ភ្នំពេញៈ​ការប្រមូល​ផល​ម្រេច​កំពត​ ដែលជា​ផលិតផល​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ (GI)​ មកដល់ពេលនេះ​ សម្រេចបាន​ប្រហែល ៣០​ ភាគរយ​ ហើយ​ខណៈ​ទិន្នផល​ភាគច្រើន​ ដែល​នឹងត្រូវ​ប្រមូលបាន គឺ​ក្រុមហ៊ុននាំចេញ​បាន​បញ្ជា​ទិញ​ស្ទើរ​ទាំងអស់​តែម្តង​។ នេះ​បើ​យោងតាម​ប្រធាន​សមាគម​លើកកម្ពស់​ម្រេច​កំពត​។​

​ថ្លែងប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ក្នុង​ថ្ងៃទី​៣​ខែឧសភា នេះ លោក ងួន ឡាយ ប្រធាន​សមាគម​លើកកម្ពស់​ម្រេច​កំពត បានឱ្យដឹងថា ជា​រៀងរាល់ឆ្នាំ​ការប្រមូល​ផល​ម្រេច​កំពត ត្រូវបាន​ធ្វើឡើង​ចាប់ពី​ដើមខែ​មករា ដល់​ដើមខែ​កក្កដា​។ តាម​ការប៉ាន់ស្មាន​ការប្រមូល​ផល​ម្រេច​កំពត​មកដល់ពេលនេះ គឺ​សម្រេចបាន​ប្រហែល ៣០​ភាគរយ​ប៉ុណ្ណោះ ខណៈ​ការប្រមូល​ផល​ទ្រង់ទ្រាយ​ធំ គឺ​នៅក្នុង​ឧសភា ដល់​ដើមខែ​កក្កដា ដោយសារ​ប្រជាកសិករ​ទុកឱ្យ​ម្រេច​ទុំ​ល្អ ដើម្បី​ទទួលបាន​ម្រេចស ឬ​ក្រហម​កាន់តែច្រើន​។​


​លោក​និយាយថា​៖«​ដោយសារ​ចង់​ទទួលបាន​ផល​ម្រេច​ក្រហម និង​ម្រេចស​ច្រើន ដូច្នេះ​យើង​ចេះតែ​បន្ត​ពន្យារពេល​ដើម្បីឱ្យ​ម្រេច​ទុំ​កាន់តែច្រើន ព្រោះ​តម្លៃ​ម្រេច​ក្រហម និង​ស គឺ​ខ្ពស់ជាង​ម្រេចខ្មៅ​»​។​

​បើតាម​លោក ងួន ឡាយ ចាប់តាំងពី​ឆ្នាំ​២០១៥ មក​តម្លៃ​ម្រេច​កំពត ​(GI) គឺ​មិន​ប្រែប្រួល​ឡើយ ដោយ​ម្រេចស (នៅ​ចម្ការ)​មានតម្លៃ​មធ្យម ១៥ ​ដុល្លារ​ ក្នុង​ ១​ គីឡូក្រាម​, ម្រេច​ក្រហម ២៥ ​ដុល្លារ និង​ម្រេចស ២៨​ដុល្លារ​។ តាម​ការប៉ាន់ស្មាន​ទិន្នផល​ម្រេច​ដែល​ប្រមូលបាន​ក្នុង ១​ ឆ្នាំ គឺ​ក្នុង​រង្វង់​ប្រហែល ១០០ ​តោន​។​


​លោក ងួន ឡាយ បាន​ប្រាប់ទៀតថា ទោះបី​ការប្រមូល​ផល​ពេលនេះ​ទើបបាន​តិចតួច ប៉ុន្តែ​ភាគច្រើន​នៃ​ទិន្នផល​ម្រេច​របស់​ប្រជាកសិករ​ (​ធុន​តូច និង​មធ្យម​) គឺ​ត្រូវបាន​ក្រុមហ៊ុននាំចេញ​បញ្ជា​ទិញ​អស់ហើយ ​(​កិច្ចសន្យា​​កសិកម្ម​) លើកលែងតែ​ចម្ការ​ធំៗ​ដែល​ភាគច្រើន​ម្ចាស់​រង់ចាំ​ប្រមូល​ផល និង​រក​ទីផ្សារ​ដោយ​ខ្លួនឯង​។​

​ខណៈ​កាលពី​ចុងខែ​មេសា​កន្លងមក ក្រសួងពាណិជ្ជកម្ម​ទើបបាន​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ (GI) ​ក្នុង​ខេត្តកំពត​ថ្មី​មួយទៀត គឺ​«​អំបិល​កំពត​កែប​»​នោះ លោក ងួន ឡាយ បាន​លើកឡើងថា ជាធម្មតា​«​អំបិល​» និង​«​ម្រេច​» គឺជា​គ្រឿងផ្សំ​ក្នុង​ចំណីអាហារ ដូច្នេះ​នៅពេល​«​អំបិល​កំពត​កែប​»​ទទួលបាន​ការគាំទ្រ និង​ទីផ្សារ​កាន់តែច្រើន តម្រូវការ​ម្រេច​កំពត ដែលជា​ផលិតផល GI ដូចគ្នានេះ​ក៏​នឹង​កើនឡើង​ដែរ​។​

​លោក​បញ្ជាក់ថា​៖ «​ដោយសារ​ទីផ្សារ​ម្រេច និង​អំបិល ភាគច្រើន​នៅជាប់​គ្នា ដូច្នេះ​ខ្ញុំ​គិតថា​ការបញ្ជាទិញ​ម្រេច​កំពត​ នឹងមាន​កំណើន​បន្ថែមទៀត​ចាប់ពីពេលនេះ​ទៅ​។ អឺរ៉ុប អាមេរិក កូរ៉េ និង​ជប៉ុន គឺជា​ទីផ្សារ​គោល​ដៅ​​ចម្បង​របស់​ម្រេច​កំពត​»​។​

​បើតាម​លោក ងួន ឡាយ ប្រសិនបើ​អាកាសធាតុ​អំណោយផល ក្នុង ​១​ ឆ្នាំ​ ដី ១​ ហិកតា ​(​ដាំ​បាន​ប្រហែល ២ ៥០០)​ គេ​អាច​ប្រមូល​ផល​ម្រេច​កំពត​បាន​ប្រហែល ១ ៥០០ ​គីឡូក្រាម​។​ ប្រធាន​សហព័ន្ធ​ម្រេច និង​គ្រឿងទេស​​កម្ពុជា លោក ម៉ាក នី បាន​ប្រាប់ថា​វិបត្តិ​សេដ្ឋកិច្ច និង​នយោបាយ​នៅលើ​ពិភពលោក បានធ្វើឱ្យ​តម្លៃ​មធ្យម​របស់​ម្រេច ​(​ម្រេច​ទូទៅ​)​ ក្នុង​ឆ្នាំ​២០២៣ នេះ​ធ្លាក់ចុះ​ពី ១៤០០០ ​កាលពី​ឆ្នាំ​២០២២ មក​នៅត្រឹម ១២ ០០០​ រៀល​។ ​ទោះយ៉ាងណា​ក៏​នាំចេញ គឺ​មិនមាន​បញ្ហា​នោះទេ​។​

​លោក​និយាយថា​៖«​ការធ្លាក់ចុះ​ប្រាក់ចំណូល​របស់​គ្រួសារ​នីមួយៗ បាន​ទាញ​ឱ្យ​តម្លៃ​ម្រេច​កម្ពុជា​ធ្លាក់ចុះ​ក្នុងឆ្នាំនេះ​ធៀប​នឹង​ឆ្នាំមុន​។ យ៉ាងណា​តម្លៃ​នៅពេលនេះ គឺ​កើនឡើង​បន្តិច​ហើយ​បើ​ធៀប​នឹង​ដើមឆ្នាំ​»​។​

​ជាទូទៅ​កម្ពុជា​អាច​ផលិត​ម្រេច ​(​ធម្មតា​)​ បាន​ក្នុង​រង្វង់ ១,៧ ​ទៅ ២​ ម៉ឺន​តោន​ក្នុង​ ១​ ឆ្នាំ លើ​ផ្ទៃដី​ដាំ​ម្រេច​សរុប​ជិត ​៧០០០​ ហិកតា តែ​បច្ចុប្បន្ននេះ​បាន​ថយចុះ​ប្រមាណ​ពី ១០​ ទៅ ​២០​ ភាគរយ​។ លោក​អះអាងថា ការដាំដុះ​ម្រេច​គឺ​ភាគច្រើន​សម្រាប់​បំពេញតម្រូវការ​នាំចេញ​ប៉ុណ្ណោះ ដោយសារ​ការប្រើប្រាស់​ម្រេច​ក្នុងស្រុក​មាន​តិចតួច​គឺ​ប្រមាណ​៥-៧​ភាគរយ​ប៉ុណ្ណោះ​ក្នុង​១​ឆ្នាំ​។ នេះ​បើតាម​លោក ម៉ាក នី កាលពីដើមឆ្នាំ​២០២៣​។​

​ទិន្នន័យ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ឱ្យដឹងថា ក្នុង​ត្រីមាស​ទី​១ ឆ្នាំ​២០២៣ ការនាំចេញ​ម្រេច​សម្រេចបាន ៨២២,៦៥​ តោន ក្នុងនោះ​នាំចេញ​ទៅ​ប្រទេស​វៀតណាម​ ចំនួន ៧៦៥ ​តោន​,​អាមេរិក ២៦,១៤​តោន​,​កូរ៉េ ១៦,២​ តោន​, បារាំង ៩,៥៤​ តោន​,​បែលហ្ស៊ិក ២,៣៦​ តោន​, ជប៉ុន ១,៣៨​តោន​,​ឥណ្ឌា ០,៩៦​ តោន​,​អាល្លឺម៉ង់ ០,៩០​ តោន​, សិង្ហ​បុរី ០,១០ ​តោន​, កោះ​តៃវ៉ាន់ ០,០៤ ​តោន​, អូស្ត្រាលី ០,០៣ ​តោន​ និង​ប្រទេស​ម៉ាឡេស៊ី ០,០០២ ​តោន​៕