​ភ្នំពេញៈ អូស្ត្រាលី​កំពុងធ្វើការ​ជាមួយ​កម្ពុជា ដើម្បី​បង្កើត​សួន​កសិឧស្សាហកម្ម (AIP) ដើម្បី​កែច្នៃ​ផលិតផល​កសិកម្ម​ដំបូង​គេ​នៅ​កម្ពុជា ដែលជា​ការបង្កើន​ការប្រកួតប្រជែង​កែច្នៃ និង​បន្ថែម​តម្លៃ​ដល់​ដំណាំ​សំខាន់ៗ​ដូចជា ស្វាយចន្ទី ដំឡូង​មី អង្ករ ស្វាយ ចេក និង​បន្លែ សម្រាប់​ទីផ្សារ​ទាំង​ក្នុងស្រុក និង​នាំចេញ​។​

​យោងតាម​ការចេញផ្សាយ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ករ​បស់ស្ថានទូត​អូស្ត្រាលី ប្រចាំ​កម្ពុជា​នៅ​ថ្ងៃទី ​២ ឧសភា ឆ្នាំ​ ២០២៣ ឱ្យដឹងថា កសិផល​កម្ពុជា​ ៩៥% ត្រូវបាន​លក់​ទៅតាម​បណ្តា​ប្រទេសជិតខាង​ក្នុង​អាស៊ាន ជា​កសិផល​ដើម​មិនទាន់​កែច្នៃ​។ ប្រទេស​ទាំងនោះ​បន្ទាប់ពី​ទិញ​កសិផល​យកទៅ បាន​កែច្នៃ​វា​ទៅជា​ផលិតផល មានតម្លៃ​ជាង​កសិផល​ដើម ដូចជា​ធ្វើ​ទៅជា តំណាប់​និង​ទឹក​ផ្លែឈើ នំ​ស្រួយ អាហារ​ទារក ម្សៅ និង​ជីវ​ឥន្ធនៈ​ជាដើម​។​


​ស្ថានទូត​អូស្ត្រាលី​បាន​បន្តថា ដើម្បី​បង្កើន​ការប្រកួតប្រជែង​កែច្នៃ និង​បន្ថែម​តម្លៃ​ដល់​ដំណាំ​សំខាន់ៗ​របស់​កម្ពុជា ដូចជា ស្វាយចន្ទី ដំឡូង​មី អង្ករ ស្វាយ ចេក និង​បន្លែ សម្រាប់​ទីផ្សារ​ទាំង​ក្នុងស្រុក និង​នាំចេញ​កម្ពុជា​ចាំបាច់​ត្រូវ​វិនិយោគ​លើ​កន្លែង​កែច្នៃ​កសិផល​របស់ខ្លួន​។ នោះ​ហើយ​ជា​មូលហេតុ ដែល​អូស្ត្រាលី​កំពុងធ្វើការ​ជាមួយ​កម្ពុជា ដើម្បី​បង្កើត​សួន​កសិឧស្សាហកម្ម (AIP) ដំបូង​គេ​។​

​ស្ថានទូត​អូស្ត្រាលី​ថា​៖ «​សួន​កសិឧស្សាហកម្ម​នេះ នឹង​ផ្តល់នូវ​កន្លែង​កែច្នៃ​ក​សិ​អាហារ ការស្រាវជ្រាវ និង​អភិវឌ្ឍន៍ ការកសាង​សមត្ថភាព​ព្រមទាំង​កន្លែងធ្វើការ និង​បរិស្ថាន​ប្រកបដោយ​សុវត្ថិភាព និង​បរិ​យា​ប័ន្ន ជាពិសេស​សម្រាប់​បុគ្គលិក​ជា​ស្ត្រី និង​បុគ្គលិក​ដែល​ខ្វះខាត​។ សួន​កសិឧស្សាហកម្ម មាន​សក្តានុពល​ជាខ្លាំង​សម្រាប់​កម្ពុជា​»​។


​ជុំវិញ​គម្រោង​កែច្នៃ​ផលិតផល​កសិកម្ម​កម្ពុ​ជា​នេះដែរ លោក យ៉ង សាំង​កុមារ រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ថ្លែងថា ជា​គម្រោង​ ១ ​ដ៏​ល្អ​សម្រាប់​កម្ពុជា​ព្រោះថា ការដែល​មាន​ឧស្សាហកម្ម​កែច្នៃ​កាន់តែច្រើន​វា​នឹង​ជួយ​បន្ថែម​ដល់​វិស័យ​ឧស្សាហកម្ម ជាពិសេស​ការកែច្នៃ​លើ​ផលិតផល​កសិកម្ម​កម្ពុ​ជា ដែល​កំពុងមាន​សក្តានុពល​ដូចជា ស្វាយចន្ទី ដំឡូង​មី ស្វាយ ចេក ជាដើម​។

​លោក​បាន​ប្រាប់ឱ្យដឹង​នៅ​ថ្ងៃទី​ ៣ ​ខែឧសភា ថា​៖ «​ឥឡូវ​អ្វីដែល​យើង​មានការ​រីកចម្រើន​ច្រើន​នោះ​គឺ​ការកែច្នៃ​ស្រូវ​អង្ករ យើង​មាន​រោង​ម៉ាស៊ីន​ច្រើន​គួរសម​ប៉ុន្តែ​អ្វីដែល​យើង​ខ្វះ​នោះ គឺ​ការកែច្នៃ​ស្វាយចន្ទី ដែល​ត្រូវការ​ឱ្យមាន​កាន់តែច្រើន ដើម្បី​ពង្រីក​វិសាលភាព​នៃ​ការកែច្នៃ​នេះ ហើយ​បើសិនជា​បង្កើតឱ្យមាន​ឧស្សាហកម្ម​កែច្នៃ យើង​គួរ​បង្កើត​ទៅតាម​តំបន់​ដែលមាន​សក្តានុពល​ដំណាំ​នីមួយៗ​។ មានន័យថា កន្លែង​ណា​សម្បូរ​ស្វាយ យើង​បង្កើត​កន្លែង​កែច្នៃ​ស្វាយ កន្លែង​ណា​សម្បូរ​ស្វាយចន្ទី យើង​បង្កើត​កន្លែង​កែច្នៃ​ស្វាយចន្ទី​»​។​

​ទោះជា​យ៉ាងណា លោក ​យ៉ង​ សាំង​កុមារ បាន​បញ្ជាក់ថា ក្រៅពី​ដោះស្រាយ​បញ្ហា​រោងចក្រ​កែច្នៃ​ហើយ ក៏​ត្រូវមាន​ការគិតគូ​រ​ពី​បញ្ហា​មួយចំនួនទៀត ដូចជា​បញ្ហា​ដើមទុន​ថ្លៃដើម​នៃ​ការកែច្នៃ និង​បញ្ហា​ទីផ្សារ ជាដើម​។​

​ចំណែក​លោក ​លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា បាន​ប្រាប់​ឱ្យដឹងថា លោក​បាន​ចូលរួម​ប្រជុំ​ ២​ ដង​រួចមកហើយ ជាមួយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ម្តង និង​ក្រុមការងារ​សិក្សា​លើ​គម្រោង​សួន​កសិឧស្សាហកម្ម (AIP)​ នេះ​ម្តង​ដែរ ដោយ​ភាគី​ពាក់ព័ន្ធ ប្តេជ្ញា​បន្ត​ជំរុញ​ការងារ​នេះ ធ្វើយ៉ាងណា​ដើម្បី​បង្កើត​សួន​កសិឧស្សាហកម្ម​ឱ្យបាន​ឆាប់​។​

​លោក​បាន​បន្ថែមថា នៅក្នុង​កិច្ចពិភាក្សា​នោះ ខាង​ក្រុមការងារ​សិក្សា​លើ​គម្រោង​សួន​កសិឧស្សាហកម្ម (AIP) ​ក៏បាន​ដាក់ចេញ​នូវ​តំបន់​អាទិភាព​មួយចំនួន​នៅតាម​បណ្តា​ខេត្ត​នានា ដូចជា​ខេត្តបាត់ដំបង​ជាដើម​។ «​ដោយ សារ​យើង​នៅ​ខ្វះ​កម្រិត​នៃ​ការកែ ច្នៃ និង​ការ​ស្តុក​ទុក​សម្រាប់​កែច្នៃ ដែល​ធ្វើឱ្យ​យើង​នាំ​វត្ថុធាតុដើម​ចេញទៅ​ក្រៅប្រទេស​ភាគច្រើន យើង​មិនមាន​លទ្ធភាព​រៀបចំ​ឃ្លាំង​ស្តុក​ទុក​វត្ថុធាតុដើម​ទេ​»៕