​ព្រះសីហនុៈ លោកនាយក​​រដ្ឋមន្ត្រី​ ហ៊ុន សែន បានប្រកាស​សម្ពោធ​បើក​ឱ្យ​ដំណើរ​រោងចក្រ General Tires Technology ដែល​ផលិត​សម្បក​កង់​រថយន្ត​ដំបូង និង​ធំជាងគេ​បង្អស់ ក្នុង​ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ ដែលជា​ការវិនិយោគរ​បស់​វិនិយោគិន​មកពី​ខេត្ត​ជាំ​ង​ស៊ូ ប្រ​​ទេស​ចិន ដោយ​ប្រើ​ទុនវិនិយោគ​ប្រមាណ ​៣០០​ លាន​ដុល្លារ​។

​នៅក្នុង​ពិធី​សម្ពោធ​ដាក់ឱ្យ​ដំណើរការ​រោងចក្រ​ផលិត​សម្បក​កង់​រថយន្ដ​ដើម្បី​អបអរសាទរ​ខួប​លើក​ទី​១០ ​នៃ​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់​មួយ ផ្លូវ​មួយ នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ នៅ​ថ្ងៃទី​ ២២ ខែឧសភា ឆ្នាំ​ ២០២៣ លោកនាយក​រដ្ឋមន្ត្រី​បាន​ថ្លែងថា រោងចក្រ​ផលិត​សម្បក​កង់​រថយន្ត​ដំបូង​គេ និង​ធំជាងគេ​បង្អស់​ក្នុង​ខេត្ត​ព្រះ​សីហនុ មិនមែនជា​រោងចក្រ​ចុង​ក្រោយ​សម្រាប់​តំបន់​សេដ្ឋកិច្ច​​ពិសេស​នេះ​ទេ តែ​នៅមាន​ក្រុម​ហ៊ុន​ជាច្រើន​ទៀត​មានបំណង​មក​បើក​រោងចក្រ​នៅ​តំបន់​សេដ្ឋ​​កិច្ច​ពិសេស​នេះ​។​


​លោក​ ហ៊ុន សែន បាន​បញ្ជាក់ថា​៖ «​ខ្ញុំ​គឺជា​ឆ្មប​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ​ដោយផ្ទាល់​តាមរយៈ​ការ​មក​បើក​ការដ្ឋាន​ក្នុង​ឆ្នាំ​ ២០០៨ បន្ទាប់​មក​ក៏បាន​ចុះហត្ថលេខា ជាមួយ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដើម្បី​ទទួលខុសត្រូវ និង​គាំទ្រ​តំបន់​សេដ្ឋកិច្ច​ពិសេស​នេះ​។ ខ្ញុំ​សូម​អរគុណ​ដល់​ប្រធាន​តំបន់​​សេដ្ឋកិច្ច​ពិសេស ដែល​បានធ្វើ​​ការវិនិយោគ​ហើយ​ខ្ញុំ​ក៏​ធ្លាប់​មកនេះ ចូលរួម​ស្វាគមន៍​រោងចក្រ​ទី​ ១០០ តែ​ឥឡូវនេះ​កើន​ដល់ ​១៧៥ ដែល​ដោះស្រាយ​ការងារ​ជូន​ពលរដ្ ឋ​២ ​ម៉ឺន​នាក់​»​។​

​លោក​បាន​បញ្ជាក់ទៀតថា​៖ «​នៅមាន​ក្រុមហ៊ុន​ជាច្រើន​ទៀត ដូចជា​ក្រុមហ៊ុន​ចិន​ជាដើម ដែល​ប៉ុនប៉ង​មក​វិនិយោគ​បើក​រោងចក្រ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​នេះ​ដោយ​ដោះស្រាយ​ការងារ​ធ្វើបាន យើង​ដោះស្រាយ​ការ​លំ​បា​កបាន​។ ខ្ញុំ​ជាមួយនឹង​រដ្ឋាភិបាល​សាធារណរដ្ឋ​ប្រជាមានិត​ចិន ជានិច្ច​​កាល​រួមគ្នា​ធ្វើការ​ថែទាំ​តំបន់​សេដ្ឋកិច្ច​​ពិសេស​នេះ ពង្រឹង​តំបន់​សេដ្ឋកិច្ច​ពិសេស​នេះ ឱ្យក្លាយ​ទៅជា​តំបន់​ដ៏​ទាក់ទាញ ដែលមាន​សក្តានុពល ដើម្បី​ការងារ​ធ្វើ និង​ផលិតផល​សម្រាប់​ការនាំចេញ​»​។​


​នាឱកាស​នោះដែរ លោក ​អ៊ិត សំ​​ហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះ​បណ្តាល វិជ្ជាជីវៈ បានលើកឡើង​ដែរ​ថា រោងចក្រ General Tires Technology នេះ ជា​ប្រភេទ​រោងចក្រ​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប​ដែល​ស្រប​នឹង​គោល​នយោបាយ​ស្តីពី​ការអភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម​កម្ពុជា​ដែលជា​ឧស្សាហកម្ម​មានតម្លៃ​ខ្ពស់​ប្រើប្រាស់​វត្ថុធាតុដើម​កៅស៊ូ​ធម្មជាតិ​ដែលមាន​នៅក្នុង​ស្រុក​ប្រមាណ​ជិត​៥​ពាន់​តោន​ក្នុង ​១ ឆ្នាំ ដែល​អាចជួយ​លើកកម្ពស់​ទីផ្សារ​ជ័រកៅស៊ូ​ធម្មជាតិ​របស់​កម្ពុជា​។​

​លោក​អ៊ិ​ត សំហេង បានបញ្ជាក់ ថា​៖ «​រោងចក្រ​នេះ ក៏​អាច​ផលិត​សម្បក​​កង់​រថយន្ត​គ្រប់​ប្រភេទ​ជិត​ ១,៣​ លាន​គ្រឿងក្នុង​ ១ ​ឆ្នាំៗ ​ដែល​អាច​ប្រើប្រាស់​កម្លាំង​ពលកម្ម​ប្រមាណ ១ ១៥០​ នាក់​។ យើង​សូម​អបអរសាទរ​ចំពោះ​រោងចក្រ​កៅស៊ូកង់​ថ្មី ដែលមាន​វត្តមាន​នៅក្នុង​តំបន់​​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ​»​។

​តាម​របាយការណ៍​ដែល​បញ្ជាក់​ដោយ​លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ បានឱ្យដឹងថា គិត​ត្រឹម​ខែឧសភា ឆ្នាំ​ ២០២៣ មាន​រោងចក្រ​សហគ្រាស​សរុប​៦ ១២ មាន​កម្មករនិយោជិត​ ៧ ​ម៉ឺន​នាក់ បាននិងកំពុង​ដំណើរកា​រ ក្នុងនោះ​មាន តំបន់​សេដ្ឋកិច្ច​ពិសេស​ចំនួន ​៣ រួមមាន​៖ តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ​,​តំបន់​សេដ្ឋកិច្ច​ពិសេស​ចេ​ជាង​ហ្គ័​រ​ជី និង​តំបន់​សេដ្ឋកិច្ច​ពិសេស​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​។​

​លោក​ គួច ចំរើន បាន​បញ្ជាក់ថា យោងតាម​លោក ឈិន ជាន​កាង ប្រធាន​ក្រុម​ប្រឹក្សា​ភិ​បាល​នៃ​ក្រុមហ៊ុន​តំបន់​សេដ្ឋ​កិច្ច​ពិសេស​ក្រុងព្រះសីហនុ បានផ្តល់​របាយការណ៍​ទៅកាន់​ក្រសួង​ការងារ ហើយ​លោក​កំពុង​ជំរុញ​ការកសាង និង​អភិវឌ្ឍ​គម្រោង ដើម្បី​ជំរុញ​កំណើន​រោង​ចក្រ​ក្នុង​តំបន់​សេដ្ឋកិច្ច​ក្រុងព្រះសីហនុ​ឱ្យបាន​ ៣០០ ​រោងចក្រ ដែល​នឹង​ប្រើ​​ប្រាស់​កម្លាំង​ពលកម្ម​ ១០ ​ម៉ឺន​នាក់ ជា​ឧស្សាហកម្ម​បៃតង ប្រកបដោយ​បរិ​យា​ប័ន្ន និង​ភាពសុខដុមរមនា​។

​គិត​ត្រឹម​ខែឧសភា ឆ្នាំនេះ តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ មាន​រោងចក្រ​សហគ្រាស​ចំនួន ​១៧៥ ដែល​ផលិត​សម្ភារ​សំណង់ សម្ភារ​ប្រើប្រាស់ គ្រឿង​បន្លាស់​រថយន្ត សម្បក​កង់​រថយន្ត ផលិត​ផល​សូ​ឡា សម្ភារ​ពេទ្យ កាបូប វ៉ា​លី​ស សម្លៀកបំពាក់ និង​ស្បែកជើង​...​។​

​ក្រុមហ៊ុន​ទាំងនោះ មកពី​ប្រទេស​ចិន បារាំង អៀរ​ឡង់ ថៃ ឡាវ មី​យ៉ាន់​ម៉ា វៀតណាម អាមេរិក អាល្លឺម៉ង់ កូរ៉េ ជប៉ុន អង់គ្លេស កាណាដា ជាដើម​។ រីឯ​ទំហំ​ប្រាក់​នាំចេញ​-​នាំចូល​មាន​ប្រមាណ ២ ៥០០​ លាន​ដុល្លារ​ នៅក្នុង​ឆ្នាំ​ ២០២២ និង​បានផ្តល់​ការងារ​ដល់​កម្មករនិយោជិត​ប្រមាណ​ ៣ ​ម៉ឺន​នាក់​៕