ភ្នំពេញៈ ក្រុមហ៊ុន​រដ្ឋ​ចំនួន ​២ ដែល​ចុះបញ្ជី​នៅ​ផ្សា​រមូល​ប​ត្រ​កម្ពុជា ​(CSX) បានបង្ហាញ​នូវ​លទ្ធផល​ហិរញ្ញវត្ថុ​របស់ខ្លួន​ពុំទាន់​ល្អប្រសើរ​ឡើយ​ក្នុង​ត្រីមាស​ទី១ ឆ្នាំ​ ២០២៣ ដោយសារតែ​ការ​ងើបឡើង​យឺត​នៃ​សេដ្ឋកិច្ច​ក្នុង​តំបន់ និង​សកលលោក ដែល​ត្រូវ​រង​ឥទ្ធិពល​នៃ​ការអូសបន្លាយ​ពេល​នៃ​សង្គ្រាម​រុស្ស៊ី​-​អ៊ុយ​ក្រែ​ន​។​

​យោងតាម​របាយការណ៍​របស់​រដ្ឋាករ​​ទឹក​ស្វយ័ត​ក្រុងភ្នំពេញ​ (PWSA)​ ផ្ញើ​ទៅកាន់​ទីផ្សារ​មូល​ប​ត្រ​កម្ពុជា កាលពី​ថ្ងៃទី​ ១៦ ខែឧសភា គឺ​ក្នុង​ត្រីមាស​ទី ១ ឆ្នាំ​ ២០២៣ ខ្លួន​ទទួលបាន​ចំណូល​ជាង ៨៣​ ពាន់​លាន​រៀល ​(៨៣ ០១១ ៦១៣ ០០០​ រៀល​) ឬ​ប្រមាណ ២០​ លាន​ដុល្លារ កើន​ជាង ៩៩១​ លាន​រៀល ស្មើ ១,២១ ​ភាគរយ​, ចំណេញ​ប្រតិបត្តិការ ២៦ ​ពាន់​លាន​រៀល ថយចុះ ៥ ​ពាន់​លាន​រៀល ស្មើនឹង ១៦,១២ ​ភាគរយ និង​ចំណេញ​សុទ្ធ ចំនួន​ជាង ៣៨​ពាន់​លាន​រៀល កើនឡើង​ជាង ៨​ ពាន់​លាន​រៀល ស្មើ ២៦,៨០ ​ភាគរយ ធៀប​នឹង​ត្រីមាស​ទី​ ១ ឆ្នាំ​ ២០២២​។​


​បើតាម PWSA មូលហេតុ​ចម្បង​នៃ​ការកើនឡើង​ចំណូល ថយចុះ​ចំ​​ណេ​ញ​ប្រតិបត្តិការ និង​កើនឡើង​ចំ​ណេ​ញ​សុទ្ធ​ក្នុង​ត្រីមាស​ទី​ ១ ​ឆ្នាំ ​២០២៣ គឺ​ដោយសារតែ​ចំណូល​ការប្រាក់​សុទ្ធ កើន​ចំនួន ៦,២ ​ពាន់​លាន​រៀល​ស្មើនឹង ៧១,៩១​ ភាគរយ​។ ពន្ធ​លើ​ប្រាក់​ចំ​ណូ​ល​បាន​ថយចុះ​ចំនួន​ជាង ៧ ​ពាន់​លាន​រៀល ស្មើនឹង ៦៧,៩៥​ ភាគរយ ទោះបី​ជាការ​ចំណាយបាន​កើនឡើង ចំនួន​ជាង ៦,១​ ពាន់​លាន​រៀល ស្មើនឹង ១២,៣២ ​ភាគរយ​ក៏ដោយ​។​

​លោក ហុង សុ​ហួរ ប្រតិភូ​រាជ​រដ្ឋា​ភិ​បាល​ទទួលបន្ទុក​ជា​អគ្គនាយក​ផ្សារ​មូល​ប​ត្រ​កម្ពុជា បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ១៧ ខែឧសភា​ថា ចាប់ពី​ឆ្នាំ ២០១៧ មក​ភាគហ៊ុន​របស់​រដ្ឋាករ​ទឹក​មាន​ទំនោរ​កើន​ឡើងជា​រៀងរាល់ឆ្នាំ ដែល​មកដល់ពេលនេះ​កើន​ជិត ៣​ ដង​បើ​ធៀប​នឹង​ឆ្នាំ​ ២០១៧ ​ដែលជា​សញ្ញា​បញ្ជាក់ថា វិនិយោគិន​កាន់តែច្រើន​មើលឃើញ​ពី​សក្តានុពល និង​ទំនុកចិត្ត​លើ​អាជីវកម្ម​របស់​ស្ថាប័ន​មួយ​នេះ​។​


​លោក​ថ្លែងថា​៖ «​ភាគហ៊ុន​រដ្ឋាករទឹក ជា​ភាគហ៊ុន​មួយ​ដែលមាន​ស្ថិរ​ភាពល្អ​។ បើទោះបី​ការដាក់ឱ្យ​ដំណើរការ​សាកល្បង​នៃ​រោងចក្រ​ប្រព្រឹត្តិកម្ម​ទឹកស្អាត​បាក់​ខែង មិនទាន់​ជះឥទ្ធិពល​ដល់​តម្លៃ​ហ៊ុន​របស់​រដ្ឋាករទឹក​នា​ពេលបច្ចុប្បន្ន ប៉ុន្តែ​នៅពេល​ខាងមុខ​ពេល​មាន​រោងចក្រ​ផលិតកម្ម និង​ផលិត​ទឹកស្អាត​បាន​បន្ថែម ដែល​នឹង​ធ្វើឱ្យ​បរិ​មាណនៃ​ការលក់​របស់​រដ្ឋាករ​ទឹក​កើនឡើង​នឹង​ធ្វើឱ្យ​ស្ថានភាព​អាជីវកម្ម ប្រាក់ចំណូល និង​ប្រាក់ចំណេញ​របស់​រដ្ឋាក​រ​ទឹក​ស្វយ័ត​ក្រុងភ្នំពេញ​កើន​ឡើង​។ កត្តា​នេះ​នឹង​ធ្វើឱ្យ​វិនិយោគិន​ចាប់ផ្តើម​ពិចារណា និង​ធ្វើការ​សម្រេចចិត្ត​ជាថ្មី​»​។​

​ជាមួយគ្នានេះដែរ កំពង់ផែ​ស្វយ័ត​ភ្នំពេញ ​(PPAP)​ បានបង្ហាញ​របាយ​ការណ៍​ប្រាក់ចំណូល​របស់ខ្លួន​នៅក្នុង​រយៈពេល​ ៤ ខែ​នេះ ធ្លាក់ចុះ ១៤ ​ភាគ​រយ ដោយ​សម្រេចបាន​ប្រមាណ​ជាង ១០,៧៧​ លាន​ដុល្លារ ធ្លាក់ចុះ​ពី​ជាង​ ១២,៥៣ ​លាន​ដុល្លារ​ក្នុង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២២​។​

​លោកស្រី គឹម សុ​ផានី​តា នាយិកា​ផ្នែក​ទីផ្សារ​នៃ CSX បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា កំណើន​យឺត​នៃ​ប្រតិបត្តិការ​របស់​កំពង់ផែ​ស្វយ័ត​ភ្នំពេញ គឺ​គ្រាន់​តែ​រយៈពេល​ខ្លី​ប៉ុណ្ណោះ និង​មិន​បង្ក​ជះ​​ឥទ្ធិពល​អវិជ្ជមាន​ទៅដល់​ប្រតិបត្តិការ​ទាំងមូល​រប​ស់​កំពង់ផែ​ឡើយ​។​

​លោកស្រី​ប្រាប់ថា​៖ «​ខ្ញុំ​យល់ឃើញថា វា​ជាការ​ថមថយ​នៃ​ប្រាក់ចំណូល​រយៈពេល​ខ្លី​តែប៉ុណ្ណោះ ដូច្នេះ​វិ​និ​យោ​​គិ​ន​គួរតែ​តាមដាន​ប្រតិបត្តិការ​ជារួម​របស់​ក្រុមហ៊ុន​ទាំងមូល​ទើប​ដឹង​ច្បាស់​។ លើសពីនេះទៅទៀត​ក្រុមហ៊ុន​នេះ​ក៏​គួរ​បង្ហាញ​នូវ​ផែនការ និង​ការ​-រំពឹងទុក​របស់ខ្លួន​នៅ​ត្រីមាស​បន្ទាប់​ឬ​សម្រាប់ ​១ ​ឆ្នាំនេះ​តែម្តង​»​។​

​បើតាម​លោក ហុង សុ​ហួរ រដ្ឋាករ​​ទឹក​ស្វយ័ត​ក្រុងភ្នំពេញ​នឹងធ្វើ​ការ​កោះ​ប្រជុំ​ភាគ​ហ៊ុ​និក ឬ​រៀបចំ​មហាសន្និបាត​ភាគ​ហ៊ុ​និក នៅ​ថ្ងៃទី​ ២៦ ខែឧសភា ខាងមុខ ដើម្បី​កំណត់​ការបែងចែក​ភាគលាភ​ទៅតាម​កម្រិត​ភាគហ៊ុន​របស់​ម្ចាស់​ភាគហ៊ុន​នីមួយៗ​៕