​ភ្នំពេញៈ កម្ពុជា​នាំចេញ​កង់​ទៅ​ទីផ្សារ​ក្រៅប្រទេស​សម្រេចបាន​ក្នុង​ទំហំ​ទឹកប្រាក់​ ២៧៨​ លាន​ដុល្លារ​អាមេរិក​នៅក្នុង​ត្រីមាស​ទី​១ ឆ្នាំ​ ២០២៣ ​នេះ ដែលមាន​ការកើនឡើង​ជិត​ ២០​ ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​ ២០២២​។​

​យោងតាម​ស្ថិតិ​នាំចេញ​នាំចូល​កង់​របស់​ក្រសួង​ពាណិជ្ជ​​កម្មបាន​បង្ហាញថា ក្នុង​រយៈពេល​ ៣ ​ខែ ចាប់ពី​ខែមករា ដល់​ខែមីនា ឆ្នាំ​ ២០២៣ ការនាំចេញ​កង់​របស់​កម្ពុជា​ទៅកាន់​ទីផ្សារ​បរទេស​មា​ន​តម្លៃ​ទឹកប្រាក់​ ២៧៨ លាន​ដុល្លារ​អាមេរិក កើនឡើង​ ១៩,៥៩​ ភាគរយ ដែល​ច្រើនជាង​ការចេញ​នាំចេញ​ក្នុង​ឆ្នាំ​ ២០២២​ ដែលមាន​ទឹកប្រាក់​ជាង​ ២៣២ លាន​ដុល្លារ​។ ទីផ្សារ​សំខាន់ៗ​ដែល​បាន​នាំ​កង់​ចេញទៅ​រួមមាន អាមេរិក អាល្លឺម៉ង់ បែលហ្ស៊ិក អង់គ្លេស និង​ហូ​ឡង់ ខណៈ​កម្ពុជា​នាំចូល​កង់​មកវិញ​ពី​ជប៉ុន ចិន វៀតណាម ថៃ និង​អាមេរិក​។​


​លោក​ ប៉ែន សុ​វិជាតិ អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម​បានឱ្យ​ដឹង​កាលពី​ថ្មីៗ​នេះ​ថា ដោយ​​សារ​កំណើន​នៃ​ការនាំចេញ​របស់​កម្ពុជា​នៅតែ​បន្ត​កើនឡើង​ទើប​មន្ត្រីជាន់ខ្ពស់​ក្រសួងពាណិជ្ជកម្ម​កាលពី​ពាក់កណ្តាល​ឆ្នាំ ​២០២២ បាន​ជួបពិភាក្សា​ជាមួយ​ភាគី​វៀតណាម​ដើម្បីឱ្យ​វៀតណាម​បន្ដ​ផ្គត់ផ្គង់​វត្ថុ​ធាតុ​​ដើម​សម្រាប់​ការផលិត​កង់​នាំ​​ចេញទៅ​ទីផ្សារ​សហគមន៍​អឺរ៉ុប និង​អាមេរិក ប្រកបដោយ​និរន្តរ​​ភាព និង​មិន​ខុស​គោលការណ៍​នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​វៀតណាម​ជាមួយ​សហ​​គម​ន៍​អឺរ៉ុប​។​

​លោក​បាន​ថ្លែងថា​៖ «​បច្ចុប្បន្ន កម្ពុជា​មិនទាន់មាន​ការខ្វះខាត​វត្ថុធាតុដើម​ឬ​ផលិតផល​ពាក់កណ្តាល​ស​ម្រេច​សម្រាប់​ផលិត​កង់​នៅឡើយ​ទេ ប៉ុន្តែ​ការចរចា​បើក​ជាមួយ​វៀតណាម​នេះ ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​ការផ្គត់ផ្គង់​ផលិតផល​ទាំងនោះ​ពី​ខាង​វៀតណាម មាន​និរន្តរភាព​»​។​


​បើតាម​ក្រសួងពាណិជ្ជកម្ម វត្ថុធាតុដើម ឬ​ផលិតផល​ពាក់​​កណ្តាល​សម្រេច​សម្រាប់​ផលិត​កង់ កម្ពុជា​បាន​នាំចូល​ពី​វៀតណាម ក្នុង​បរិមាណ​សមល្មម ដោយ​មិនអាច​នាំចូល​មក​ច្រើនពេក​ទេ ព្រោះ​អាច​ខុស​នឹង​លក្ខ​​ខណ្ឌ​ដែល​បានកំណត់​។​ក្រសួង​ក៏​រំពឹង​ដែរ​ថា នា​ថ្ងៃ​ខាងមុខ នៅពេល​ការនាំចេញ​កង់​មានការ​កើនឡើង អាច​ជំរុញ​ឱ្យ​អ្នកវិនិយោគ​ចាប់អារម្មណ៍​លើ​ការបង្កើត​រោងចក្រ​ផលិត​គ្រឿងបន្លាស់​ឬ​ផលិតផល​ពាក់កណ្តាល​ស​ម្រេច​នៅ​កម្ពុជា​ដែល​នឹង​កាត់បន្ថយ​ការនាំ​ចូល​បាន​ខ្លះ​ដែរ​។​

​លោក ​គី សេរី​វ​ឌ្ឍ អ្នកជំនាញ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យសភាកម្ពុជា បានឱ្យដឹង​នៅ​ថ្ងៃទី ​៣០ ខែមេសា​ថា នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​​ក្រោយនេះ​ការនាំចេញ​កង់​មាន​កំណើន​គួរឱ្យកត់សម្គាល់ ដោយបាន​រួមចំណែក​យ៉ាងច្រើន​ក្នុងការ​ទ្រទ្រង់​សេដ្ឋកិច្ចកម្ពុជា តាំងពី​ឆ្នាំ​ ២០១៩​ មក​។​

​ចំពោះ​ការផ្គត់ផ្គង់​វត្ថុធាតុដើម​សម្រាប់​ផលិត​កង់​រវាង​កម្ពុជា​និង​វៀតណាម​នេះដែរ​លោក​បានលើកឡើង​ថា​ក្នុង​ក្របខ័ណ្ឌ​កិច្ចសហប្រតិបត្តិការ​ផ្សេងៗ ក្នុងឋានៈ​ជា​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ដូចគ្នា និង​ក្នុង​ក្របខ័ណ្ឌ​មិត្តភាព​រវាង​ប្រទេស​ទាំង ​២ វៀតណាម​នឹង​មិនអាច​កាត់បន្ថយ​ឬ​បញ្ឈប់​ការផ្គត់ផ្គង់​មក​កម្ពុជា​បានទេ​។ ប៉ុន្តែ​ទោះជា​យ៉ាងណា កម្ពុជា​មិនអាច​ពឹងផ្អែក​លើ​គេ​ទាំងស្រុង​បាន​នោះទេ​។​

​លោក​បាន​បញ្ជាក់ថា​៖ «​ប្រសិនបើ​យើង​មើលឃើញថា មាន​បញ្ហា​ប្រឈម​ថា​នឹង​អាច​កើតមាន យើង​គួរ​ពិចារណា​ជាមួយ​ស្ថាប័ន ក្នុងការ​សហការ​ជាមួយ​រោងចក្រ​ផលិត​កង់​នៅក្នុង​ស្រុក​ដោយ​ធ្វើយ៉ាងណា​បង្កើត​រោងចក្រ​ផ្គត់​​ផ្គង់​គ្រឿង​ផ្គុំ​កង់​ឬ​វត្ថុធាតុដើម ដែល​ចាំបាច់ ឬ​សម្លឹងមើល​ទីផ្សារ​ផ្សេងទៀត ចិន ឬ​ជប៉ុន​ជាដើម ដើម្បី​បង្ការ​កុំ​ឱ្យមាន​បញ្ហា​»​។​

​យោងតាម​ទិន្នន័យ​ពី​ក្រសួងពាណិជ្ជកម្ម​បានបង្ហាញ​ថា គិត​ត្រឹម​ឆ្នាំ ​២០២២ កម្ពុ​ជាមាន​រោងចក្រ និង​សហគ្រាស​ផលិត​កង់​ចំនួន​ ៥​ ដែលមាន​ទីតាំង​ស្ថិតនៅ​ខេត្តស្វាយរៀង​៕