ភ្នំពេញៈ ក្រុមហ៊ុន​តំបន់​សេដ្ឋកិច្ច​ពិសេស រ៉ូយ៉ាល់​គ្រុប ភ្នំពេញ (PPSP) ដែលជា​ក្រុមហ៊ុន​ចុះបញ្ជី​នៅលើ​ផ្សា​រមូល​ប​ត្រ​កម្ពុជា ​(CSX) បានបង្ហាញ​នូវ​លទ្ធផល​អាជីវកម្ម​ដ៏​រឹងមាំ​ នៅក្នុង​ត្រីមាស​ទី​១ ​ឆ្នាំ​២០២៣​ នេះ ឆ្លុះបញ្ចាំង​អំពី​ការកើនឡើង​នៃ​ចំនួន​ក្រុមហ៊ុន​ ដែល​បាន​បង្កើតឡើង​នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​របស់ខ្លួន​។​

​ប្រធាន​ក្រុមប្រឹក្សាភិបាល PPSP លោក គិត ម៉េង បានលើកឡើង​នៅក្នុង​របាយការណ៍​ហិរញ្ញវត្ថុ​ក្នុង​ត្រីមាស​ទី​១​ឆ្នាំ​២០២៣ ដែល​បាន​ផ្ញើ​ទៅ CSX ថា ក្នុង​ត្រីមាស​ទី​១ ក្នុង​ឆ្នាំ​២០២៣ ក្រុមហ៊ុន​ទទួលបាន​ប្រាក់ចំណូល​សរុប ១២២ ៩៤៩ ២២៦ ​ពាន់​រៀល កើនឡើង ៥៨០,៩០​ ភាគរយ ​បើ​ប្រៀបធៀប​ទៅនឹង​ចំនួន​ទឹកប្រាក់ ១៨ ០៥៦ ៧៦៣ ពាន់​រៀល ​ក្នុង​ត្រីមាស​ទី​១ ឆ្នាំ​២០២២​។ ជា​លទ្ធផល ​ក្រុមហ៊ុន​ចំណេញ​សុទ្ធ​ចំនួន ២៣១២៧ ៣៧៤​ ពាន់​រៀល បើ​ប្រៀបធៀប​នឹង​ការ​ខាត​សុទ្ធ​ចំនួន ២ ៧៥៧ ០០៩ ពាន់​រៀល​ ក្នុង​ត្រីមាស​ ដូចគ្នា​ក្នុង​ឆ្នាំ​២០២២​។​


​លោក​បាន​ថ្លែងថា​៖«​ស្ថានភាព​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន​ នៅតែ​បន្ត​រឹងមាំ នៅក្នុង​ថ្ងៃទី​៣១ ខែមីនា​ឆ្នាំ​២០២៣ នេះ​ដោយមាន​ទ្រព្យសកម្ម​ចំនួន ៤៩៤ ០៩៤ ៣៨៨ ​ពាន់​រៀល ​ដែល​រួមមាន​ទ្រព្យសកម្ម​រយៈពេល​វែង​ចំនួន ១៩៩ ៣៨៨ ៣៤០​ ពាន់​រៀល និង​ទ្រព្យសកម្ម​រយៈពេល​ខ្លី​ចំនួន ២៩៤ ៧០៦ ០៤៨​ ពាន់​រៀល​។ មូលធន​សរុប​មាន​ចំនួន ២៧៣ ៩៩២ ០៧៥​ ពាន់​រៀល ដែលមាន​ការថយចុះ​ចំនួន ៧,៥៥​ ភាគរយ បើ​ប្រៀបធៀប​នឹង​ចំនួន ២៥៤ ៧៦៣ ១៩២​ ពាន់​រៀល​ឆ្នាំ​២០២២​។ ជា​លទ្ធផល អនុ​បាទ​បំណុល​មូលធន​គឺ ០,៨០ នៅ​ឆ្នាំ​២០២៣ ​ដែល​ធៀប​នឹង​ចំនួន​អនុ​បាត​បំណុល​មូលធន ០,៨៥ នៅ​ឆ្នាំ​២០២២»​។​

​ក្រុមហ៊ុន PPSP ត្រូវ​បានទទួល​ការអនុញ្ញាត​ពី​រដ្ឋាភិបាល​ នៅ​ខែមេសា ឆ្នាំ​២០០៦ ដែល​ក្លាយជា​អ្នក​អភិវឌ្ឍន៍​តំបន់​សេដ្ឋកិច្ច​ពិសេស ​ដែល​អាចធ្វើ​ប្រតិបត្តិការ​អាជីវកម្ម​ច្រើន​ប្រភេទ​។ PPSP បានចាប់ផ្តើម​សាងសង់​ដំណាក់កាល​១ ​នៅ​ឆ្នាំ​២០០៧ និង​ទទួលបាន​ការវិនិយោគ​ដំបូង​គេ​បង្អស់ ​ក្នុង​ខែសីហា ឆ្នាំ​២០០៨​។


​បើ​យោងតាម​របាយការណ៍រ​បស់​ក្រុមហ៊ុន គិត​ត្រឹម​ដំណាច់ខែ​មីនា ឆ្នាំ​២០២៣ PPSP ជា​តំបន់​សេដ្ឋកិច្ច​ពិសេស​មួយ ក្នុងចំណោម​តំបន់​សេដ្ឋកិច្ច​ពិសេស​១៧ ដែល​កំពុងមាន​ប្រតិបត្តិការ (​ក្នុងចំណោម​តំបន់​សេដ្ឋកិច្ច​ពិសេស​ ទាំង​ ៣៤ ​ដែល​ទទួលបាន​ការអនុញ្ញាត​) នៅ​កម្ពុជា​។ បើ​គិត​ត្រឹម​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០២៣ PPSP មាន​វិនិយោគិន​តំបន់​ច្រើនជាងគេ​នៅ​​កម្ពុជា​។ លើសពីនេះ​ទៀត PPSP ជា​តំបន់​សេដ្ឋកិច្ច​ពិសេស​ធំ​មួយ ក្នុងចំណោម​តំបន់​សេដ្ឋកិច្ច​ពិសេស​ ដែលមាន​ផ្ទៃដី​ធំជាងគេ ​នៅ​កម្ពុជា បើ​គិត​តាម​ទំហំ​ផ្ទៃដី​របស់​តំបន់​សេដ្ឋកិច្ច​​ពិសេស​នេះ ​ប្រមាណ ៣៥៧,៣២ ហិកតា​។

​ក្រុមហ៊ុន​នេះ ​លើកឡើងថា​៖«​ជាច្រើន​ឆ្នាំ​កន្លងមកនេះ ការកើនឡើង​នៃ​ការចាប់អារម្មណ៍​ពី​សំណាក់​វិនិយោគិន​ជាតិ និង​អន្តរជាតិ ក្នុង​ការធ្វើ​ប្រិត​ប​ត្តិ​ការ​អាជីវកម្ម​បានធ្វើឱ្យ​មានការ​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​»​។

បើ​គិត​ត្រឹម​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០២៣ PPSP មាន​វិនិយោគិន​មកពី​ ១២ ជាតិ​សាសន៍ចំនួន​១៣ ដែល​វិនិយោគិន ​ភាគច្រើន​មកពី​ប្រទេស​ជប៉ុន ម៉ាឡេស៊ី តៃវ៉ាន់ ចិន សហរដ្ឋ​-​អាមេ​រិក និង​កូរ៉េ ដែល​វិនិយោគ​ លើ​ឧស្សាហកម្ម​ផ្សេងៗ​គ្នា ដូចជា​គ្រៀង​បន្លាស់​យានយន្ត កាត់ដេរ អាហារ​និង​ភេសជ្ជៈ ផលិតផល​ប្លា​ស្ទិ​ក ផលិតផល​អេឡិចត្រូនិក និង​គ្រឿងអលង្ការ​។​

​នៅក្នុង​ត្រីមាស​នេះ PPSP បាន​បង្កើត​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ថ្មី​ចំនួន ៣ រួមមាន ក្រុមហ៊ុន PPSEZ II Co.,Ltd​ សម្រាប់​ការអភិវឌ្ឍ​តំបន់​សេដ្ឋកិច្ច​ពិសេស​ថ្មី​ Sahas Properties Co.,Ltd​ជា​​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ និង Gomi Recycle (Phnom Penh) Co.,Ltd​ដែល​សហការ​ជាមួយ​ក្រុមហ៊ុន​ជប៉ុន​ សម្រាប់​អាជីវកម្មគ្រប់គ្រង​សំណល់​រឹង​៕​