​ភ្នំពេញៈ សភាពាណិជ្ជកម្ម​​កម្ពុជា ​(CCC) កំពុង​ពិចារណា​ទៅលើ​សំណើ​របស់​វិនិយោគិន​ហុងកុង​ដែល​សុំឱ្យ​បើក​កា​រិ​យា​ល័យ​តំណាង​នៅ​ទីក្រុង​ដែន​កោះ​មួយ​នេះ​ដើម្បី​ធ្វើជា​ច្រក​ពា​ណិ​ជ្ជ​កម្ម និង​វិនិយោគ​ពី​ទីក្រុង​នេះ និង​បណ្តា​ប្រទេស​នានា​នៅក្នុង​តំបន់ និង​ពិភពលោក​។​

​កាលពី​ថ្ងៃទី​ ៩ ខែឧសភា វិ​និ​យោគិន និង​ធុរជន​ហុងកុង​ ១ ​ក្រុម​បានមក​ជួបពិភាក្សា​ជាមួយ​តំណាង​សភាពាណិជ្ជកម្ម​កម្ពុជា​ដោយ​ផ្តោត​សំខាន់​ទៅលើ​ការ​ស្វែងយល់​ពី​តួនាទី​របស់​សភា​ពាណិជ្ជកម្ម​កម្ពុជា នៅក្នុង និង​ក្រៅប្រទេស ព្រមទាំង​ស្វែងរក​កាលានុវត្តភាព​ក្នុងការ​សហការគ្នា ដើម្បី​ជំរុញ និង​លើកទឹកចិត្ត​វិនិយោគិន​ហុងកុង​មក​កម្ពុជា​។​


​លោក ងួន ម៉េង​តិច អគ្គ​នា​យក​សភាពាណិជ្ជកម្ម​ក​ម្ពុ​ជា ដែល​បាន​ជួប​ក្រុម​វិនិយោគិន​ខាងលើ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃទី ​១១ ខែឧសភា ថា វិនិយោគិន និង​ធុរជន​ហុងកុង​បានមក​សាកសួរ​ព័ត៌មាន​ថា​តើ​នីតិវិធី​បើក​ការិយាល័យ​តំណាង​សភាពាណិជ្ជកម្ម​កម្ពុជា​នៅ​ក្រុង​ហុងកុង​ត្រូវធ្វើ​អ្វីខ្លះ​? លោក​បន្តថា គោលបំណង​នៃ​ការ​សាក​សួរ​គឺ​ដោយសារ CCC បាន​បើក​ការិយាល័យ​តំណាង​របស់ខ្លួន​នៅ​បណ្តា​ប្រទេស​មួយចំនួន​រួចហើយ ដូច្នេះ​ពួកគេ​ស្នើឱ្យ​ថ្នាក់ដឹកនាំ​សភា​ពាណិជ្ជ​កម្ម​កម្ពុជា​ពិចារណា​បើក​ការិយាល័យ​តំណាង​នៅ​ទីក្រុង​ហុងកុង​។​

​លោក​បញ្ជាក់ថា កន្លងមក CCC បាន​បើក​ការិយាល័យ​តំណាង​នៅក្នុង​ទីក្រុង​​តូ​រ៉ុ​ន​តូ ​(​ប្រទេស​កាណាដា​) និង​បន្ទាប់មក​នៅក្នុង​ទីក្រុង​សេន​ដាយ ​(​ប្រទេស​ជប៉ុន​) និង​ថ្មីៗ​នេះ CCC ក៏បាន​បើក​ការិយាល័យ​តំណាង​របស់ខ្លួន​នៅក្នុង​ទីក្រុង​មែ​ល​ប៊​ន និង​ស៊ីដនី ​(​ប្រទេស​អូស្ត្រាលី​) ​ផងដែរ​។​


​លោក​និយាយថា​៖ «​ដោយសារ​ខាង​ហុងកុង​ឃើញ​យើង​បើក​ការិយាល័យ​តំណាង​បាន​មួយចំនួន​នៅក្រៅ​ប្រទេស​ហើយ​នោះ​ទើប​គេ​មក​សាកសួរ​យើង​ដើម្បី​សុំ​ធ្វើជា​តំណាង​ទៅ​បើក​នៅ​ទីក្រុង​​ហុងកុង​។ គោលបំណង​របស់គេ​គឺ​ចង់​ធ្វើយ៉ាងណា​ដើម្បីឱ្យ​ប្រទេស​កម្ពុជា​ជា​ទិសដៅ​វិនិយោគ និង​ជំនួញ​បន្ទាប់ពី​ហុងកុង​។ គេ​សម្លឹង​ឃើញ​សក្តានុពល​របស់​កម្ពុជា​មាន​ច្រើន និង​គេ​មិន​សម្លឹង​ប្រទេស​ណា​ផ្សេង​ឡើយ​»​។​

​លោក​បន្តថា​៖ «​យើង​ស្វាគមន៍​ចំពោះ​គំនិត​ផ្តួចផ្តើម​នេះ ដោយសារ​ប្រទេស​កម្ពុជា​ទីក្រុង​ហុងកុង​មាន​ទំនាក់ទំនង​ល្អ​ជាមួយគ្នា​ជា​យូរ​មកហើយ​ពាក់ព័ន្ធ​នឹង​ការធ្វើ​ពាណិជ្ជកម្ម និង​វិនិយោគ​។ ការបង្កើត​ការិយាល័យ​តំណាង CCC នៅ​ហុងកុង គឺជា​រឿង​ដ៏​ល្អ​ដែល​ធ្វើឱ្យ​យើង​មាន​ចលនា​ទាំង​វិនិយោគ និង​ការធ្វើ​ពាណិជ្ជកម្ម​កាន់តែ​ប្រសើរ​»​។​

​លោក គី សេរី​វឌ្ឍន៍ អ្នកស្រាវជ្រាវ​សេដ្ឋកិច្ច នៃ​រាជបណ្ឌិត្យសភាកម្ពុជា លើកឡើងថា ទីក្រុង​ហុងកុង​គឺជា​ច្រក​សេដ្ឋកិច្ច​ក្នុង​តំបន់​ដ៏​សំខាន់​មួយ​ដែល​កម្ពុជា​អាច​ទាញយក​ផលប្រយោជន៍​ពី​ការបើក​ការិយាល័យ​តំណាង​សភា​ពា​ណិ​ជ្ជ​កម្ម​នៅ​ទីនោះ ដោយសារតែ​ស្ថា​ប័ន​នោះ​នឹង​ដើរតួនាទី​ដ៏​ចម្បង​ក្នុងការ​ផ្តល់ព័ត៌មាន​អំពី​ស្ថានភាព​សេដ្ឋកិច្ច​កម្ពុជា និង​វិស័យ​សក្តានុពល​នានា​។​

​លោក​ប្រាប់ថា​៖ «​វា​ជា​រឿង​ដ៏​ល្អ​មួយ​ដែល​យើង​មាន​ការិយាល័យ​តំណាង​ពាណិ​ជ្ជ​កម្ម​នៅ​ទីក្រុង​ហុងកុង ព្រោះ​យើង​មាន​កន្លែង​មួយ​ដែល​អាច​ផ្តល់ព័ត៌មាន​ដល់​វិនិយោគិន គឺ​មិន​ត្រឹម​មកពី​ហុងកុង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏មាន​វិនិយោគិន​អន្តរ​​ជាតិ និង​ក្រុមហ៊ុន​ធំៗ​នៅ​ជុំវិញ​ពិភព​លោក​យល់ដឹង​ច្បាស់​អំពី​វិស័យ​សក្តា​នុ​ពល និង​គោលនយោបាយ​នានា​របស់​រដ្ឋាភិបាល ដើម្បី​ផ្តល់​ជា​ធាតុ​ចូលដល់​ពួកគេ​ក្នុងការ​ពិចារណា​»​។​

​បើតាម​លោក ម៉េង​តិច នៅពេលដែល​ខាង​ភាគី​ហុងកុង​ដាក់សំណើ​ជា​ផ្លូវការ លោក​នឹង​ធ្វើការ​ជាមួយ​ក្រសួង​ពាណិជ្ជ​កម្ម លើ​សំណើ​នេះ ព្រោះ​រាល់​ការបង្កើត​ការិយាល័យ​តំណាង​របស់ CCC គឺ​ត្រូវមាន​ការឯកភាព​ពីរ​ដ្ឋា​ភិ​បាល​ផងដែរ​។​

​របាយការណ៍​របស់​អគ្គ​នាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បង្ហាញថា ការ​ដោះដូរ​ទំនិញ​ទ្វេភាគី​កម្ពុជា​-​ហុងកុង​មានទឹក​ប្រាក់​ជាង ៩៤៦​ លាន​ដុល្លារ​កាលពី​ឆ្នាំ ​២០២២ ធ្លាក់ចុះ​ជាង​ ១ ​ភាគ​រយ​បើ​ធៀប​នឹង​ឆ្នាំ​ ២០២១៕