ភ្នំពេញៈ ក្តាមថ្ម ជា​សត្វ​សមុទ្រ ១ ​ប្រភេទ ដែល​កំពុងមាន​តម្រូវ​ការ និង​ហាងឆេង​ខ្ពស់​នៅលើ​ទីផ្សារ ពិសេស​នៅ​រាជធានី​​ភ្នំពេញ​។ ចំណែកឯ​របរ​ចិញ្ចឹម​ក្ដាមថ្ម​វិញ តែង​ត្រូវបាន​គេ​យល់ថា ជា​របរ​ដែល​មានតែ​នៅ​តំបន់​សមុទ្រ ក៏ប៉ុន្តែ​បច្ចុប្បន្ននេះ​របរ​ចិញ្ចឹម​ក្ដាម​ថ្ម ក៏​គេ​អាច​ចិញ្ចឹម​បាន​តាម​បច្ចេក​ទេស​ទំនើប​មិន​រើស​ទីតាំង​ដោយ​​សារ​ការដាក់​ចិញ្ចឹម​នៅក្នុង​ប្រអប់​ដាច់ដោយឡែក​ពីគ្នា ហើយ​ថែម​ទាំង​មិន​តម្រូវឱ្យ​ម្ចាស់​កសិដ្ឋាន​ជីក​ស្រះ ឬ​ធ្វើ​អាង​ឡើយ​។​

​ជា​វិស្វករ​ដែល​ធ្វើការ​ក្នុង​វិស័យ​សំណង់ ដោយ​គ្មាន​ជំនា​ញក​សិ​កម្ម​សោះ តែ​យុវជន​ខ្មែរ ១ ​រូប​សម្លឹង​ឃើញ​ឱកាស និង​បាន​សម្រេចចិត្ត​ផ្លាស់ប្តូរ​អាជីព​ទៅ​បើក​កសិដ្ឋាន​ចិញ្ចឹម​ក្តាមថ្ម​ក្នុង​ប្រអប់​តាមបែប​បច្ចេកទេស ដែល​ស្ថិតនៅក្នុង​ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។


​យុវជន ឧ​ត្ត​ម ទិ​ត្យា ដែលជា​ម្ចាស់​កសិដ្ឋាន ​«​ក្តាមថ្ម​ភ្នំពេញ​»​ បាន​ប្រាប់​ឱ្យដឹងថា អាជីវកម្ម​របស់លោក​មិនធំ​ពេក​ទេ ដោយ​លោក​បានចាប់ផ្តើម​ដំបូង​ជា​លក្ខណៈ​គ្រួសារ ពោលគឺ​ដំណើរ​​ការ​នៅក្រោយ​ផ្ទះ ដោយសារ​មាន​ដី​ទំនេរ​ស្រាប់​ផង និង​ដោយសារ​អាជីវកម្ម​ក្ដាមថ្ម​នៅក្នុង​ប្រអប់ វា​មិន​ទាមទារ​ទីតាំង​ធំ​ពេក​ទេ គឺ​ត្រឹម ៦០ ​ម៉ែត្រការ៉េ​តែប៉ុណ្ណោះ​។​

​លោក ឧ​ត្ត​ម ទិ​ត្យា បាន​រៀប​​រាប់​ឱ្យដឹងពី​ចំណុច​ចាប់ផ្តើម​អាជីវកម្ម​របស់លោក​ថា​៖ «​តាមពិតទៅ​ចំណុច​សំខាន់​ច្រើន​មែនទែន តែ​ដំបូង​ឡើយ​ផ្ដើមចេញពី​ការ​ទៅ​ហូប​គុយទាវ ខ្ញុំ​ហៅ​គុយទាវ​គ្រឿង​សមុទ្រ ប៉ុន្តែ​ភាគច្រើន​មានតែ​បង្គា និង​មឹក អត់​មាន​ក្ដាម ហើយ​ចំណែក​នៅតាម​ហាង​គ្រឿង​សមុទ្រ ក៏​អ៊ីចឹង មានតែ​មឹក​បង្គាៗ​»​។​


​លោក​បន្តថា​៖ «​ដល់​អ៊ីចឹង ខ្ញុំ​ក៏មាន​គំនិត​ចង់​នាំយក​ក្ដាមថ្ម​ឱ្យមាន​វត្តមាន​លើ​ទីផ្សារ ដល់ពេល​ខ្ញុំ​ស្រាវជ្រាវ​មើលទៅ នៅ​ភ្នំពេញ​ដូចជា​មិនមាន​ច្រើន​ទេ ណាមួយ​សម្រាប់​អាជីវ​កម្មនេះ អាច​និយាយបានថា ខ្ញុំ​ចាប់ផ្ដើមបាន​មុនគេ​បន្តិច​»​។

សម្រាប់​ជំនាញ​នេះដែរ យុវជន​ ឧ​ត្ត​ម ទិ​ត្យា ថា លោក​គ្មាន​ជំនាញ​កសិកម្ម​ទាល់តែសោះ ដែល​ធាតុពិត លោក​គឺជា​វិស្វករ​ធ្វើការ​ខាង​សំណង់​តែ​លោក​ចេះតែ​ឆ្លៀត​គិត​មើលទៅ ក៏​យល់​ឃើញថា ការចិញ្ចឹម​ក្តាម​វា​ទំនង ក៏​ចង់​ចាប់ផ្តើម​អាជីព​នេះ​។​

​ក្រោយ​សម្លឹង​ឃើញ​ឱកាស និង​មាន​គោលដៅ​ច្បាស់លាស់ លោក​បាន​គិតទុក​តាំងពី​ពេល​នៅ​ធ្វើការ​ឱ្យគេ​។ សម្រាប់​បច្ចេក​ទេស​ចិញ្ចឹម គឺ​លោក​រៀន​តាមរយៈ​អន​ឡាញ ដែលជា​ការ​បង្រៀន​ពី​ក្រៅប្រទេស ដូចជា​ម៉ាឡេស៊ី និង​ហ្វីលីពីន​។

លោក​បញ្ជាក់ថា​៖ «​ដោយសារ​ពេលនោះ​ជា​ពេល​រាលដាល​នៃ​មេរោគ​កូ​វីដ​ ១៩ គេ​បើក​បង្រៀន​តាម​អន​ឡាញ​គឺ​ខ្ញុំ​រៀន​តាម​អន​ឡាញ​សុទ្ធសាធ ហើយ​ចម្ងល់​វិញ គឺមាន​ច្រើន​ខ្លាំង​មែនទែន ទម្រាំ​ខ្ញុំ​អាច​ឆ្លង​ផុត​ដំណាក់កាល​បច្ចេក​ទេស​បាន​»​។​

​ទាក់ទិន​នឹង​បច្ចេកទេស​ចិញ្ចឹម​ដដែល​នេះ​ម្ចាស់​កសិដ្ឋាន​ក្តាមថ្ម​ភ្នំពេញ បានឱ្យដឹងថា សម្រាប់​ក្ដាមថ្ម​ដែល​លោក​ចិញ្ចឹម​នៅ​ភ្នំពេញ​នេះ មិនមែន​ចិញ្ចឹម​តាំង​ពី​តូច​តែម្តង ឬ​បង្កាត់​ពូជ​ថ្មី​ទេ ពោលគឺ​ជាការ​នាំយក​ក្ដា​ម​នៅ​សមុទ្រ​ខ្មែរ ដូចជា​ពី​ខេត្ត​ព្រះ​​សីហនុ និង​ខេត្តកោះកុង​គឺ​លោក​យក​ក្ដាម​ណា​ដែល​ស្ទើរ​សាច់ ឬក៏​ពេញ​សាច់​ហើយ មក​ដាក់​ក្នុង​ប្រអប់​ដូចជា​កន្លែង​ស្តុក​ទៅវិញ​ទេ បន្ទាប់មក​ទើប​លោក​យកទៅលក់ ឬ​បោះ​លក់​បន្ត​វិញ​។​

​ចំពោះ​លក្ខណពិសេស​របស់​អាជីវ​កម្ម​ក្ដាមថ្ម​របស់លោក ឬ​អាជីវកម្ម​ក្ដាមថ្ម​ក្នុង​ប្រអប់​តាម​បច្ចេកទេស​ទំនើប​នេះ លោក ឧ​ត្ត​ម ទិ​ត្យា បានឱ្យដឹងថា វា​មាន​លក្ខណពិសេស​ច្រើន ពិសេស​គឺ​អនាម័យ ហើយ​បើ​គិតតែ​ត្រឹម​រឿង​តម្លៃ​មួយ គឺអាច​ប្រកួត​​ប្រជែង​ជាមួយ​អ្នក​នៅ​សមុទ្រ​បាន​ទៀតផង​។​

​សម្រាប់​តម្រូវការ​វិញ​លោក ឧ​ត្ត​ម ទិ​ត្យា បានឱ្យដឹងថា​៖ «​អាច​និយាយថា កំពុងមាន​តម្រូវការ​ខ្ពស់ ដោយសារ​មិនមាន​កសិដ្ឋាន​បែបនេះ​ច្រើន ឬ​ពិបាក​រក​ដូច​នៅតាម​ផ្សារ​កាល​ណា​អតិថិជន​គាត់​រក​អត់​បាន​វា​ថ្លៃ ហើយ​ទុក​មិនបាន​យូរ​ទៀត​ដោយសារ​វា​ជា​របស់​រស់​»​។​

​លោក​បាន​បន្តថា ទៅមុខ​លោក​ក៏មាន​គម្រោង​ធ្វើឱ្យ​តាម​ហាង​លក់​នានា​នៅ​ភ្នំពេញ​ត្រូវតែមាន​ក្ដាមថ្ម​លក់ មិនអាច​មានតែ​មឹក និង​បង្គា​ដូច​បច្ចុប្បន្ន​នោះទេ​។​

​លោក​ឧ​ត្ត​ម ទិ​ត្យា​បាន​បន្ត​ថ្លែងថា បច្ចុប្បន្ននេះ​កសិដ្ឋាន​របស់លោក​មាន​ចំនួន​ ១ ​ពាន់​ប្រអប់ ដែល​អាច​ផ្គត់ផ្គង់​ក្តាមថ្ម​ជាច្រើន​ប្រភេទ​ដូចជា​ក្តាម​លេខ​១ លេខ​ ២ លេខ​ ៣ ក្ដាម​ធំ ក្ដាមសេះ ក្ដាម​ពង និង​មានតម្លៃ​ចាប់ពី ២ ​ម៉ឺន​រៀល ដល់ ១២ ​ម៉ឺន​រៀល​ក្នុង ១​ គីឡូក្រាម​។

​បន្ថែម​ពីលើ​នេះ លោក​បាន​ឱ្យដឹងពី​ប្រភេទ​អតិ​ថិ​ជន​របស់លោក​ថា​៖ «​សម្រាប់​បច្ចុប្បន្ននេះ ខ្ញុំ​កំពុង​ពិនិត្យ​ទីផ្សារ​បន្ថែម​ផង និង​មាន​ម៉ូយ​ស្រាប់​ផង ដែល​ពួកគាត់​ភាគច្រើន​ជា​ភោជនីយដ្ឋាន អ្នកលក់​គ្រឿង​សមុទ្រ និង​ពិសេស​អតិថិជន​ដែល​គាត់​មក​ទិញ​ផ្ទាល់​តែម្ដង ដូច​នៅ​ភ្នំពេញ​យើង​គាត់​រក​ភ្លាមៗ​គឺ​រក​មិន​បានទេ ភ្លាមៗ ស្រស់ៗ ចំហុយ​ចេញ​ជា​ទឹក យកទៅ​ពិសា​ភ្លាមៗ​គឺ​អត់​មាន​ទេ ពោលគឺ​មានតែ​យើង ហ្នឹងហើយ​ដែលជា​ចំណុច​ពិសេស​»​។

​ជា​ប្រភេទ​អាជីវកម្ម​កម្រ និង​មាន​តម្រូវការ​ខ្ពស់ លោក ឧ​ត្ត​ម ទិ​ត្យា បានឱ្យដឹង និង​រំពឹងថា វា​អាច​ទាញ​ចំណូល​បាន​ដល់​ខ្ទង់​ម៉ឺន​ដុល្លារ​ឯណោះ​ក្នុង​ ១ ខែ ប៉ុន្តែ​វា​អាស្រ័យទៅលើ​គំរូ​អាជីវកម្ម​ផងដែរ​។

​លោក​ឧ​ត្ត​ម ទិ​ត្យា បាន​បកស្រាយ​ថា​៖ «​ឧបមា​ថា ក​សិ​​ដ្ឋា​ន​ខ្ញុំ​មាន ​១ ​ពាន់​ប្រអប់ ថ្ងៃនេះ​ខ្ញុំ​ដាក់​ ៥០០​ ក្ដាម​ខាង​ភោជនីយ​ដ្ឋា​ន​គេ​យកទៅ​បាត់​អ៊ីចឹង​ខ្ញុំ​ដាក់ ៥០០​ ក្ដាម​ចូល​ទៀត ដូច្នេះ​ ១ ​ថ្ងៃ យើង​អាច​លក់​សឹងតែ ៣០០-៤០០ ​គីឡូក្រាម​ក៏បាន​ដែរ អ៊ីចឹង​ដូច​ថា ក្ដាម​ ១ តម្លៃ ២០​ ដុល្លារ គុណ​នឹង ៣០០​គីឡូ​ប៉ុន្មាន​ទៅ នេះហើយ​ជា​មូលហេតុ​ដែល​ខ្ញុំ​ថា អាជីវ​កម្មនេះ អាច​រកចំណូលបាន​ខ្ទង់​ម៉ឺន​ដុល្លារ​»​។

​ម្ចាស់​កសិដ្ឋាន​ក្តាមថ្ម​ភ្នំពេញលើកឡើងថា វា​ជា​អាជីវកម្ម​ថ្មី​នៅក្នុង​ស្រុក​យើង អ៊ីចឹង​វា​ជា​អាជីវកម្ម​មួយ​ដែល​នឹង​អាច​ដើរទៅ​មុខ​យូរ​ទៀត ហើយ​វា​ក៏​ល្អ​សម្រាប់​អ្នក​ចង់​ចិញ្ចឹម​បន្ត ឬក៏​បន្ថែម​ជំនាញ​ព្រោះ​ការងារ​នេះ​វា​មិន​រវល់​អ្វី​ច្រើន​ទេ សម្រាប់​អ្នក​ធ្វើការ ពេល​ថ្ងៃ​ធ្វើការ​ធម្មតា​ពេលយប់​ចាំ​ថែទាំ​វា​ចុះ​៕