ព្រះសីហនុៈ នាវាទេសចរណ៍អ៊ីតាលី Costa Serena បានចូលចតខេត្តព្រះសីហនុនាថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២៣ ក្រោយពីធ្វើដំណើរមកពីប្រទេសថៃដោយមានចំនួនអ្នកទេសចរណ៍ចំនួន ១ ៦៧១ នាក់។
នាវានេះមានបណ្ដោយប្រវែង ២៩០,២០ ម៉ែត្រ និងទទឹងមានប្រវែង ៣៥,៥០ ម៉ែត្របានចូលចតនៅកំពង់ផែក្រុងព្រះសីហនុវេលាម៉ោង ១៤:១៥ នាទីរសៀល មានចំនួនភ្ញៀវ ១ ៦៧១ នាក់មកពី ៣៧ សញ្ជាតិ ហើយនាវិកចំនួន ១ ០៦១ នាក់មានចំនួន ៣៣ សញ្ជាតិផងដែរ។
នាវានេះបានធ្វើដំណើរមកពីប្រទេសថៃ និងចាកចេញទៅកាន់ប្រទេសថៃវិញនៅវេលាម៉ោង ១២:00 នាទីថ្ងៃទី ១៨ ខែឧសភាឆ្នាំ ២០២៣។ ចំនួនសញ្ជាតិដែលមានច្រើនជាងគេគឺជនជាតិ ថៃ ១ ៤៦២ នាក់ និងចិន ២៨ នាក់។ នេះបើយោងតាមមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ។
ក្រុមការងារ ការិយាល័យព័ត៌មានទេសចរណ៍និងផ្សព្វផ្សាយទេសចរណ៍នៃមន្ទីរទេសចរណ៍ខេត្តក៏បានចូលរួមទទួលស្វាគមន៍ដំណើរមកដល់នាវាទេសចរណ៍នេះផងដែរ៕