ភ្នំពេញៈលោក​ស្រី​ ម៉ែន​ សំអន​ ឧប​នាយក​រដ្ឋម​ន្រ្តី​រដ្ឋ​មន្ត្រី​ក្រសួង​ទំនាក់​ទំនង​ ជាមួយ ​រដ្ឋស​ភា-ព្រឹទ្ធស​ភា​ និង​ អធិ​ការ​កិច្ច​ បាន​ចាត់​ទុកវិ​ស័យ​ឯក​ជន​គឺ​ដើរ​តួនា​ទី​យ៉ាង​សំ​ខាន់​ក្នុងកា​រជំរុញ​កំណើន​សេដ្ឋ​កិច្ច​កម្ពុជា​ តាម​រយៈការ​បណ្តាក់​ទុនវិនិ​យោគ​លើ​គម្រោង​អភិវ​ឌ្ឍន៍​នានា​នៅ​ក្នុង​ប្រ​ទេស។

ការ​ថ្លែង​នេះ​ ត្រូវ​បាន​ធ្វើ​ឡើង​ នៅ​ថ្ងៃ​ទី​៧ ​ខែ​ឧសភា ​ឆ្នាំ​២០២៣ ​ក្នុង​ពេល​លោក​ស្រី​ចូល​រួម​សម្ពោធ​ជាផ្លូវការផ្ទះគំរូ គម្រោងទី ៣ ​បុរី​មេគង្គ​លែន​ស្ថិត​ក្នុង​សង្កាត់​ព្រែក​លៀប ​រាជ​ធានី ​ភ្នំពេញ។ នេះ​បើ​តាម​ហ្វេស​ប៊ុក​ផ្លូវ​ការ​របស់​លោក​ស្រី ​ម៉ែន​ សំ​អន។


លោក​ស្រី​បាន​ថ្លែង​ថា៖​ «រាជ​រដ្ឋាភិ​បាល​បាន​ចាត់​ទុក​វិស័យ​ឯក​ជន ​ដើរ​តួ​នាទី​យ៉ាង​សំខា​ន់ក្នុង​កា​រជំរុញ​កំណើន​ សេដ្ឋ​កិច្ច​កម្ពុជា ​រួម​ជា​មួយ​នឹង​កត្តា​អំណោយ​ផល​ផ្សេង​ទៀត​ និង​ ការ​លូត​លាស់​ផ្នែក​សេដ្ឋ​កិច្ច​យ៉ាង​លឿន​ពិសេស​ខាង​ពាណិជ្ជកម្ម​សំណង់​ ទេស​ចរណ៍​ទី​ផ្សារ​ពលករ​ មាន​តម្លៃ​សម​រម្យ​និង​ច្បាប់​វិនិយោគ​ ដែល​អនុ​គ្រោះ​ដល់​ធុរ​កិច្ចជន​ ទើប​កម្ពុជា​បាន​ក្លាយជាគោលដៅថ្មីមួ​យគួរ​ឱ្យ​ចាប់​អារម្មណ៍​បំផុត​ពី​អ្នក​វិនិ​យោគ​ក្នុង​ស្រុក​និង​បរទេស»។

ក្នុង​ឱកាស​នោះ​ លោក​ស្រី ​ម៉ែន​ សំអន​ ក៏​បាន​កោត​សរសើរ​ចំពោះ​ក្រុមហ៊ុន​ មេគង្គ​លែន ​ដែល​មាន​ជំនឿ​ទុក​ចិត្ត​លើរាជ​រដ្ឋាភិ​បាល ​ក្រោម​ការ​ដឹក​នាំ​របស់​ លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ ដោយ​បាន​សម្រេច​ដាក់​ទុនវិនិយោគ​លើគម្រោង​សាងសង់​លំនៅ​ឋាន​ដ៏ទំ​នើប​ និង ​ស៊ីវិល័យ​នៅ​ក្នុង​ព្រះ​រាជាណា​ចក្រ​កម្ពុជា​ក្រោម​ម្លប់​នៃ​សុខ​សន្តិភាព​។​ សំណង់​លំនៅ​ឋាន​ដ៏​ប្រណីត​នេះ​ ពិត​ជា​ជម្រើសដ៏ត្រឹមត្រូវ ព្រោះ​ទី​តាំង​គម្រោង​ស្ថិត​នៅ​រាជ​ធានី ​ភ្នំពេញ​ ជា​បេះ​ដូង​នៃ​ប្រទេស​កម្ពុជា​ ដែល​ជា​ទី​តាំង​យុទ្ធ​សាស្រ្ត ​ដ៏​ល្អ​ស​ម្រាប់អ្នកស្នាក់នៅ និង​ធ្វើ​ការ​តាម​បែប​ទំនើប​។


ទាក់​ទង​នឹង​ការ​លើក​ឡើង​នេះ​ លោក ​គី​ សេរីវឌ្ឍន៍​ អ្នក​ជំនាញ​សេដ្ឋកិច្ច​នៃ​រាជ​បណ្ឌិត្យស​ភាកម្ពុជា​ បាន​ទទួល​ស្គាល់​ថា​ អ្វី​ដែល ​លោក​ស្រី​ ម៉ែន ​សំអន​ បាន​លើក​ឡើង​នេះ​ គឺ​ពិត​ជា​ត្រឹម​ត្រូវ​ព្រោះ​វិស័យ​ឯក​ជន​នេះ​បាន​ដើរ​តួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​ជំរុញ​កំ​ណើន​សេដ្ឋកិច្ច​ នៅ​ក្នុង​ប្រទេស​ឱ្យ​មាន​ការរីក​ចម្រើន ខណៈ​ដែល​រាជ​រដ្ឋាភិបាល​តែ​ម្នាក់​ឯង​មិន​អាច​បង្កើត​ការងារ​ជូន​ប្រជាពល​រដ្ឋ​គ្រប់​គ្នា​បាន​នោះ​ទេ។

លោក​បាន​ប្រាប់​ថា៖​ «ដូច្នេះ​មាន​តែ​វិស័យឯក​ជន​ទេ​ដែល​អាច​បង្កើត​អាជីវ​កម្ម​និង​វិនិ​យោគក្នុងកា​របង្កើត​ការ​ងារ​ជូន​ប្រជា​ពលរដ្ឋ​និង​ជួយ​ជំរុញ​កំណើន​សេដ្ឋ​កិច្ច​»។

លោក ​គី ​សេរីវឌ្ឍន៍​ បាន​បន្ត​ទៀត​ថា​ ជាក់​ស្តែង​ ប្រទេស​កម្ពុជា​ ជា​ប្រទេស​ដែល​កំពុង​មាន​ការអ​ភិវឌ្ឍ ដែលត្រូវ​ការជាចាំ​បាច់​ក្នុង​ការ​ចាប់​យក​វិស័យ​ឯក​ជន​ក្នុង​ការ​ជំរុញ​កំណើន​សេដ្ឋកិច្ច​និង​ប​ង្កើ​តអាជីវ​កម្ម​នានា។ ដូច្នេះ ​វិស័យ​ឯក​ជន ​ជាស្នូល​នៃ​សេដ្ឋកិច្ច​ជាតិ​ទាំង​មូល​ដែល​ត្រូវ​តែ​រាជ​រដ្ឋាភិ​បាល​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ថែម​ទៀត​និង​ជំរុញ​ឱ្យ​មាន​ការ​ផលិត​និង​វិនិយោគ ​ក្រៅ​ពី​វិស័យ​អច​លន​ទ្រព្យ។

លោក​បាន​ថ្លែង​ថា​៖​ «វិស័យ​អចលន​ទ្រព្យ​ គឺ​ជា​សេវាកម្ម​មួយ​ដែល​រារាំង​ទៅ​ដល់​ការ​ផលិត​នៅ​ក្នុង​ប្រទេស។ ដូច្នេះ​ រដ្ឋាភិ​បាល ​គួរ​តែ​ជំរុញ​បន្ថែម​ទៅ​លើ​ផលិត​កម្ម​នានា​ដូច​ជា​កម្មន្ត​សាល​ការ​កែ​ច្នៃក​សិផល​ការ​កែ​ច្នៃ​ផលិត​ផល​ប្រើ​ប្រាស់ផ្សេងៗ​ ដើម្បី​បង្កើត​ការ​ងារ​ធ្វើ​និង​ជំរុញ​ការ​ផលិត​ហើយ​ទប់​ស្កាត់​ការ​រីក​ចម្រើន​លឿន​ពេក​លើវិស័យ​អចលន​ទ្រព្យ ដែល​ធ្វើ​ឱ្យ​អ្នកវិនិយោគ​ងាកទៅ​វិនិ​យោគ​លើ​វិស័យ​នេះ​ច្រើន​»៕