ភ្នំពេញៈ កម្ពុជា​បាន​នាំចេញ​សម្លៀកបំពាក់ និង​គ្រឿង​បន្ទាប់​បន្សំ ដែល​ធ្វើឡើង​ពី​ក្រណាត់ ឬ​មិន​ធ្វើ​ពី​ក្រណាត់ ទៅ​ទីផ្សារ​អន្តរជាតិ​ក្នុង​ទឹកប្រាក់​សរុប​ជិត ១,៤ ពាន់​លាន​ដុល្លារ ក្នុង​រយៈ​​ពេល​ ៤ ​ខែ ឆ្នាំ​ ២០២៣ ធ្លាក់ចុះ​ជិត ៣០ ​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ ២០២២​។ នេះ​បើ​យោងតាម​អគ្គនាយក​ដ្ឋា​ន​គយ និង​រដ្ឋាករ​កម្ពុជា​។​

​តារាង​ស្ថិតិ​នាំចេញ​ទំនិញ​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ឱ្យដឹងថា ពី​ខែមករា​-​ខែមេសា​ ឆ្នាំ​ ២០២៣ ការនាំ​ចេញ​ជំពូក​ទំនិញ ​(HS ២​ខ្ទង់​) ដែលមាន​លេខ​កូដ​ ៦១ រួមមាន សម្លៀក​​បំពាក់ និង​គ្រឿង​បន្ទាប់បន្សំ ដែល​ធ្វើឡើង​ពី​ក្រណាត់ ឬ​មិន​ធ្វើ​ពី​ក្រណាត់ មាន​ទឹកប្រាក់​សរុប ១ ៣៩៤,៨៣​លាន​ដុល្លារ ធ្លាក់ចុះ ២៨,៥​ ភាគរយ​ពី​ចំនួន ១ ៩៥០,៤១​ លាន​ដុល្លារ​នា​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២២​។ ប្រាក់​ពី​ការនាំចេញ​ផលិតផល​លេខ​កូដ​ ៦១ គឺ​ស្មើនឹង ១៩,៣ ​ភាគរយ​នៃ​ចំនួន​ទឹក​ប្រាក់​នាំចេញ​សរុប​របស់​កម្ពុជា​ក្នុង​រយៈពេល ៤ ​ខែ ឆ្នាំ​ ២០២៣ ដែលមាន ៧ ២៣៤,១២​ លាន​ដុល្លារ​។​


​សម្រាប់​ខែមេសា ឆ្នាំ​ ២០២៣ ការ​នាំចេញ​ផលិតផល​លេខ​កូដ​ ៦១ គឺ​ចំនួន ៣៤៧,៦៩ ​លាន​ដុល្លារ ធ្លាក់ចុះ ៣១,៨​ ភាគរយ​ពី ៥១០,០២​ លាន​ដុល្លារ​កាលពី​ខែមេសា ឆ្នាំ​ ២០២២​។​

​អ្នកសេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យសភា​​កម្ពុជា លោក ហុង វណ្ណៈ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ២២ ខែឧសភា​ថា ការធ្លាក់ចុះ​នៃ​ចំនួន​ទឹកប្រាក់​នាំចេញ​សម្លៀកបំពាក់ និង​គ្រឿង​បន្ទាប់បន្សំ ដែល​ធ្វើឡើង​ពី​ក្រណាត់ ឬ​មិន​ធ្វើ​ពី​ក្រ​ណាត់ គឺ​ដោយសារ​ទីផ្សារ​ចម្បង​ដែល​តែង​បញ្ជា​ទិញ​ទំនិញ​ទាំងអស់នេះ​ពី​កម្ពុជា​ជួប​បញ្ហា​បណ្តាលមកពី​ឥទ្ធិពល​នៃ​សង្គ្រាម​រវាង​ប្រទេស​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន​។ សង្គ្រាម​នេះ​បានធ្វើឱ្យ​កំណើនសេដ្ឋកិច្ច​អាមេរិក និង​បណ្តា​ប្រទេស​នៅ​តំបន់​អឺរ៉ុប ដែលជា​ទីផ្សារ​ទទួល​ទិញ​ទំនិញ​ក្នុង​លេខ​កូដ​ ៦១ ច្រើន​ពី​ប្រទេស​កម្ពុជា​ស្ថិតក្នុង​ភាពមិន​ច្បាស់​​លាស់ ដែល​បង្ខំ​ឱ្យ​ប្រជាជន​របស់​ពួក​គេ​បង្កើន​ការ​រឹតត្បិត​លើ​ការចំណាយ លើកលែងតែ​ចំណីអាហារ​។​


​លោក​បន្តថា ឥទ្ធិពល​សង្គ្រាម​ខាងលើ ក៏​ធ្វើឱ្យ​ចង្វាក់​ផ្គត់ផ្គង់​វត្ថុធាតុដើម និង​ប្រភព​ថាមពល​មួយចំនួន​ត្រូវ​រាំង​​ស្ទះ​ដែល​ធ្វើឱ្យ​ថ្លៃដើម​ផលិត​កើនឡើង ហើយ​ក៏បាន​រុញឱ្យ​តម្លៃ​ផលិតផល​កើនឡើង​ខ្ពស់ជាង​មុន​ផងដែរ​។​

​លោក​លើកឡើងថា​៖ «​ពាណិជ្ជកម្ម​អន្តរជាតិ​តែង​ផ្អែកលើ​តម្រូវការ និង​ការ​​ផ្គត់ផ្គង់ ដូច្នេះ​កម្ពុជា​ដែលជា​ប្រទេស​ផ្គត់ផ្គង់ បើ​មិនបាន​ការបញ្ជាទិញ ទឹក​​ប្រាក់​នៃ​ការនាំចេញ​ប្រាកដជា​ធ្លាក់ចុះ​។ ការធ្លាក់ចុះ​នេះ គឺ​ដោយសារតែ​ប្រជា​ជន​នៃ​ប្រទេស​ទីផ្សារ​គោលដៅ​របស់​យើង​កាត់បន្ថយ​ការចំណាយ​»​។​

​លោក​បន្ថែមថា សម្ទុះ​បញ្ជា​ទិញ​នឹង​ហក់​ឡើងវិញ​លុះត្រា​ស្ថានភាព​ន​យោ​បាយ និង​កំណើនសេដ្ឋកិច្ច​នៃ​ប្រទេស​គោលដៅ​ចម្បងៗ​ដូចជា​អាមេរិក និង​សហភាព​អឺរ៉ុប ល្អ​ឡើងវិញ​។​

​អគ្គលេខាធិការរង​នៃ​សមាគម​រោង​​ចក្រ​កាត់ដេរ​នៅ​កម្ពុជា លោក កាំ​ង​ម៉ូ​នី​កា មិនអាច​ទាក់ទង​បានទេ​កាល​​ពីថ្ងៃ​ទី​ ២២ ខែឧសភា ប៉ុន្តែ​លោក​ធ្លាប់​និយាយថា ការនាំចេញ​ផលិតផល​សម្លៀកបំពាក់​កម្ពុជា​ទៅ​ទីផ្សារ​អន្តរ​ជាតិ បាន​ធ្លាក់ចុះ​ចាប់តាំងពី​ឆមាស​ទី ​៤ ឆ្នាំ​ ២០២២ មក​។ មូលហេតុ​នៃ​ការ​ធ្លាក់ គឺ​ដោយសារតែ​សេដ្ឋកិច្ច​ប្រទេស​ធំៗ​ជួប​បញ្ហា​បណ្តាលមកពី​សង្គ្រាម​រវាង​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន​។​

​លោក​ប្រាប់ថា​៖ «​យើង​ទទួលបាន​ការកើនឡើង​ក្នុង​រយៈពេល ៧​ ខែ ​(​ឆ្នាំ​២០២២)​ ដំបូង​តែប៉ុណ្ណោះ​។ ជាមួយនឹង​ភាពមិនច្បាស់លាស់​នៃ​សេដ្ឋកិច្ច​សកល យើង​សង្កេតឃើញថា ការ​បញ្ជា​ទិញ​បានចាប់ផ្តើម​ធ្លាក់ចុះ​ពី​ខែសីហា​។ ស្ថានភាព​នេះ​នឹង​បន្ត​ដល់​ដំណាច់ឆ្នាំ ឬ​យូរ​ជាង​នេះ​»​។​

​លោក​បន្តថា ទីផ្សារ​សំខាន់ៗ​របស់​កម្ពុជា គឺ​អាមេរិក សហភាព​អឺរ៉ុប ជប៉ុន កាណាដា និង​ចក្រភព​អង់គ្លេស​។​

​យ៉ាងណាក៏ដោយ បើ​យោងតាម​ការ​ផ្សព្វផ្សាយ​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ​(CDC) ទោះ​ក្នុងអំឡុងពេល​ពិភពលោក​ជួបប្រទះ​នឹង​វិបត្តិ​កូ​វីដ​ ១៩ ខ្លាំង ក៏​ប្រទេស​កម្ពុជា​នៅតែ​អាច​ទាក់​ទាញ​អ្នកវិនិយោគ​បរទេស​ឱ្យ​ចូលមក​បណ្តាក់ទុន​ជា​បន្តបន្ទាប់ ក្នុងនោះ​ក៏មាន​រោងចក្រ​កាត់ដេរ​ផងដែរ​។​

​ក្នុង​ឆ្នាំ ​២០២២ កម្ពុជា​បាន​នាំចេញ​សម្លៀកបំពាក់ និង​គ្រឿង​បន្ទាប់បន្សំ ដែល​ស្ថិតក្នុង​លេខ​កូដ​ ៦១ ចំនួន​សរុប ៦ ៣៦៧,០២​ លាន​ដុល្លារ កើន ​៩,៤១ ​ភាគរយ​បើ​ធៀប​ទៅ​ឆ្នាំ ​២០២១ ដែលមាន​ចំនួន ៥ ៨១៩,៤៣​ លាន​ដុល្លារ​។ នេះ​បើតាម​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​៕