ភ្នំពេញៈ ផ្នែក​ឯកជន​ក្នុង​វិស័យ​ដឹក​ជញ្ជូន​បង្ហាញ​សុទិដ្ឋិនិយម​ចំពោះ​វិស័យ​ដឹកជញ្ជូន​នៅ​កម្ពុជា​ថា នឹង​បង្កើន​ភាព​ប្រកួតប្រជែង​កាន់តែខ្លាំង​នៅ​ប៉ុន្មាន​ឆ្នាំ​ខាងមុខ ខណៈ​រដ្ឋាភិបាល​បានបង្ហាញ​ការកែលម្អ​យ៉ាងច្រើន​ក្នុង​វិស័យនេះ​។​

​ប្រធាន​សមាគម​ភ័ស្តុភារ​កម្ម​កម្ពុជា លោក ស៊ិន ច​ន្ធី បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា ការចំណាយ​លើ​ការដឹកជញ្ជូន​នៅ​កម្ពុ​ជាមាន​កម្រិត​ខ្ពស់ជាង​ប្រទេស​ជិត​ខាង ជាពិសេស​ប្រទេស​វៀតណាម និង​ថៃ ប៉ុន្តែ​កម្ពុជា​ក៏​មិនមែនជា​ប្រទេស​តែ​ ១​ គត់​ដែល​ការចំណាយ​លើ​ម​ធ្យោ​​បាយ​ដឹកជញ្ជូន​ខ្ពស់​នោះដែរ គឺ​នៅមាន​ប្រទេស​ហ្វីលីពីន និង​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ដែល​ខ្ពស់ជាង​កម្ពុជា​។​


​លោក​ប្រាប់ថា​៖ «​បើ​និយាយ​ពី​បញ្ហា​ថ្លៃដើម​ដែល​ហៅថា Costing សម្រាប់​ប្រព័ន្ធ​ដឹកជញ្ជូន​នៅ​កម្ពុជា គឺមាន​កម្រិត​ខ្ពស់​ជាងគេ​ប​និ្ត​ច ប៉ុន្តែ​មិនមែន​ខ្ពស់​ជាងគេ​ទាំងអស់​ក្នុង​តំបន់​អាស៊ី​នោះទេ​»​។​

​ដោយ​មើលឃើញ​ការដាក់ចេញ​ផែនការ​ជា​បន្តបន្ទាប់​ស​ម្រា​ប់​អភិវឌ្ឍ​ប្រព័ន្ធ​ភ័ស្តុភា​រកម្ម និង​មធ្យោបាយ​ដឹកជញ្ជូន​របស់​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន លោក ច​ន្ធី បាន​និយាយថា ផែនការមេ​គ្រប់​ជ្រុងជ្រោយ​ស្តីពី​ការដឹកជញ្ជូន​អន្ត​រម​ធ្យោ​បាយ​កម្ពុជា ឆ្នាំ​ ២០២២-២០៣០ (CIT-MP) ដែលជា​ការរួម​បញ្ចូល​គ្នា​នៃ​ផែនការ​មេការ​អភិ​វ​ឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវគោក ផ្លូវដែក ផ្លូវទឹក ផ្លូវអាកាស កំពង់ផែ ភ័ស្តុភា​រកម្ម និង​ការ​ដឹកជញ្ជូន​អន្តរ​កម្ម គឺជា​កិច្ចការ​ប្រកបដោយ​មហិច្ឆតា​របស់​រាជ​រដ្ឋាភិបាល​ក្នុង​លើកកម្ពស់​វិស័យ​ដឹកជញ្ជូន​ផ្សារភ្ជាប់​ទៅនឹង​វិស័យ​ពាណិជ្ជកម្ម​។​


​លោក​បាន​បញ្ជាក់ថា​៖ «​បើ​និយាយ​ពី​ផែនការ​មេនោះ គឺ​វា​ពេញលេញ​ហើយ​។ បើសិន​យើង​ធ្វើបាន​របៀប​នោះ គឺ​កម្ពុជា​ពិតជា​មានការ​ប្រកួតប្រជែង​សម្រាប់​ថ្លៃដើម​ជាមួយ​ប្រទេស​ក្នុង​តំបន់ ឬ​ក្នុង​ក្របខ័ណ្ឌ​ពិភព​លោក​តែម្តង​»​។​

​លោក​អះអាងថា ការបន្ត​បង្កើត​មជ្ឈមណ្ឌល​ភ័ស្តុភារ​កម្ម​នៅ​ខេត្ត​ព្រះសីហនុ ដែល​ក្រសួង​សាធារណការ​បាន​ចុះហត្ថលេខា​ជាមួយ​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរ​​ជាតិ ​(IFC) កាលពីពេល​ថ្មីៗ​នេះ គឺជា​តម្រូវ​ការចាំបាច់​មួយ​សម្រាប់​ប្រព័ន្ធ​ដឹកជញ្ជូន​នៅ​កម្ពុជា ហើយ​លោក​ជឿជាក់ថា ក្រោយ​បង្កើត​មជ្ឈមណ្ឌល​នោះ​នៅ​ខេត្ត​ព្រះសីហនុ​រួច នៅ​ភ្នំពេញ ក៏ដូចជា​ខេត្ត​ផ្សេងៗ​ទៀត ក៏​នឹងត្រូវ​អភិវឌ្ឍ​មជ្ឈមណ្ឌល​ភ័ស្តុភារ​កម្ម​នោះ​ផងដែរ​។​

​លោក ច​ន្ធី បាន​អះអាងថា​៖ «​កាលណា​បាន​មជ្ឈមណ្ឌល​នេះ គឺ​យើង​នឹង​ទទួលបាន​ផល​ច្រើន​តាមរយៈ​ការកាត់បន្ថយ​ការកកស្ទះ ក្នុងការ​បញ្ជូន​ទំនិញ​ទៅ​កំពង់ផែ ហើយ​គេ​ក៏​អា​ចត​ភ្ជាប់​ផ្លូវ​រថភ្លើង​ទៅ​កំពង់ផែ​តែម្តង​ដែល​នឹង​កាត់​បន្ថយថ្លៃ​ចំណាយ​»​។​

​លោក ស៊ុន ចាន់ថុល រដ្ឋ​មន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បានឱ្យដឹង​កាលពីពេល​ថ្មីៗ​នេះ​ថា ការអភិវឌ្ឍ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន នៅតែ​ជា​យុទ្ធសាស្ត្រ​ចម្បង​របស់​រដ្ឋាភិបាល​ក្នុង​ការលើក​​កម្ពស់​សេដ្ឋកិច្ចជាតិ ដោយ​ពេលនេះ​ក្រសួង​សាធារណការ​កំពុងស្ថិត​ក្នុង​ដំណើរការ​នៃ​ការ​បញ្ចប់​ផែនការមេ​គ្រប់​ជ្រុងជ្រោយ​ស្តីពី​ការដឹកជញ្ជូន​អន្ត​រម​ធ្យោ​បាយ​កម្ពុជា ២០២២-២០៣០ (CIT-MP)​ ដែលជា​ការរួម​គ្នា​នៃ​ផែនការមេ​ការអភិវឌ្ឍ​ហេ​ដ្ឋា​រចនាសម្ព័ន្ធ​ផ្លូវគោក ផ្លូវដែក ផ្លូវ​ទឹក ផ្លូវអាកាស កំពង់ផែ ភ័ស្តុភារ​​កម្ម និង​ការដឹកជញ្ជូន​អន្តរ​កម្ម​។​

​លោក​បញ្ជាក់ថា​៖ «​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ទាំង​រឹង និង​ទន់​ចំនួន ១៥០ ត្រូវបាន​ដាក់បញ្ចូល​ទៅក្នុង CIT-MP ដែល​ត្រូវការ​ទំហំ​ទឹក​ប្រាក់​វិនិយោគ​ប្រមាណ ៣០ ពាន់​លាន​ដុល្លារ នឹងត្រូវ​អនុវត្ត​រយៈ​ពេល ១០​ ឆ្នាំ​ខាងមុខ​»​។​

​លោក ស៊ិន ច​ន្ធី ហាក់​មិន​រំពឹងថា គម្រោង​ទាំងនោះ​អាច​នឹង​សម្រេចបាន​ឆាប់ៗ​នោះទេ ព្រោះ​វា​ជាការ​វិនិយោគ​ដែល​ទាមទារ​នូវ​ទឹកប្រាក់​វិនិយោគ​ច្រើន និង​ទាមទារ​ពេលវេលា​យូរ​ផងដែរ​។​

​លោក​បាន​បញ្ជាក់ថា​៖ «​ប៉ុន្តែ​ខ្ញុំ​គិតថា វា​ជា​ចំនួន​ទឹក​លុយ​ច្រើនណាស់​ដែល​គេ​ត្រូវ​ធ្វើជា​បណ្តើរៗ ដោយយោង​ទៅលើ​ការរីកចម្រើន​នៃ​វិស័យ Logistics នៅ​កម្ពុជា និង​វិស័យ​ពា​ណិ​ជ្ជ​កម្ម​នៅ​កម្ពុជា​ផងដែរ​»៕