ភ្នំពេញៈ ការធ្វើ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា និង​កាណាដា ក្នុង​ត្រីមាស​ទី១ ឆ្នាំ​ ២០២៣ មាន​ទឹកប្រាក់​ប្រមាណ ១៩២ ​លាន​ដុល្លារ ធ្លាក់ចុះ​ជាង ១/៥​ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២២ ខណៈ​អ្នកសេដ្ឋកិច្ច និង​អ្នកជំនួញ និយាយថា មកពី​ភាពមិនច្បាស់លាស់​នៃ​កំ​ណើ​ន​សេដ្ឋកិច្ចពិភពលោក​។​

​ស្ថិតិ​ជញ្ជីងពាណិជ្ជកម្ម​ទំនិញ​ប្រចាំត្រីមាស​ទី១ ឆ្នាំ ​២០២៣ របស់​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ឱ្យដឹងថា ចាប់ពី​ខែមករា​-​មីនា ឆ្នាំ ​២០២៣ ការ​ផ្លាស់ប្តូរ​ពាណិជ្ជកម្មរ​វាង​ប្រទេស​ទាំង ២ មាន​ចំនួន ១៩២,៧២ ​លាន​ដុល្លារ ថយចុះ ២១,៦ ​ភាគរយ​បើ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២២ ដែលមាន​ចំនួន ២៤៥,៨៥​ លាន​ដុល្លារ ដោយ​ក្នុងនោះ​ការនាំ​ទំនិញ​ពី​កម្ពុជា​ទៅ​កាណាដា ១៩០,០៧​ លាន​ដុល្លារ ធ្លាក់ ២១,៣​ ភាគរយ និង​កាណាដា​នាំមក​កម្ពុ​ជាមាន​ចំនួន ២,៦៥​ លាន​ដុល្លារ ធ្លាក់​​ចុះ ៤០,២ ​ភាគរយ​។​


​បើ​ផ្អែក​តាម​ទិន្នន័យ​ខាងលើ គឺ​ទំហំ​ទឹកប្រាក់​នៃ​ការធ្វើ​ពា​ណិ​ជ្ជ​កម្ម​កម្ពុជា​-​កាណាដា ក្នុង​ត្រី​មាស​ទី​ ១ ឆ្នាំ​ ២០២៣ ស្ថិតនៅ​លេខ​រៀង​ទី​ ១០ ស្មើនឹង ១,៧១​ ភាគរយ​ក្នុងចំណោម​ទំហំ​ពា​ណិ​ជ្ជ​កម្ម​អន្តរជាតិ​របស់​កម្ពុជា ១១ ២៥២,១៤​ លាន​ដុល្លារ​ (​ធ្លាក់ចុះ ១៤,៥​ភាគរយ​)​។​

​អ្នកសេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា លោក ហុង វណ្ណៈ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ១ ខែឧសភា ថា ទោះបី​តាំងពី​ចុងឆ្នាំ ២០២២ មក​ការ​គំរាម​កំ​ហែង​ពី​ការឆ្លង​រាលដាល​កូ​វីដ​ ១៩ លើ​ពិភពលោក​មាន​ភាព​​ធូរស្រាល ប៉ុន្តែ​វិបត្តិ​សេដ្ឋកិច្ច​ដែល​បណ្តាលមកពី​ជម្លោះ​ភូមិ​សាស្ត្រ​នយោបាយ ជាពិសេស​សង្គ្រាម​នៅ​ប្រទេស​អ៊ុយ​ក្រែ​ន បានធ្វើឱ្យ​ប្រជាជន​នៅ​ប្រទេស​នីមួយៗ​កាត់បន្ថយ​ការចំណាយ​ដែលជា​ហេតុ​ធ្វើឱ្យ​សកម្មភាព​នៃ​ការធ្វើ​ពាណិជ្ជកម្ម​អន្តរជាតិ​ធ្លាក់ចុះ​នៅ​ស្ទើរ​គ្រប់​ប្រទេស​។ លោក​បន្តថា ការធ្លាក់ចុះ​នេះ​គឺ​មិនមែន​កើតមាន​រវាង​កម្ពុជា និង​កាណាដា​ឡើយ ពោលគឺ​ការនាំចេញ នាំចូល​ទំនិញ​បាន​ធ្លាក់ចុះ​នៅ​ស្ទើរ​គ្រប់​គោលដៅ​។ ការធ្លាក់ចុះ​ទំហំ​ពាណិជ្ជកម្ម​ក្នុង​ត្រីមាស​ទី​ ១ ក៏​ដោយសារតែ​ឥទ្ធិពល​ដែល​អូសបន្លាយ​ពី​ចុងឆ្នាំ​ ២០២២ ផងដែរ​។​


​លោក​និយាយថា​៖ «​ការធ្លាក់​ចុះ​ទំហំ​ពាណិជ្ជកម្ម​កម្ពុជា និង​កាណាដា ក្នុង​ត្រីមាស​ទី​ ១ គឺ​មកពី​តម្រូវការ​ទំនិញប្រើប្រាស់​ធ្លាក់ចុះ​។ ការធ្លាក់ចុះ​អំឡុង​ពេលនេះ​គឺមាន​លក្ខណៈ​សកល​»​។​

​អនុប្រធាន​សភាពាណិជ្ជកម្ម​​កម្ពុជា លោក លឹម ហេង បាន​និយាយថា ពាណិជ្ជកម្ម​អន្តរ​​ជាតិ​តែង​ផ្សារភ្ជាប់​នឹង​ព្រឹត្តិការ​​ណ៍​ធំៗ គឺ​បើ​មាន​បញ្ហា​ណាមួយ​កើតឡើង កា​ធ្វើ​ពាណិជ្ជកម្ម​ក៏​ជួប​បញ្ហា​ដែរ​។ ការធ្លាក់ចុះ​ទំហំ​ពាណិជ្ជកម្ម​ជាមួយ​កាណាដា កាលពី​ត្រីមាស​ទី​១ គឺ​ដោយ​​សារ​សេដ្ឋកិច្ចពិភពលោក​ជួប​បញ្ហា​។ នៅពេល​ជម្លោះ​ប្រដាប់​​អាវុធ​នេះ​បញ្ចប់​សម្ទុះ​នៃ​ការធ្វើ​ពាណិជ្ជកម្ម​អន្តរជាតិ​ប្រាកដជា​កើនឡើង ហើយ​ការនាំចេញ​ទំនិញ​របស់​កម្ពុជា​ទៅ​គោល​ដៅ​សំខាន់ៗ រួមទាំង​កាណាដា នឹងមាន​សម្ទុះ​ឡើងវិញ​។​

​លោក​និយាយថា​៖ «​ខ្ញុំ​ជឿថា ពាណិជ្ជកម្ម​អន្តរជាតិ​កម្ពុជា​-​កាណាដា​នឹងមាន​សញ្ញា​វិជ្ជមាន​វិញ​ជា​បន្តបន្ទាប់​ចាប់ពី​ត្រីមាស​ទី​ ២ នេះ​តទៅ​»​។​

​លោក​បន្ថែមថា ការិយាល័យ​តំណាង​សភាពាណិជ្ជកម្ម​កម្ពុ​ជា​នៅ​ប្រទេស​កា​ដា​ណា ​(​ទីក្រុង​តូ​រ៉ុ​ន​តូ​)​ កំពុង​ធ្វើ​កិច្ចការ​ជាច្រើន​ដើម្បី​ស្វែងរក​ទីផ្សារ និង​ទាក់​​ទាញ​វិនិយោគិន​កាណាដា​ឱ្យមក​វិនិយោគ​ផ្ទាល់​នៅ​កម្ពុជា​។​

​យោងតាម​លោក លឹម ហេង ទំនិញ​សក្តានុពល​ដែល​កម្ពុជា​នាំទៅ​ប្រទេស​កាណាដា មានដូចជា សម្លៀកបំពាក់ ផលិត​ផល​ធ្វើដំណើរ ស្បែកជើង គ្រឿង​​បង្គុំ​អេឡិចត្រូនិក​អគ្គិសនី និង​កង់ ចំណែក​ទំនិញ​កាណាដា នាំ​ចូលមក​កម្ពុជា ភាគច្រើន​ជា​គ្រឿង​អេឡិចត្រូនិក​។​

​ក្នុង​ឆ្នាំ​ ២០២២ ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-​កាណាដា មានតម្លៃ​សរុប ១ ១៥៤,៤៧​ លាន​ដុល្លារ កើនឡើង ១៦,១​ ភាគ​រយ​ធៀប​ឆ្នាំ ២០២១ ដែលមាន​ចំនួន ៩៩៤,៧២​ លាន​ដុល្លារ​។ ក្នុងនោះ​កម្ពុជា​នាំចេញ​ទំនិញ​ទៅ​កាណាដា ១ ១២០,៥៩ ​លាន​ដុល្លារ កើនឡើង ១៧,៤​ ភាគរយ និង​ទំនិញ​កាណាដា នាំមក​កម្ពុជា​វិញ​មាន​ទឹកប្រាក់ ៣៣,៨៨ ​លាន​ដុល្លារ ធ្លាក់ចុះ ១៥,១ ​ភាគរយ​៕