ភ្នំពេញៈ អ្នកជំនាញមកពីអន្តរក្រសួងដែលមកពីក្រសួងពាណិជ្ជកម្ម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងភាគីពាក់ព័ន្ធសំខាន់ៗ បានបើកកិច្ចពិភាក្សារួមគ្នា ដើម្បីជំរុញដល់ការនាំចេញម្រេចកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិឱ្យកាន់តែខ្លាំងថែមទៀត។
ថ្លែងនៅក្នុងពេលដឹកនាំកិច្ចប្រជុំកាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣ លោក រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា កិច្ចប្រជុំនេះ គឺធ្វើឡើងដើម្បីរៀបចំកិច្ចពិភាក្សាអន្តរក្រសួង ដើម្បីពិនិត្យ និងពិភាក្សាលើការជំរុញការនាំចេញម្រេចកម្ពុជា ខណៈម្រេចជាផលិតផលកសិ-ឧស្សាហកម្មដ៏សំខាន់មួយដែលរាជរដ្ឋាភិបាលបានចាត់បញ្ចូលក្នុងកន្សោមអាទិភាពនៃផលិតផលមានសក្តានុពលនិងអាចចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។
លោក រាជ រ៉ា បានបញ្ជាក់ថា នាឱកាសកិច្ចប្រជុំនោះដែរ តំណាងមកពីក្រសួងកសិកម្ម ក៏បានជម្រាបជូនអង្គប្រជុំអំពីស្ថានភាពទូទៅនៃវិស័យម្រេចកម្ពុជា និងវឌ្ឍនភាពការងារដែលក្រសួងសម្រេចបានដូចជា ការជំរុញការអនុវត្តកសិកម្មល្អ (GAP) ដែលមានប្រព័ន្ធអនុវត្តច្បាស់លាស់និងអាចជឿទុកចិត្តបាន ដោយរួមបញ្ចូលទាំងប្រព័ន្ធត្រួតពិនិត្យនិងតាមដានផងដែរ។
តាមរយៈកិច្ចប្រជុំនេះដែរ ក្រុមអ្នកជំនាញមកពីអន្តរក្រសួងក៏បានឯកភាពលើផែនការការងារបន្ត ក៏ដូចជាការបញ្ជាក់ជាថ្មីអំពីការបន្តកិច្ចសហការឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត សំដៅជំរុញការអភិវឌ្ឍដំណាំម្រេចកម្ពុជា និងដំណាំសក្តានុពលផ្សេងៗឱ្យកាន់តែខ្លាំងបន្ថែមទៀត។
ពាក់ព័ន្ធនឹងការជំរុញទីផ្សារនាំចេញម្រេចនេះលោក ម៉ាក នី ប្រធានសហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា បានគាំទ្រឱ្យមានការបើកច្រកទីផ្សារម្រេចថ្មីបន្ថែមទៀត ព្រោះការមានទីផ្សារថ្មីៗបន្ថែមទៀត គឺមានសារៈសំខាន់ណាស់ដែលអាចឱ្យកម្ពុជានាំចេញម្រេចផ្ទាល់ ដោយមិនចាំបាច់ពឹងផ្អែកលើប្រទេសវៀតណាមតែមួយ។
លោកបានបញ្ជាក់ថា៖« សម្រាប់ខ្ញុំយល់ថា មិនខ្វល់ថាទីផ្សារប្រទេសណានោះទេ គឺមានសារៈសំខាន់ទាំងអស់ ព្រោះនៅពេលយើងមានទីផ្សារថ្មីៗបន្ថែម យើងអាចទាក់ទាញអ្នកវិយោគបន្ថែម ខណៈការនាំចេញកន្លងមកនៅជាប់របាំងពន្ធ មានបញ្ហាតម្លៃនៅមានកម្រិតនៅឡើយ ទោះបីជាយើងមានទីផ្សារសេរីក៏ដោយ ហើយភាគច្រើនម្រេចរបស់យើងនាំចេញទៅកាន់ទីផ្សារវៀតណាមធំជាងគេ»។
ចំណែកឯ លោក ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជាបានថ្លែងថា ដើម្បីឱ្យការពង្រីកទីផ្សារនាំចេញម្រេចកម្ពុជាទទួលបានជោគជ័យនិងមានប្រសិទ្ធភាពបាន លុះត្រាអ្នកពាក់ព័ន្ធកម្ពុជាកំណត់បានគោលដៅ និងពិចារណាឱ្យបានច្បាស់លាស់ ថា ប្រទេសណាត្រូវការអីពីកម្ពុជា និងប្រទេសណាខ្លះដែលជាគោលដៅសម្រាប់នាំចេញ។
លោកបានបន្តថា៖« កាលណាយើងបានកំណត់ពីទីផ្សារជាក់លាក់រួចហើយ គឺចាំបាច់ត្រូវគិតគូរពីការរៀបចំសមត្ថភាពសហគមន៍ដាំម្រេចរបស់កម្ពុជាថា គួរពង្រឹងនៅតំបន់ណា ទីតាំងណា ដើម្បីជំរុញពីបរិមាណការកែច្នៃម្រេចរបស់កម្ពុជាកាន់តែមានគុណភាពខ្ពស់ នោះយើងនឹងទទួលបានការនាំចេញម្រេចទៅកាន់ទីផ្សាអន្តរជាតិមានតម្លៃខ្ពស់ មាននិរន្តរភាព ពិសេសជួយលើកកម្ពស់ជីវភាពពលរដ្ឋកាន់តែខ្លាំងមួយកម្រិតទៀត»។
សូមរំឭកដែរថា កាលពីពាក់កណ្តាលខែមេសា ថ្មីៗនេះ ក្រុមការងារអន្តរក្រសួង ក៏ធ្លាប់បានបើកកិច្ចពិភាគ្នារួចមកហើយ ដោយបានពិភាក្សាជាពិសេសលើការលើកកម្ពស់គុណភាពម្រេចរបស់កម្ពុជា ការស្នើសុំវិញ្ញាបនបត្រប្រភពដើមទំនិញ និងការបំពញតាមលក្ខខណ្ឌតម្រូវរបស់ប្រទេសនាំចូល រួមបញ្ចូលទាំងវិធានអនាម័យនិងភូតគាមអនាម័យ ដើម្បីជំរុញអភិវឌ្ឍនិងនាំចេញផលិតផលម្រេចរបស់កម្ពុជាជាដើម។
យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឱ្យដឹងថា ក្នុងរយៈពេល ៣ខែ ដើមឆ្នាំនេះការនាំចេញម្រេចសម្រេចបាន ៨២២,៦៥៤តោន ក្នុងនោះនាំចេញទៅវៀតណាមចំនួន៧៦៥តោន អាមេរិក២៦,១៤តោន កូរ៉េខាងត្បូង១៦,២តោន បារាំង៩,៥៤តោន បែលហ្ស៊ិក២,៣៦តោន ជប៉ុន១,៣៨តោន ឥណ្ឌា ០,៩៦តោន អាល្លឺម៉ង់០,៩០តោន សិង្ហបុរី០,១០តោន កោះតៃវ៉ាន់០,០៤តោន អូស្ត្រាលី០,០៣តោននិងប្រទេសម៉ាឡេស៊ី០,០០២តោន៕