​មាន​បុគ្គ​លិ​ក​ ៥៥ ​នាក់ ស្រី​ ២០ ​នាក់ ដោយ​មិនទាន់បាន​បូក​បញ្ចូល​ភ្នា​ក់​ងារ​ចែកចាយ​ផង​ទេ​៕