​ភ្នំពេញៈ ភ្ញៀវទេសចរ​អន្តរ​ជាតិ​ជិត ៣០​ ម៉ឺន​នាក់ ​បាន​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​ក្នុង​រយៈពេល ៤ ​ខែ​ដើមឆ្នាំ ​២០២៣ ដែល​ធ្វើឱ្យ​គ្រឹះស្ថាន​អង្គ​រអា​ចរក​ចំណូល​ពី​ការលក់​សំបុត្រ​បាន​ជាង ១៤ ​លាន​ដុល្លារ កើនឡើង​ជាង ៩​ ដង​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ ​២០២២​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​គ្រឹះស្ថាន​អង្គរ​។​

​គ្រឹះស្ថាន​អង្គរ គឺជា​គ្រឹះស្ថានសាធារណៈរដ្ឋបាល ដែល​បាន​បង្កើតឡើង​កាលពី​ឆ្នាំ​ ២០១៦ ដោយ​ស្ថិតនៅក្រោម​អាណា​ព្យា​បាល​បច្ចេកទេស​របស់​ក្រសួងទេសចរណ៍ និង​ក្រោម​អាណា​ព្យាបាល​ហិរញ្ញវត្ថុ​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។​


​ទិន្នន័យ​បង្ហាញថា ពី​ខែមករា ដល់​ខែមេសា ឆ្នាំ​ ២០២៣ មាន​ភ្ញៀវទេសចរ​អន្តរជាតិ ២៩៨ ៩៩៨ ​នាក់​បាន​ចូលទៅ​ទស្សនា​រមណីយដ្ឋាន​អង្គរ ដោយ​ចំនួន​នេះ បាន​កើនឡើង ៨០០,៤៦ ​ភាគរយ​បើ​ធៀប​រយៈពេល​ដូច​គ្នា​ឆ្នាំ​ ២០២២ ខណៈ​ចំណូល​ដែល​គ្រឹះស្ថាន​នេះ​រក​ពី​ការលក់​សំបុត្រ​ចូល​ទស្សនា​រមណីយ​​ដ្ឋា​ន​អង្គរ​មាន​ចំនួន ១៤ ០៣១ ២០៦​ ដុល្លារ កើនឡើង ៩៣៧,៣៤ ភាគរយ​។​

​ទោះជា​យ៉ាងណា​ចំនួន​ភ្ញៀវ​អន្តរជាតិ និង​ទឹកប្រាក់​ទទួលបាន ​(​គ្រឹះស្ថាន​អង្គរ​)​ នា​ដើម​​ឆ្នាំ​ ២០២៣ គឺ​នៅមាន​គម្លាត​ឆ្ងាយ​បើ​ធៀប​នឹង​ឆ្នាំ​ ២០១៩​ ជា​ពេលដែល​កម្ពុជា​ទទួលបាន​ភ្ញៀវទេសចរ​អន្តរជាតិ​ច្រើន​បំផុត​គឺ​ប្រមាណ ៦,៦​ លាន​នាក់​។ នា​រយៈពេល ៤ ​ខែ​ដំបូង​ក្នុង​ឆ្នាំ​ ២០១៩ ភ្ញៀវ​អន្តរ​​ជាតិ​ដែល​ទិញ​សំបុត្រ​ចូលទៅ​រមណីយដ្ឋាន​អង្គរ មាន ៩៧៣ ៣០៥​ នាក់ ដោយ​ប្រមូលបាន​ប្រាក់ ៤៤ ១៣៤ ៦៣៥ ​ដុល្លារ​។​


​បើតាម​គ្រឹះស្ថាន​អង្គរ តម្លៃ​សំបុត្រ​ចូល​រមណីយដ្ឋាន​អង្គរ ត្រូវបាន​ចែកជា ៣​ ប្រភេទ គឺ​សំបុត្រ​ចូល​ទស្សនា ១ ​ថ្ងៃ​មានតម្លៃ ៣៧​ដុល្លារ​, រយៈពេល ៣ ​ថ្ងៃ​តម្លៃ ៦២ ​ដុល្លារ និង ៧ ​ថ្ងៃ មានតម្លៃ ៧២ ​ដុល្លារ​។​

​សេចក្តីប្រកាស​ព័ត៌មាន​បានឱ្យដឹង​ទៀតថា ក្នុង​រយៈពេល ៤ ​ខែ​ខាងលើ​ក្រៅពី​ចំណូល​ពី​ការ​លក់​សំបុត្រ​ឱ្យ​ភ្ញៀវ​អន្តរជាតិ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ គ្រឹះស្ថាន​អង្គរ​ក៏​រក​ចំណូល​ពី​ការលក់​សំបុត្រ​ចូល​ទស្សនា​ប្រាសាទ​កោះកែរ បាន ៧៨ ២៧០​ ដុល្លារ និង​សំបុត្រ​ទូក ​(​កំពង់ផែ​ចុង​ឃ្នៀ​ស​) ចំនួន ២២៦ ៧២២ ​ដុល្លារ​ផងដែរ​។​

​ប្រធាន​សមាគម​ទេសច​រណ៍​អាស៊ី​ប៉ាស៊ីហ្វិក​កម្ពុជា លោក ធួន ស៊ីណាន បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​ថ្ងៃទី ​១៥ ខែឧសភា​ថា ទោះបី​គ្រប់​ប្រទេស​លើ​ពិភព​លោក​បាន​បើក​ប្រទេស​ឡើងវិញ ​(​វិបត្តិ​ជំងឺ​កូ​វីដ​ ១៩)​ ក៏​ចំនួន​ភ្ញៀវទេសចរ​អន្តរជាតិ​ដែល​ធ្វើដំណើរ​មក​កម្ពុជា រួមទាំង​អ្នក​ទៅ​ទស្សនា​តាម​រមណីយដ្ឋាន​នានា គឺ​នៅមាន​ចំនួន​តិចតួច​នៅឡើយ​បើ​ធៀប​នឹង​មុនពេល​មាន​វិបត្តិ​កូ​វីដ​ ១៩​។ មួយ​វិញ​ទៀត​ភ្ញៀវទេសចរ​អន្តរជាតិ​ដែល​ធ្វើដំណើរ​មក​កម្ពុជា គឺ​ភាគច្រើន​មកពី​ប្រទេស​ជិត​ខាង និង​ក្នុង​តំបន់​អាស៊ី​។​

​លោក​បញ្ជាក់ថា​៖ «​បើ​យើង​មើលទៅ​តួលេខ​ខាងលើ​គឺ​វា​ពិតជា​កើនឡើង​ច្រើន​ធៀប​នឹង​ឆ្នាំ ​២០២២ ដែលជា​ពេល​ពិភព​លោក​ជួបប្រទះ​នឹង​វិបត្តិ​ធ្ងន់ធ្ងរ​បណ្តាលមកពី​កូ​វីដ​ ១៩ ប៉ុន្តែ​បើ​យើង​យក​តួលេខ​ភ្ញៀវ​ទេស​ចរ​អន្តរជាតិ និង​ទឹកប្រាក់​ដែល​ប្រមូលបាន​ក្នុង​រយៈពេល ៤ ​ខែ​ឆ្នាំនេះ ធៀប​នឹង​មុនពេល​មាន​វិបត្តិ​កូ​វីដ ​(​ឆ្នាំ​ ២០១៩) គឺ​នៅ​ខុសគ្នា​ឆ្ងាយ​ណាស់​»​។​

​ទាក់ទង​នឹង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម និង​ប៉ា​រ៉ា​ហ្គេម ដែល​កម្ពុជា​កំពុង​ធ្វើជា​ម្ចាស់ផ្ទះ​លោក ស៊ីណាន បាន​ប្រាប់ថា​គឺជា​ការផ្សព្វផ្សាយ​មួយ​ដ៏​ល្អ​ពី​កម្ពុជា​ទៅគ្រប់​ប្រទេស​លើ​ពិភពលោក ពិសេស​វា​នឹង​ជួយ​ទាក់ទាញ​ចំ​ណាប់​អារម្មណ៍​ភ្ញៀវ​អន្តរជាតិ​ឱ្យធ្វើ​ដំណើរ​មក​កម្សាន្ត​នៅ​ប្រ​ទេស​កម្ពុជា​នាពេលខាងមុខ​។​

​ប្រធាន​សមាគម​មគ្គុទ្ទេសក៍​ទេសចរ​អង្គរ លោក ខៀវ ធី ឱ្យដឹងថា ចំនួន​ភ្ញៀវ​ដែល​មក​ដើរ​កម្សាន្ត​នៅតាម​ប្រាសាទ​នានា​ក្នុង​ខេត្តសៀមរាប​នាពេលនេះ​ភាគច្រើន​ជា​ប្រជាជន​ខ្មែរ និង​ជនបរទេស​រស់នៅក្នុង​ប្រទេស​កម្ពុជា​តែប៉ុណ្ណោះ​។​

​ចំនួន​ជើងហោះហើរ​ពី​បរទេស​ចូលមក​ខេត្តសៀមរាប​ក៏​មិនទាន់មាន​ចំនួន​ច្រើន​ដូច​មុន​ដែរ​។ លោក​បន្ថែមថា ចំនួន​ភ្ញៀវទេសចរ​អន្តរជាតិ​នឹងមាន​ចំនួន​ច្រើន​ឡើងវិញ​លុះត្រាតែ​កំណើនសេដ្ឋកិច្ច​ពិភពលោក​មាន​ស្ថិរ​ភាព និង​បញ្ហា​ជម្លោះ​អន្តរជាតិ​នានា​បិទ​បញ្ចប់​។​

​លោក​ប្រាប់ថា​៖ «​បើ​និយាយ​ពី​ចំនួន​ភ្ញៀវ​អន្តរជាតិ​មក​ទស្ស​នា​រមណីយដ្ឋាន​អង្គរ គឺ​ពិតជា​កើនឡើង​វិញ​ខ្លះ​ហើយ​បើ​ធៀប​នឹង​អំឡុង​ឆ្នាំ​ ២០២០-២០២២ ប៉ុន្តែ​ចំនួន​នេះ​គឺ​នៅ​ទាប​ឆ្ងាយ​ណាស់​ធៀប​មុន​ឆ្នាំ​ ២០២០​។ វិស័យ​ទេសចរណ៍​នៅ​ត្រូវការ​ពេល​បន្ថែមទៀត​សម្រាប់​ការ​ងើបឡើង​វិញ​»៕