​ភ្នំពេញៈ ចម្លាក់​ជា​រចនាប័ទ្ម​បែប​សិល្បៈ​ខ្មែរ​ដូចជា ចម្លាក់​ទេពប្រណម្យ ក្បាច់​នាគ ភ្ញីទេស ក្បាច់​រាហុ៍ចាប់ចន្ទ្រ ក្បាច់​ហ​នុ​មាន ភាគច្រើន​គេ​ឃើញតែ​នៅលើ​ឈើ​តែប៉ុណ្ណោះ ប៉ុន្តែ​មាន​ស្ត្រី​ជា​សហគ្រិន​វ័យក្មេង​ម្នាក់​បាន​ប្រើ​ជំនាញ​ឆ្លាក់​លើ​ដែក​​ស្មិត កែច្នៃ​ជា​ទ្វារផ្ទះ បង្កាន់ដៃ ទ្វាររបង កៅអី សា​ឡុង​ដែក និង​ធ្លាប់​ទទួលបាន​មេដៃ​មាស​សហគ្រិន​ឆ្នើម​ពី​លោកនាយ​ឧ​ត្ត​ម​សេនីយ៍​ហ៊ុន ម៉ា​ណែ​ត ទៀតផង​។​

​ក្នុង​សម្តី​ស្រទន់​លះៗ និង​និយាយ​មួយៗ តែ​បង្ហាញ​ពី​ភាពម៉ឺងម៉ាត់ នោះ​ហើយ​គឺ​អ្នកស្រី លី ផល្លី អាយុ​ ៣៦ ​ឆ្នាំ​ ជា​ម្ចាស់​សិប្បកម្ម​វីន​ហេង​រចនា​ដែក​ស្មិត​ដែល​បាន និង​កំពុង​រចនា​ឧបករណ៍​ទាំងនោះ​ទៅ​តាមបែប​សិល្បៈ​ខ្មែរ​។


​អ្នកស្រី​បាន​ប្រាប់​ឱ្យដឹងថា អ្នកស្រី​មានកំណើត​នៅ​រាជធានី​ភ្នំពេញ​ក្នុង​គ្រួសារ​មួយ​ដែល​ធ្លាប់​រស់នៅក្នុង​សំណង់​អនាធិបតេយ្យ​។ ដោយសារតែ​ជីវភាព​គ្រួសារ​មិនសូវ​ធូរធារ​ដូច​គេឯង តែ​ស្រឡាញ់​ការសិក្សា​រៀនសូត្រ​នៅពេល​អ្នក​ស្រី​កំពុង​រៀន​ថ្នាក់​ទី​ ៩ ក៏​ចាប់ផ្តើម​ស្វែង​រក​ការងារ​ធ្វើ​បណ្តើរ​រៀន​បណ្តើរ​។ ក្នុង​ជីវិត​ការងារ​ដំបូង​គឺ​អ្នកស្រី​ធ្វើជា​អ្នកដើរ​ចែក​ខិ​ត្ដ​ប័ណ្ណ​តាមផ្លូវ​សាធារណៈ និង​ឆ្លៀតពេល​ពី​ការសិក្សា​នៅ​សាលា​ធ្វើជា​គ្រូបង្រៀន​ភាសា​អង់គ្លេស​ផង ដើម្បី​រកប្រាក់​មកជួយ​ផ្គត់ផ្គង់​ឪពុកម្តាយ​។​

​អ្នកស្រី​បន្តថា ក្រោយ​បញ្ចប់​ថ្នាក់​ទី​១២ អ្នកស្រី​បាន​បន្ត​រៀន​នៅ​សាកលវិទ្យាល័យ​ទៀត​លើ​ជំនាញ​គ្រប់គ្រង​អាជីវកម្ម ប៉ុន្តែ​ដោយ​ចង់​ជួយ​រំលែក​បន្ទុក​ឪពុកម្តាយ​អ្នក​ស្រី​ក៏បាន​ចរចា​ជាមួយ​សាលា​ដើម្បី​បាន​ធ្វើជា​អ្នក​អនាម័យ និង​ជួយ​ផ្នែក​រដ្ឋបាល​ក្នុង​សាលា​ដើម្បី​ប្តូរ​នឹង​តម្លៃ​បង់​សាលា​។​


​អ្នកស្រី​ថ្លែងថា​៖ «​ខ្ញុំ​ធ្វើ​កិច្ចការ​ ២ ​នៅក្នុង​សាលា​ គឺ​ទី​១ ធ្វើ​អនាម័យ​នៅក្នុង​បន្ទប់ទឹក​ហើយ​ចប់​ពី​ការងារ​អនាម័យ​ក៏​យើង​មក​ធ្វើជា​បុគ្គលិក​រដ្ឋបាល​ជួយ​រៀបចំ​ឯកសារ​ជាដើម​»​។​

​ងាក​មក​និយាយ​ពី​ការចាប់ផ្តើម​ការ​ងារ​សិប្បកម្ម​ផលិត​គ្រឿង​សំណង់ផ្ទះ​ពី​ដែកស្មិត​វិញ អ្នកស្រី​ផល្លី​បាន​ប្រាប់ថា​សិប្បកម្ម​នេះ​បាន​ដំណើរការ​នៅក្នុង​ឆ្នាំ​ ២០១៥ ហើយ​ពេលនោះ​ក្បាច់រចនា​ភាគច្រើន គឺ​អ្នកស្រី​ផ្តោត​តែ​ទៅលើ​ម៉ូដ​ឬ​ក្បាច់​បែប​អឺរ៉ុប​ប៉ុណ្ណោះ​។​

​ក៏ប៉ុន្តែ​ដោយសារ​អ្នកស្រី​ស្រឡាញ់​សិល្បៈ​ខ្មែរ និង​ចង់​អភិរក្ស​ទម្រង់​សិល្បៈ​​ខ្មែរ​ក៏​ប្តូរ​មកជា​រចនាប័ទ្ម​បែប​សិល្បៈ​ខ្មែរ​វិញ​។ ដូចជា​ចម្លាក់​ទេពប្រណម្យ​ក្បាច់​​នាគ ភ្ញីទេស ក្បាច់​រាហុ៍ចាប់ចន្ទ្រ ក្បាច់​ហនុមាន និង​មាន​រចនា​ម៉ូដ​បែប​សិល្បៈ​​ខ្មែរ​ជាច្រើន​ទៀត​។​

​អ្នកស្រី ​ផល្លី បញ្ជាក់ថា ការផ្លាស់ប្តូរ​ពី​រចនាប័ទ្ម​ម៉ូដ​បរទេស​មកជា​រចនា​ប័​ទ្ម​បែប​សិល្បៈ​ខ្មែរ​វិញ​នេះ​ដោយសារតែ​អ្នកស្រី​ចង់​បង្កើត​ស្នាដៃ​អ្វីមួយ​ដែល​អាច​រក្សាទុក​នូវ​ក្បាច់រចនា​បែប​សិល្បៈ​ខ្មែរ​។ ម្យ៉ាងទៀត​ដោយសារ​ម៉ូដ​បែប​អឺរ៉ុប​វា​ជា​ក្បាច់​ទូទៅ​ដែល​ស្ទើរ​ក្លាយជា​ម៉ូដ​សាមញ្ញ​អស់​ទៅហើយ ហើយ​ណាមួយ​វា​មិនមែនជា​អត្តសញ្ញាណ​របស់​ខ្មែរ​ផង​។ រីឯ​ការ​ចម្លាក់​ក្បាច់​ចេញ​ជា​រូបរាង​នៅលើ​ដែកស្មិត​នេះ​ គឺ​មុនដំបូង​ត្រូវ​ឌី​ហ្សា​ញ​ក្នុង​កុំព្យូទ័រ​សិន​ដោយ​ក្បាច់​ទាំងនោះ​ត្រូវបាន​ដកស្រង់​ចេញពី​តាម​ជញ្ជាំង​ប្រាសាទ​រួមទាំង​ការ​​ស្រាវជ្រាវ​បន្ថែម​តាម​អ៊ី​ន​ធឺ​ណិ​ត​ជាដើម​។​

​អ្នកស្រី​បាន​រៀបរាប់ថា​៖ «​មុនពេល​ដែល​យើង​ធ្វើ​ចេញ​ជា​រូបរាង​ក្បាច់​នេះ​ឡើង​គឺ​យើង​ត្រូវ​ឆ្លងកាត់​ការ​ឌី​ហ្សា​ញ​សិន ព្រោះ​យើង​មាន​ក្រុម​ឌី​ហ្សា​ញ​របស់​យើង​។​ក្រុម​គាត់​គូរ​រចនា​អី​ផ្សេងៗ​រួចរាល់​អស់​ទើបបាន​គាត់​បំបែក​គ្រឿង​ផ្គុំ​មួយៗ​លម្អិត បន្ទាប់មក​ទើប​យើង​ចាប់ផ្តើម​យកទៅ​កន្លែង​ជាង ដើម្បីឱ្យ​គាត់​ផលិត​តាម​ប្លង់​របស់​យើង​។ ក្បាច់ចម្លាក់​ទាំងអស់​ហ្នឹង​យើង​ធ្វើ​ចេញពី​សន្លឹក​ដែក​លាត រួច​យើង​យកមក​អង្គុយ​ដំ​ឆ្លាក់​ទៅតាម​ទម្រង់​ដែល​យើង​បាន​ឌី​ហ្សា​ញ​ហ្នឹង​ទៅ​»​។​

​បើតាម​អ្នកស្រី ​ផល្លី ការ​រចនា​រូបចម្លាក់​នៅលើ​ដែកស្មិត​ដែល​មើលទៅ​មាន​រូបរាង​រស់​រវើក​នោះ គឺ​មិនមែនជា​ការងាយ​ស្រួល​ដូច​ចម្លាក់​នៅលើ​ឈើ​ទេ​។ ដូច្នេះ​អ្នកធ្វើ​ត្រូវ​ដាក់ចិត្ត​ផ្តោតអារម្មណ៍​ហើយ​ប្រសិនបើ​ជាង​គ្មាន​ជំនាញ​មិន​យល់ដឹង​ពី​ក្បាច់ចម្លាក់​បែប​សិល្បៈ​ខ្មែរ​ខ្លះៗ​ទេ​ក៏​មិន​ងាយស្រួល​ក្នុងការ​ធ្វើ​ដែរ​។​

​ចំពោះ​អតិថិជន​ដែល​កំពុង​ពេញនិយម​ក្នុងការ​ប្រើប្រាស់​ដែកស្មិត​ដែល​កែច្នៃ​ជា​ទ្វាររបង​ផ្ទះ​ឬ​ជា​បង្កាន់ដៃ​ដែល​រចនា​ចម្លាក់​បែប​ក្បាច់​សិល្បៈ​ខ្មែរ​នេះ គឺ​ភាគ​ច្រើន​គាត់​មានមុខរ​បរជា​មន្ត្រីរាជកា​រ​រស់នៅ​ផ្ទះ​ជា​លក្ខណៈ​វីឡា ឬ​ភូមិគ្រឹះ​ដែល​តែងតែ​និយម​រចនាប័ទ្ម​បែបនេះ​។

​អ្នកស្រី ​ផល្លី បាន​បន្ថែមថា អ្នក​ប្រើ​​ប្រាស់​គ្រឿង​ដែក​ដែលមាន​រំលេច​ចេញ​ជា​ក្បាច់ចម្លាក់​បែប​សិល្បៈ​ខ្មែរ​នេះ មិន​ត្រឹមតែ​បាន​ប្រើប្រាស់​ប៉ុណ្ណោះ​ទេ តែ​ពួក​គាត់​ថែមទាំង​បង្ហាញ​ពី​ការតភ្ជាប់​ជីវិត​បែប​សិល្បៈ​ពិតៗ​ផងដែរ​។ ជាមួយនេះដែរ​ចម្លាក់​បែប​ក្បាច់​សិល្បៈ​ខ្មែរ​ដែល​អ្នកស្រី​ធ្វើ​ជូន​អតិថិជន​វិញ គឺ​សុទ្ធតែ​ផ្សារ​​ភ្ជាប់​ជាមួយនឹង​អត្ថន័យ​នៃ​ការ​រចនា​ម៉ូដ​នីមួយៗ​ដែល​ត្រូវដាក់​ប្រើប្រាស់​នៅក្នុង​ផ្ទះ​។

​អ៊ីចឹង​នៅពេលដែល​គាត់​យកទៅ​ប្រើ គឺ​គាត់​យល់ថា វត្ថុ​ដែល​គាត់​កំពុង​ប្រើ​ហ្នឹង​វា​មាន​អត្ថន័យ​បែបណា​? ​ហើយ​ប្រសិនបើ​ដាក់​ក្បាច់ចម្លាក់​មួយ​ទៅលើ​ជញ្ជាំង ឬ​លើ​បង្កាន់ដៃ​ជណ្ដើរ​របស់គាត់​គឺ​បានផ្តល់​ជា​អត្ថន័យ​ស័ក្ដិសម​ទៅនឹង​ផ្ទះ​របស់គាត់​ឬ​ស័ក្ដិសម​នឹង​ឋានៈ​ដែល​គាត់​កំពុង​តែមាន​ដែរឬទេ​?

​ចំពោះ​គុណភាព​វិញ​អ្នកស្រី​ប្រាប់ថា​ចម្លាក់​រចនា​បែប​សិល្បៈ​លើ​ដែកស្មិត​នេះ ​គឺអាច​ប្រើប្រាស់​បាន​ពេញ​ ១ ​ជីវិត​ ហើយ​បច្ចុប្បន្ន​ក៏មាន​ខ្មែរ​រស់នៅ​បរទេស​ចង់យក​ទៅប្រើ​ប្រាស់​ជា​គ្រឿងសំណង់​សម្រាប់​លម្អ​ផ្ទះ​ដែរ តែ​មិនដឹងថា​នឹងត្រូវ​វេច​ខ្ចប់​បែបណា​ពីព្រោះ​ឧបករណ៍​ជា​ទ្វារ​ជា​ចម្រឹង​បង្អួច​ឬ​ទ្វារ​ចូល​បន្ទប់​ជាដើម សុទ្ធតែ​ធ្ងន់ៗ​។​

​ចំណែក​ចំណេះ​ជំនាញ និង​ការងារ​វិញ អ្នកស្រី​ប្រាប់​ដែរ​ថា បច្ចុប្បន្ន​អ្នកស្រី​មាន​បរិញ្ញាបត្រ​ផ្នែក​គ្រប់គ្រង​អាជីវកម្ម និង​ជា​សមាជិក​កាយរឹទ្ធិ​នារី ជា​សមាជិក​សហគ្រិន​វ័យក្មេង រួម​នឹង​សមាជិក​ស្ថាប័នឯកជន​មួយចំនួនទៀត​។​

​អ្នកស្រីបញ្ជាក់ថា ជារឿយៗ អ្នកស្រី​ត្រូវបាន​គេ​អញ្ជើញ​ឱ្យធ្វើជា​វាគ្មិន​ទាក់​ទង​នឹង​ការចែករំលែក​ភាពជា​អ្នកដឹកនាំ​ជាពិសេស​កាលពី​ឆ្នាំ​ ២០២២ កន្លងទៅ អ្នកស្រី​ធ្លាប់​ទទួលបាន​មេដាយមាស​សហគ្រិន​ឆ្នើម​ពី​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ហ៊ុន ម៉ា​ណែ​ត ទៀតផង​។

​អ្នកស្រី​បានបញ្ជាក់​ថា​៖ «​ខ្ញុំ​បង្កើត​អាជីវកម្ម​មក​មិនមែន​គ្រាន់តែ​ចង់បាន​ប្រាក់ចំណេញ​ទេ តែ​ខ្ញុំ​ពុះកញ្ជ្រោល​ខ្លាំង​ក្នុង​ការជំរុញឱ្យ​រចនា​ប័​ទ្ម​បែប​សិល្បៈ​ខ្មែរ​ល្បីល្បាញ​ទាំង​ក្នុង និង​ក្រៅប្រទេស​ដែល​ពេលអនាគត​ទៅ​នៅទីណា​ក៏មាន​រចនាប័ទ្ម​ខ្មែរ​ដែរ​។ អ្វីដែល​ខ្ញុំ​ចង់បាន​លើសពី​លុយ​គឺ​ចង់​បន្សល់ទុក​នូវ​ចម្លាក់​បែ​ប​សិល្បៈ​ខ្មែរ ហើយ​ខ្ញុំ​ក៏​កំពុង​បង្ហាត់​​បង្រៀន​ដល់​យុវជន​ជំនាន់​ក្រោយ​ដែរ ប្រសិនបើ​គាត់​ជា​បុគ្គល​ម្នាក់​មាន​ភាពជា​សហគ្រិន​ដែរ គឺ​គាត់​អាច​យក​ជំនាញ​នេះ​ទៅ​ប្រកប​អាជីវកម្ម​បន្តទៀត​បាន​»​។​

​ពាក់ព័ន្ធ​រចនា​ចម្លាក់​នេះដែរ លោក ​ប្រាក់ សុវណ្ណារ៉ា អគ្គនាយក​បេតិកភណ្ឌ​ និង​ជា​អ្នកនាំពាក្យ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​បាន​ប្រាប់ថា បច្ចុប្បន្ននេះ​មាន​ចម្លាក់​បែប​ជា​សិល្បៈ​ខ្មែរ​ផ្សេងៗ​នៅលើ​ឈើ និង​លើ​ផ្ទាំងគំនូរ​ក៏ដូចជា​នៅលើ​ដែកស្មិត​ជា​រូប​ទេពប្រណម្យ​ភ្ញីទេស នៅលើ​ដែក​ទ្វារ បង្អួច ឬ​ដែក​បង្កាន់ដៃ​ជណ្តើរ​ផ្ទះ​អី​នោះ គឺអាច​ចាត់​​ទុក​អ្នក​ដែល​បាន​ចូលរួម​រចនា​រូបភាព​បែប​សិល្បៈ​ទាំងនេះ​ថា ជា​អ្នកចូលរួម​អភិរក្ស​វប្បធម៌​ខ្មែរ​ហើយ​។​

​លោក​បានបញ្ជាក់​យ៉ាងខ្លី​ថា​៖ «​សំខាន់​ឱ្យតែ​ធ្វើ​ត្រឹមត្រូវ​តាម​ក្បួនខ្នាត​ខ្មែរ​»៕