ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម លោក ប៉ាន សូរ​ស័ក្ដិ បាន​និយាយថា កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​រវាង​កម្ពុជា​-​អេ​មី​រ៉ា​ត​អារ៉ាប់​​រួម ​(Cambodia-UAE CEPA) នឹង​ជួយ​ជំរុញ​ការធ្វើ​ពិពិធ​កម្ម​ទីផ្សារ​នាំចេញ​របស់​កម្ពុជា​ឱ្យ​កាន់តែ​សម្បូរបែប និង​អាច​ទាក់ទាញ​ធុរជន និង​វិនិយោគិន​បរទេស​ឱ្យ​ចូលមក​បណ្តាក់ទុន​កាន់តែច្រើន​នៅ​កម្ពុជា​។​

​ការលើកឡើង​នេះ​ត្រូវបាន​ធ្វើឡើង​ក្នុងឱកាស​ដែល​លោក ប៉ាន សូរ​ស័ក្ដិ និង​ក្រុមការងារ​អន្តរក្រសួង​ដែល​ធ្វើការ​លើ​ការចរចា​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​កម្ពុជា​-​អេ​មី​រ៉ា​ត​អារ៉ាប់​រួម ចូលរួម​ក្នុង​កិច្ចប្រជុំ​ចង្អៀត​នៃ​គណៈកម្មាធិការ​គោលនយោបាយ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ​(​គ​.​ស​.​ហ​) ​ដែល​ដឹកនាំ​ដោយ​លោក អូន ព័ន្ធមុនីរ័ត្ន ឧ​ប​​នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន គ​.​ស​.​ហ កាលពី​ថ្ងៃទី ​១៨ ខែមេសា ឆ្នាំ​ ២០២៣ នៅ​ទីស្តីការក្រសួង​សេដ្ឋកិច្ច​។​


​ក្នុង​កិច្ចប្រជុំ​នោះ​លោក សូរ​ស័ក្ដិ បានលើកឡើង​ពី​សាវតារ និង​លទ្ធផល​នៃ​ការ​ចរចា​កិច្ចព្រមព្រៀង Cambodia-UAE CEPA ដែល​បាន​បិទ​បញ្ចប់​ជា​ផ្លូវការ​កាលពី​ថ្ងៃទី​ ១៦ ខែមីនា ឆ្នាំ​ ២០២៣ ហើយ​គ្រោង​នឹង​ចុះហត្ថលេខា​ចូល​ជាធរ​មាននៅ​ពេលខាងមុខ​ឆាប់ៗ​។

លោក​បន្តថា កិច្ចព្រមព្រៀង​នេះ គឺជា​សមិទ្ធ​ផល​ដ៏​ល្អប្រសើរ​ថ្មី​មួយទៀត​សម្រាប់​ប្រទេស​កម្ពុជា បន្ទាប់ពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​ចិន​, កម្ពុជា​-​កូរ៉េ​និង​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់ ​(RCEP) ក្នុង​មាគ៌ា​នាំ​កម្ពុជា​បន្ត​ឆ្ពោះទៅ​ការធ្វើ​សមា​ហ​រណកម្ម និង​សហប្រតិបត្តិការ​សេដ្ឋ​​កិច្ច​ក្នុង​តំបន់ និង​ពិភពលោក​។​


​លោក​បាន​ថ្លែងថា​៖ «​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​រវាង​កម្ពុជា​-​អេ​មី​រ៉ា​ត​អារ៉ាប់​រួម នឹង​ជំរុញ​ការ​ពិពិធ​កម្ម​ទីផ្សារ​នាំចេញ​សម្រាប់​ផលិតផល​កម្ពុជា​ឱ្យ​កាន់តែ​សម្បូរបែប និង​ទាក់ទាញ​ធុរជន និង​វិនិយោគិន​បរ​ទេស​មក​កម្ពុជា​កាន់តែ​ច្រើន​សំដៅ​ឆ្ពោះទៅ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព បរិ​យា​ប័ន្ន និង​ភាព​ធន់​»​។​

​កម្ពុជា​-​អេ​មី​រ៉ា​ត​អារ៉ាប់​រួម បាន​ចាប់​​ផ្តើមធ្វើ​ការចរចា​លើ​កិច្ចព្រមព្រៀង ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​កម្ពុជា​-​អេ​មី​រ៉ា​ត​អារ៉ាប់​រួម លើក​ទី​ ១ នៅ​ទីក្រុង​អា​ប៊ូ​ដា​ប៊ី ប្រទេស​អេ​មី​រ៉ា​ត​អា​-​រ៉ាប់​រួម កាលពី​ថ្ងៃទី ​២៤-២៦ ខែតុលា ឆ្នាំ​ ២០២២, លើក​ទី​ ២ នៅ​ទីក្រុង​ភ្នំពេញ ពីថ្ងៃ​ទី​ ១៩-២១ ខែធ្នូ ឆ្នាំ​ ២០២២ និង​លើក​ទី​ ៣ នៅ​ទីក្រុង​ឌូ​បៃ ប្រទេស​អេ​មី​រ៉ា​ត​អារ៉ាប់​រួម ពីថ្ងៃ​ទី​ ២០-២២ ខែកុម្ភៈ ឆ្នាំ​ ២០២៣​។​

​លោក លឹម ហេង អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ២០ ខែមេសា ថា កិច្ចព្រមព្រៀង​នេះ​គឺជា​ដំណើរ​វិវឌ្ឍន៍​ថ្មី​មួយទៀត​ដែល​នឹង​រួមចំណែក​បង្កើន​សក្តានុពល​ទាក់​ទាញ​អ្នកវិនិយោគ​បរទេស ពិសេស​ពី​តំបន់​អារ៉ាប់​ឱ្យមក​បណ្តាក់ទុន​ផ្ទាល់​នៅ​កម្ពុជា ក៏ដូចជា​ជួយ​លើកកម្ពស់​សមត្ថ​ភាព​នាំចេញ​ទំនិញ​ពី​កម្ពុជា​ទៅ​ទីផ្សារ​អន្តរជាតិ​ផងដែរ​។ កិច្ចព្រមព្រៀង​នេះ​គឺ​មិន​ត្រឹមតែ​ជួយ​ឱ្យ​ទំនិញ​កម្ពុ​ជាមាន​កាន់តែ​ច្រើន​លើ​ទីផ្សារ​ប្រទេស​អេ​មី​រ៉ា​ត​អារ៉ាប់​រួម​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​សម្រាប់​តំបន់​អារ៉ាប់​ទាំងមូល​តែម្តង​។​

​លោក​បន្តថា ជាមួយនឹង​សមិទ្ធផល​ដែល​កម្ពុជា​កំពុងមាន​នៅពេលនេះ គឺ​នឹងមាន​អ្នកវិនិយោគ​បរទេស​កាន់តែច្រើន​ចូលមក​បណ្តាក់ទុន​នៅ​កម្ពុជា​។​

​លោក​បញ្ជាក់ថា​៖ «​ការបង្កើតឱ្យមាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ទ្វេភាគី និង​ពហុភាគី​កាន់តែច្រើន គឺ​កាន់តែ​ល្អ​ព្រោះ​កិច្ចព្រមព្រៀង​ទាំងអស់នេះ​នឹង​ដើរតួ​ជំនួស​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នានា​ដែល​កម្ពុជា​កំពុង​ទទួលបាន​ពី​បណ្តា​ប្រទេស​មួយចំនួន​ដូចជា EBA (​សហភាព​អឺរ៉ុប​) និង GSP( ​ពី​អាមេរិក​) ដែល​អាច​នឹង​បាត់បង់​នាពេលខាងមុខ​បន្ទាប់ពី​សេដ្ឋ​កិច្ច​កម្ពុជា​កំពុង​បង្ហាញ​ពីស​ញ្ញា​វិជ្ជមាន​ជា​បន្តបន្ទាប់​»​។​

​បើតាម​លោក លឹម ហេង តាមរយៈ​កិច្ចព្រមព្រៀង​នេះ​នឹងមាន​ផលិតផល​កម្ពុជា​ជាច្រើន​មុខ ដូចជា អង្ករ​, បន្លែ​, ចេក​, ស្វាយ​ច​ន្ធី​, ស្វាយ​, ពោត​, ម្រេច​, អាហារ​ហា​ឡា​ល់​, គ្រឿង​បង្គុំ​អេ​ឡិច​ត្រូ​និក​, រថយន្ត​អគ្គិសនី​, កាបូប​ធ្វើដំណើរ​, ស្បែកជើង​, និង​សម្លៀកបំពាក់ ជាដើម​មាន​វត្ត​មាននៅ​ទីផ្សារ​តំបន់​អារ៉ាប់​។ ជា​មួយ​គ្នា​នេះ កម្ពុជា​ក៏​អាច​រៀនសូត្រ​នូវ​បទពិសោធន៍​ពី​ការអភិវឌ្ឍ​វិស័យ​សេវា​​កម្ម​ពី​អេ​មី​រ៉ា​ត​អារ៉ាប់​រួម ផងដែរ​។​

​លោក ប៉ែន សុ​វិជាតិ អ្នកនាំពាក្យ​ក្រ​សួង​ពាណិជ្ជកម្ម និង​ជា​អនុប្រធាន​ក្រុមការងារ​ចរចា Cambodia-UAE CEPA ធ្លាប់បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃទី​ ២៦ ខែមករា ឆ្នាំ​ ២០២៣ ថា កម្ពុជា​-​អេ​មី​រ៉ា​ត​អារ៉ាប់​រួម បានកំណត់​ជួបប្រជុំគ្នា​លក្ខណៈ​បច្ចេកទេស​ចំនួន ៣ ​ដង ដោយ​ធ្វើការ​ពិភាក្សាគ្នា​ឱ្យ​រួចរាល់ និង​នៅ​ជុំ​ទី ៤ គឺ​ឈានដល់​ការចុះហត្ថលេខា​របស់​ថ្នាក់ដឹកនាំ​ប្រទេស​ទាំង ២​ លើ​កិច្ចព្រមព្រៀង​នេះ​តែម្តង​។ តាម​គម្រោង​ភាគី​ទាំង​ ២ ចង់ឱ្យ​កិច្ចព្រមព្រៀង​នេះ​អាច​ចុះហត្ថលេខា​ក្នុង​ឆ្នាំ​ ២០២៣ នេះ​។​

​លោក​និយាយថា​៖ «​យើង​សង្ឃឹមថា កិច្ចព្រមព្រៀង​នេះ គឺជា​ការបើក​ច្រក​ថ្មី​មួយទៀត​សម្រាប់​ទីផ្សារ​នាំចេញ​ផលិត​​ផល​កម្ពុជា ពិសេស​តាមរយៈ​ប្រទេស​អេ​មី​រ៉ា​ត​អារ៉ាប់​រួម​កសិផល​កម្ពុជា​មួយចំនួន​ក៏​អាច​បន្តទៅ​តំបន់​មជ្ឈិមបូព៌ា និង​អ្រា​ហ្វិ​ក​ផងដែរ​»​។​

​បើតាម​ក្រសួងពាណិជ្ជកម្ម កិច្ច​ព្រម​ព្រៀង Cambodia-UAE CEPA មាន ១៨​ ជំពូក និង ២៨៤​ មាត្រា ពាក់ព័ន្ធ​នឹង​ពាណិជ្ជកម្ម​ទំនិញ​និង​សេវា​, កា​រវិ​និ​យោគ​, វិធាន​ដើមកំណើត​ទំនិញ​, កិច្ច​សម្រួល​ពាណិជ្ជកម្ម​, របាំង​ពាណិជ្ជកម្ម​, ពាណិជ្ជកម្ម​ឌីជីថល​, កម្មសិទ្ធិបញ្ញា​, ឧបាស្រ័យ​ពាណិជ្ជកម្ម​, និង​កិច្ច​សហ​ប្រតិបត្តិការ​ជាដើម​៕