ភ្នំពេញៈ ធនាគារពិភពលោក ​(WB) បានកែតម្រូវ​ការ​ព្យាករ​សេដ្ឋកិច្ច​របស់ខ្លួន​សម្រាប់​ប្រទេស​កម្ពុជា​ដល់ ៥,៥​ ភាគរយ​នៅ​ឆ្នាំ ២០២៣ នេះ​ពី ៥,២ ​ភាគរយ​ កាលពី​ខែមេសា ដែល​បាន​ឆ្លុះបញ្ចាំង​ពី​ការ​ស្ទុះ​ងើបឡើង​វិញ​នៃ​សេដ្ឋកិច្ច បើទោះបីជា​តម្រូវការ​ពិភព​លោក​ចុះខ្សោយ​ក៏ដោយ​។​

​ទោះ​យ៉ាងនេះ​ក្តី កំណើន​នេះ​ប្រឈម​នឹង​ហានិភ័យ​ធ្លាក់ចុះ​ដែល​បណ្តាលមកពី​ការធ្លាក់ចុះ​នៃ​តម្រូវការ​ខាងក្រៅ ដែល​នឹង​ធ្វើឱ្យ​ផលិតកម្ម​នាំមុខ​ដោយ​ការនាំចេញ​របស់​កម្ពុជា​អាច​ចុះខ្សោយ ហើយ​ការ​រឹតបន្តឹង​ហិរញ្ញវត្ថុ​សកល​ក៏​អាច​ប៉ះពាល់​ដល់​វិស័យ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ដែល​ពឹង​អាស្រ័យ​ខ្លាំង​ទៅលើ​ទុន​មកពី​ក្រៅ​សម្រាប់​ការវិនិយោគ​។​


​ថ្លែង​ក្នុង​ពិធី​ដាក់ឱ្យ​ដំណើរការ​ប​ច្ចុ​ប្បន្ន​ភាព​សេដ្ឋកិច្ចកម្ពុជា ខែឧសភា ឆ្នាំ​ ២០២៣ «​ការស្តារ​សេដ្ឋកិច្ច​ក្រោយ​ជំងឺ​កូ​វីដ​ ១៩» លោកស្រី Maryam Salim នាយក​គ្រប់គ្រង​ប្រចាំ​ប្រទេស​កម្ពុជាបានឱ្យដឹងថា ការ​ស្ទុះ​ងើបឡើង​វិញ​សេដ្ឋកិច្ច​របស់​កម្ពុជា​បាន​រឹងមាំ​នៅ​ឆ្នាំ​ ២០២២ ជាមួយនឹង​កំណើន​ពិតប្រាកដ​កើន​ដល់ ៥,២​ ភាគរយ​។​

​លោកស្រី​ឱ្យដឹងថា សេដ្ឋកិច្ច​កំពុង​ស្ថិតនៅ​លើផ្លូវ​ឆ្ពោះទៅរក​ការ​ស្ទុះ​ងើបឡើង​វិញ​យ៉ាងរឹងមាំ​។ កំណើន​សេដ្ឋ​កិច្ច​របស់​កម្ពុជា​សម្រាប់​ឆ្នាំ ​២០២៣ ត្រូវបាន​ព្យាករ​ថា នឹង​កើនឡើង​បន្ថែមទៀត​ដែល​កើនឡើង​ដល់ ៥,៥​ ភាគរយ​។​ ទោះយ៉ាងណា​ក៏ដោយ​ចក្ខុវិស័យ​គឺ​ស្ថិតក្រោម​ហានិភ័យ​ធ្លាក់ចុះ​។​


​លោកស្រី​បន្តថា​៖ «​វិបត្តិ​តម្លៃ​ប្រេង​ជាថ្មី​អាច​បង្កឱ្យមាន​អតិ​ផ​រណា និង​កាត់បន្ថយ​ការប្រើ​ប្រាស់​ក្នុងស្រុក​។ សម្រាប់​កត្តា​ក្នុងស្រុក ការផ្តោត​លើ​ឥណ​ទាន​ក្នុងស្រុក​ក្នុង​វិស័យ​សំណង់​នៅតែ​ជា​ហានិភ័យ​សំខាន់​មួយ​ចំពោះ​ស្ថិរភាព​ហិរញ្ញវត្ថុ​»​។​

​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) កាលពី​ពាក់កណ្តាល​ខែមេសា​បាន​ព្យាករ​ថា កំណើនសេដ្ឋកិច្ច​កម្ពុជា​នឹងមាន​អត្រា ៥,៨ ​ភាគរយ​នៅក្នុង​ឆ្នាំ ​២០២៣ និង​ ៦,២ ​ភាគរយ​ឆ្នាំ​ ២០២៤​។ ​កំណើន​នេះ ​នឹង​ត្រូវបាន​គាំទ្រ​ដោយ​កំណើន​នៅក្នុង​វិស័យ​ទេសចរណ៍ និង​សេវាកម្ម ដែល​ភាគច្រើន​ត្រូវបាន​ជំរុញ​ដោយ​ការបើក​ដំណើរការ​ឡើងវិញ​នៃ​ប្រទេស​ចិន​ នា​ចុងឆ្នាំ ២០២២​។​

​ប្រធាន​បេសកកម្ម​របស់ IMF ទទួលបន្ទុក​កម្ពុជា លោក Dvide Furceri បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ខែមេសា​ថា ទោះបី​ជាការ​ព្យាករ​កំណើន​នៅក្នុង​ឆ្នាំ​ ២០២៣ ​មាន​ភាពរឹងមាំ ប៉ុន្តែ​វា​នៅតែមាន​ភាពមិន​ច្បាស់​ជា​ច្រើន​នៅក្នុង​ចក្ខុ​វិស័យនេះ​។​

​លោក​ប្រាប់ថា​៖ «​យើង​មាន​ហានិភ័យ​ធ្លាក់ចុះ​ដ៏​សំខាន់​ដែល​ទាក់ទង​នឹង​ការធ្លាក់ចុះ​ខ្លាំង​ជាង​ការរំពឹងទុក​នៅ​អាមេរិក និង​អឺរ៉ុប​។ ប៉ុន្តែ​វា​ក៏មាន​សក្ដា​នុ​ពល​កើនឡើង​ដែរ ដោយសារ​វិស័យ​ទេសចរណ៍​អាច​ដំណើរ​​ការ​បានល្អ​ជាង​ការ​ព្យាករ​»​។​

​លោក លី សូ​ដេ​ត សេដ្ឋវិទូ​ជាន់ខ្ពស់​នៃ​ធនាគារពិភពលោក​ប្រចាំ​នៅ​កម្ពុជា បាន​ថ្លែង​ក្នុង​បទ​បង្ហាញថា ការ​ស្ទុះ​ងើបឡើង​វិញ​នៃ​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា ដែល​នាំមុខ​ដោយ​ការ​ផលិត ដោយ​ការនាំចេញ ដែលមាន​កត្តា​ជំរុញ​កំណើន​បាន​វិ​វត្ត​ទៅរក​វិស័យ​សេវាកម្ម និង​វិស័យ​កសិកម្ម​។ មានការ​កើន​ឡើង​ប្រាក់ចំណូល​នៅក្នុង​ស្រុក ដូច្នេះ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ត្រូវបាន​ព្យាករ​ថា​នឹង​កើន​ឡើងដល់ ៥,៥​ ភាគរយ​ក្នុង​ឆ្នាំ​ ២០២៣ នេះ​។​

​លោក​បានចង្អុលបង្ហាញ​ថា ការ​ត្រឡប់មកវិញ​ជាថ្មី​នៃ​ភ្ញៀវ​ទេសចរ​បរទេស​ចំនួន ០,៨៣ លាន​នាក់​ចន្លោះ​ពី​ខែមករា​-​ខែកុម្ភៈ ឆ្នាំ​ ២០២៣ ក្នុងនោះ​ការ​មកដល់​តាមផ្លូវ​អាកាស​បាន​កើន​ឡើងដល់ ៣៧,៥​ ភាគរយ ក្នុង​ឆ្នាំ​ ២០២៣ ពី ៣០,១​ ភាគ​​រយ​កាលពី​ឆ្នាំ​ ២០២២ ខណៈ​អតិផរណា​បាន​ត្រឡប់​ទៅ​កម្រិត​មុន​វិបត្តិ​ចំនួន ២,២ ​ភាគរយ​ក្នុង​ខែកុម្ភៈ ឆ្នាំ​ ២០២៣​។ ការនាំ​ចេញ​ទំនិញ​សរុប​បាន​ថយចុះ ១៤,២​ ភាគរយ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​ក្នុងអំឡុង​ខែមករា ដល់​ខែកុម្ភៈ ឆ្នាំ ២០២៣ ធៀប​នឹង​អត្រា​មធ្យម ​៦,៧ ភាគរយ​ក្នុង​ឆ្នាំ​ ២០១៩​។ ក្នុង​អត្រា​នេះ គឺ​ចំនួន ៩៥ ​ភាគ​រយ​ដោយសារ​ការថយចុះ​នៃ​ការនាំ​ចេញទៅ​អាមេរិក និង​សហភាព​អឺរ៉ុប​។​

​លោក​បាន​បន្តថា ការធ្លាក់ចុះ​នៃ​ការនាំចេញ​សម្លៀកបំពាក់​កាត់ដេរ ទំនិញ​អ្នកដំណើរ និង​ស្បែកជើង ត្រូវបាន​ស្តែងចេញ​ឱ្យឃើញ​ច្បាស់​ដែល​រួមចំណែក ១១,៨​ ភាគរយ​ចំណុច​នៃ​អត្រា​ ១៤,២​ ភាគរយ​ដែល​ឆ្លុះបញ្ចាំង​ពី​ការឡើង​ចុះ​នៃ​តម្រូវ​ការផលិត​ផលធៀប​នឹង​ការឡើង​ចុះ​នៃ​ចំណូល​នៅ​សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប​។ ខុសពី​ឆ្នាំមុន តម្លៃ​គម្រោង​ដែល​ទទួលបាន​ហិរញ្ញប្បទាន​ពី FDI ដែល​ត្រូវ​បានអនុម័ត​នៅ​ឆ្នាំនេះ​មានការ​ថយចុះ ពោល​គឺមាន​ចំនួន​ត្រឹមតែ ១៥៦ ​លាន​ដុល្លារ ឬ​ថយចុះ​ ៩២,៣ ភាគរយ​ចន្លោះ​ពី​ខែមករា​-​កុម្ភៈ ឆ្នាំ​ ២០២៣​។ ទោះយ៉ាងណា​វា​ឆាប់​ពេក​ក្នុងការ​ទាញ​សេចក្តីសន្និដ្ឋាន​បែបនេះ ដ្បិត​ការបើក​ប្រទេស​ចិន​ឡើងវិញ​អាច​នាំឱ្យ​លំហូរ FDI មានការ​កើនឡើង​៕