ភ្នំពេញៈ ការនាំ​ផលិតផល​កសិកម្ម​កម្ពុជា​ទៅ​ទីផ្សារ​អន្តរជាតិ ក្នុង​ត្រីមាស​​ទី​ ១ ឆ្នាំ​ ២០២៣ ត្រូវប៉ាន់​ប្រមាណ​ថា មានតម្លៃ​ជិត ១,៤ ​ពាន់​លាន​ដុល្លារ​។ នេះ​បើតាម​ទិន្នន័យ​ពី​អគ្គនាយកដ្ឋាន​កសិកម្ម នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។​

​ទិន្នន័យ​បង្ហាញថា ពី​ខែមករា​មីនា ឆ្នាំ​ ២០២៣ ការនាំចេញ​ផលិតផល​កសិកម្ម​ត្រូវបាន​ប៉ាន់​ស្មានថា មានតម្លៃ ១ ៣៨៤ ៥៣៤ ៨៥៦,២៨​ ដុល្លារ ដោយ​ក្នុងនោះ​ការនាំចេញ​អង្ករ មាន​ទឹកប្រាក់ ១៥០ ៩៧៦ ៧៥៥​ ដុល្លារ​, ស្រូវ ៣១៣ ៨៦៣ ៩១២​ ដុល្លារ និង​កសិផល​ក្រៅពី​ស្រូវ​អង្ករ​មាន ៩១៩- ៦៩៤ ១៨៩,២៨​ ដុល្លារ​។ ចំពោះ​បរិ​មាណនៃ​ការនាំចេញ​កសិផល​ទៅ​ក្រៅប្រទេស​វិញ គឺមាន​បរិមាណ​សរុប ២ ៥៩៤ ៧៣៦,៣៦​ តោន ទៅ​ទិស​ដៅ ៥៣​ប្រទេស​។​


​លោក ហ៊ុន ឡាក់ អគ្គនាយក​ក្រុម​ហ៊ុន ឡុង ម៉េ​ត និង​ត្រូ​ពិ​ក​ខេ​ម ដែលជា​ក្រុមហ៊ុន​ដាំ​ដុះ និង​នាំចេញ ផលិត​ផល​ស្វាយ​ស្រស់ និង​ចេក​ស្រស់ បាន​ប្រាប់ឱ្យដឹង​ក្នុង​ថ្ងៃទី​ ២៣ ខែមេសា​ថា នៅ​ដើមឆ្នាំ​ ២០២៣ នេះ ការនាំចេញ​ចេក​ស្រស់​របស់​កម្ពុជា​ទៅ​ទីផ្សារ​ក្នុង​តំបន់​គឺមាន​ភាព​គឺមាន​ភាពល្អ​ប្រសើរ​ឡើងវិញ​បើ​ធៀប​នឹង​ឆ្នាំ​ ២០២២ ដោយសារ​ប្រទេស​ចិន ដែលជា​ទីផ្សារ​ធំ​លែងមាន​ការ​បិទ​ខ្ទប់ និង​ការដឹកជញ្ជូន​ចាប់​​ផ្តើម​ធ្លាក់​ថ្លៃ​បន្តិច​មកវិញ​។​

​លោក​ប្រាប់ថា​៖ «​ផ្លែ​ចេក​នាំ​ចេញ​ធម្មតា​មិនមាន​បញ្ហា​អ្វី​ទេ ដោយឡែក​ចំពោះ​ស្វាយ​ស្រស់​ដែលមាន​ស្តង់ដា​វិញ គឺ​យើង​ពិបាក​ក្នុង​ការប្រមូលទិញ​បន្តិច ដែល​ធ្វើឱ្យ​ការនាំចេញ​មិន​គ្រប់​ចំនួន​កំណត់ ប៉ុន្តែ​សម្រាប់​ការ​នាំចេញ​ស្វាយ​ទូទៅ ​(​កែច្នៃ​)​គឺមាន​ជាធម្មតា​»​។


​លោក​បន្តថា​៖ «​កាលពី​ឆ្នាំមុន​ស្វាយ​ស្រស់​នាំចេញ​អត់​រួច ​(​ការ​រឹតបន្តឹង​ទីផ្សារ​ប្រទេស​ចិន​) បានធ្វើឱ្យ​ធ្លាក់​ថ្លៃ និង​ធ្វើឱ្យ​ម្ចាស់​ចម្ការ និង​កសិករ​ដាំ​ស្វាយ​មួយចំនួន​សម្រេចចិត្ត​បោះបង់​មុខរបរ​នេះ​ទើប​ធ្វើឱ្យ​យើង​ខ្វះ​ស្វាយ​វិញ​នៅពេល​គេ​ត្រូវការ​»​។​

​លោក​បន្តថា ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​វា​អាច​បណ្តាលមកពី​កត្តា ២​ សំខាន់ គឺ​វិបត្តិ​កូ​វីដ​ ១៩ បានធ្វើឱ្យ​តម្លៃ​ផ្លែស្វាយ​ធ្លាក់ចុះ និង​ការកើនឡើង​នៃ​តម្លៃ​ដឹក​ជញ្ជូន​នា​អំឡុង​ជំងឺ​កូ​វីដ​ ១៩ រីក​រាលដាល​។​

​បែបនេះ​ក្តី លោក ហ៊ុន ឡាក់ អះអាងថា ការនាំចេញ​ចេក និង​ស្វាយ​នៅតែមាន​ដំណើរការ​ទៅ​មុខ​បានជា​ធម្មតា និង​បាន​ចាប់​​ផ្តើម​ស្ទុះ​ងើប​ឡើងវិញ​ក្នុង​ឆ្នាំ​ ២០២៣​ នេះ ខណៈ​ប្រទេស​ចិន​កំពុងមាន​តម្រូវការ​។​

​ចំពោះ​ការនាំចេញ​អង្ករ​ទៅ​ក្រៅប្រទេស​វិញ លោក លន់ យ៉េ​ង អគ្គលេខាធិការ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បានឱ្យដឹងថា ការនាំចេញ​អង្ករ​ក្នុង​ត្រីមាស​ទី​១ មានការ​កើនឡើង ដោយ​សារ​តែ​បរិមាណ​នាំចេញ​អង្ករ​ក្រអូប​ច្រើនជាង​ពេលមុន ជា​​ពិសេស​ទៅ​អឺរ៉ុប​។​

​លោក​បញ្ជាក់ថា​៖ «​ខាង​អឺរ៉ុប​បាន​បើក​ទីផ្សារ​ឡើងវិញ​ធម្មតា​ហើយ​ទើប​អ្នក​នាំចេញ​នាំ​អង្ករ​​ក្រអូប​បាន​ច្រើន​វិញ និង​មិន​ចាំ​បាច់​បង់ពន្ធ​ទៀត​ទេ​។ កាលពីមុន​យើង​ពិបាក​លក់ ប៉ុន្តែ​ឥឡូវ​ស្រួល​លក់​ជាង​មុន​ដោយសារ​ពន្ធ​ដែល​ធ្លាប់​ដាក់​នោះ វា​បានបញ្ចប់​តាំងពី​ដើមឆ្នាំ​ ២០២២ មក ខណៈ​ថ្លៃ​ដឹកជញ្ជូន​ក៏មាន​ការ​ធូរ​ថ្លៃ​ជាង​មុន​ដែរ​»​។​

​លោក​បន្តទៀតថា កត្តា​មួយទៀត​ដែល​ធ្វើឱ្យមាន​កំណើន​នៃ​ការនាំចេញ​អង្ករ​ក្រអូប​របស់​កម្ពុជា គឺ​ដោយសារ​កាលពី​ចុង​​ឆ្នាំ​ ២០២២ អង្ករ​ក្រអូប​កម្ពុជា​បាន​ជាប់​ចំណាត់ថ្នាក់​ជា​អង្ករ​ល្អផ្តាច់គេ ស្របពេល​កសិករ​កំពុង​ប្រមូល​ផល ដូចនេះ​ការ​បញ្ជា​ទិញ​នៅ​ដើមឆ្នាំ​ ២០២៣ នេះ ក៏មាន​កំណើន​ដែរ​។​

​រដ្ឋលេខាធិការ​ក្រសួង​ក​សិ​កម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក យ៉ង សាំង​កុមារ បានលើកឡើង​កាលពី​ថ្ងៃទី​ ២១ ខែ​មេសា ឆ្នាំ​ ២០២៣ ថា ក្រសួង​នឹង​ជួយ​ជំរុញ​ផលិតកម្ម​ស្រូវ​នៅ​ទូទាំងប្រទេស និង​កសាង​ខ្សែចង្វាក់​ផលិតកម្ម​ស្រូវ​មួយ​ដែល​ប្រជាកសិករ​ផលិត​ស្រូវ​នឹង​ទទួលបាន​ទីផ្សារ​សម្រាប់​ស្រូវ​ពួកគាត់ រីឯ​រោង​ម៉ាស៊ីន​នឹង​ទទួលបាន​ស្រូវ​គុណ​ភាពល្អ​សម្រាប់​កែច្នៃ ខណៈ​កសិករ​ផលិត​ពូជ​ក៏មាន​ទីផ្សារ​សម្រាប់​ពូជ​សុទ្ធ​របស់​ពួកគាត់​ដែរ​។​

​លោក​ថ្លែង​ដូចនេះ​នៅក្នុង​ពិធី​ចុះហត្ថលេខា​លើ​កិច្ចសន្យា​ផលិតកម្ម​ស្រូវ​ស្ដង់ដា Sustainable Rice Platform (SRP)​ រវាង​ក្រុមហ៊ុន​រោង​ម៉ា​ស៊ីន​កិនស្រូវ​ភូមិ​យើង ជាមួយ​សហភាព​សហគម​ន៍​កសិកម្ម​បាត់ដំបង នៅ​រោង​ម៉ាស៊ីន​ភូមិ​យើង ក្នុងស្រុក​បាធាយ ខេត្ត​​កំពង់ចាម ដោយ​លោក​បញ្ជាក់ថា លើសពីនេះ​ទៀត​ផលិតកម្ម​តាម​កិច្ចសន្យា​នេះ​នឹងចូលរួម​ចំណែក​ក្នុងការ​សម្រេចបាន​នូវ​គោលដៅ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងការ​នាំចេញ​អង្ករ​ទៅ​ទីផ្សារ​អន្តរជាតិ​ចំនួន ១​ លាន​តោន​ក្នុងពេល​ខាងមុខ​៕