ភ្នំពេញៈ Royal Railway Cambodia PLC ដែលជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន​ពហុ​ផលិតផល Royal Group បាន​ចុះ​អនុស្សរណៈ​យោគ​យល់​គ្នា ​(MoU) ​ជាមួយនឹង​ក្រុមហ៊ុន​ចំនួន ៣ ​ផ្សេងទៀត​ ដើម្បី​អភិវឌ្ឍ​ដី​ប្រវែង ៣០០ ​គីឡូម៉ែត្រ​តាម​បណ្តោយ​ផ្លូវ​រថ​ភ្លើង ដើម្បី​សិក្សា​លទ្ធភាព​លើ​ថាមពល​កកើត​ឡើងវិញ និង​កសិកម្ម​។​

MoU នេះ​ត្រូវបាន​ចុះហត្ថលេខា​កាល​​ពីថ្ងៃ​ទី​ ២៨ ខែមេសា ឆ្នាំ​ ២០២៣ រវាង​ក្រុមហ៊ុន Royal Group Co., Ltd, ក្រុម​ហ៊ុន Samaiden Energy (Cambodia)Co., Ltd, ក្រុមហ៊ុន ​Management Venture Asia(Cambodia) Ltd. និង​ក្រុមហ៊ុន Panna Energy Sdn. Bhd ដើម្បី​ធ្វើការ​សិក្សា​បឋម​អំពី​លទ្ធភាព​នៃ​ការអភិវឌ្ឍ​ដី​ដែល​មិនទាន់​ប្រើប្រាស់​តាម​បណ្ដោយ​ផ្លូវ​រថភ្លើង​ពី​ក្រុង​ប៉ោយប៉ែ​តទៅ​ខេត្ត​ព្រះសីហនុ សម្រាប់​ការដំឡើង​សូ​ឡា​ខ្នាតតូច ឧបករណ៍​ប្រើ​​ប្រាស់ ហេដ្ឋារចនាសម្ព័ន្ធ​សម្រាប់​ជួល ដាំ​ដើមឈើ ផ្ទះ​កញ្ចក់ ដាំ​បន្លែ សណ្តែក​សៀង និង​សកម្មភាព​សេដ្ឋកិច្ច​ប្រកប​​ដោយ​និរន្តរភាព​ផ្សេងៗ​ទៀត​។​


​លោក Paul Clements អនុប្រធាន​ផ្នែក​យុទ្ធសាស្ត្រ​របស់​ក្រុមហ៊ុន Royal Group បានឱ្យដឹងថា គម្រោង​នេះ​បាន​ពិភាក្សាគ្នា​ជាច្រើន​ខែ​មកហើយ​មុននឹង​ឈានដល់​ការសហការ​គ្នា​នេះ​។ លោក​បន្ថែមថា គម្រោង​នេះ​មាន​សក្តានុពល​ខ្លាំង​លើ​វិស័យ​ថាមពល​កកើត​ឡើងវិញ និង​កសិកម្ម ដែល​វា​ជា​ឱកាស​ដ៏​ល្អ​ក្នុងការ​ប្រើប្រាស់​ដី​នោះ​សម្រាប់​គម្រោង​អភិវឌ្ឍន៍​ដូចជា​ថាមពល​កកើត​ឡើងវិញ និង​កសិកម្ម​។​

​លោក​ថ្លែង​ក្នុង​ពិធី​ចុះហត្ថលេខា​ថា​៖ «​វា​គឺជា​ឱកាស​ដ៏​ល្អ​សម្រាប់​ថាមពល​កកើត​ឡើងវិញ​សម្រាប់​សហគមន៍​។ រ៉ូយ៉ាល់ គ្រុប គឺជា​ក្រុមហ៊ុន​ផលិត​ថា​ម​ពល​រួចហើយ​នៅ​ប្រទេស​កម្ពុជា ហើយ​យើង​បានឃើញ​ឱកាស​ដ៏​ល្អ​នេះ​។ យើង​បាន​នាំយក​ដៃគូ​ផ្សេងទៀត​មក​ចូលរួម​ធ្វើការ​លើ​រឿងនេះ​។ ចំណែក​វិស័យ​ក​សិ​​កម្ម​ក៏មាន​សារៈសំខាន់​ដែរ​ក្នុង​ការជួយ​សហគមន៍​មូលដ្ឋាន និង​ក្នុង​តំបន់​តូចៗ​ដែល​យើង​មើលឃើញ​ពី​ឱកាស​ក្នុងការ​​ជួយ​សហគមន៍​មូលដ្ឋាន​។ តាមរយៈ​ការ​ចាប់​ដៃគូ​ជាមួយ​អ្នកជំនាញ និង​ដៃគូ​ក្នុង​វិស័យ​ថាមពល​កកើត​ឡើងវិញ និង​កសិកម្ម យើង​ជឿថា ភាពជា​ដៃគូ​នេះ​នឹង​បង្កើត​ឱកាស​សេដ្ឋកិច្ច​សម្រាប់​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប និង​ដៃគូ​របស់​យើង​ផងដែរ​»​។​


​លោក Fong Yeng Foon នាយក​​ប្រតិបត្តិ​ក្រុមហ៊ុន Samaiden Energy បាន​និយាយថា ក្រុមហ៊ុន​លោក​ត្រូវបាន​លើកទឹកចិត្ត​ដោយ​ការគាំទ្រ និង​គំនិត​ផ្តួចផ្តើម​របស់​រដ្ឋាភិបាល​កម្ពុជា​ឆ្ពោះទៅរក​ថាមពល​កកើត​ឡើងវិញ និង​ការប្តេជ្ញា​ចិត្ត​ក្នុង​ការជួយ​ប្រជាពលរដ្ឋ​ឱ្យទទួល​បាន​ប្រាក់ចំណូល​កាន់តែ​ខ្ពស់​តាមរយៈ​គម្រោង​ដូចជា ការអភិវឌ្ឍ​ដី​តាមផ្លូវ​ដែក​របស់​ក្រុមហ៊ុន Royal Railway​។​

​លោក​បន្ថែមថា MoU នេះ​ក៏មាន​ការ​សិក្សា​លទ្ធភាព​ដែល​គ្របដណ្តប់​លើ​ការ​អភិវឌ្ឍ​បរិក្ខារ​ថាមពល​កកើត​ឡើងវិញ និង​ហេដ្ឋារចនាសម្ព័ន្ធ​ពាក់ព័ន្ធ រួម​នឹង​ការធ្វើ​កសិកម្ម​ប្រកបដោយ​និរន្តរភាព​នៃ​ទំនិញ ហើយនឹង​ផ្តល់​អត្ថប្រយោជន៍​ដល់ទី​ផ្សារ​នៅក្នុង​ស្រុក​សម្រាប់​ការប្រើ​ប្រាស់ និង​គោលបំណង​ពាណិជ្ជកម្ម​។​

​លោក​ថ្លែងថា​៖ «​សំខាន់​ជាងនេះទៅទៀត គឺ​ការសម្រេចបាន​នូវ​គម្រោង​នេះ នឹង​ជួយ​ទ្រទ្រង់​សេដ្ឋកិច្ច​ដ៏​ពិតប្រាកដ​។ ការសិក្សា​លទ្ធភាព​ដែល​នឹងត្រូវ​អនុវត្ត​គឺមាន​សារៈសំខាន់​សម្រាប់​ការអភិវឌ្ឍ​សេដ្ឋកិច្ចកម្ពុជា​។ ការអភិវឌ្ឍ​ដី​នៅតាម​បណ្តោយ​ផ្លូវ​រថភ្លើង​នឹង​ជួយ​ផលិត​ជា​ប្រភព​ថាមពល​កកើត​ឡើងវិញ ហើយក៏​នឹង​ជួយ​បញ្ជូន​បច្ចេកវិទ្យា​កសិក​ម្ម​ប្រ​កប​ដោយ​និរន្តរភាព​ផងដែរ​»​។​

​លោក​បន្ថែមថា​៖ «​យើង​ជឿថា​ ការ​អភិ​​វ​ឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ថាមពល​កកើតឡើង​វិញ​នេះ​អាចជួយ​កាត់បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន និង​បំពេញតម្រូវការ​ថា​ម​ពល​នាពេល​អនាគត​»​។​

​យោងតាម​ក្រសួង​សាធារណការ ការស្ថាបនា​ប្រព័ន្ធ​ផ្លូវដែក​កម្ពុជា បានចាប់ផ្តើម​នា​ចុងឆ្នាំ​ ១៩២០ ដោយមាន​ខ្សែ​ផ្លូវដែក​ខាងជើង និង​ខាងត្បូង​។​

​ខ្សែ​រថភ្លើង​ភាគ​ខាងជើង​មាន​ប្រវែង ៣៨៦ ​គីឡូម៉ែត្រ​ចេញពី​ភ្នំពេញ​ទៅ​ក្រុង​​ប៉ោយប៉ែត​ (​ព្រំដែន​កម្ពុជា​-​ថៃ​)​ ត្រូវបាន​កសាងឡើង​ចន្លោះ​ពី​ឆ្នាំ​ ១៩២៩ ​ដល់​ឆ្នាំ​ ១៩៤២ ចំណែក​ផ្លូវ​រថភ្លើង​ភាគខាងត្បូង​សាងសង់​ពី​ឆ្នាំ​ ១៩៦០-១៩៦៩​ មាន​ប្រវែង​ ២៦៤​ គីឡូម៉ែត្រ​៕