ភ្នំពេញៈ ​យោងតាម​របាយការណ៍​ពី​ក្រសួងពាណិជ្ជកម្ម បាន​បង្ហាញថា ការនាំចេញ​ផលិតផល​ដំឡូង​មី និង​ម្សៅ​មី របស់​កម្ពុជា ទៅ​ក្រៅប្រទេស ចាប់ពី​ខែមករា ដល់​មីនា ឆ្នាំ​ ២០២៣ ​នេះ សម្រេចបាន​ក្នុង​ទំហំ​ទឹក​ប្រា​កា់ង​ ២៨៥​ លាន​ដុល្លារ កើនឡើង​ជិត ​៣០​ ភាគរយ ធៀប​នឹង​រយៈពេល​ដូចគ្នាក្នុង​ឆ្នាំ​ ២០២២ ដែលមាន​ទឹកប្រាក់​ប្រមាណ​ជាង ​២២១​ លាន​ដុល្លារ​។​


ចំពោះ​បរិ​មាណនៃ​ការនាំចេញ​វិញ បើតាម​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នៅក្នុង​រយៈពេល​៣​ខែ ដើមឆ្នាំ​នេះ ការនាំចេញ​ដំឡូង​មី​ស្រ​ស់មាន​ចំនួន ១៥៥ ២១០​តោន ក្នុងនោះ​នាំចេញ​ទៅ​វៀតណាម ១៣១ ៧១០​តោន និង​ថៃ​២៣ ៥០០​តោន​។​ដោយឡែក​ម្សៅដំឡូង​មី មាន​ចំនួន​ជាង ១៤ ៧០១​តោន ក្នុងនោះ​នាំចេញ​ទៅ​ចិន​ចំនួន ១៤ ៦៤២ តោន ,​ជប៉ុន​ជាង​២៥​តោន ,​អ៊ីតាលី ១៧​តោន និង​ឥណ្ឌា​១៧​តោន​។ ចំណែក​ការនាំចេញ​កាកសំណល់​ដំឡូង​មី​វិញ នាំចេញ​បាន​៣៨ ២៥២​តោន ដោយ​នាំទៅ​វៀតណាម ៣០ ៥០០​តោន ,​ថៃ ៧ ១០០​តោន​, និង​ចិន ៦៥២​តោន​។​


លោក ហេង សិ​ដ្ឋ មន្ត្រី​ទទួលបន្ទុក​ស្ថិតិ​នៃ​មន្ទីរ​កសិកម្ម​ខេត្តបាត់ដំបង បាន​ប្រាប់ឱ្យដឹង​នៅ​ថ្ងៃទី​២៧ ខែមេសា​ថា បរិមាណ​ដំឡូង​មី ដែល​នាំចេញ​ក្នុង​រយៈ​ពេ​លេ​ដើមឆ្នាំ​២០២៣​នេះ គឺជា​ដំឡូង​មី​ដែល​បាន​ពី​ការប្រមូល​ផលកាល​ពី​ឆ្នាំ​២០២២​កន្លងទៅ ដោយសារតែ​កសិករ​ត្រូវ​ទុក​ពូជ​សម្រាប់​ដាំ​ដុះ​នៅ​ឆ្នាំ​បន្ទាប់ ដែលមាន​ទាំង​មើម និង​ដើម ខណៈដែល​ការដាំដុះ​ដំឡូង​មី​ត្រូវ​ចំណាយពេល​១០​ខែ​ទៅ​១​ឆ្នាំ ដើម្បី​អាច​ប្រមូល​ផល​បាន​។​

លោក ហេង សិ​ដ្ឋ បាន​ថ្លែងថា ៖ «​នៅ​ដើម​ឆ្នាំនេះ ខេត្តបាត់ដំបង ការប្រមូល​ផល​ដំឡូង​មី មាន​ប្រមាណ​១០​ទៅ​២០​ភាគរយ​ប៉ុណ្ណោះ នៅក្នុង​ចំណោម​ផ្ទៃដី​ដាំដំឡូង​មី​សរុប​ជាង​១០​ម៉ឺន​ហិកតា ជា​ដំឡូង​មី​ដែល​នៅ​សេសសល់​ពី​ការប្រមូល​ក្នុង​ឆ្នាំ​ចាស់​។​ចំណែក​ដំឡូង​ដែល​កសិករ​នៅតែមាន​បន្ត​លក់​នាពេល​បច្ចុប្បន្ននេះ គឺជា​ដំឡូង​មី​ពូជ មាន​ចំនួន​តិចតួច​ប៉ុណ្ណោះ​។​ចំពោះ​តម្លៃ​ដំឡូង​មី​ក្រៀម​បច្ចុប្បន្ន គឺ​៦០០​ទៅ​៧០០​រៀល​ក្នុង​១​គីឡូ​»​។​

អ្នកស្រី ហេង សោភ័ណ ម្ចាស់​សៃ​ឡូ​នៅ​ខេត្តបាត់ដំបង ក៏បាន​ឱ្យដឹង​ដែរ​ថា សៃ​ឡូ​របស់​លោកស្រី បាន​ផ្អាក​ការទិញ​ដំឡូង​មី​ក្រៀម ជិត​២​ខែ​មកហើយ ដោយសារតែ​ដំឡូង​មី​នៅ​បាត់ដំបង មាន​តិចតួច ហើយ​ដំឡូង​មី​ដែល​ដឹក​មកពី​តាម​បណ្តា​ខេត្ត​នានា ដូចជា​ខេត្តសៀមរាប និង​ឧ​ត្ត​រ​មានជ័យ​ជាដើម មាន​បញ្ហា​លើ​ជាតិ​ដី​ច្រើន​។​

លោកស្រី ហេង សោភ័ណ បញ្ជាក់ថា​៖ «​សម្រាប់​សៃ​ឡូ​ខ្ញុំ​មួយ ទិញ​និង​នាំចេញ​បាន​តិច​ទេ​នៅ​ដើម​ឆ្នាំនេះ ដោយសារតែ​ដំឡូង​មី​ក្នុងស្រុក​យើង​(​បាត់ដំបង​) ឆាប់​អស់ ព្រោះ​កសិករ​យើង​មួយចំនួន​បាន​ងាក​ទៅ​ដាំពោត ដូចនេះ​ខ្ញុំ​ទិញ​បាន​តិច​ទេ​។ ដោយឡែក​ដំឡូង​មី​ក្រៀម​នៅ​ខេត្ត​ដទៃទៀត ដូចជា​ឧ​ត្ត​រ​មានជ័យ សៀមរាប​ជាដើម មាន​បញ្ហា​ជាប់​ដីខ្សាច់​មក​ច្រើនពេក យើង​ពិបាក​នាំចេញ​ទៅ​ថៃ ទើប​ខ្ញុំ​សម្រេច​ផ្អាក​ទិញ​ជិត​២​ខែ​ហើយ​»​។

កម្ពុជា មាន​គោលនយោបាយ​ជាតិ​ស្តីពី​ដំឡូង​មី​២០២០-២០២៥ ដែល​គោលនយោបាយ ជាតិ​នេះ​ត្រូវបាន​បង្កើតឡើង​ក្រោម​កិច្ចសហការ​ជា​អន្តរក្រសួង និង​ជួយ​គាំទ្រ​ពី​ដៃគូ​អភិវឌ្ឍន៍ ហើយ​បានអនុម័ត​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា នៅ​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០២០​។ គោលនយោបាយ​ជាតិ​នេះ​មាន​គោលបំណង​ធ្វើឱ្យ​ប្រទេស​កម្ពុជា​ក្លាយជា​ទីតាំង​ផលិត​កែច្នៃ និង​ជា​អ្នកផ្គត់ផ្គង់​ផលិតផល​ដំឡូង​មី​មួយ ប្រកបដោយ​ភាពជឿ​ទុកចិត្ត​សម្រាប់​ជំរុញ​ការនាំ​ចេញទៅ​ទីផ្សារ​ពិភពលោក និង​មាន​គោលដៅ​សំខាន់​ចំនួន​៣ គឺ​ការផ្លាស់ប្តូរ​ពី​ផលិតកម្ម​ដំឡូង​មី​បែប​ប្រពៃណី​ឬ​គ្រួសារ ឱ្យទៅជា​ផលិតកម្ម​ដំឡូង​មី​បែប​ពាណិជ្ជកម្ម​។

ចំណែក​កត្តា​ទី​២ ការគាំទ្រ​ដល់​អ្នក​កែច្នៃ​ផលិតផល​ដំឡូង​មី​ឱ្យមាន​សក្តានុពល និង​ទាក់ទាញ​វិនិយោគ ដើម្បី​កែច្នៃ​ផលិតផល​ពី​ដំឡូង​មី ដែលមាន​តម្លៃបន្ថែម​ខ្ពស់​សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ និង​គោលដៅ​ទី​៣​គឺ ការលើកកម្ពស់​ភាព​ប្រកួតប្រជែង​ពាណិជ្ជកម្ម តាមរយៈ​ការ​ជ្រៀតចូល និង​ចាប់យក​ចំណែក​ទីផ្សារ ដោយ​ផ្សារភ្ជាប់​ទៅនឹង​អន្តរ​វិស័យ​ដែល​ពាក់ព័ន្ធ​ក្នុងការ​នាំចេញ​៕