ភ្នំពេញៈ អ្នកវិនិយោគ​ជប៉ុន ​១ ​ក្រុម​នឹង​មក​ធ្វើ​ទស្សនកិច្ច​សិក្សា​លើ​ឧស្សាហកម្ម​ស្វាយចន្ទី​នៅ​កម្ពុ​ជានា​ចុងខែ​ឧសភា​នេះ ដើម្បី​ស្វែងរក​ឱកាស​វិនិយោគ និង​ពង្រីក​ការវិនិយោគ​ទៅលើ​ការកែច្នៃ​ដើម្បី​នាំចេញ​ទៅកាន់​ទីផ្សារ​រប​ស់​ខ្លួន និង​ពិភពលោក ស្របពេល​រដ្ឋាភិបាល​ក​ម្ពុ​ជា​បានកំណត់​ទិសដៅ​ជំរុញ​ការ​នាំចេញ​គ្រាប់ស្វាយចន្ទី​នេះ​ទៅកាន់​ពិភពលោក​ផងដែរ​។​

​លោក អួន ស៊ី​ឡុ​ត ប្រធាន​សមាគម​​ស្វាយចន្ទី​កម្ពុជា​ (​ស​សក​)​ បាន​ថ្លែងប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ថា ឧស្សាហកម្ម​កែច្នៃ និង​នាំចេញ​គ្រាប់ស្វាយចន្ទី​កម្ពុជា​ត្រូវ​រំពឹងថា នឹងមាន​ដំណើរការ​កា​ន់​តែ​ល្អ ខណៈ​តាម​គម្រោង​នៅ​ចុងខែ​ឧសភា​នេះ​នឹងមាន​វិនិយោគិន​ជប៉ុន​នៅក្នុង​ឧស្សាហកម្ម​កែច្នៃ​គ្រាប់ស្វាយចន្ទី​ជាច្រើន​ធ្វើដំណើរ​មក​កម្ពុជា​ដើម្បី​ពិភាក្សា​ជាមួយ​អាជ្ញាធរ និង​ផ្នែក​ឯកជន​កម្ពុជា​លើ​លទ្ធភាព​នៃ​ការវិនិយោគ​លើ​រោង​ចក្រ​កែច្នៃ​គ្រាប់ស្វាយចន្ទី និង​ផលិត​ផល​គ្រាប់ស្វាយចន្ទី​ផ្សេងទៀត​។


​រដ្ឋាភិបាល​កម្ពុជា កាលពី​ថ្ងៃទី​ ១៣ ខែមករា ឆ្នាំ​ ២០២៣ បានអនុម័ត​លើ​សេចក្តីព្រាង «​គោល​យោ​បាយ​ជាតិ​ស្តីពី​ស្វាយចន្ទី ឆ្នាំ​ ២០២២-២០២៧»​។

គោលនយោបាយ​ជាតិ​ស្តីពី​ស្វាយចន្ទី គឺមាន​ចក្ខុវិស័យ​អភិវឌ្ឍន៍​ផលិតកម្ម កែច្នៃ និង​ទីផ្សារ​ស្វាយចន្ទី​ឱ្យមាន​លក្ខ​ណៈ​ប្រកួតប្រជែង​ប្រកបដោយ​បរិ​យា​ប័ន្ន ធានា​នូវ​និរន្តរភាព និង​ការធ្វើ​ពិ​ពិ​ធ​កម្ម​សេដ្ឋកិច្ច និង​មាន​គោលបំណង​ប្រែក្លាយ​កម្ពុជា​ទៅជា​ប្រទេស​ផលិត និង​ផ្គត់ផ្គង់​ផលិតផល​សា្វ​យ​ចន្ទី​ដ៏​សំ​ខាន់​មួយ​សម្រាប់​បម្រើ​ទីផ្សារ​ក្នុងស្រុក តំបន់ និង​ពិភពលោក​។​


​លោក ស៊ី​ឡុ​ត បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ១០ ខែឧសភា​ថា ផលិតកម្ម​គ្រាប់ស្វាយចន្ទី​កម្ពុជា​ត្រូវ​រំពឹងថា​នឹងមាន​ដំណើរ​វិវឌ្ឍន៍​ទៅមុខ​កាន់តែ​ល្អ​នាពេល​អនាគត ដោយនៅ ២ សប្តាហ៍​ខាងមុខ​នឹងមាន​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​ជប៉ុន​ធំៗ​មក​កម្ពុជា​ដើម្បី​សិក្សា​លម្អិត​ពី​ការបណ្តាក់ទុន​លើ​រោងចក្រ​កែច្នៃ​គ្រាប់ស្វាយចន្ទី រោងចក្រ​កែច្នៃ​សម្បក​គ្រាប់ស្វាយចន្ទី​ធ្វើជា​ប្រេង និង​ធ្វើ​ធ្យូង​សម្រាប់​ដុត ជាដើម​។​

​លោក​បាន​ថ្លែងថា​៖ «​បើតាម​ខ្ញុំ​ដឹង គឺ​នៅ​ថ្ងៃទី​ ២៥ ខែឧសភា​នេះ នឹងមាន​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​មកពី​ជប៉ុន​ជាច្រើន​នៅក្នុង​ផលិតកម្ម​កែច្នៃ​គ្រាប់ស្វាយចន្ទី​ធ្វើដំណើរ​មក​កម្ពុជា ដើម្បី​ពិនិត្យមើល​ដោយផ្ទាល់​ពី​សក្តានុពល​នៃ​ស្ថានភាព​ចម្ការ គុណភាព​គ្រាប់ស្វាយចន្ទី និង​លទ្ធភាព​នៃ​ការវិនិយោគ​»​។​

​លោក​បន្តថា ក្នុង​ដំណើរ​នោះ​ក៏​នឹងមាន​ជំនួប​ជាមួយ​ថ្នាក់ដឹកនាំ​ក្រសួងកសិកម្ម អាជ្ញាធរ​មូលដ្ឋាន ព្រមទាំង​ផ្នែក​ឯកជន​នៃ​ផលិតកម្ម​ស្វាយចន្ទី​កម្ពុជា​ផងដែរ​។​

​លោកស្រី អ៊ិ​ន ឡៃ​ហ៊ួ​ត ម្ចាស់​សិប្ប​កម្ម​កែច្នៃ​គ្រាប់ស្វាយចន្ទី ជ័យ សំបូរ កាលពីពេល​ថ្មីៗ​នេះ​បាន​និយាយថា ដោយសារ​សមត្ថភាព​កែច្នៃ​ក្នុងស្រុក​មាន​កម្រិត​បាន​ធ្វើឱ្យ​ជាង ៩០​ ​ភាគរយ​នៃ​គ្រាប់ស្វាយចន្ទី​ឆៅ​ដែល​ប្រមូលបាន ត្រូវ​ក្រុម​ឈ្មួញ​យកទៅលក់​បន្ត​នៅ​ប្រទេស​វៀតណាម​។ ជាធម្មតា​ការ​ប្រ​​មូល​ផល​ស្វាយចន្ទី គឺ​ពី​ចុងខែ​មករា ដល់​ចុងខែ​ឧសភា នៃ​ឆ្នាំ​នីមួយៗ​។​

​លោកស្រី​និយាយថា​៖ «​ប្រសិនបើ​កម្ពុ​ជាមាន​រោងចក្រ​កែច្នៃ​គ្រាប់ស្វាយ​ចន្ទី​ខ្នាត​ធំ​គឺ​នឹង​ផ្តល់​ផល​វិជ្ជមាន​ច្រើន​សម្រាប់​ប្រជាជន និង​សេដ្ឋកិច្ចជាតិ ព្រោះ​បច្ចុប្បន្ន​ដោយសារ​មិនសូវមាន​រោងចក្រ​កែច្នៃ​ក្នុងស្រុក វា​បាន​បង្ខំ​ឱ្យមាន​ការនាំចេញ​យ៉ាងច្រើន​ទៅ​លក់​នៅ​ប្រទេសជិតខាង​»​។​

​បើតាម​លោក អួន ស៊ី​ឡុ​ត បច្ចុប្បន្ន​នៅ​កម្ពុជា មាន​ផ្ទៃដី​ចម្ការ​ស្វាយចន្ទី ប្រមាណ ៧០​ ម៉ឺន​ហិកតា ក្នុងនោះ​ប្រ​ហែល ៧​ ម៉ឺន​ហិកតា​ប្រឈម​នឹង​ការ​បាត់បង់​ដោយសារ​ប្រជាកសិករ​ឈូស​ចោល​ទៅ​ដាំដំឡូង​មី ឬ​ដំណាំ​ផ្សេងៗ​ជំនួស​វិញ​។ ជាធម្មតា​ដើម​ស្វាយចន្ទី​អាច​ផ្តល់​ផល​បន្ទាប់ពី​ដាំ​បាន ៥-៦​ឆ្នាំ (​លើកលែង​ពូជ M10 និង M ២៣ ឱ្យ​ផល​ចាប់ពី​អាយុ ២​ ឆ្នាំ​)​ និង​ឱ្យ​ផល​រហូតដល់​អាយុ ២៥ ​ឆ្នាំ​។ ក្នុង​ទំហំ​ដី ១​ ហិកតា​ជា​មធ្យម​ផ្តល់​ផល​ចន្លោះ​ពី ១,៥-១,៨​ តោន​ក្នុង ១​ ឆ្នាំ​។​

​របាយការណ៍​ពី​សមាគម​ស្វាយចន្ទី​កម្ពុជា បាន​បង្ហាញថា ក្នុង​ឆ្នាំ​ ២០២២ កម្ពុជា​នាំចេញ​គ្រាប់ស្វាយចន្ទី​ឆៅ​ទៅ​ទីផ្សារ​អន្តរជាតិ ៦៧ ​ម៉ឺន​តោន គិត​ជា​ប្រាក់ ១ ០៧៧​ លាន​ដុល្លារ​។ ប្រទេស​ដែល​នាំចូល​គ្រាប់ស្វាយចន្ទី​ពី​កម្ពុជា មាន​ជាអាទិ៍ ប្រទេស​វៀតណាម ជប៉ុន និង​ចិន ខណៈ​ប្រទេស​ផ្សេងៗ​ទៀត​ក៏​កំពុងតែ​សម្លឹងមើល​ឱកាស​ក្នុងការ​នាំចូល​គ្រាប់ស្វាយចន្ទី​កម្ពុជា​ទៅកាន់​ទីផ្សារ​ប្រទេស​ខ្លួន​ដែរ​។​

​កាលពី​ខែមីនា​កន្លងមក លោក អួន​ ស៊ី​ឡុ​ត ធ្លាប់​និយាយថា ជាមួយនឹង​សក្តានុពល​នៃ​ទិន្នផល​គ្រាប់ស្វាយ​​ចន្ទី​ឆៅ​ដែល​កម្ពុជា​ប្រមូលបាន​រាល់​ឆ្នាំ ក្រុមហ៊ុន​ជប៉ុន Top Planning Co., Ltd (TPJ) កំពុង​ពិចារណា​ចុង​​ក្រោយ​លើ​លទ្ធភាព ពង្រីក និង​សាង​​សង់រោង​ចក្រ​កែច្នៃ​គ្រាប់ស្វាយចន្ទី ២ កន្លែង​នៅ​កម្ពុជា ដើម្បី​ដណ្តើមយក​ចំណែក​ទីផ្សារ​ជប៉ុន​ឱ្យបាន ៣០ ​ភាគ​​រយ និង​ការនាំ​ចេញទៅ​ទីផ្សារ​ប្រទេស​គោលដៅ​ផ្សេងទៀត​។

បើតាម​លោក ស៊ី​ឡុ​ត រោងចក្រ​ទាំង ២ គឺ​មួយ​អាចជា​ការដំឡើង​សមត្ថភាព​ផលិត​របស់​រោងចក្រ​សិប្បកម្ម​កែច្នៃ​គ្រាប់ស្វាយចន្ទី ជ័យ សំបូរ ​(​ខេត្តកំពង់ធំ​) និង ១​ ទៀត​អាច​ស្ថិត​ក្នុងស្រុក​ស្ទឹងត្រង់ នៃ​ខេត្តកំពង់ចាម ដែលជា​ព្រំប្រទល់​រវាង​ខេត្តកំពង់ចាម ក្រចេះ និង​កំពង់ធំ​៕​