ភ្នំពេញៈ លោក Masatsugu Asakawa ប្រធាន​ធនាគារអភិវឌ្ឍន៍អាស៊ី ​(ADB) បាន​អំពាវនាវ​ឱ្យ​មេដឹកនាំ​ក្នុង​តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក រួមគ្នា​ប្រយុទ្ធ​ប្រឆាំងនឹង​ការប្រែប្រួល​អាកាសធាតុ ខណៈ​វា​នឹង​ធ្វើឱ្យប៉ះពាល់​យ៉ាងខ្លាំង​ចំពោះ​ផលិតផល​ក្នុងស្រុក​សរុប (GDP)​ របស់​តំបន់​នា​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ខាងមុខ​ប្រសិនបើ​មិនមាន​វិធានការ​ឱ្យបាន​ត្រឹមត្រូវ​។​

​ថ្លែង​នៅក្នុង​កិច្ចប្រជុំ​ប្រចាំឆ្នាំ​លើក​ទី​៥៦ កាលពី​ថ្ងៃទី​ ២ ខែឧសភា ឆ្នាំ​ ២០២៣ នៅ​ទីក្រុង​ Incheon នៃ​សាធារណរដ្ឋ​កូរ៉េ លោក Masatsugu Asakawa បានឱ្យដឹងថា នៅក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ សង្គ្រាម ជំងឺ និង​វិបត្តិ​សេដ្ឋកិច្ច បានធ្វើឱ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សុខុមាលភាព​មនុស្ស​។ ប៉ុន្តែ​បញ្ហា​ប្រឈម​គួរឱ្យ​ព្រួយបារម្ភ​បំផុត​ដែល​កំពុង​ប្រឈមមុខ​នៅក្នុង​តំបន់ គឺ​ឥទ្ធិពល​កាន់តែ​អាក្រក់​នៃ​ការប្រែប្រួល​អាកាសធាតុ​។ ការណ៍​នេះ​គំរាម​ដល់​អស្ថិរភាព​នៃ​ប្រភេទ​សត្វ​រាប់មិនអស់ រួមទាំង​ជីវិត​របស់​មនុស្ស​ផងដែរ​។​


​លោក​បានចង្អុលបង្ហាញ​ថា ចាប់តាំងពី​ឆ្នាំ ​២០០០ មក​ជាង​ ៤០ ភាគរយ​នៃ​គ្រោះមហន្តរាយ​ដែល​ជាប់ទាក់ទង​នឹង​អាកាសធាតុ ដែល​កើតឡើង​នៅ​អាស៊ី និង​ប៉ាស៊ីហ្វិក​។ មនុស្ស​ជាង ៣,៥​ ពាន់​លាន​នាក់​បាន​រង​ផលប៉ះពាល់​ក្នុងនោះ​ជិត​ ១ ​លាន​នាក់​បាន​ស្លាប់​។ នៅត្រឹម​ឆ្នាំ ២០៥០ ប្រជាជន ១​​ ពាន់​លាន​នាក់​ផ្សេងទៀត​ដែល​រស់ក្នុង​ទីក្រុង​នៅក្នុង​តំបន់ នឹង​ទទួលរង​ពី​ការបំពុល​បរិយាកាស​ដ៏​គ្រោះថ្នាក់ និង​សម្ពាធ​តានតឹង​ដោយសារ​កម្តៅ​។​

​លោក Masatsugu Asakawa បាន​បញ្ជាក់ថា បណ្ដា​ប្រទេស​សមាជិក​កំពុងអភិវឌ្ឍន៍​របស់​ធនាគារអភិវឌ្ឍន៍អាស៊ី បាន​ជួបប្រទះ​ការខាតបង់​រូបវន្ត​រាប់ពាន់​លាន​ដុល្លារ ដោយសារ​ព្រឹត្តិការណ៍​ដែល​ជាប់ទាក់ទង​នឹង​អាកាសធាតុ​។ គ្រាន់តែ​ក្នុង​ឆ្នាំ​ ២០២០ តែមួយ តំបន់​នេះ​បាន​ប្រឈម​នឹង​ការខាតបង់​ចំនួន ៦៧ ​ពាន់​លាន​ដុល្លារ​ដោយសារតែ​គ្រោះមហន្តរាយ​។​


​លោក​ថ្លែងថា​៖ «​ប្រសិនបើ​យើង​មិន​ចាត់វិធានការ ការកើនឡើង​នៃ​ការខាតបង់​ប្រចាំឆ្នាំ​នឹង​លើសពី​កំណើន GDP ​របស់​តំបន់​។ នេះ​ជា​មូលហេតុ​ដែល ADB ចាត់វិធានការ​ទប់ទល់​នឹង​អាកាសធាតុ​យ៉ាង​ម៉ឺងម៉ាត់​។ យើង​មានបំណង​ផ្តល់​ហិរញ្ញប្បទាន​អាកាសធាតុ​ចំនួន​ ១០០ ​ពាន់​លាន​ដុល្លារ​ដល់​ប្រទេស​សមាជិក​កំពុងអភិវឌ្ឍន៍​របស់​យើង​នៅ​ចន្លោះ​ឆ្នាំ​ ២០១៩ ដល់​ឆ្នាំ ​២០៣០​។ យើង​នឹង​គាំទ្រ​ដល់​ប្រតិបត្តិការ​របស់​យើង​ទាំងអស់​ជាមួយ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ត្រឹម​ឆ្នាំ​ ២០២៥​។ យើង​នឹង​ពង្រីក​ការវិនិយោគ​លើ​ជម្រើស​ថាមពល​កកើត​ឡើងវិញ ហើយ​យើង​នឹងមិន​វិនិយោគ​លើ​ធ្យូងថ្ម​ទេ​»​។​

​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃទី​ ៣០ ខែមីនា បាន​ថ្លែង​នៅក្នុង​ពិធី​ចែក​សញ្ញាបត្រ​នៅ​រាជធានី​ភ្នំពេញ​ថា ការប្រែប្រួល​អាកាសធាតុ​គឺជា​ការ​គំរាម​ដ៏​អាក្រក់​បំផុត​របស់​មនុស្ស​ជាតិ​ដែល​កំពុង​ជួបប្រទះ​ក្នុង​ពេលនេះ​។ លោក​ព្យាករ​ថា ផ្ទុយ​ពី​ជំនឿ​ដ៏​ពេញនិយម ជម្លោះ​រវាង​រុស្ស៊ី​អ៊ុយ​ក្រែ​ន ដែល​កំពុង​បន្ត​នឹង​បញ្ចប់​ដោយ​ការសម្របសម្រួល​។​

​លោក​លើកឡើងថា​៖ «​សង្គ្រាម​រុស្ស៊ី​អ៊ុយ​ក្រែ​ន មិនមែន​ជាការ​គំរាម​អាក្រក់​បំផុត​ដែល​យើង​កំពុង​ប្រឈមមុខ​នោះទេ​។ ច្បាស់​ណាស់​ថា វា​នឹង​បញ្ចប់​តាមរយៈ​ការចរចា​នៅ​ចំណុច​ជាក់លាក់​មួយ​ប្រសិនបើ​ភាគី​ទាំង​២​មិនមាន​កម្លាំង​ដើម្បី​ដណ្ដើម​ជ័យជម្នះ​យោធា​។ គ្រោះថ្នាក់​ដែល​នឹង​អូស​បន្លាយពេល​យូរ​បំផុត​ដែល​យើង​កំពុង​ប្រឈម​គឺ​នៅតែ​ជាការ​ប្រែប្រួល​អាកាសធាតុ​»​។​

​លោក នេត្រ ភក្ត្រា អ្នកនាំពាក្យ​ក្រសួងបរិស្ថាន បាន​យល់ស្រប​ថា ការប្រែប្រួល​អាកាសធាតុ គឺជា​បញ្ហា​ប្រឈម​ជា​សកល​ដែល​បាន​បង្កបញ្ហា​ជាច្រើន រួមទាំង​ទឹកជំនន់ និង​គ្រោះរាំងស្ងួត ដែលនាំឱ្យ​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ​របស់​ម​នុស្ស​រាប់លាន​នាក់​។​

​លោក​ថ្លែងថា​៖ «​កម្ពុជា​ជា​ប្រទេស​តូច ប៉ុន្តែ​យើង​មាន​សកម្មភាព​យ៉ាងខ្លាំង​ក្នុងការ​រួមចំណែក​ចំពោះ​ការប្រយុទ្ធ​ប្រឆាំងនឹង​ការប្រែប្រួល​អាកាសធាតុ​។ យើង​ត្រូវបានគេទទួលស្គាល់​ជា​សកល​សម្រាប់​ការប្តេជ្ញាចិត្ត​របស់​យើង​ក្នុងការ​អនុវត្ត​គោលនយោបាយ និង​ផែនការ​សកម្មភាព ដែល​នឹង​ទប់ស្កាត់ និង​កាត់បន្ថយ​ផលប៉ះពាល់​នៃ​ការប្រែប្រួល​អាកាសធាតុ​»​។​

​លោក​បាន​ពន្យល់ថា ប្រទេស​កម្ពុជា បានដាក់​ចេញ​នូវ​ផែនការអភិវឌ្ឍន៍​រយៈ​ពេល​វែង ដើម្បី​សម្រេចបាន​នូវ​កាបូន​សូន្យ​ត្រឹម​ឆ្នាំ​ ២០៥០​។​

​លោក​បាន​បញ្ជាក់ថា​៖ «​ទន្ទឹមនឹងនេះ រដ្ឋាភិបាល​កម្ពុជា​ក៏បាន​វិនិយោគ​យ៉ាងច្រើន​ទៅលើ​ការ​បន្សាំ​នឹង​ការប្រែប្រួល​អាកាសធាតុ ដើម្បី​កាត់បន្ថយ​ផលប៉ះពាល់​របស់ខ្លួន​ទៅលើ GDP [​ផលិតផល​ក្នុងស្រុក​សរុប​]»​។​

​កាលពី​ថ្ងៃទី​ ២ ខែឧសភា ធនាគារ​ ADB បានប្រកាស​កម្មវិធី​ហិរញ្ញវត្ថុ​ច្នៃប្រឌិត​សម្រាប់​អាកាសធាតុ​នៅ​អាស៊ី​និង​ប៉ាស៊ីហ្វិក (IFCAP) ដែលជា​កម្មវិធី​ដ៏​សំខាន់​មួយ​អាច​បង្កើន​ការគាំទ្រ​យ៉ាង​ទូលំទូលាយ​សម្រាប់​តំបន់​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ការប្រែប្រួល​អាកាសធាតុ​៕