ភ្នំពេញៈ សាជីវកម្ម​ធានា​ឥណទាន​កម្ពុជា ​(CGCC)​ ដែល​គ្រប់​គ្រង​ដោយ​​រដ្ឋ និង​សភា​ពាណិជ្ជ​កម្ម​កម្ពុជា ​(CCC)​​ សម្រេច​បាន​ភាព​ជា​ដៃគូ​យុទ្ធ​សាស្ដ្រ ដើម្បី​លើក​ស្ទួយ​ដល់​លទ្ធ​ភាព​ទទួល​បាន​កម្ចី​ដែល​មាន​ការ​ធានា​សម្រាប់​ការ​អភិវឌ្ឍ​សហ​គ្រាស​ខ្នាត​មីក្រូ តូច និង​មធ្យម ​(MSMEs) នៅ​កម្ពុជា។ កិច្ច​សហ​ប្រតិបត្តិ​ការ​នេះ​នឹង​ផ្ដល់​ការ​គាំទ្រ​ដល់ MSMEs។

ភាព​ជា​ដៃគូ​យុទ្ធ​សា​ស្ដ្រ​នេះ​​​បាន​​ធ្វើ​ឡើង​តាម​រយៈ​អនុស្សរណៈ​​​ការ​យោគ​យល់​គ្នា ​(MoU)​ ដែល​ចុះ​ហត្ថ​លេខា​រវាង​លោក Wong Keet Loong អគ្គ​នាយក CGCC និង​លោក ងួន ម៉េងតិច អគ្គ​នាយក​សភា​ពាណិជ្ជ​កម្ម​កម្ពុជា​កាល​ពី​ថ្ងៃទី​២៦ ខែ​មេសា។


ស្ថិត​នៅ​ក្រោម MoU នេះ សមាជិក CCC ដែល​ត្រូវ​បាន​ផ្តល់​អាទិ​ភាពអាច​ទទួល​បាន​ហិរញ្ញ​វត្ថុ ទោះ​បី​​មាន​បញ្ហា​ប្រឈម​នឹង​ទ្រព្យ​បញ្ចាំ និង​ដើម្បី​លើក​កម្ពស់​ចំណេះ​ដឹង​ផ្នែក​ហិរញ្ញវត្ថុ រួម​ទាំង​ការ​ធានា​ឥណទាន​ដល់​សមាជិក CCC នៅ​ទូទាំ​ងប្រទេស។

លោក ងួន ម៉េងតិច បាន​ឱ្យ​ដឹង​ថា ការ​រីក​រាល​ដាល​ជំងឺ​កូវីដ​១៩ បានប៉ះ​ពាល់​យ៉ាង​ខ្លាំង​ដល់​សេដ្ឋ​កិច្ច​នៅ​ក្នុង​តំបន់ និង​ពិភព​លោក ​ពិសេស​សហ​គ្រាស​ខ្នាត​មីក្រូ តូច និង​មធ្យម (MSMEs) ដែល​កំពុង​ជម្នះ​ក្នុង​ការ​ស្វែង​រក​មូល​និធិ​ដើម្បី​រស់។ MoU នឹង​ត្រួស​ត្រាយ​ផ្លូវ​សម្រាប់​សមាជិក​ដើម្បី​បាន​ទទួល​​​លទ្ធ​ភាព​ទទួល​​​ហិរញ្ញ​វត្ថុ​កាន់​តែ​ច្រើន​តាម​រយៈ CGCC។


លោក​លើកឡើង​ថា៖​ «សហ​គ្រាស​ខ្នាត​មីក្រូ តូច និង​មធ្យម ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច ប៉ុន្តែ​នៅ​តែ​ជួប​បញ្ហា​ប្រឈម​ជា​ច្រើន ​​ពិសេស​ឧប​សគ្គ ផ្នែក​ហិរញ្ញ​វត្ថុ។ ក្នុង​ន័យ​នេះ ការ​ចុះ​អនុស្សរណៈ​រវាង CCC និង CGCC គឺ​មាន​គោល​ដៅ​ជា​ចម្បង​ក្នុង​ការ​ជំរុញ​លទ្ធ​ភាព​ទទួល​បាន​​កម្ចី​ដែល​មាន​ការ​ធានា​សម្រាប់​ការ​អភិវឌ្ឍ​សហ​គ្រាស​ខ្នាត​មីក្រូ តូច និង​មធ្យម។ បន្ថែម​លើ​នេះ ការ​ចុះ​ MoU នេះ គឺ​ជា​សញ្ញា​វិជ្ជ​មាន​មួយ​ដែល​នឹង​ជួយ​លើក​កម្ពស់ និង​ធ្វើ​ឱ្យ​កាន់​តែ​ស៊ី​ជម្រៅ​នូវ​កិច្ច​សហ​ប្រតិបត្តិ​ការ រវាង​ស្ថាប័ន​ទាំង​ពីរ»។

លោក Wong Keet Loong អគ្គ​នាយក CGCC បាន​ឱ្យ​ដឹង​ថា ការ​ចុះ ​MoU ជាមួយ​​​សភា​ពាណិជ្ជ​កម្ម​កម្ពុជា គឺ​ជា​សមិទ្ធ​ផល​ដ៏​សំខាន់​មួយ​របស់ CGCC ក្នុង​ការ​ផ្តល់​​​លទ្ធ​ភាព​ផ្តល់​នូវ​ព័ត៌​មាន​អំពី CGCC ទៅ​កាន់​សមាជិក​​របស់​សភា​ពាណិជ្ជ​កម្ម​កម្ពុជា​​​ទូទាំង​ប្រទេស។ សភា​ពាណិជ្ជ​កម្ម​កម្ពុជាក្នុង​នាម​ជា​ស្ថាប័ន​ដែល​ប្រមូល​ផ្តុំ​ដោយ​​សមាជិក​ដែល​ជា​ធុរជន ក៏​ដូច​ជា​សហ​​គ្រាស​ធុន​តូច និង​មធ្យម​ជា​ច្រើន នឹង​ក្លាយ​ជា​ដៃគូ​ដ៏​សំខាន់​របស់ CGCC នៅ​​ក្នុង​ការ​លើក​ស្ទួយ​ដល់​ការ​ជ្រួត​ជ្រាប​អំពី​អត្ថ​ប្រយោជន៍​នៃ​ការ​ធានា​ឥណទាន ទៅ​កាន់​សមាជិក​សមាជិកា​របស់ CCC។

លោក​លើក​ឡើង​ថា៖ ​«CGCC និង CCC នឹង​រួម​គ្នា​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​របស់​សហ​គ្រាស​ធុន​តូច និង​មធ្យម​នៅ​​កម្ពុជា ដោយ​បង្កើន​បរិយាប័ន្ន​ហិរ​ញ្ញ​វត្ថុ និង​ចំណេះ​ដឹង​ហិរញ្ញ​វត្ថុ​។​ ភាព​ជា​ដៃគូ​រវាង CGCC និង CCC នេះ​បង្ហាញ​ពី​ការ​ប្ដេជ្ញា​ចិត្ត​រួម​គ្នា​ក្នុង​ការ​លើក​កម្ពស់​ការ​អភិវឌ្ឍ​កំណើន​សេដ្ឋ​កិច្ច​​កម្ពុជា។ តាម​រយៈ​ស្មារតី​រួម​គ្នា​នេះ ស្ថាប័ន​ទាំង​ពីរ​នឹង​សម្រួល​ដល់​ក្រុម​​ហ៊ុន​អាជីវ​កម្ម ដោះ​ស្រាយ​នូវ​បញ្ហាប្រ​ឈម​ផ្នែក​ហិរញ្ញប្ប​ទាន និង​​​បង្ហាញ​ពី​សក្តានុ​ពល​របស់​ពួក​គេ ដើម្បី​ជំរុញ​កំណើន​សេដ្ឋ​កិច្ច​ក្នុង​ប្រទេស»។

លោក តូច ចៅចេក អគ្គ​នាយក​ធនាគារ​ប្រៃសណីយ៍​កម្ពុជា ភីអិលស៊ី (CPBank) បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​​​ថ្ងៃទី​ ៣០ ខែ​មេសា ថា CGCC កំពុង​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ផ្តល់​ការ​គាំទ្រ​ដល់​សហគ្រាស​ខ្នាត​មីក្រូ តូច និង​មធ្យម​ក្នុង​ស្រុក នូវ​លទ្ធ​ភាព​ទទួល​បាន​ហិរញ្ញប្ប​ទាន​កាន់​តែ​ច្រើន​ពី​ស្ថាប័ន​ហិរញ្ញ​វត្ថុ​ (FIs)​ ជា​មួយ​​នឹង​ការ​ធានា​របស់​ពួក​គេ ដើម្បី​បម្រើ​ជា​​វត្ថុ​បញ្ចាំ​សម្រាប់​មូល​និធិពី FIs។

លោក​បញ្ជាក់​ថា៖​ «យើង​ឃើញ​ថា​ដោយ​មាន​ការ​គាំទ្រ​ពី CGCC សហ​​គ្រាស​ខ្នាត​មីក្រូ តូច និង​មធ្យម​របស់​យើង​អាច​ទទួល​បាន​លទ្ធ​ភាព​កាន់​តែ​ច្រើន​ក្នុង​ការ​​បាន​មូល​និធិ​បន្ថែម​ទៀត​ ដើម្បី​គាំទ្រ​ដល់​អាជីវ​កម្ម​របស់​ពួក​គេ បន្ទាប់​ពី​ពួក​គេ​រង​ផល​ប៉ះពាល់​ដោយ​ការ​រីក​រាល​ដាល​ជំងឺ​កូវីដ​ ១៩ ក្នុង​រយៈ​ពេល​ជាង​ ២ ​ឆ្នាំ​ចុង​ក្រោយ​នេះ»៕