ភ្នំពេញៈ ក្រុមហ៊ុន​ចុះបញ្ជី​ថ្មី ៥៥៨ បានទទួល​ជោគជ័យ​ក្នុងការ​ចុះបញ្ជី​តាម​ប្រព័ន្ធ​ចុះបញ្ជី​អាជីវកម្ម​តាម​ថ្នាល​បច្ចេកវិទ្យា​ព័ត៌មាន​ដំណាក់កាល​ទី ២ (Online Business Registration System via IT Platform phase 2) បើ​គិត​ត្រឹម​ថ្ងៃទី​ ២៤ ខែមេសា ឆ្នាំ​ ២០២៣ ដែល​ភាគច្រើន​ស្ថិតក្រោម​ក្រសួង​ប្រៃសណីយ៍ និង​ទេសចរណ៍​។​

​យោងតាម​ទិន្នន័យ​ពី​ប្រព័ន្ធ​ចុះបញ្ជី​អាជីវកម្ម​តាម​ថ្នាល​បច្ចេកវិទ្យា​ព័ត៌មាន​ដំណាក់កាល​ទី ​២ ដែល​គិតពី​ថ្ងៃទី​ ១ ខែកញ្ញា ឆ្នាំ​ ២០២១ មកដល់​ថ្ងៃទី ​២៤ ខែមេសា ឆ្នាំ​ ២០២៣ គឺ​ចំនួន​ក្រុមហ៊ុន​ដែល​បានការ​អនុម័ត​ដោយ​ជោគជ័យ​ទាំង ​៥៥៨ គឺមាន ២៦៣ ​ក្រុមហ៊ុន ស្ថិត​ក្រសួង​ប្រៃសណីយ៍ និង​ទូរ​គម​នា​គម​ន៍​, ១៩៩ ដោយ​ក្រសួង​ទេសចរ​ណ៍​, ៨៧ ដោយ​និយតករ​អាជីវកម្ម​អចលនវត្ថុ និង​បញ្ចាំ​នៃ​អាជ្ញាធរ​សេវា​ហិរញ្ញវត្ថុ​មិនមែន​ធនាគារ និង​ចំនួន ៩ ដោយ​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​។ ទោះ​យ៉ាង​ណា​មានតែ​ក្រុមហ៊ុន​ចំនួន​២ ប៉ុណ្ណោះ​ដែល​ត្រូវបាន​បដិសេធ គឺ​១ ដោយ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ និង ១ ដោយ​ក្រសួងទេសចរណ៍​។​


​អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា លោក លឹម ហេង និយាយថា ទោះបី​កំណើនសេដ្ឋកិច្ច​ពិភពលោក​ស្ថិតក្នុង​ភាពមិនច្បាស់លាស់ ប៉ុន្តែ​ចំនួន​ក្រុម​ហ៊ុន​ដែល​មក​ចុះបញ្ជី​អាជីវកម្ម​តាម​ប្រព័ន្ធ​អន​ឡាញ​ដែល​រដ្ឋាភិបាល​ដាក់ឱ្យ​ដំណើរការ​កាលពី​អំឡុង​ឆ្នាំ​ ២០២១ គឺ​នៅតែ​កើនឡើង​។ កំណើន​នៃ​ការចុះ​បញ្ជី​មានន័យថា ម្ចាស់​អាជីវកម្ម​យល់​ដឹង​ពី​កាតព្វកិច្ច​របស់ខ្លួន និង​ធ្វើឱ្យ​អា​​ជីវ​កម្ម​របស់ខ្លួន​ស្របច្បាប់​។ លោក​បន្តទៀតថា តួលេខ​កើន​ឡើងជា​បន្ត​បន្ទាប់​នេះ ក៏​ជា​ចំណុច​ល្អ​មួយ​សម្រាប់​បង្ហាញ​ដល់​អ្នក​មានបំណង​វិនិយោគ​ឱ្យ​ហ៊ាន​បញ្ចេញ​ទុន​មក​វិនិយោគ​។​

​លោក​បញ្ជាក់ថា​៖ «​ចំនួន​ក្រុមហ៊ុន​ចុះបញ្ជី​តាម​ប្រព័ន្ធ​ចុះបញ្ជី​អាជីវកម្ម​តាម​ថ្នាល​បច្ចេកវិទ្យា​ព័ត៌មាន​ដំណាក់​កាល​ទី​ ២ នឹង​បន្ត​កើនឡើង​ថែមទៀត ពិសេស​នៅពេលដែល​សេដ្ឋកិច្ច​ពិភព​លោក​មាន​លំនឹង​ឡើងវិញ​»​។​


​លោក​បន្ថែមថា មូលហេតុ​ចម្បង​ដែល​ចំនួន​ក្រុមហ៊ុន​ចុះបញ្ជី​កើនឡើង ក៏​ដោយសារ​ប្រព័ន្ធ​នេះ​មាន​ភាព​ងាយ​​ស្រួល ឆាប់រហ័ស និង​មិន​ចំណាយ​ថវិកា​ក្រៅផ្លូវការ ជាដើម​។​

​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញ​វត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន បាន​ថ្លែង​ក្នុង​ពិធី​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ​ប្រព័ន្ធ​ចុះបញ្ជី​អាជីវកម្ម​តាម​ថ្នាល​បច្ចេកវិទ្យា​ព័ត៌មាន​ដំណាក់កាល​ទី​២ កាលពី​ថ្ងៃទី​ ១ ខែកញ្ញា ឆ្នាំ ​២០២១ ថា សម្រាប់​កម្ពុជា ការធ្វើ​បរិវត្ត​កម្ម​ឌីជីថល គឺជា​ការចាប់យក និង​ការទាញយក​ផល​ប្រយោជន៍​ជា​អតិបរមា​ពី​ការរីកចម្រើន​នៃ​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន និង​បច្ចេកវិទ្យា​ឌីជីថល ដើម្បី​បង្កើន​ផលិតភាព និង​ប្រសិទ្ធភាព​សេដ្ឋកិច្ច ព្រមទាំង​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ និង​កសាង​សង្គម​មួយ​ដែល​ពលរដ្ឋ​អាច​ទទួលបាន​ប្រយោជន៍​ពី​ការប្រើប្រាស់​សេវា​ឌីជីថល ប្រកបដោយ​បរិ​យា​ប័ន្ន ភាពជឿ​ទុកចិត្ត និង​សុវត្ថិភាព​ខ្ពស់​។​

​លោក​ថ្លែងថា​៖ «​ប្រព័ន្ធ​ចុះបញ្ជី​អា​ជីវ​កម្ម​តាម​ថ្នាល​បច្ចេកវិទ្យា​ព័ត៌មាន ដំណាក់កាល​ទី ​២ ក៏​ឆ្លើយតប​យ៉ាង​លឿន​ក្នុងការ​ចូលរួម​អនុវត្ត​ក្របខ័ណ្ឌ​គោលនយោបាយ​នេះ​ដើម្បី​ទាញយក​ប្រយោជន៍​ពី​បច្ចេកវិទ្យា​ឌីជីថល ជា​​ពិសេស​ក្នុង​បរិបទ​នៃ​ការរីក​រាលដាល​នៃ​ជំ​ងី​កូ​វីដ ១៩»​។​

​លោក​បាន​បន្ថែមថា រាជរដ្ឋាភិបាល​កម្ពុជា​បានប្រកាស​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ​ប្រព័ន្ធ​ចុះបញ្ជី​អាជីវកម្ម​តាម​ថ្នាល​បច្ចេកវិទ្យា​ព័ត៌មាន​ដំណាក់កាល​ទី​១ កាលពី​ថ្ងៃទី​ ១៥ ខែមិថុនា ឆ្នាំ​ ២០២០ ដោយ​ទទួលបាន​ការចាប់​អា​រ​ម្មណ៍ និង​សាទរ​ខ្ពស់​ពី​ផ្នែក​ឯកជន​។ សេវា​ចុះបញ្ជី​អាជីវកម្ម​តាម​ថ្នាល​បច្ចេក​វិទ្យា​ព័ត៌មាន ទាំង​២​ដំណាក់កាល​ត្រូវបាន​ដាក់ឱ្យអនុវត្ត​លើ​ថ្នាល​ផ្លាស់ប្តូរ​ទិន្នន័យ​កម្ពុជា (Cambodia Data ExchangeCamDX)​។​

​លោក​បញ្ជាក់ថា​៖ «​ដំណាក់កាល​ទី​ ២ ​នេះ គឺមាន​លក្ខណៈ​ងាយស្រួល​ជាង​មុន​ច្រើន តាមរយៈ​ការកាត់បន្ថយ​ថ្លៃ​ចំណាយ​នីតិវិធី និង​ពេលវេលា​ដែល​ពីមុន​ត្រូវការ​ចន្លោះ​ពី ​១៥​ ទៅ ​៣០ ​ថ្ងៃ មក​ត្រឹមតែ​ ៣ ទៅ​ ៧ ​ថ្ងៃ​នៃ​ថ្ងៃ​ធ្វើការ​ប៉ុណ្ណោះ ប្រសិនបើ​សំណើ​បំ​ពេញ​លក្ខខណ្ឌ​គ្រប់គ្រាន់​»៕