ភ្នំពេញៈ ផ្លែមៀនស្រស់ចំនួន ៣ ៤២២,២៥ តោន ត្រូវបានកម្ពុជានាំទៅប្រទេសចិនក្នុងរយៈពេល ៣ ខែដើមឆ្នាំ ២០២៣ ខណៈការនាំចេញជាផ្លូវការទៅប្រទេសចិន ត្រូវបានធ្វើឡើងជាផ្លូវការលើកដំបូងកាលពីខែតុលា ឆ្នាំ ២០២២។ នេះបើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ទីផ្សារផ្លែមៀនស្រស់កម្ពុជា បានចាប់ផ្តើមមានភាពល្អប្រសើរតាំងពីដើមត្រីមាសទី៤ ឆ្នាំ ២០២២ ដោយប្រទេសចិនបានអនុញ្ញតឱ្យកម្ពុជានាំចេញផ្លែមៀនស្រស់ជាផ្លូវការទៅទីផ្សាររបស់ខ្លួន ខណៈកាលពីអំឡុងត្រីមាសទី ៣ ឆ្នាំ ២០២១ ដោយសារមិនមានទីផ្សារច្បាស់លាស់ (ប្រទេសថៃ ផ្អាកទិញ) បានធ្វើឱ្យតម្លៃផ្លែមៀនធ្លាក់ចុះយ៉ាងគំហុក និងត្រូវបានប្រជាកសិករមួយចំនួនទុកផ្លែមៀនឱ្យរលួយចោលទៀតផង។
មៀនស្រស់ គឺជាផ្លែឈើប្រភេទទី៣ របស់កម្ពុជាដែលមានឱកាសបង្ហាញវត្តមាននៅទីផ្សាររបស់ប្រទេសចិនបន្ទាប់ពីផ្លែស្វាយ និងចេក។
ប្រធានសហគមន៍កសិកម្មផលិតផលមៀនប៉ៃលិន លោក សួស ស៊ីយ៉ាត បានឱ្យ ភ្នំពេញ ប៉ុស្តិ៍ ឱ្យដឹងនៅថ្ងៃទី ៩ ខែឧសភាថា ចាប់តាំងពីប្រទេសចិនយល់ព្រមទិញផ្លែមៀនពីកម្ពុជា ប្រជាកសិករ និងម្ចាស់ចម្ការធំៗមិនមានក្តីបារម្ភពីកង្វះទីផ្សារ ឬការធ្លាក់ចុះតម្លៃខ្លាំងដូចមុនទៀតទេ ខណៈមុនពេលមានទីផ្សារនាំចេញទៅប្រទេសចិន គឺការនាំចេញផ្លែមៀនស្រស់របស់បណ្តាខេត្តនៅភាគពាយព្យត្រូវពឹងផ្អែកលើប្រទេសថៃទាំងស្រុង។
លោកបន្តថា វត្តមានរបស់ទីផ្សារចិនមិនត្រឹមតែធ្វើឱ្យទីផ្សារផ្លែមៀនមានដំណើរការល្អប៉ុណ្ណោះទេ សូម្បីតែចំនួនក្រុមហ៊ុនវិនិយោគលើការកែច្នៃ និងវេចខ្ចប់ផ្លែមៀនក្រៀមសម្រាប់ទីផ្សារនៅក្នុងស្រុក និងបរទេសក៏កើនឡើងដែរ។
លោកនិយាយថា៖ «ទីផ្សារចិនបានរួមចំណែកយ៉ាងច្រើនក្នុងការធ្វើឱ្យផលិតកម្មមៀនកម្ពុជាមានវឌ្ឍនភាពទៅមុខ។ ប្រជាកសិករអ្នកដាំដុះមិនមានការព្រួយបារម្ភពីកង្វះទីផ្សារដូចមុនទៀតទេ»។
លោក ភត់ សុផាន់បូរី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ពេជ្រចិន្តា ហ្រ្វូតប្រូដាក់សិន ភីអែហ្វភី ដែលជាក្រុមហ៊ុនវិនិយោគលើការដាំដុះ និងកែច្នៃផលិតផលពីផ្លែមៀនបាននិយាយថា ទោះបីទីផ្សារចិនមិនបានជួយឱ្យតម្លៃផ្លែមៀនស្រស់ហក់ឡើងខ្ពស់ ប៉ុន្តែសម្រាប់ប្រជាកសិករអ្នកដាំដុះ និងម្ចាស់ចម្ការ គឺមិនមានបញ្ហាចោទទៀតទេ។ ការនាំចេញផ្លែមៀនស្រស់ទៅប្រទេសចិន គឺធ្វើឡើងភាគច្រើននៅត្រីមាសទី ១ និងទី ៣ នៃឆ្នាំនីមួយៗ ខណៈក្នុងត្រីមាសទី ២ និងទី ៤ គេមានតម្រូវការខ្ពស់នូវផលិតផលផ្លែឈើតាមរដូវមួយចំនួនទៀតដូចជា ទុរេន មង្ឃុត និងសាវម៉ាវ ជាដើម។
លោកបន្តថា ក្នុងអំឡុងខែមេសា និងឧសភា នេះផលផ្លែមៀន មានបរិមាណតិចតួច និងគុណភាពមិនសូវល្អឡើយ (អាកាសធាតុក្តៅ ខ្វះទឹក)។ កាលពីត្រីមាសទី ១ កន្លងមក ផ្លែមៀនស្រស់ មានតម្លៃមធ្យម ៣ ២០០ រៀល (០,៨ដុល្លារ) ក្នុង ១ គីឡូក្រាម។
លោកបញ្ជាក់ថា៖ «ទោះបីកម្ពុជាទើបនាំចេញផ្លែមៀនស្រស់ទៅទីផ្សារប្រទេសចិន (ចុងខែតុលា ឆ្នាំ ២០២២) ប៉ុន្តែទីផ្សារនេះបានធ្វើឱ្យអ្នកដាំមានទំនុក-ចិត្តចំពោះទីផ្សារ និងតម្លៃ»។
បើតាមលោក សុផាន់បូរី ដើមមៀន នឹងផ្តល់ផលចាប់ពីអាយុ ៤ ឆ្នាំដល់ ៦០ ឆ្នាំ (យូរបំផុត) ដោយក្នុង ១ ឆ្នាំផ្តល់ផល ១ ដង។ ចាប់ពីអាយុ ១០-៤០ ឆ្នាំក្នុងដី ១ ហិកតាដើមមៀនអាចផ្តល់ផលជាមធ្យមលើស ១០ តោនក្នុង ១ ឆ្នាំ។
ប្រធានមន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបង លោក គឹម ហួត បាននិយាយថា ទីផ្សារប្រទេសចិន បានជួយឱ្យតម្លៃផ្លែមៀនស្រស់នៅកម្ពុជាក្នុងឆ្នាំ ២០២៣ នេះល្អប្រសើរជាងឆ្នាំមុនៗដោយចន្លោះពីដើមខែសីហា ដល់ចុងខែធ្នូ ឆ្នាំ ២០២២ ផ្លែមៀនស្រស់នៅខេត្តបាត់ដំបង មានតម្លៃមធ្យម ៣ ៦០០ រៀលក្នុង ១ គីឡូក្រាម ចំណែកក្នុងខែមករា និងកុម្ភៈ មានតម្លៃ ៤ ០០០ រៀល និងចាប់ពីខែមីនា ដល់ថ្ងៃនេះ (ថ្ងៃទី ៩ ខែឧសភា) មៀនស្រស់មានតម្លៃជាមធ្យម ៤ ៥០០ រៀល។
លោកបានអះអាងថា៖ «បើតាមខ្ញុំគិត គឺនៅឆ្នាំក្រោយៗទៀត តម្លៃនឹងរក្សាបានល្អ ហើយការបញ្ជាទិញពីទីផ្សារប្រទេសចិន គឺនៅតែមាន»។
ទោះយ៉ាងណា លោកលើកឡើងថា ដើម្បីអាចមានទីផ្សារទទួលទិញរឹងមាំ និងបានតម្លៃល្អនោះ គឺត្រូវទាមទារឱ្យកសិករខិតខំថែរក្សាដើម និងគុណភាពផ្លែឱ្យបានល្អផងដែរ។
ក្នុងពិធីសម្ពោធការនាំចេញផ្លែមៀនស្រស់កម្ពុជាជាផ្លូវការទៅទីផ្សារប្រទេសចិន កាលពីថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២២ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងថា ការទទួលបានសិទ្ធិនាំចេញផ្លែមៀនស្រស់ជាផ្លូវការទៅប្រទេសចិន គឺជាការបោះជំហានទៅមុខយ៉ាងវែងសម្រាប់ផលិតផលកសិកម្មកម្ពុជា។
យោងតាមលោក ឌិត ទីណា នៅពេលខាងមុខ កម្ពុជានឹងបើកការចរចាជាមួយរដ្ឋាភិបាលចិនសម្រាប់ការនាំចេញកសិផលផ្សេងទៀតដូចជា ម្រេច ដូងក្រអូប ទុរេន ផលិតផលសម្បកត្រចៀកកាំ ផ្លែម្នាស់ ផ្លែខ្នុរ និងគ្រាប់ឈូកជាដើម៕