ភ្នំពេញៈ កម្ពុជា​បាន​នាំចេញ​ទំនិញ​ទៅ​ទីផ្សារ​ជប៉ុន នៅក្នុង​ទឹកប្រាក់​ជាង ៣០៨ ​លាន​ដុល្លារ នា​ត្រីមាស​ទី​ ១ ឆ្នាំ​ ២០២៣ កើនឡើង​តិចតួច​បំផុត​ធៀប​ទៅនឹង​រយៈពេល​ដូចគ្នា​ឆ្នាំ ​២០២២ ខណៈ​ពាណិជ្ជកម្ម​ទ្វេភាគី មានទឹក​ប្រាក់​សរុប​ជាង​ ៤៥៦​ លាន​ដុល្លារ​។ នេះ​បើ​យោងតាម​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​។​

​ទិន្នន័យ​បង្ហាញថា ចាប់ពី​ខែមករា​-​មីនា ឆ្នាំ​ ២០២៣ ទឹកប្រាក់​ដែល​កម្ពុជា​នាំ​ទំនិញ​ទៅ​ជប៉ុន គឺ ៣០៨,៣៩១​ លាន​ដុល្លារ កើន ០,៩ ​ភាគរយ​ធៀប​ទៅនឹង​ត្រីមាស​ទី​ ១ ឆ្នាំ​ ២០២២ ដែលមាន​ចំនួន ៣០៥,៥៤៥​ លាន​ដុល្លារ​។ ចំណែក​ទំនិញ​ជប៉ុន​នាំមក​កម្ពុជា មាន ១៤៨,២៥២​ លាន​ដុល្លារ ថយចុះ ១៥,១​ ភាគរយ​ពី​ចំនួន ១៧៤,៦៤៥​ លាន​ដុល្លារ​។ ផ្អែកលើ​ចំនួន​ទឹកប្រាក់​នាំចេញ​-​នាំចូល គឺ​ជញ្ជីងពាណិជ្ជកម្ម​កម្ពុជា​មាន​ឧត្តមភាព​ចំនួន ១៦០,១៤​លាន​ដុល្លារ​។​


​សម្រាប់​ពាណិជ្ជកម្ម​ទ្វេភាគី​គឺមាន​ទឹកប្រាក់ ៤៥៦,៦៤៣​ លាន​ដុល្លារ ថយចុះ ៤,៩ ​ភាគរយ​ពី ៤៨០,១៩០​ លាន​ដុល្លារ​។ ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​-​ជប៉ុន គឺ​ស្មើនឹង ៤,០៦ ភាគរយ​នៃ​ទំហំ​ពាណិជ្ជកម្ម​អន្តរជាតិ​របស់​កម្ពុជា ក្នុង​ត្រីមាស​ទី​ ១ ឆ្នាំ​ ២០២៣ ដែលមាន​ចំនួន ១១ ២៥២,១៤៤​ លាន​ដុល្លារ​។

​អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា លោក លឹម ហេង បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ២៦ ខែមេសា​ថា ជប៉ុន​ជា​ប្រទេស​រីកចម្រើន​ផ្នែក​បច្ចេកវិទ្យា រោង​ចក្រ និង​មាន​ឧស្សាហកម្ម​រីកចម្រើន​ខ្លាំង រីឯ​កម្ពុជា​ជា​ប្រទេស​មាន​វិស័យ​កសិកម្ម​កំពុង​រីកចម្រើន ដូចនេះ​ប្រទេស​ទាំង ២ អាចធ្វើ​ការផ្លាស់ប្តូរ​មុខទំនិញ​ដែល​កង្វះ​ខាត​តាម​ប្រទេស​រៀងខ្លួន​បាន​។ បច្ចុប្បន្ន​ក្រៅពី​ផលិតផល​កសិកម្ម កម្ពុជា​ក៏បាន​នាំចេញ​ផលិតផល​វាយ​ន​ភណ្ឌ​ជាច្រើន​ផងដែរ​ទៅ​ទីផ្សារ​ជប៉ុន​។


​លោក​បាន​បន្តថា ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ ២ ត្រូវបាន​រំពឹងថា នឹងមាន​ទំហំ​កាន់តែ​ធំ ព្រោះ​ប្រទេស​ទាំង ២ គឺជា​សមាជិក​នៃ​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច គ្រប់​ជ្រុងជ្រោយ​តំបន់​ (RCEP)​។​

​លោក​បន្ថែមថា ក្រៅពី​ចរាចរណ៍​ទំនិញ នៅ​កម្ពុជា​ក៏មាន​វិនិយោគិន​ជប៉ុន​ជា​ច្រើន​កំពុង​បណ្តាក់ទុន​លើ​វិស័យ​ចម្រុះ​ជាច្រើន​ដូចជា ផ្សារ​ទំនើប មជ្ឈមណ្ឌល​ពាណិជ្ជកម្ម សំណង់ និង​កសិកម្ម​ជា​ដើម​។ ក្រៅពី​ការផ្លាស់ប្តូរ​ទំនិញ កម្ពុជា​ក៏មាន​ប្រជាពលរដ្ឋ​របស់ខ្លួន​ទៅធ្វើ​ការ​នៅ​ប្រទេស​ជប៉ុន​ផងដែរ​។​

​លោក​និយាយថា​៖ «​ទំនាក់ទំនង​ល្អ​រវាង​រដ្ឋាភិបាល និង​ប្រជាជន​នៃ​ប្រទេស​ទាំង ២ នឹង​ជួយ​ឱ្យ​ការផ្លាស់ប្តូ​រពា​ណិ​​ជ្ជ​កម្ម​រវាង​ប្រទេស​ទាំង ២ ​មាន​ទឹកប្រាក់​កាន់តែច្រើន ហើយ​ចំនួន​វិនិយោគិន​ជប៉ុន​មក​បណ្តាក់ទុន​នៅ​កម្ពុជា​ក៏​នឹងមាន​ចំនួន​កាន់តែច្រើន​ផងដែរ​»​។​

​ដើម្បី​ជំរុញ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ឱ្យបាន​កាន់តែ​ធំ និង​ទាក់ទាញ​វិនិយោគិន​ជប៉ុន ឱ្យ​ចូលមក​បណ្តាក់ទុន​នៅ​កម្ពុជា​កាន់តែច្រើន សភាពាណិជ្ជកម្ម​កម្ពុជា​កន្លងមក​ក៏បាន​បើក​ការិយាល័យ​តំណាង​របស់ខ្លួន​នៅក្នុង​ប្រទេស​ជប៉ុន​ផងដែរ​។ នេះ​បើតាម​លោក លឹម ហេង​។​

​បើតាម​លោក លឹម ហេង ផលិតផល​សំខាន់ៗ​ដែល​កម្ពុជា​នាំទៅ​ជប៉ុន​រួមមាន​សម្លៀកបំពាក់ ស្បែកជើង គ្រឿង​បង្គុំ និង​កសិផល ចំណែក​ជប៉ុន​នាំ​ចូលមក​កម្ពុជា​រួមមាន ផលិតផល​គ្រឿង​ម៉ាស៊ីន រថយន្ត គ្រឿង​អេឡិចត្រូនិក និង​គ្រឿង​ចក្រ​សម្រាប់​វិស័យ​កសិកម្ម​ជាដើម​។​

​លោក ហុង វណ្ណៈ អ្នកសេដ្ឋកិច្ច​នៃ​រាជ​បណ្ឌិត្យសភា​កម្ពុជា បាន​លើកឡើងថា ទោះបី​ចំនួន​ទឹកប្រាក់​ដែល​កម្ពុជា​នាំទៅ​ទីផ្សារ​ជប៉ុន​កើនឡើង ប៉ុន្តែ​ចំនួន​នេះ​គឺ​នៅ​ទាប​នៅឡើយ​បើ​ធៀប​ទៅនឹង​ទីផ្សារ​ប្រទេស​មួយចំនួនទៀត​ដូចជា អាមេរិក ចិន ថៃ និង​វៀតណាម​។ កម្ពុជា​នៅមាន​ឱកាស​ច្រើន​ទៀត​សម្រាប់​នាំចេញ​ក​សិ​ផល​ទៅ​ជប៉ុន ប៉ុន្តែ​ដើម្បី​អាច​នាំ​ទៅបាន គឺ​កម្ពុជា​ចាំបាច់​ត្រូវ​ពង្រឹងគុណភាព​ឱ្យ​កាន់តែ​ប្រសើរ​បន្ថែមទៀត​។​

​លោក​ប្រាប់ថា​៖ «​ដើម្បី​អាច​ជំរុញ​ការ​​នាំចេញ​ទំនិញ​ទៅ​ទីផ្សារ​អន្តរជាតិ រួម​ទាំង​ប្រទេស​ជប៉ុន​បាន​កាន់តែច្រើន គឺ​កម្ពុជា​ត្រូវខិតខំ​ធ្វើ​ពិពិធ​កម្ម​ទំនិញ និង​គុណភាព​របស់ខ្លួន​ឱ្យ​កាន់តែ​ល្អប្រសើរ​បន្ថែមទៀត ដើម្បី​អាច​ទទួលបាន​ជោគ​ជ័យ​លើ​ទីផ្សារ​អន្តរជាតិ​»​។​

​បើ​យោងតាម​ធនាគារជាតិ​នៃ​កម្ពុជា​ (NBC) គិត​ត្រឹម​ចុងឆ្នាំ ​២០២១ ជប៉ុន គឺជា​ប្រទេស​ដែល​បានមក​វិនិយោគ​នៅ​កម្ពុជា​ច្រើន​ទី​ ៥ បន្ទាប់ពី​ប្រទេស​ចិន កូរ៉េ សិង្ហ​បុរី និង​វៀតណាម​។ វិនិយោគិន​ជប៉ុន​ភាគច្រើន​វិនិយោគ​នៅក្នុង​វិស័យ​ឧស្សាហកម្ម ធនាគារ សណ្ឋាគារ ទេស​ចរណ៍ សំណង់ និង​អចលនទ្រព្យ ជា​ពិសេស​វិស័យ​លក់រាយ ផ្សារ​ទំនើប និង​វិស័យ​ភោជនីយដ្ឋាន ជាដើម​។​

​ក្នុង​ឆ្នាំ ​២០២២ ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​ទាំង ២ មាន​ចំនួន​សរុប ១ ៩៤៨,០១៩ ​លាន​ដុល្លារ​កើន ១២,៣ ​ភាគរយ​ធៀប​ឆ្នាំ ​២០២១ ដោយ​ក្នុងនោះ​កម្ពុជា​នាំទៅ​ជប៉ុន ១ ១៧៣,០៣ លាន​ដុល្លារ កើន ៧,៣​ ភាគរយ និង​នាំ​ចូល​ចំនួន ៧៧៤,៩៨៩ ​លាន​ដុល្លារ កើន ២១ ភាគរយ​។ នេះ​បើតាម​អគ្គ​នាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​៕