ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​ លោក ប៉ាន សូរ​ស័ក្តិ ជំ​រុញឱ្យ​វិនិយោគិន​កូរ៉េ​ មក​បណ្តាក់ទុន​នៅ​កម្ពុជា​ នៅលើ​វិស័យ​នានា​ ដើម្បី​ទាញយក​អត្ថប្រយោជន៍​នៃ​ការអនុវត្ត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​ប្រទេស​ទាំង​២​ ដែល​បាន​ធ្វើឡើង​តាំងពី​ចុងឆ្នាំ​២០២២ ​កន្លងមក​។​

​ការលើកឡើង​របស់លោក ប៉ាន សូរ​ស័ក្តិ ក្នុងជំនួប​ទ្វេភាគី​ជាមួយ​លោក PARK JUNG-WOOK ឯកអគ្គរដ្ឋទូត​កូរ៉េខាងត្បូង ប្រចាំ​នៅ​កម្ពុជា ដែល​ទើប​តែងតាំង​ថ្មី នា​ថ្ងៃទី​៣ ខែឧសភា ឆ្នាំ​២០២៣ ដោយបាន​ធ្វើការ​ពិភាក្សា​លើ​ការពង្រឹង​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​លើ​វិស័យ​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​បន្ទាប់ពី​កិច្ចប្រជុំ​។​


​លោក​បាន​គូសបញ្ជាក់ថា ប្រទេស​កូរ៉េ​បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ចូលរួមចំណែក​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ចកម្ពុជា​តាមរយៈ​ការជំរុញ​នៃ​ការដោះដូរ​ពាណិជ្ជកម្មរ​វាង​ប្រទេស​ទាំងពីរ​។ លោក​ថា ជាមួយនឹង​សមិទ្ធផល​នេះ​មានការ​រួមចំណែក​យ៉ាងសំខាន់​ពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​កូរ៉េ ដែល​បាន​ចូល​ជា​ធរមាន​កាលពី​ថ្ងៃទី​១ ខែធ្នូ ឆ្នាំ​២០២២ កន្លងទៅនេះ។

​លោក​បាន​ថ្លែងថា​៖«​ក្នុងន័យនេះ ភាគី​ទាំង​២ ​គួរ​ចាប់ផ្តើម​ពិភាក្សា និង​ត្រៀម​រៀបចំ​ការចរចា​លើ​សេវាកម្ម និង​វិនិយោគ ដើម្បី​ជំរុញ និង​លើកកម្ពស់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ទ្វេភាគី​បន្ថែមទៀត ហើយ​ភាគី​ទាំង​២​ត្រូវ​សហការគ្នា​ក្នុង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នានា​ ដែល​ភាគី​ទាំង​២​ ជា​សមាជិក​មានដូចជា អា​សិប អាស៊ាន​-​កូរ៉េ ដើម្បី​ទាញយក​ប្រយោជន៍ និង​បំពេញបន្ថែម​ឱ្យ​គ្នា​ផងដែរ»។


​លោក PARK JUNG-WOOK ក៏បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ទំនាក់ទំនង​ដ៏​ល្អប្រសើរ​រវាង​ប្រទេស​ទាំង​២ ជាពិសេស​លើ​វិស័យសេដ្ឋកិច្ច​-​ពាណិជ្ជកម្ម​។ លោក​ក៏បាន​គាំទ្រ​នូវ​អនុសាសន៍​របស់លោករ​ដ្ឋ​មន្ត្រី ក្នុង​ការទាញយក​ប្រយោជន៍​​ពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី និង​កិច្ចព្រមព្រៀង​នានា ដែល​ភាគី​ទាំង​២​ជា​សមាជិក តាមរយៈ​ការផ្សព្វផ្សាយ សិក្ខាសាលា ការកសាង​សមត្ថភាព​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​នានា​ជាដើម​។

​លោក​នឹង​ប្តេជ្ញា​បង្កើន​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី ក៏ដូចជា​ការ​កៀរគរ​រក​វិនិយោគិន​កូរ៉េ និង​បរទេស​មក​វិនិយោគ​នៅ​កម្ពុជា​ឱ្យ​កាន់តែច្រើន​បន្ថែមទៀត​។​

​លោក​រដ្ឋមន្ត្រី ប៉ាន សូរ​ស័ក្តិ ក៏បាន​សម្តែង​ការគាំទ្រ​ដល់​ការរៀបចំ​វេទិកា​ធុរកិច្ច​កម្ពុជា​-​កូរ៉េ​ឆ្នាំ​២០២៣ ដែល​គ្រោង​នឹង​រៀបចំឡើង​នៅ​ថ្ងៃទី​១៩ ខែឧសភា ឆ្នាំ​២០២៣ នៅ​រាជធានី​ភ្នំពេញ និង​លើកទឹកចិត្ ត​ឱ្យ​បន្ត​សហការ​រៀប​ចំ​វេទិកា​ធុរកិច្ច​នេះ ឱ្យបាន​ច្រើន​បន្ថែមទៀត ដើម្បី​ផ្សព្វផ្សាយ និង​ទាក់ទាញ​វិនិយោគិន​ពី​កូរ៉េ និង​បរទេស​ឱ្យមក​បណ្តាក់ទុន​វិនិយោគ​នៅ​កម្ពុជា​។​

​លោក សុខ ចិន្តា​សោភា បាន​លើកឡើងថា កាលពី​ចុងឆ្នាំ​២០២២ កន្លងទៅ រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​២​ បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ឥណទាន​សម្បទាន​ សម្រាប់​គម្រោង​សាងសង់​ស្ពាន​មិត្តភាព​កម្ពុជា​-​សាធារណរដ្ឋ​កូរ៉េ​រាជធានី​ភ្នំពេញ និង​ក្រុង​អរិយ​ក្សត្រ ក្នុង​ទឹកប្រាក់​ប្រមាណ​ ២៤៦​ លាន​ដុល្លារ ដែល​នឹង​ជួយ​ពង្រឹង​ផ្នែក​ដឹកជញ្ជូន និង​ឡូ​ជី​ស្ទិ​កនៅ​កម្ពុជា​ឱ្យ​កាន់តែ​ប្រសើរ។

​លោក​ថា​៖«​វិនិយោគិន​កូរ៉េ​ គួរ​ធ្វើការ​បណ្តាក់ទុន​នៅ​កម្ពុជា​ដោយ​ចាប់យក​នូវ​ឧត្តមភាព​ ដែល​កម្ពុជា​ទទួលបាន​ពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នានា ជាពិសេស​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​កម្ពុជា​-​កូរ៉េ ដែល​បាន​ចូល​ជា​ធរមាន​កាលពី​ថ្ងៃទី​១ ខែធ្នូ ឆ្នាំ​២០២២»​។​

​លោក​បាន​លើកទឹកចិត្ត​ ជាពិសេស​ដ​ល់​វិនិយោគិន​កូរ៉េ​ ក្នុង​វិស័យ​យានយន្ត និង​អេឡិចត្រូនិក ពិចារណា​ធ្វើការ​វិនិយោគ​នៅ​កម្ពុជា ​ជា​ផ្នែក​មួយ​នៃ​ខ្សែចង្វាក់​ផ្គត់ផ្គង់​តំបន់ ដោយសារ​វិនិយោគិន​កូរ៉េ​ មាន​ឧត្តមភាព​ក្នុង​វិស័យ​នេះ ហើយ​រាជរដ្ឋាភិបាល​កម្ពុជា​ទើប​អនុម័ត​ផែនទី​បង្ហាញផ្លូវ​ការអភិវឌ្ឍ​វិស័យ​យានយន្ត និង​អេឡិចត្រូនិក​កម្ពុជា កាលពី​ថ្ងៃទី​៩ ខែធ្នូ​ឆ្នាំ​២០២២​កន្លងទៅនេះ​។​

​ក្រសួងពាណិជ្ជកម្ម​រំពឹង​ថា កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​កម្ពុជា និង​កូរ៉េ នឹង​ជំរុញ​ការនាំចេញ​របស់​កម្ពុជា ទៅកាន់​កូរ៉េ​ បន្ថែមទៀត ដូចជា ផលិតផល​សម្លៀកបំពាក់ និង​វាយ​ន​ភណ្ឌ ស្បែកជើង កាបូប គ្រឿងបន្លាស់ ឧបករណ៍​អេឡិចត្រូនិក កៅស៊ូ និង​ផលិតផល​កសិកម្ម​ជាដើម​។​

​យោងតាម​ទិន្នន័យ​ពី​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ការផ្លាស់ប្តូរ​ពាណិជ្ជក​ម្ម​រវាង​កម្ពុជា និង​សាធារណរដ្ឋ​កូរ៉េខាងត្បូង ក្នុង​ឆ្នាំ​២០២២ សម្រេចបាន​ក្នុង​ទំហំ​ទឹកប្រាក់ ៧៧៨,៩ លាន​ដុល្លារ​កើនឡើង ០,៦ ​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ ក្នុង​ឆ្នាំ​២០២១​។ ក្នុងនោះ​ការនាំ​ចេញពី​កម្ពុ​ជាមាន​ទំហំ​ទឹកប្រាក់​ជាង ​២៣៣,៦ ​លាន​ដុល្លារ កើនឡើង ​២០ ​ភាគរយ ខណៈ​ការ​នាំចូល​មកវិញ​មាន​ទឹកប្រាក់​ជាង ​៥៤៥,២​លាន ​ដុល្លារ ថយចុះ ៦ ភាគ​រយ​៕