​ភ្នំពេញៈ ការនាំចេញ​ស្បែក​ជើង ស្រោមជើង និង​វត្ថុ​ប្រហាក់​ប្រហែល ក្នុង​ត្រីមាស​ទី​១ ឆ្នាំ​ ២០២៣ មាន​ទឹកប្រាក់​សរុប​ជិត ៣២៤​ លាន​ដុល្លារ ធ្លាក់ចុះ​ជាង ២៣ ​ភាគរយ​បើ​ធៀប​រយៈ​ពេល​ដូចគ្នា​ឆ្នាំ​ ២០២២ ខណៈ​អ្នកជំនាញ​អះអាងថា​ស្ថានភាព​នេះ​គឺ​កំពុង​បន្ត​ក្នុង​ត្រីមាស​ទី​២ ផងដែរ​។​

​ទិន្នន័យ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជាបានឱ្យដឹងថា ចាប់ពី​ខែមករា ដល់​ខែមីនា ឆ្នាំ​ ២០២៣ កម្ពុជា​បាន​នាំចេញ​ប្រភេទ​ទំនិញ​ដែលមាន​លេខ​កូដ ៦៤ នៃ​តារាង ​(HS ២​ ខ្ទង់​) រួមមាន ស្បែកជើង ស្រោមជើង និង​វត្ថុ​ប្រហាក់ប្រហែល ក្នុង​ទឹក​ប្រាក់​សរុប ៣២៣,៧៦ ​លាន​ដុល្លារ ថយចុះ ២៣,២​ភាគរយ​ពី ៤២១,៤៤​ លាន​ដុល្លារ​។ ទឹក​​ប្រាក់​នាំចេញ​ប្រភេទ​ទំនិញ​ក្នុង​លេខ​កូដ ៦៤ គឺ​ស្មើនឹង ៦​ ភាគ​​រយ​នៃ​ទឹកប្រាក់​នាំចេញ​ទំនិញ​សរុប​របស់​កម្ពុជា​ក្នុង​ត្រីមាស​ទី​១ ឆ្នាំ​ ២០២៣ ដែលមាន​ចំនួន ៥ ៣៩២,០១​ លាន​ដុល្លារ​។​


​សម្រាប់​ខែមីនា ឆ្នាំ​ ២០២៣ ការនាំចេញ​ស្បែកជើង ស្រោម​​ជើង និង​វត្ថុ​ប្រហាក់ប្រហែល មាន​ទឹកប្រាក់​សរុប ១២១,៩៣​ លាន​ដុល្លារ ធ្លាក់ចុះ ១៤,៩​ភាគរយ​ពី​ចំនួន ១៤៣,២១​ លាន​ដុល្លារ​កាលពី​ខែមីនា ឆ្នាំ​ ២០២២​។​

​ថ្លែងប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ កាល​ពីថ្ងៃ​ទី ​៨ ខែឧសភា លោក លី​ ឃុន​ថៃ​ប្រធាន​សមាគម​ស្បែក​ជើង​កម្ពុជា បានឱ្យដឹងថា ការធ្លាក់ចុះ​នៃ​ចំនួន​ទឹកប្រាក់​នាំចេញ​ស្បែកជើង និង​ផលិតផល​ប្រហាក់ប្រហែល​នៅក្នុង​រយៈពេល​ប្រមាណ​ជិត ១​ ឆ្នាំ​មកនេះ គឺ​ដោយសារ​វិបត្តិ​សេដ្ឋកិច្ច​សង្គម ដែល​កើតមាន​ជា​បន្តបន្ទាប់​លើ​ពិភពលោក​។


វត្តមាន​របស់​ជំងឺ​កូ​វីដ​ ១៩ កាលពី​ចុងឆ្នាំ ​២០១៩ វិបត្តិ​ជម្លោះ​ភូមិសាស្ត្រ​ន​យោ​បាយ​រវាង​ប្រទេស​មហាអំណាច​ធំៗ និង​សង្គ្រាម​រវាង​រុស្ស៊ី​-​អ៊ុយ​ក្រែ​ន បានធ្វើឱ្យ​កំណើនសេដ្ឋកិច្ច ចរន្ត​នៃ​ការធ្វើដំណើរ និង​ប្រាក់ចំណូល​គ្រួសារ​ធ្លាក់ចុះ​នៅ​ស្ទើរ​គ្រប់​ទីកន្លែង​លើ​ពិភពលោក​។ ទាំងនេះ​សុទ្ធតែជា​មូលហេតុ​ចម្បង​ដែល​បង្ខំ​ឱ្យ​មនុស្ស​ធ្វើការ​កាត់បន្ថយ​ការចំណាយ​មិនចាំបាច់ ក្រៅពី​ម្ហូបអាហារ​។​

​លោក​ពន្យល់ថា វិបត្តិ​កូ​វីដ​ ១៩ ដែល​រដ្ឋាភិបាល​ប្រទេស​នីមួយៗ​ធ្វើ​ការបិទ​ខ្ទប់ និង​រឹតត្បិត​ការធ្វើដំណើរ បានធ្វើឱ្យ​ការបញ្ជាទិញ​ស្បែកជើង ស្រោមជើង និង​វត្ថុ​ប្រហាក់ប្រហែល​ពី​កម្ពុជា​ធ្លាក់​ចុះ​យ៉ាងគំហុក ប៉ុន្តែ​បន្ទាប់ពី​ស្ថានភាព​កូ​វីដ​ ១៩ មាន​ភាព​ធូរស្រាល ការបញ្ជាទិញ​បានចាប់ផ្តើម​មាន​សម្ទុះ​ឡើងវិញ​ជា​បណ្តើរៗ​ចាប់ពី​ដើមឆ្នាំ​ ២០២២ មក​។ ទោះយ៉ាងណា​វិបត្តិ​ដែល​កើតឡើង​ថ្មីៗ ពិសេស​សង្គ្រាម​នៅ​ប្រទេស​អ៊ុយ​ក្រែ​ន ក៏​ធ្វើឱ្យ​ការបញ្ជាទិញ​ផលិតផល​ទាំង​អស់នេះ​ពី​កម្ពុជា​ធ្លាក់ចុះ​វិញ​ចាប់តាំងពី​អំឡុង​ខែសីហា ឆ្នាំ​ ២០២២ មក​។​

​លោក​ប្រាប់ថា​៖ «​ការ​ថមថយ​កំណើនសេដ្ឋកិច្ច​របស់​ប្រទេស​ទទួល​ទិញ​ស្បែក​ជើង ស្រោមជើង និង​វត្ថុ​ប្រហាក់ប្រហែល​ពី​កម្ពុជា ​(​អាមេរិក អឺរ៉ុប និង​ចក្រភព​អង់​គ្លេ​ស​) បានធ្វើ​ឱ្យប្រាក់​ដែល​ទទួលបាន​ពី​ការនាំចេញ​ធ្លាក់ចុះ​ជិត ១ ​ឆ្នាំ​ហើយ​។ រហូតមកដល់​ពេលនេះ​ការបញ្ជាទិញ​ពី​ក្រៅប្រទេស​ក៏​មិនទាន់មាន​សញ្ញា​វិជ្ជមាន​នៅឡើយ​ដែរ​»​។​

​យ៉ាងណាក៏ដោយ លោក ឃុន​ថៃ មាន​សុទិដ្ឋិនិយម​ថា វិបត្តិ​នានា​ដែល​កំពុង​កើតមាន​នៅពេលនេះ​នឹងមាន​ភាព​ធូរ​​ស្រាល​វិញ​ក្នុងពេល​ឆាប់ៗ ហើយ​ការ​បញ្ជា​ទិញ​ផលិតផល​ស្បែកជើង ស្រោម​ជើង និង​វត្ថុ​ប្រហាក់ប្រហែល​អាច​នឹង​កើន​ឡើងវិញ​ខ្លះ​ចាប់ពី​ឆមាស​ទី​ ២ ឆ្នាំ​ ២០២៣ នេះ​តទៅ​។​

​អ្នកជំនាញ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា លោក ហុង វណ្ណៈ បានឱ្យដឹងថា សម្រាប់​ការនាំចេញ​ផលិតផល​វាយ​ន​ភណ្ឌ​ (​សម្លៀកបំពាក់ កាបូប​ធ្វើ​ដំណើរ ស្បែកជើង ស្រោមជើង និង​វត្ថុ​ប្រហាក់ប្រហែល​) ដែល​កម្ពុជា​ផលិត​បាន​នៅពេលនេះ គឺ​ពឹងផ្អែក​ស្ទើរតែ​ទាំង​ស្រុង​លើ​ទីផ្សារ​ប្រទេស​ធំៗ​មួយចំនួន​ដូចជា អាមេរិក កាណាដា អឺរ៉ុប និង​អង់គ្លេស​។ ប្រសិនបើ​ស្ថានភាព​សង្គម និង​សេដ្ឋកិច្ច​របស់​ប្រទេស​ទាំងអស់នេះ​ល្អប្រសើរ ការបញ្ជាទិញ​ពី​កម្ពុជា​នឹងមាន​សម្ទុះ​ឡើងវិញ​ដោយ​ស្វ័យប្រវត្តិ​។

លោក​បន្តទៀតថា ការធ្លាក់ចុះ​ចំនួន​ទឹក​ប្រាក់​ពី​ការនាំចេញ​ផលិតផល​ទាំងអស់នេះ​ក៏បាន​ជះឥទ្ធិពល​មិនល្អ​ដល់​កំណើន​សេដ្ឋកិច្ចកម្ពុជា ក៏ដូចជា​ប្រាក់ចំណូល​របស់​កម្មក​រ​កម្មការិនី​តាម​រោងចក្រ​ជាច្រើន​ផងដែរ​។​

​លោក​អះអាងថា​៖ «​ការធ្លាក់ចុះ​ចំនួន​ទឹកប្រាក់​នាំចេញ​ផលិតផល​ស្បែកជើង ស្រោមជើង និង​វត្ថុ​ប្រហាក់ប្រហែល គឺ​ដោយសារ​តម្រូវការ​លើ​ទីផ្សារ​អន្តរជាតិ​ធ្លាក់ចុះ​។ សម្រាប់​សមត្ថភាព​នៃ​ចង្វាក់​ផលិតកម្ម​នៅ​កម្ពុជា​គឺ​នៅតែមាន​កម្លាំង​ផលិត​ខ្លាំង​ដដែល​»​។​

​លោក​លើកឡើង​ទៀតថា ទោះបី​រយៈ​ពេល​ជិត ១​ ឆ្នាំ​ចុង​ក្រោយនេះ​ការនាំចេញ​ផលិតផល​សម្លៀកបំពាក់ កាបូប និង​ស្បែកជើង បាន​ធ្លាក់ចុះ ប៉ុន្តែ​សម្រាប់​ចំនួន​ក្រុមហ៊ុន​ដែល​ដាក់​ពាក្យសុំ​វិនិយោគ និង​ទទួលបាន​ការអនុម័ត​ពី​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ​(CDC) គឺ​បាន​កើន​​ឡើងជា​បន្តបន្ទាប់​។​

​ក្នុង​ឆ្នាំ ២០២២ កម្ពុជា​បាន​នាំចេញ​ប្រភេទ​ទំនិញ​ដែលមាន​លេខ​កូដ ៦៤ នៃ​តារាង ​(HS ២​ ខ្ទង់​) ទៅ​ទីផ្សារ​អន្តរ​ជាតិ​ក្នុង​ទឹកប្រាក់​សរុប ១ ៧៣៧,១១​ លាន​ដុល្លារ កើនឡើង ២៤,៨​ ភាគរយ​ពី​ចំនួន ១ ៣៩២,២២ ​លាន​ដុល្លារ​ក្នុង​ឆ្នាំ​ ២០២១​។ ទឹកប្រាក់​នៃ​ការនាំចេញ​ទំនិញ​ខាងលើ គឺ​ស្មើនឹង ៧,៧​ភាគរយ​នៃ​ទឹកប្រាក់​នាំចេញ​ទំនិញ​សរុប​របស់​កម្ពុជា​ឆ្នាំ​ ២០២២ ដែលមាន ២២ ៤៨២,០៩៤​ លាន​ដុល្លារ​។​

​បើតាម​លោក ឃុន​ថៃ ស្បែកជើង​ផលិត​នៅ​កម្ពុ​ជាមាន​ម៉ាក​អន្តរជាតិ​ល្បីៗ​ជាច្រើន​ដូចជា Adidas, Clarks, និង Timberland ជាដើម​៕