ភ្នំពេញៈ ពាណិជ្ជកម្ម​កម្ពុជា​វៀតណាម រយៈពេល ៤ ​ខែ​ដើមឆ្នាំ ​២០២៣ មាន​ទឹកប្រាក់​សរុប​ជាង ២,៤ ​ពាន់​លាន​ដុល្លារ កើនឡើង​តិចតួច​បើ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​ឆ្នាំ ​២០២២ ខណៈ​ការនាំចេញ​របស់​កម្ពុជា​បាន​កើនឡើង​ជិត ២១​ ភាគរយ​។ នេះ​បើ​យោងតាម​អគ្គនាយក​​ដ្ឋា​ន​គយ និង​រដ្ឋាករ​កម្ពុជា​។​

​តារាង​ស្ថិតិ​ជញ្ជីងពាណិជ្ជកម្ម​ទំនិញ​អន្តរជាតិ រយៈពេល​ ៤ ​ខែ ឆ្នាំ ២០២៣ ឱ្យដឹងថា ការផ្លាស់​ប្តូរ​ទំនិញ​រវាង​កម្ពុជា​-​វៀតណាម ពី​ខែមករា​-​មេសា ឆ្នាំ ២០២៣ មាន​ទឹកប្រាក់​សរុប ២ ៤៣០,៤៤​ លាន​ដុល្លារ កើនឡើង ៥,៦ ​ភាគរយ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២២​។ ក្នុងនោះ​ការនាំ​ទំនិញ​ពី​កម្ពុជា​ទៅ​វៀតណាម មាន​ចំនួន ១ ១៨១,៤៦ ​លាន​ដុល្លារ កើន ២០,៩​ ភាគរយ និង​ទំនិញ​នាំ​មកពី​វៀតណាម​ចំនួន ១ ២៤៨,៩៨​ លាន​ដុល្លារ ធ្លាក់​ចុះ ៥,៦​ភាគរយ​។ បើ​ផ្អែក​តាម​ទិន្នន័យ​ខាងលើ គឺ​ជញ្ជីង​ពា​ណិ​ជ្ជ​កម្ម​កម្ពុជា មាន​ឱនភាព ៦៧,៥២​ លាន​ដុល្លារ​។​


​ដោយឡែក​បើ​មើលទៅ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​នៅក្នុង​ខែមេសា ឆ្នាំ​ ២០២៣ គឺ​សម្រេចបាន ៥៦៣,០៣​ លាន​ដុល្លារ ធ្លាក់ចុះ ៣​ ភាគរយ​បើ​ធៀប​ខែមេសា ឆ្នាំ​ ២០២២ ដែលមាន​ចំនួន ៥៨០,៤៨ ​លាន​ដុល្លារ​។ ការនាំចេញ​របស់​កម្ពុ​ជា​ក្នុង​ខែមេសា ឆ្នាំ ​២០២៣ មាន​ចំនួន​ ២៧១,៦៥​ លាន​ដុល្លារ កើន​ឡើង ២៤,៤​ ភាគរយ និង​នាំចូល​ពី​វៀតណាម មាន​ចំនួន ​២៩១,៣៧​ លាន​ដុល្លារ ធ្លាក់ចុះ ១៩,៥​ ភាគរយ​។​

​អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា លោក លឹម ហេង បាន​សាទរ​ចំពោះ​កំណើន​ទឹកប្រាក់​ការនាំចេញ​ទំនិញ​ពី​កម្ពុជា​ទៅ​វៀតណាម ដោយ​លោក​អះអាងថា ដោយសារតែ​សមត្ថភាព​ផលិតកម្ម​កម្ពុជា​កើនឡើង ជា​ពិសេស​ទិន្នផល​កសិកម្ម ស្រប​ពេល​ទំនាក់ទំនង​ប្រទេស​ជាប់​ព្រំដែន​ទាំង ២ ក៏​ល្អ​ផងដែរ​។ ក្រៅពី​ចំណុច​ខាងលើ​ប្រទេស​ទាំង ២ ក៏មាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ទ្វេភាគី និង​ពហុ​ភាគី​ជាមួយគ្នា​ផងដែរ​។​


​ទោះយ៉ាងណា​លោក​បញ្ជាក់ថា ទំនិញ​ដែល​កម្ពុជា​នាំទៅ​វៀតណាម​ភាគច្រើន​ជាវ​ត្ថុ​ធាតុ​ដើម និង​ផលិតផល​កសិកម្ម ដូច្នេះ​បើ​កម្ពុជា​អាច​បង្កើន​ការ​នាំចេញ​ផលិតផល​សម្រេច​វិញ​នោះ គឺ​កម្ពុជា​នឹង​ទទួលផល​ប្រយោជន៍​កាន់តែច្រើន​។​

​លោក​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ១០ ឧសភា​ថា​៖ «​កំណើន​ពាណិជ្ជកម្ម​ទ្វេភាគី ពិសេស​ការ​កើនឡើង​ដ៏​ច្រើន​នៃ​ទឹកប្រាក់​នាំចេញ​របស់​កម្ពុជា គឺជា​សញ្ញា​បញ្ជាក់ថា​ចង្វា​ក់​ផលិតកម្ម​នៅ​កម្ពុជា​កាន់តែ​រឹងមាំ​។ ទឹកប្រាក់​នៃ​ការនាំចេញ​របស់​កម្ពុជា​ត្រូវ​រំពឹងថា​នឹងមាន​ចំនួន​កាន់តែច្រើន​ចាប់ពីពេលនេះ​តទៅ​»​។​

​ទំនិញ​សក្តានុពល​ដែល​កម្ពុជា​នាំទៅ​ប្រទេស​វៀតណាម មាន​ភាគច្រើន​ជា​ផលិតផល​កសិកម្ម ​(​ស្រូវ​, កៅស៊ូ​, ស្វាយចន្ទី​, និង​ដំឡូង​មី ជាដើម​) និង​វត្ថុ​ធាតុ​ដើម ចំណែក​ផលិតផល​ដែល​វៀតណាម​នាំមក​វិញ​រួមមាន​ដែក សម្ភារ​សំណង់ ប្រេង បន្លែ ផ្លែឈើ និង​ជី​។ នេះ​បើតាម លោក លឹម ហេង​។​

​អ្នកសេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា លោក ហុង វណ្ណៈ បាន​និយាយថា ទំនាក់ទំនង​ពាណិជ្ជកម្ម និង​វិស័យ​ទេសចរ​​ណ៍រ​វាង​ប្រទេស​ទាំង ២ នឹងមាន​សម្ទុះ​ថែមទៀត​នៅពេល​គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ​ទៅ​ក្រុង​បាវិត ​(​ព្រំដែន​កម្ពុជា​-​វៀតណាម​) បញ្ចប់​រួច​រាល់​។ ការកើនឡើង​ទឹកប្រាក់​ពាណិជ្ជកម្ម​ទ្វេភាគី ពិសេស​ការ​នាំចេញ​របស់​កម្ពុជា គឺ​បញ្ជាក់ថា​សមត្ថភាព​ផលិតកម្ម​របស់​កម្ពុជា​កើនឡើង​កាន់តែខ្លាំង​។​

​លោក​និយាយថា​៖ «​ដោយ​សារ​ប្រទេស​ទាំង​ ២ ​មាន​ព្រំដែន​ជាប់​គ្នា ដូច្នេះ​ចំនួន​ទឹកប្រាក់​នៃ​ការផ្លាស់ប្តូរ​ទំនិញ​អាច​ច្រើន​លើសពី​អ្វីដែល​យើង​ឃើញ​តាម​តួលេខ​»​។​

​ក្នុង​ឆ្នាំ​ ២០២២ ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-​វៀតណាម មាន​ទឹកប្រាក់​សរុប ៦ ១៣៥,៧៦​ លាន​ដុល្លារ កើន ១៩,៦​ ភាគ​​រយ​ធៀប​ឆ្នាំ ​២០២១​។ កម្ពុជា​នាំ​ទំនិញ​ទៅ​វៀតណាម​ចំនួន ២ ១៦៨,៦១៩ ​លាន​ដុល្លារ កើន​ ៩,២ ​ភាគរយ និង​វៀតណាម​នាំមក​កម្ពុជា ៣ ៩៦៧,១៤១៣​ លាន​ដុល្លារ កើន​ ២៦,២​ភាគរយ​។ នេះ​បើតាម​អគ្គ​នា​យក​ដ្ឋា​ន​គយ​៕