​ក្រុមហ៊ុន​ DBDEngineering Plc ដែល​ចុះបញ្ជី​ភាគហ៊ុន​នៅលើ​ទីផ្សារ​កំណើន បាន​រាយការណ៍​ពី​កំណើន​យឺត​នៃ​ប្រតិបត្តិការ​អាជីវ​កម្ម​នៅ​ត្រីមាស​ទី​១ ឆ្នាំនេះ ដោយសារ​ការរីកចម្រើន​បន្តិច​ម្តងៗ​ នៅក្នុង​វិស័យ​សំណង់​។​

​លោក នាង វិធី ប្រធាន​ក្រុមប្រឹក្សាភិបាល និង​ជានា​យក​គ្រប់គ្រង បានឱ្យដឹង​នៅក្នុង​ឯកសារ​ ដែល​ផ្ញើ​ទៅ​ផ្សា​រមូល​ប​ត្រ​កម្ពុជា កាលពី​ថ្ងៃទី​១៩ ខែឧសភា គិត​ត្រឹម​ត្រីមាស​ទី​១ ឆ្នាំ​២០២៣​ ក្រុមហ៊ុន ​DBD​ បាន​រាយការណ៍​ពី​ប្រាក់ចំណូល​សរុប​ចំនួន​ ១៦,៣៧៧ ពាន់​លាន​រៀល​ សម្រាប់​ត្រីមាស​ទី​១ កើនឡើង​ ១,២ ភាគរយ​ធៀប​នឹង​ ១៦,១៦៩ ពាន់​លាន​រៀល​ ក្នុង​ត្រីមាស​ដូចគ្នា​ឆ្នាំ ២០២២​។​

​លោក​បានឱ្យដឹងថា ក្រុមហ៊ុន​នេះ ​ទទួលបាន​ចំណេញ​លម្អិត​ក្នុង​ការិយបរិច្ឆេទ​ចំនួន ១,៥៩៤ ពាន់​លាន រៀល​សម្រាប់​ត្រីមាស​នេះ ដែល​កើនឡើង​ចំនួន ១៩,៣៤ ភាគរយ​ធៀប​នឹង​ចំណេញ​លម្អិត ​ក្នុង​ការិយបរិច្ឆេទ​ចំនួន​សម្រាប់​​ត្រីមាស​ទី​១ ឆ្នាំ​២០២២ មាន​ចំនួន ១, ៣៣៦​ពាន់​លាន រៀល​។ ទ្រព្យសកម្ម​សរុប​កើនឡើង ១២,២៣ ភាគរយ ធៀប​នឹង​ឆ្នាំ​២០២២ ដែល​កើនឡើង​ពី ៦០,៧៥២ ពាន់​លាន​រៀល ដល់ ៦៨ ពាន់​លាន​រៀល​។​

​លោក​ថ្លែងថា​៖«​ខ្ញុំ​សូម​ថ្លែងអំណរគុណ​ ចំពោះ​ក្រុមប្រឹក្សាភិបាល គណៈ​គ្រប់គ្រង និង​បុគ្គលិក សម្រាប់​ដំបូន្មាន​ល្អៗ និង​ការខិតខំ​ប្រឹងប្រែង​រប​ស់​អ្នក​ទាំងអស់គ្នា សម្រាប់​ការរីកចម្រើន​ប្រកបដោយ​និរន្តរភាព​ របស់​ក្រុមហ៊ុន​»​។​


​ក្រុមហ៊ុន​DBB Engineering Plc ​ត្រូវបាន​បង្កើតឡើង​កាលពី​ឆ្នាំ​១៩៩៥ ជា​ក្រុមហ៊ុន​ពហុមុខ​ងារ ផ្នែក​វិស្វកម្ម និង​សំណង់​ដែលមាន​បទពិសោធន៍​ច្រើន​ឆ្នាំ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។ DBD​ផ្ដល់​សេវាកម្ម​ដូចជា សេវា​គូរ​ប្លង់ សាងសង់ ដំឡើង និង​ថែទាំ ដែល​សេវាកម្ម​ទាំងនេះ​ធ្វើឱ្យ​ក្រុមហ៊ុន​ទទួលបាន​កេរ្តិ៍ឈ្មោះ​លំដាប់​ជាតិ និង​អន្តរជាតិ​។​

​ក្នុង​ត្រីមាស​ទី​១ ឆ្នាំ​២០២៣ ក្រុមហ៊ុន DBD ​បាន​រាយការណ៍​ចំណេញ​ដុល​ចំនួន ៤,៣៦១ ​ពាន់​លាន​រៀល កើនឡើង​ចំនួន​ជាង ៥០១​ លាន​រៀល ស្មើនឹង ១២,៩៨ ភាគរយ ធៀប​នឹង​ត្រីមាស​ទី​១​ ឆ្នាំ​២០២២​។ ការ​ចំណេញ​នេះ​ បណ្ដាលមកពី​ការកើនឡើង​នៃ​ចំណូល ខណៈដែល​ចំណេញ​មុន​បង់ពន្ធ​ចំនួន ២.៤៤៦.១៣៧.០០០ ​រៀល កើនឡើង​ចំនួន​ជាង ៧៧៩ លាន​រៀល ស្មើនឹង ៤៦,៧៥ ភាគរយ ធៀប​នឹង​ត្រីមាស​ទី​១ ​ឆ្នាំ​២០២២​។ មូលហេតុ​ចម្បង​ដែល​ធ្វើឱ្យ​ប្រាក់ចំណេញ​មានការ​កើនឡើង ដោយសារតែ​ការកើនឡើង​ចំណេញ​ដុល​ចំនួន ១២,៩៨ ភាគរយ និង​ការថយចុះ​នូវ​ការចំណាយ​ប្រតិបត្តិការ​ចំនួន ១៣,៦១ ភាគរយ និង​ចំណាយ​ហិរញ្ញប្បទាន​មានការ​ថយចុះ​ចំនួន ១០,៨២​ ភាគរយ​។​

​យោងតាម​របាយការណ៍​នៅ​ដើមឆ្នាំ​២០២២ ក្រុមហ៊ុន ​DBD Engineering មាន​គម្រោង​ដំបូង​នៃ​ការសាងសង់ និង​ដំឡើង​ប្រព័ន្ធ​ MEP ​នៃ​អគារ ​«WING OFFICE TOWER»​ ដែលមាន​ទីតាំងនៅ​មហាវិថី​ព្រះមុនីវង្ស និង​មហា​វិថី​កម្ពុជា​ក្រោម សង្កាត់​មនោ​រម្យ ខណ្ឌ​៧​មករា​ភ្នំពេញ​។

គម្រោង​នេះ​បានចាប់ផ្តើម​នៅ​ឆ្នាំ​២០២២ ហើយ​រំពឹងថា​នឹង​បញ្ចប់​ត្រឹម​ឆ្នាំ​២០២៣​។ លើសពីនេះ DBD Engineering បានប្រកាស​គម្រោង​ថ្មី​សម្រាប់ «Biomass Steam Boiler Plant»​ពី BECIS​ដែល​ផលិត​ថាមពល​ជីវឧស្ម័ន និង​ផ្គត់ផ្គង់​ដល់​ក្រុមហ៊ុន Heineken ។​

​ម្យ៉ាងវិញទៀត​ក្រុមហ៊ុន ​DBD បាន​ចូលរួម​ក្នុងការ​សាងសង់ និង​បន្ត​សាងសង់​គម្រោង​ធំៗ​ជាច្រើន​ដូចជា គម្រោង​ Aeon 1 ​គម្រោង ​Aeon 2​ គម្រោង ​North Park condominium​ គម្រោង​ Chip Mong Sen Sok​ គម្រោង​Chip Mong 598​ និង​គម្រោង ​Chip Mong271 ជាដើម​។​

​ប្រាក់ចំណូល​ចម្បង​របស់​ DBD គឺ​បានមកពី​សេវាកម្ម​សាងសង់ និង​ថែទាំ ដែល​រួមមាន​ការងារ ​MEP ​និង​វិស្វកម្ម​សំណង់​ស៊ីវិល ដោយ​ប្រាក់ចំណូល​សរុប​ដែល​បាន​កត់ត្រា​ក្នុង​របាយការណ៍​ហិរញ្ញវត្ថុ​ បាន​បែង​ចែកជា​ ៣ ​ប្រភេទ​ដែល​បាន​រាយ​បញ្ជី​ដូចជា សំណង់ និង​ការថែទាំ ការលក់ទំនិញ ប្រាក់ចំណូល​ផ្សេងទៀត​។​

​យោងតាម​របាយការណ៍​ប្រចាំឆ្នាំ​២០២២ ​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ទិន្នន័យ​សំណង់​បង្ហាញថា មាន​គម្រោង​ចំនួន ៤ ២៧៦ នៅ​ទូទាំងប្រទេស ស្មើនឹង​ផ្ទៃក្រឡា​ សាងសង់​សរុប​៧ ២៨៩ ៧៦៥ ម៉ែត្​រការ៉េ ដែលមាន​ទុនវិនិយោគ​ប្រមាណ​ជាង ២,៩៧២ ពាន់​លាន​ដុល្លារ ធ្លាក់ចុះ ៤៤,២៧ ភាគរយ ធៀប​នឹង​ឆ្នាំ​២០២១ ​ដែលមាន​៤ ៣០៣​ គម្រោង ស្មើនឹង​ផ្ទៃក្រឡា​សាងសង់​សរុប​ចំនួន ១២ ៩៩៨ ០៧២ ​ម៉ែត្រការ៉េ​ ដោយមាន​ទុន​វិនិយោគ​ប៉ាន់ស្មាន​ជាង ​៥,៣៣៤ ពាន់​លាន​ដុល្លារ​៕LA