​ភ្នំពេញៈ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានស្នើ​ឱ្យ​ភាគី​បារាំង​បញ្ជូន​អ្នកជំនាញ​ពាណិជ្ជកម្ម​មក​ធ្វើការ​សិក្សា​ពី​សក្តានុពល​វិស័យ​កសិកម្ម​កម្ពុជា ខណៈ​បច្ចុប្បន្ន​ភាគី​ទាំង ​២ បាន​បើក​កិច្ចពិភាក្សា​រួមគ្នា ដើម្បី​ជំរុញឱ្យមាន​កិច្ចសហការ​លើ​ការនាំចេញ​កសិផល​កម្ពុ​ជា​ទៅកាន់​ប្រទេស​បារាំង និង​នាំចូល​ទំនិញ​របស់​បារាំង​មកកាន់​កម្ពុជា​វិញ​។​

​យោងតាម​លទ្ធផល​នៃ​ជំនួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​រវាង លោក​ឌិ​ត ទីណា រដ្ឋមន្ត្រី​ក្រសួងកសិកម្ម និង​លោក Bertrand Ambroise ប្រធាន​នាយកដ្ឋាន​ទំនាក់ទំនង​អន្តរជាតិ នៃ​ផ្សារ​អន្តរជាតិ Rungis និង​គណៈប្រតិភូ​បារាំង​កាល​រសៀល​ថ្ងៃទី​ ១៩ ខែមេសា ឆ្នាំ ២០២៣​។​


​លោក ឌិ​ត ទីណា បានឱ្យដឹងថា នៅក្នុង​ជំនួប​នោះ ភាគី​ទាំង​ ២ ​បាន​ពិភាក្សាគ្នា លើ​សក្តានុពល​វិស័យ​កសិកម្ម ហើយ​លោក​ក៏បាន​ស្វាគមន៍​ចំពោះ​ចំណាប់​អារម្មណ៍​លើ​ទីផ្សារ​កសិផល​កម្ពុជា ពី​សំណាក់​ប្រតិភូ​បារាំង​។ ជាមួយគ្នានេះ លោក​ក៏បាន​ស្នើឱ្យ​ភាគី​បារាំង​បញ្ជូន​អ្នក​​ជំនាញ​ពាណិជ្ជកម្ម​មក​ធ្វើការ​សិក្សា​ពី​សក្តានុពល​វិស័យ​កសិកម្ម​កម្ពុជា និង​ធ្វើការ​ជាមួយគ្នា ដើម្បី​នាំ​កសិផល​កម្ពុជា​ចូលទៅ​កាន់​ទីផ្សារ​បារាំង និង​ការនាំ​ទំនិញ​បារាំង​មក​កម្ពុជា​វិញ​ផងដែរ​។​

​លោក ឌិ​ត ទីណា បានឱ្យដឹង​ទៀតថា​៖ «​យើង​ក៏បាន​លើកឡើង​ពី​ការចង​ក្រង​បណ្តុំ ការបង្កើត​ទីផ្សារ​កសិផល ​១ ​ដែល​ឆ្លើយតប​នឹង​តម្រូវការ និង​ស្តង់ដា​ទីផ្សារ​ប្រទេស​បារាំង ព្រមទាំង​ការបណ្តុះបណ្តាល​ធន​​ធាន​មនុស្ស​ប្រកបដោយ​សមត្ថ​ភាព ជំនាញ​ច្បាស់លាស់​តាមរយៈ​អាហារូបករណ៍ និង​កម្មវិធី​ផ្លាស់​ប្តូរ​បទពិសោធន៍​ជាដើម ហើយ​កម្ពុ​ជាមាន​សាលា​ជាតិ​កសិកម្ម​ចំនួន​ ៣ សម្រាប់​សហការ​លើ​ការ​​បណ្តុះ​ធនធានមនុស្ស​នេះ​»​។


​ដើម្បីឱ្យ​ការងារ​ទីផ្សារ​នេះ​ទទួល​បាន​ជោគជ័យ លោក​ឌិ​ត ទីណា បាន​ជំរុញ​ឱ្យ​ក្រុមការងារ​ពាក់ព័ន្ធ ត្រូវ​ស្វែងយល់​ពី​ទស្សនវិស័យ​ទីផ្សារ​ឱ្យបាន​ច្បាស់លាស់ មាន​យុទ្ធសាស្ត្រ ផែនការ​ពាណិជ្ជកម្ម​ជាក់លាក់ និង​ស្វែងយល់​ពី​ខ្សែ​ចង្វាក់​តម្លៃ​តាំងពី​អ្នក​ផលិត​រហូតដល់​ទីផ្សារ​។​

​ពាក់ព័ន្ធ​នឹង​ការជំរុញ​ទីផ្សារ​នាំ​ចេញ​កសិផល និង​ទំនិញ​កម្ពុជា​-​បារាំង កាលពី​ថ្ងៃទី​ ១៩ ខែមេសា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម លោក​ងិន ឆាយ ក៏បាន​ពិភាក្សា​ការងារ​ជាមួយ​លោកស្រី Marion Chaminade ទីប្រឹក្សា​ក​សិ​អាហារ​ថ្នាក់​តំបន់ លោក Emmanuel Ly Batallan ទីប្រឹក្សា​សេដ្ឋកិច្ច និង​លោកស្រី តូ ម៉ា​លីន​ដា អនុព័ន្ធ​នៃ​កា​រិ​យា​ល័យ​សេដ្ឋកិច្ច នៃ​ស្ថានទូត​បារាំង​ប្រចាំ​នៅ​កម្ពុជា​។

ក្នុងជំនួប​នោះបាន​ធ្វើការ​ពិភាក្សា លើ​ការ​នាំចូល​ផ្លែ​ប៉ោម​ស្រស់​ពី​ប្រទេស​បារាំង​មក​កម្ពុជា ការនាំចេញ​ផ្លែស្វាយ​ស្រស់​ពី​កម្ពុជា​ទៅ​បារាំង និង​ការពង្រឹង​ចំណង​នៃ​កិច្ច​សហ​ប្រតិ​ប​ត្តិ​ការ រវាង​អគ្គនាយកដ្ឋាន​កសិកម្ម​ជាមួយ​ប្រទេស​បារាំង​។​

​លោក ងិន ឆាយ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម នៃ​ក្រសួងកសិកម្ម ឱ្យដឹងថា បារាំង​មានបំណង​នាំចូល​ផ្លែ​ប៉ោម​ស្រស់​ដែលជា​កសិផល​របស់​ប្រទេស​បារាំង មក​កម្ពុជា ខណៈ​បារាំង​ក៏បាន​ស្នើ​សុំឱ្យ​អគ្គនាយកដ្ឋាន​កសិកម្ម បង្ហាញ​អំពី​លក្ខខណ្ឌ​តម្រូវ​ភូតគាម​អនាម័យ​របស់​កម្ពុជា និង​លក្ខខណ្ឌ​ចាំបាច់​ផ្សេងទៀត​ដែល​ត្រូវបំពេញ ដើម្បី​អាច​នាំចូល​ផ្លែ​ប៉ោម​ស្រស់​មកពី​បារាំង​បាន​។​

​ឆ្លើយតប​ទៅនឹង​សំណើ​នេះ លោកស្រី Marion Chaminade បាន​ពន្យល់ថា ការនាំចេញ​កសិផល​ទៅកាន់​ប្រទេស​បារាំង​គឺ​ដំណើរការ​តាម​នីតិវិធី​ដូចគ្នា​ទៅនឹង​ប្រទេស​ផ្សេងទៀត ហើយ​ដើម្បី​អាច​នាំចេញ​ទៅកាន់​ទីផ្សារ​នៅ​ប្រទេស​បារាំង​បាន កសិផល​ទាំងនោះ ត្រូវបំពេញ​តាម​លក្ខ​ខណ្ឌ​តម្រូវ​នានា​ពាក់ព័ន្ធ​នឹង​កម្រិត​សំណល់​ថ្នាំ​កសិកម្ម​មាន​វិ​ញ្ញា​ប​នប​ត្រ​ភូតគាម​អនាម័យ ដែលមាន​កិច្ចព្រមព្រៀង​ច្បាស់លាស់​ជាមួយគ្នា​។​

​ពាក់ព័ន្ធ​នឹង​ផលិតផល និង​កសិផល​របស់​ក​ម្ពុ​ជា​នេះដែរ ថ្លែង​ក្នុង​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​អគារ​សម្ភព​នៃ​មន្ទីរពេទ្យ​កុមារ​ជាតិ កាលពី​ថ្ងៃទី​ ២០ ខែ​​មេសា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហាញ​មោទនភាព​លើ​ផលិតផល​សក្តានុពល​សំខាន់ៗ​របស់​ខ្មែរ​ចំនួន​ ៣ រួមមាន អង្ករ​ស្វាយចន្ទី និង​ម្រេច​។ «​បច្ចុប្បន្ន​អង្ករ​ខ្មែរ បាន​នាំ​ចេញទៅ​ប្រមាណ ៧៣ ​ប្រទេស​ទូទាំង​ពិភពលោក​ក្នុងនោះ គ្រាប់ស្វាយចន្ទី កំពុង​ចេញទៅ​តាម​ទីផ្សារ​អន្តរជាតិ​នានា​ដែរ ខណៈ​ផលិតផល​ផ្សេងៗ​ទៀត ដូចជា​ម្រេច កំពុង​ក្លាយជា​ផ្នែក​មួយ​ជួយ​ធ្វើឱ្យ​ពិភពលោក​កាន់​តែ​ស្គាល់​កម្ពុជា​ដែល​កន្លងមក កម្ពុជា សឹងតែ​ត្រូវបាន​គេ​បំភ្លេចចោល​ទៅហើយ​»៕