ភ្នំពេញៈ វិទ្យាស្ថាន​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុ​ជា​ (CARDI) អាច​នឹងសិក្សា​បន្ថែម​លើ​ពូជស្រូវ​កាឡា​ណា​​ម៉ាក់ ​(Kalanamak) របស់​ប្រទេស​នេ​ប៉ាល់ ដែល​ត្រូវបាន​គេ​ដាំ​ដុះ​តាំងពី​សម័យ​ពុទ្ធកាល បើសិនជា​មានការ​អនុញ្ញាត​ពី​រាជរដ្ឋាភិបាល ដើម្បីឱ្យ​កសិករ​សាកល្បង​ដាំ​ដុះ​ស្រូវ​នេះ​។​

​លោក ឡោ ប៊ុណ្ណា នាយក CARDI បាន​ប្រាប់ឱ្យដឹង​នៅ​ថ្ងៃទី​ ២ ខែឧសភា​ថា ពូជស្រូវ​ដែលមាន​ដាំ​ដុះ​នៅ​កម្ពុ​ជាមាន​រាប់ពាន់​ពូជ ដោយ​ក្នុងនោះ​ពូជស្រូវ​ដែល​ខាង​វិទ្យាស្ថាន​បាន​ប្រមូល​មក​ទុក​និង​សិក្សា​ស្រាវជ្រាវ​មាន​ជាង​ ២​ ពាន់​ពូជ ខណៈដែល​ពូជ​មានការ​ពេញនិយម​ក្នុង​ការដាំដុះ​មាន​ជាង ​១​ពាន់​ពូជ​។


លោក​បញ្ជាក់ថា ៖ «​ពូជស្រូវ​កាឡា​ណា​ម៉ាក់​ (Kalanamak) យើង​មិន​ធ្លាប់មាន​ទេ​នៅ​កម្ពុជា​។ បើសិនជា​មានការ​ប្រគល់​មក​ក្រសួងកសិកម្ម​ខាង​ខ្ញុំ​ប្រហែល​នឹងធ្វើ​តេស្ត​សាកល្បង​មើល បន្ទាប់មក​យើង​នឹងធ្វើ​ការណែនាំ​ដល់​កសិករ​វិញ​ថា ពូជ​នេះ​អាច​ដាំ​ដុះ​នៅ​តំបន់​ណា លើ​ប្រភេទ​ដី​យ៉ាងដូចម្តេច​? ប៉ុន្តែ​បច្ចុប្បន្ន​យើង​មិនទាន់បាន​ធ្វើតេស្ត​សាកល្បង​លើ​ពូជ​ប្រភេទ​នេះ​នៅឡើយ​ទេ​»​។​

​លោក​ ឡោ ប៊ុណ្ណា ឱ្យដឹងទៀតថា តាំងពី​ឆ្នាំ ​១៩៩០ រហូតមកដល់​ពេលនេះ ខាង​វិទ្យាស្ថាន​បាន​បញ្ចេញ​ពូជស្រូវ​ប្រមាណ ​៤៦​ ពូជ​ហើយ ដោយ​ពូជស្រូវ​ដែល​កសិករ​ដាំ​ដុះ​រាល់ថ្ងៃនេះ គឺ​ចែក​ពូជស្រូវ​ទៅតាម​ក្សេត្រ​បរិស្ថាន​ខុសៗ​គ្នា ទៅតាម​តំបន់​ដែលមាន​ទឹក​តិច ឬទឹក​ច្រើន​។ នៅក្នុង​នោះ​ពូជ​ដែល​បានដាក់​នៅក្នុង​គោលនយោបាយ​សម្រាប់​ជំរុញ​ការនាំចេញ​អង្ករ​មាន​ចំនួន​ជាង ១០ ​ពូជ ដើម្បី​ចែក​ទៅតាម​ក្សេត្រ​បរិស្ថាន រួមមាន ពូជស្រូវ​ស្រាល​ចំនួន​៣​ពូជ ពូជស្រូវ​កណ្តាល​ចំនួន ​៦ ​ពូជ និង​ពូជ​ស្រូវធ្ងន់​ចំនួន​ ៤ ​ពូជ​។​


​ពូជ​ដែល​ពេញនិយម​ជាងគេ​មានពូជ​សែន​ក្រអូប​ ០១ និង​ពូជ​ផ្ការំដួល ដោយ​ពូជ​ទាំង​ ២ ​នេះ​មាន​ប្រជាប្រិយភាព ខ្លាំងណាស់ ដោយសារ​កេរ្តិ៍ឈ្មោះ​ល្បី​​ល្បាញ​ជាប់​ជា​អង្ករ​ល្អ​ដាច់​គេ​ ៥ ​ឆ្នាំ​មកហើយ​។ លោក​បន្តថា​៖ «​ថ្មីៗ​នេះ យើង​ទើបតែ​សម្ពោធ​ពូជស្រូវ​ថ្មី​មួយទៀត​ដែលមាន​ការសហការ​គាំទ្រ​ពី​អូស្ត្រាលី គឺ​ពូជស្រូវ​ចំប៉ីស ​៧០ ដោយ​ពូជស្រូវ​១​នេះ ពិតជា​មានគុណ​ប្រយោជន៍​ខ្លាំងណាស់​សម្រាប់​កសិករ និង​ពាណិជ្ជករ​»​។​

​លោក ឡោ ប៊ុណ្ណា បញ្ជាក់​បន្តថា ៖ «​វា​អាចជួយ​កសិករ​ក្នុងការ​កាត់បន្ថយ​ការចំណាយ និង​កម្លាំង​ក្នុងការ​ថែទាំ​ស្រែ​របស់​ពួកគេ ដោយសារតែ​វា​ជា​ប្រភេទ​ពូជស្រូវ​មិន​ប្រកាន់​រដូវ ពាណិជ្ជ​​ករ​អាច​ទិញស្រូវ​ចំប៉ីស​ ៧០ បាន​ពេញ ​១ ​ឆ្នាំ​តែម្តង​»​។​

​ជាមួយគ្នានេះដែរ លោក លន់ យ៉េ​ង អគ្គលេខាធិការ សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ក៏បាន​ប្រាប់ឱ្យដឹង​ដែរ​ថា ទាក់ទង​ពូជ​​ស្រូវ Kalanamak ដែល​ប្រទេស​នេ​ប៉ាល់​គ្រោង​នឹង​ប្រគល់ជូន​លោក​នា​​យក​រដ្ឋមន្ត្រី ហ៊ុន សែន នេះ គឺជា​ការល្អ ដែល​អាចឱ្យ​វិទ្យាស្ថាន CARDI យកទៅ​ធ្វើការ​សិក្សា​ស្រាវជ្រាវ​បន្ថែម​បាន ព្រោះ​លោក​យល់ថា ពូជ​ប្រភេទ​នេះ ប្រហែល​ធ្លាប់​មាននៅ​ស្រុក​ខ្មែរ​រាប់រយ​ពាន់​ឆ្នាំ​មកហើយ​ដែរ​។

លោក​ថា សព្វ​​ថ្ងៃកម្ពុជា​បាន​ប្រើប្រាស់​ពូជ​មួយចំនួន​សម្រាប់​ការផលិត​ចេញ​ជា​អង្ករ​សម្រាប់​នាំចេញ​រួមមាន​ដូចជា ពពួក​ស្រូវធ្ងន់ ដែលជា​អង្ករ​ល្អ​ប្រណីត​គឺ​ភាគច្រើន​ផ្ការំដួល និង​មួយចំនួន​ខ្លះទៀត​សុ​ម៉ាលី​។ ដោយឡែក​សម្រាប់​អង្ករ​ក្រអូប​ធម្មតា ភាគច្រើន​នាំចេញ​គឺ​សែន​ក្រអូប និង​​ប្រភេទ​ស្រូវ​ធម្មតា រួមមាន ស្រូវ អូ​អឹម ​(OM) ៥៤,​ អូ​អឹម ​(OM) ៥១,​ អូ​អឹម ​(OM) ៥០៤, អ៊ី​អ៊ែរ ​(IR) ៨៥ ជាដើម​។​

​សូមជម្រាបថា យោងតាម​ការចេញផ្សាយ ដោយសារ​ព័ត៌មាន myRepublica (​ម៉ា​យ រី​ពូ​ប្លីកា​) របស់​ប្រទេស​នេ​ប៉ាល់ កាលពី​ថ្ងៃទី​​ ២៩ មេសា បានឱ្យដឹងថា ពូជស្រូវ​កាឡា​ណា​ម៉ាក់ ដែល​គេ​ជឿថា បាន​ដាំ​តាំងពី​សម័យ​ពុទ្ធកាល​មក​នោះ នឹងត្រូវ​ដឹក​ពី​ខេត្ត​លុម្ពិនី (Lumbini) ប្រទេស​នេ​ប៉ាល់ មកកាន់​ប្រទេស​កម្ពុជា ធ្វើជា​អំណោយ​។​

​សារព័ត៌មាន​ដដែល​បាន​បន្តថា ក្នុងឱកាស​នៃ​ពិធីបុណ្យ​ពិសាខបូជា លើក​​ទី​ ២ ៥៦៧ អនុប្រធាន​មូលនិធិ​អ​​ភិ​វឌ្ឍន៍ Lumbini ភិក្ខុ Metteyya (Bhikshu Metteyya) នឹង​ប្រគល់​ពូជស្រូវ កាឡា​ណា​ម៉ាក់​ជូន​លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃទី​២ ខែឧសភា ឆ្នាំ​ ២០២៣​។ យោងទៅតាម​រឿងព្រេង​ត្រូវបាន​គេ​និទាន​ថា ព្រះពុទ្ធ​ព្រះអង្គ​ទ្រង់​សព្វព្រះរាជហឫទ័យ សោយ អង្ករ​កាឡា​ណា​ម៉ាក់​នេះ នៅពេលដែល​ព្រះអង្គ​ទ្រង់​នៅលើ​ផែនដី​។

​ព្រះ​សម្មា​សម្ពុទ្ធ​ទ្រង់​ប្រោស​ប្រទាន​ពរ​ដល់​កសិករ ដែល​បាន​គោរព​បម្រើ​ព្រះអង្គ​ក្នុង​ដំណើរ​មួយ​របស់​ព្រះអង្គ បន្ទាប់ពី​ព្រះអង្គ​ទ្រង់​បាន​ត្រាស់ដឹង​។ ព័ត៌មាន my Republica (​ម៉ា​យ រី​ពូ​ប្លីកា​)​បញ្ជាក់ថា​៖ «​ពូជស្រូវ​កាឡា​ណា​ម៉ាក់​របស់​ប្រទេស​នេ​ប៉ាល់ ដែល​គេ​ជឿថា ត្រូវបាន​ដាំ​ដុះ​តាំង ពី​សម័យ​ពុទ្ធកាល​មក​នោះ​នឹង​ត្រូវបាន​ជូន​ជា​អំណោយ​មកកាន់​ប្រទេស​កម្ពុជា តាម​ការស្នើសុំ​ពី​សំណាក់​លោក ហ៊ុន​​សែន ដើម្បី​អភិរក្ស​ពូជស្រូវ​នេះ ដោយ​​សារ​ពូជស្រូវ​នេះ​មាន​សារៈសំខាន់​ទាក់​ ទង​នឹង​សម័យ​ពុទ្ធកាល​»​។​

​ពូជស្រូវ កាឡា​ណា​ម៉ាក់​នេះ គឺ​ត្រូវ បាន​គេ​ដាំ​នៅ​តំបន់​ជនបទ នៃ​ក្រុង​កា​ ពី​ឡា​វ៉ា​សទូ (Kapilavastu) និង​ក្រុងលុម្ពិនី នៃ​ប្រទេស​នេ​ប៉ាល់ អស់​រយៈ​ពេល​ជាង ៥ ០០០​ ឆ្នាំ​មកហើយ ដែលជា​ប្រភេទ​អង្ករ​បុរាណ និង​ពិសិដ្ឋ​។ អង្ករ​នេះ​គឺមាន​ទំនាក់ទំនង​យ៉ាង​ស៊ីជម្រៅ ជាមួយនឹង​ព្រះពុទ្ធសាសនា ហើយ​ត្រូវបាន​ចាត់ទុកថា ជា​អាហារ​ដ៏​ពិសិដ្ឋ​នៅ ក្នុង​សហគមន៍​ពុទ្ធសាសនា​ជាច្រើន​។ អង្ករ​កាឡា​ណា​ម៉ាក់​នេះ​ត្រូវបាន​គេ​ប្រើ​នៅក្នុង​ពិធីបុណ្យ​បូជា​ចំពោះ​ព្រះពុទ្ធ​ សាសនា ហើយ​ជាទូទៅ​ត្រូវបាន​ប្រ​គេ​ន​ជូន​ព្រះសង្ឃ​ជាការ​គោរព និង​ដឹងគុណ​៕​