ភ្នំពេញៈ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបង្ហាញសុទិដ្ឋិនិយមថា ការធ្វើជាម្ចាស់ផ្ទះ ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និង អាស៊ានប៉ារ៉ាហ្គេមលើកទី១២ របស់កម្ពុជា ពិតជាអាចផ្សព្វផ្សាយ និងជំរុញកំណើនភ្ញៀវទេសចរបរទេសឱ្យមកកម្សាន្តនៅកម្ពុជា ដោយរំពឹងថា នឹងទទួលបានភ្ញៀវទេសចរបរទេសចំនួន ៥០ ម៉ឺននាក់ និងទាក់ទាញភ្ញៀវទេសចរបរទេសសរុបបានជាង ៤ លាននាក់នៅឆ្នាំនេះ បន្ទាប់ពីទទួលបានប្រមាណ ១ លាន ២ សែននាក់នៅត្រីមាសទី១ ឆ្នាំ ២០២៣ នេះ។
លោករដ្ឋមន្រ្តីបានថ្លែងបែបនេះ នៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពីព្រឹត្តិការណ៍កីឡាស៊ីហ្គេម កាលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣កន្លងទៅនេះ។
ក្នុងនាមជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម(CAMSOC) លោក ថោង ខុន បានបន្តថា អ្វីដែលជាការរំពឹង និងជាក្ដីសង្ឃឹមរបស់កម្ពុជា នឹងទទួលបានភ្ញៀវទេសចរច្រើនដូចកាលមុនពេលកូវីដ១៩ ដោយ ឥទ្ធិពលនៃការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៣ និងព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងកីឡាប៉ារ៉ាហ្គេម នឹងរួមចំណែកទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ រហូតដល់ឆ្នាំ២០២៤ -២០២៥ និងឆ្នាំ២០២៦ ជាបន្តបន្ទាប់ទៀត។
លោក ថោង ខុន មានប្រសាសន៍ថា ៖ «យើងបានចាត់ទុកព្រឹត្តិការណ៍ស៊ីហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ គឺជាសមិទ្ធផលទេសចរណ៍ដ៏សំខាន់ក្នុងការផ្សព្វផ្សាយ និងស្រូបទាញភ្ញៀវទេសចរបរទេសឱ្យចាប់អារម្មណ៍ និងមកកម្សាន្តនៅកម្ពុជា។ តាមរយៈព្រឹត្តិការណ៍នេះកម្ពុជានឹងអាចស្រូបទាញភ្ញៀវទេសចរបរទេសបានចំនួន៥០ម៉ឺននាក់ និងរំពឹងជួយជំរុញភ្ញៀវទេសចរបរទេសឱ្យមកម្សាន្តនៅកម្ពុជាលើស៤លាននាក់នៅដំណាច់ឆ្នាំ២០២៣ នេះ»។
តាមរយៈកំណើនភ្ញៀវទេសចរបរទេសនៅត្រីមាសទី១ បានជំរុញឱ្យលោករដ្ឋមន្រ្តីវាយតម្លៃថា វិស័យទេសចរណ៍កម្ពុជានឹងអាចវិលមករកប្រក្រតីភាពឡើងវិញ ដូចពេលមិនទាន់មានការឆ្លងរាតត្បាតនៃជំងឺកូវីដ១៩ នៅត្រឹមឆ្នាំ២០២៥ ខាងមុខ។
លោកថា ការហ៊ានវាយតម្លៃបែបនេះ ធ្វើឡើងក្រោយការឆ្លងរាតត្បាតនៃជំងឺកូវីដ១៩ នៅកម្ពុជា និងលើសកលលោកមានភាពធូរស្បើយ គួបផ្សំនឹងការបើកសកម្មភាពសង្គម និងសេដ្ឋកិច្ចលើគ្រប់វិស័យរបស់បណ្តាប្រទេសមានសេដ្ឋកិច្ចធំៗ ជាពិសេសប្រទេសចិន ដែលជាទីផ្សារទេសចរណ៍ដ៏ធំរបស់កម្ពុជា។
ដោយឡែកការចំណាយលើការរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ លោក ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានគូសបញ្ជាក់ថា កម្ពុជាបានត្រៀមកញ្ចប់ថវិកាជិត១២០លានដុល្លារ ដើម្បីចំណាយលើការធ្វើម្ចាស់ផ្ទះ រៀបចំព្រឹត្តិការណ៍កីឡាជាប្រវត្តិសាស្ត្រមួយនេះ ហើយថវិកាដែលគ្រោងចំណាយលើការរៀបចំព្រឹត្តិការណ៍កីឡាទាំងនេះ គឺជាថវិកាសន្សំរបស់រាជរដ្ឋាភិបាល ដែលបានសន្សំអស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះ។
ការសម្រេចទទួលធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាស៊ីហ្គេម វាជាប្រវត្តិសាស្ត្រមួយ សម្រាប់កម្ពុជាក្រោយរង់ចាំអស់រយៈពេល៦៤ឆ្នាំ ប៉ុន្ដែ អ្វីដែលពិភពលោក កំពុងចោលក្រសែភ្នែកមកលើកម្ពុជា គឺលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចទទួលខុសត្រូវលើការចំណាយលើថ្លៃហូបចុក និងស្នាក់នៅទាំងស្រុង របស់ប្រតិភូកីឡាទាំងអស់ ដែលមកចូលរួមព្រឹត្តិ្កការណ៍នេះ ដែលពុំធ្លាប់មានប្រទេសណាធ្វើដូចនេះពីមុនមកនោះទេ។
ការសម្រេចរបស់ប្រមុខរាជរដ្ឋាភិបាលបែបនេះ លោក ធួន ស៊ីណាន ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន IMCT ខូអិលធីឌី និងជាប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា (PATACC) បានសាទរ និងយល់ឃើញថា វាជាវិធីសាស្រ្តដ៏ល្អបំផុត ក្នុងការផ្សព្វផ្សាយពីកម្ពុជាទៅពិភពលោក ថា កម្ពុជា ជានរណា។
លោកបានបានថ្លែងកាលពីថ្ងៃទី៣ ខែឧសភា ថា ៖ «ស៊ីហ្គេមវាពិតជារួមចំណែកធំខ្លាំងណាស់ ក្នុងការផ្សព្វផ្សាយកិត្យានុភាពរបស់កម្ពុជា ទៅកាន់ទីផ្សារពិភពលោក បើសិនជាព្រឹត្តិការណ៍នេះប្រព្រឹត្តទៅដោយរលូន និងទទួលបានភាពជោគជ័យ។ អ្វីដែលសំខាន់ កម្ពុជាបានធ្វើកិច្ចការដ៏អស្ចារ្យមួយ បន្ទាប់ពីរង់ចាំអស់រយៈពេល៦៤ឆ្នាំ។ យើងបានបំបែកឯកទគ្គកម្ម ដោយស៊ីហ្គេមលើកនេះ ខុសពីស៊ីហ្គេម ដែលធ្លាប់ធ្វើនៅប្រទេសមុនៗ ខណៈដែលសារព័ត៌មានអន្តរជាតិធំៗ បានផ្សព្វផ្សាយយ៉ាងទូលំទូលាយពីកម្ពុជា នៅអំឡុងពេលនេះ»។
បើតាមការគូសបញ្ជាក់ពីគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម សម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ មានប្រតិភូកីឡាអន្តរជាតិសរុបប្រមាណជាង ១ម៉ឺន២ពាន់នាក់ចូលរួម ខណៈមកទល់ពេលនេះ មានប្រតិភូកីឡាមួយចំនួនបានមកដល់កម្ពុជាហើយ។
ព្រឹត្តិការណ៍ដែលធ្វើឡើងរៀងរាល់២ឆ្នាំម្តងនេះ កម្ពុជាបានដាក់កីឡាចំនួន៣៧ប្រភេទ និងជាង៥០០វិញ្ញាសាឱ្យចូលរួមប្រកួតប្រជែង ហើយមកទល់ពេលនេះ មានកីឡាមួយចំនួន ដូចជាបាល់ទាត់ និងអុកចត្រង្គ បានចាប់ផ្តើមប្រកួតជម្រុះតាមពូលបណ្តើរៗហើយ ខណៈដែលព្រឹត្តិការណ៍នេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣៕