​ភ្នំពេញៈ សហគ្រាស​ធុន​តូច និង​មធ្យម (SME)​ ចំនួន ៤ កំពុងធ្វើការ​ជាមួយនឹង​ផ្សា​រមូល​ប​ត្រ​កម្ពុជា ​(CSX) ដើម្បី​ប្រមូល​មូលនិធិ​សម្រាប់​ពង្រីក​អាជីវកម្ម​របស់​ពួកគេ​តាមរយៈ​ការបោះ​ផ្សាយ​មូល​ប​ត្រ​នៅលើ​ទីផ្សារ​មូលធន​។ នេះ​បើ​យោងតាម​មន្ត្រីជាន់ខ្ពស់​ផ្នែក​ទីផ្សារ​។​

​លោក ហុង សុ​ហួរ អគ្គ​នាយក CSX​ បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍ កាលពី​ថ្ងៃទី​ ៨ ខែឧសភា ឆ្នាំ​ ២០២៣​ ថា ក្រុមហ៊ុន ទាំង​នេះ មកពី​ក្រុមហ៊ុន​សំណង់ និង​អាជីវកម្ម​បច្ចេកវិទ្យា បានបង្ហាញ​ពី​ចំណាប់អារម្មណ៍​របស់​ពួកគេ​ក្នុងការ​ចុះបញ្ជី​នៅលើ​ទីផ្សារ​មួយ​នេះ ​ដើម្បី​ស្វែង​រក​មូលនិធិ​បន្ថែម​សម្រាប់​ពង្រីក​អាជីវកម្ម​។​


​លោក​បាន​ថ្លែងថា​៖ «​យើង​កំពុងធ្វើការ​ជាមួយ​ពួកគេ​ដើម្បី​ពន្យល់​ពី​ដំណើរការ​មួយចំនួន​លើ​ការចុះបញ្ជី និង​អ្វីដែល​ពួក​​គេ​គួររៀបចំ​។ ជាមួយនឹង​ការងារ​នេះ យើង​បានធ្វើការ ជាមួយ​ពួកគេ​និង​មាន​ក្រុមហ៊ុន ១ មកពី​វិស័យ​សំណង់​នៅក្នុង​ចំណោម​ក្រុមហ៊ុន​ចំនួន ៤ នឹង​រួចរាល់​មុន​ដំណាច់​ឆ្នាំនេះ ពីព្រោះ​ពួកគេ​បានរៀបចំ​យ៉ាង​ល្អ​នូវ​អភិបាលកិច្ច សហ​ប្រតិ​ប​ត្តិ​ការ និង​លទ្ធកម្ម​ផ្ទៃក្នុង​សម្រាប់​ការចុះបញ្ជី​ពួកគេ​នៅ​ទីផ្សារ​កំណើន​»​។ លោក​បន្តថា ខណៈពេលដែល​ក្រុមហ៊ុន​ចំនួន​៣​ផ្សេងទៀត​នឹងត្រូវ​ការ ពេល​បន្ថែមទៀត​សម្រាប់​ការ​រៀបចំ​។​

​លោក​ថ្លែងថា​៖ «​ខ្ញុំ​សូម​លើក​ទឹកចិត្ត​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម​ទាំងអស់​ឱ្យ​ស្វែងរក​មូលនិធិ​តាមរយៈ​ការចុះបញ្ជី​ជាមួយ​ផ្សារ​ហ៊ុន ដូចដែល​អ្នក​បានឃើញ​ហើយ​ក្នុងអំឡុង ការរីក​រាលដាល​ជំងឺ​កូ​វីដ​ ១៩ អាជីវកម្ម​ជាច្រើន​បាន​ប្រឈម​មុខ​នឹង​ការលំបាក​ផ្នែក​ហិរញ្ញ​វត្ថុ​។ ការទទួលបាន​ក្រុមហ៊ុន​ចុះបញ្ជី​លើ​ផ្សារ​ហ៊ុន​ដើម្បី​ស្វែង​រក​មូលនិធិ​សម្រាប់​ការពង្រីក​អាជីវកម្ម និង​និរន្តរភាព បង្ហាញថា ទីផ្សារ​មូលធន​បាន​ក្លាយជា​ប្រភព​មូលនិធិ​ថ្មី​សម្រាប់​ពួកគេ​»​។​


CSX បាន​ជម្នះ​នៅក្នុង​ការ​ទាក់ទាញ​សហគ្រាស​ធុន​តូច និង​មធ្យម​ដើម្បី​ឱ្យមក​បោះផ្សាយ​មូល​ប​ត្រ ចាប់តាំងពី​ការចាប់ផ្តើម​ដំណើរការ​ទីផ្សារ​កំណើន​របស់ខ្លួន​កាលពី​ចុងឆ្នាំ​ ២០១៥​។ យោងតាម​បទ​ប្បញ្ញត្តិ​របស់​និយតករ​ផ្សារ មូល​ប​ត្រ​កម្ពុជា ​(SERC) គឺ​ក្រុមហ៊ុន​ដែល​មានបំណង​បោះផ្សាយ​ត្រូវមាន​ដើមទុន​ប្រតិបត្តិការ​យ៉ាងតិច ៥០០ ០០០​ ដុល្លារ​ដើម្បី​ចុះបញ្ជី​នៅ​ទីផ្សារ​កំណើន ប៉ុន្តែ​សម្រាប់​ទីផ្សារ​គោល​គឺ​ត្រូវមាន​ដើមទុន ៧,៥​ លាន​ដុល្លារ​។​

​ក្រុមហ៊ុន SMEs ដែល​ចុះ​បញ្ជី​លើ​ទីផ្សារ​នេះ​ក៏​តម្រូវឱ្យ​បញ្ចេញ​លទ្ធផល​របាយការណ៍​ហិរញ្ញវត្ថុ​ដែល​បានធ្វើ​សវនកម្ម​រួច​ ១ ​ឆ្នាំ​ផងដែរ បើ​ធៀប​នឹង​រយៈពេល ​២ ​ឆ្នាំ​សម្រាប់​ក្រុម​ហ៊ុន​ធំៗ​។​

​លើសពីនេះ​ទៀត លទ្ធផល​ត្រូវតែ​បង្ហាញ​ពី​ប្រាក់ចំណេញ​សុទ្ធ​ជា​វិជ្ជមាន ឬ​លំហូរ​សាច់​​ប្រាក់​ប្រតិបត្តិការ​វិជ្ជមាន​ជា​​មួយ​នឹង​ប្រាក់ចំណេញ​សរុប​យ៉ាងហោចណាស់ ១០​ ភាគរយ​។​

​បើ​យោងតាម​របាយការណ៍​ប្រចាំឆ្នាំ​របស់ CSX ក្នុង​ឆ្នាំ​ ២០២២ ទីផ្សារ​នេះ​បាន​ទាក់​ទាញ​ការចុះបញ្ជី​ថ្មី​ចំនួន ៧​ ដែល​កើនឡើង​ពី​ចំនួន​ត្រឹមតែ​ ២ កាលពី​ឆ្នាំ​ ២០២១​។​

CSX បាន​រាយការណ៍​ថា ដើមទុន​ចំនួន ២២២​ ពាន់​លាន​រៀល (៥៥,៥​ លាន​ដុល្លារ​)​ ប្រមូលបាន​កាលពី​ឆ្នាំមុន កើនឡើង ១៣៣ ​ភាគរយ​ធៀប​នឹង​ឆ្នាំ ២០២១ ជាមួយនឹង​មូល​ប​ត្រ​បំណុល​សាជីវកម្ម​មាន​ចំនួន ៦៣ ​ភាគរយ និង​បំណុល​រដ្ឋ​ស្មើនឹង ៣២ ​ភាគរយ​។​

​លោក សុ​ហួរ អគ្គនាយក​ក្រុមហ៊ុន​ផ្សា​រមូល​ប​ត្រ​កម្ពុជា កាលពី​ថ្ងៃទី​ ១៩ ខែមករា បាន​និយាយថា មាន​ក្រុមហ៊ុន​សរុប​ចំនួន ១៨ បានបង្ហាញ​ខ្លួន នៅ​ផ្សា​រមូល​ប​ត្រ ដោយ​ក្នុង​នោះ​ក្រុមហ៊ុន​ចំនួន ៩ បានចុះបញ្ជី​ភាគហ៊ុន ខណៈ​ក្រុម​ហ៊ុន​ផ្សេងទៀត​ចុះ​មូល​ប​ត្រ​បំណុល​។ ក្រុមហ៊ុន​ទាំងនេះ បាន​ប្រមូល​មូលនិធិ​សរុប​ចំនួន ៣១៧​ លាន​ដុល្លារ​តាមរយៈ​ការបោះ​ផ្សាយ​លក់​មូល​ប​ត្រ​កម្មសិទ្ធិ​លើកដំបូង​ជា​សា​ធារ​ណៈ​៕