នាវេទិកា​ដឹកជញ្ជូន​អន្តរជាតិ ដែលរៀបចំ​ឡើងនៅ​ប្រទេស អាល្លឺម៉ង់ រដ្ឋមន្រ្តី​ក្រសួង​សាធារការ និង​ដឹកជញ្ជូន លោក ស៊ុន ចាន់ថុល បានជម្រាប​ជូន​អង្គ​ប្រជុំ​ថា កម្ពុជា​បានខិតខំ​ប្រឹងប្រែង​ក្នុងការកាត់បន្ថយ​ឧស្ម័ន​កាបូន ក្នុង​វិស័យ​ដឹកជញ្ជូន តាមរយៈ​ការអនុវត្ត​គម្រោង​រថយន្ត​ក្រុងដើរ​ដោយថាមពល​អគ្គិសនី និងការរៀបចំ​គោលនយោបាយ​នានា។

ការថ្លែង​បែប​នេះ​ធ្វើឡើង​ក្នុង​អំឡុង​ពេល​លោក ស៊ុន ចាន់ថុល ទេស​រដ្ឋមន្រ្តី បាន​អញ្ជើញ​ដឹកនាំ​គណៈ​ប្រតិភូ​ក្រសួង ចូលរួម​កិច្ចប្រជុំ​កំពូល នៃវេទិកា​ដឹកជញ្ជូន​អន្តរជាតិ (ITF-2023 Summit) ដែល​ប្រព្រឹត្ត​ទៅនៅ​ទីក្រុង Leipzig (ឡាពហ្សិក) ប្រទេស​អាល្លឺម៉ង់ ចាប់ពី​ថ្ងៃទី២៤ ដល់​ថ្ងៃ​ទី២៦ ខែឧសភា ឆ្នាំ២០២៣។


លោកបាន​ផ្តើម​បេសកកម្ម​ការងារ​នៅថ្ងៃ​ទី២៤ ខែឧសភា ឆ្នាំ២០២៣ ដោយការចូលរួម​នៅក្នុង​កម្មវិធី​បើកកិច្ចប្រជុំ​ពេញអង្គ ថ្នាក់​រដ្ឋមន្រ្តី​ដឹកជញ្ជូននៃ ITF ក្រោម​ប្រធានបទ “វិស័យ​ដឹកជញ្ជូន ដើរតួ​ជាគន្លឹះ​ក្នុងការបង្កើត​ឱ្យ​មាន​ចីរភាព​សេដ្ឋកិច្ច សន្តិភាព និងស្ថិរភាព នៅក្នុង​ដំណាក់កាល​ដែលមាន​វិបត្តិ។ នេះបើតាម​ការចុះផ្សាយ​របស់​ក្រសួង​សាធារណការ។


ថ្ងៃ​ទី២៥ ខែឧសភា ដែលជា​ថ្ងៃទីពីរ នៃបេសកកម្ម​ការងារ​ក្នុងទីក្រុង​ឡាពហ្សិក លោក ស៊ុន ចាន់ថុល បានអញ្ជើញ​ដឹកនាំ​គណៈ​ប្រតិភូ​ក្រសួង ចូលរួម​កិច្ចប្រជុំ​សំខាន់ៗ​ចំនួន ២ ក្នុង​នោះ ទី១​ជាកិច្ចប្រជុំ​ក្រុមប្រឹក្សា​រដ្ឋមន្រ្តី​ដឹកជញ្ជូន និងទី២ ជាកិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្រ្តី​ដឹកជញ្ជូន ដោយមាន​ការចូលរួម​ពីសំណាក់​ដៃគូ​អភិវឌ្ឍន៍ ស្ថាប័នហិរញ្ញវត្ថុ​អន្តរជាតិ អ្នកសិក្សា​ស្រាវជ្រាវ និងផ្នែក​ឯកជន។ កិច្ចប្រជុំ​ទាំងពីរ​នេះ ជាកិច្ចប្រជុំ​យ៉ាងសំខាន់​នៅក្នុង​ដំណើរការ​ការងារ​របស់​វេទិកា​ដឹកជញ្ជូន​អន្តរជាតិ។


ក្នុងឱកាស​នោះ​លោក ស៊ុន ចាន់ថុល បានថ្លែង​បទ​អន្តរាគមន៍ ជូន​កិច្ចប្រជុំ​ក្រុមប្រឹក្សា​រដ្ឋមន្រ្តី​ដឹកជញ្ជូន អំពី​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​វិស័យ​ដឹកជញ្ជូន និង​ភ័ស្តុភារកម្ម និង​វឌ្ឍនភាព​នៃការ​អភិវឌ្ឍ ទៅតាម​មធ្យោបាយ​ដឹកជញ្ជូន​នីមួយៗ រួមមាន ការដឹក​ជញ្ជូន​ផ្លូវគោក ផ្លូវទឹក ផ្លូវដែក និង​ផែនការមេ​គ្រប់​ជ្រុងជ្រោយ ស្តី​ពី​ប្រព័ន្ធ​ដឹកជញ្ជូន​អន្តរ​មធ្យោបាយ​កម្ពុជា ២០២៣-២០២៥។


រដ្ឋមន្រ្តី​ក្រសួង​សាធារការ និង​ដឹកជញ្ជូន លោក ស៊ុន ចាន់ថុល ក្នុង​នាវេទិកា​ដឹកជញ្ជូន​អន្តរជាតិ ដែលរៀបចំ​ឡើងនៅ​ប្រទេស អាល្លឺម៉ង់។ រូបថត ក្រសួង​សាធារណការ និងដឹកជញ្ជូន


លើសពី​នេះ​ទៀត លោកក៏​បានជម្រាប​ជូនអង្គ​ប្រជុំ អំពី​ការខិតខំ​ប្រឹងប្រែង​របស់​កម្ពុជា ក្នុងការកាត់​បន្ថយ​ឧស្ម័ន​កាបូន ក្នុង​វិស័យ​ដឹកជញ្ជូន តាមរយៈ​ការអនុវត្ត​គម្រោង​រថយន្ត​ក្រុង​ដើរដោយ​ថាមពល​អគ្គិសនី (E-Bus) នៅក្រុង​សៀមរាប ការជំរុញ​ការប្រើប្រាស់​យានយន្ត​អគ្គិសនី ការរៀបចំ​គោលនយោបាយ​ដឹកជញ្ជូន​ផ្លូវគោក និងការរៀបចំ​លិខិត​បទដ្ឋាន​ពាក់ព័ន្ធ​នានា សំដៅ​កាត់បន្ថយ​ឧស្ម័ន​កាបូន ក្នុង​វិស័យ​ដឹកជញ្ជូន។

លោក​រដ្ឋមន្រ្តី​គូស​បញ្ជាក់​ថា៖«អន្តរជាតិ​បានដឹង​កាន់តែច្បាស់​ពី​គោលនយោបាយ​ក្នុង​វិស័យ​ដឹកជញ្ជូន និង​ភ័ស្តុភារកម្ម ជាមួយនឹង​ការខិតខំ​ប្រឹងប្រែង​របស់​កម្ពុជា ក្នុងការកាត់​បន្ថយ​ឧស្ម័ន​កាបូន ក្នុង​វិស័យ​ដឹកជញ្ជូន តាមរយៈ​កិច្ចប្រជុំ​កំពូល​របស់​វេទិកា​ដឹកជញ្ជូន​អន្តរជាតិ»។

ជាមួយ​គ្នា​នេះ អគ្គ​លេខាធិការ​វេទិកា​ដឹកជញ្ជូន​អន្តរជាតិ ITF លោក Young Tae Kim បាន​លើកឡើង​ថា ការកាត់​បន្ថយ​កាបូន​ក្នុង​វិស័យ​ដឹកជញ្ជូន នឹង​ធ្វើ​ឱ្យទីក្រុង​កាន់តែ​មានភាព​ងាយស្រួល​ក្នុងការ​រស់នៅ ធ្វើ​ឱ្យ​ការធ្វើ​ដំណើរ​តាមផ្លូវ​ថ្នល់​មាន​សុវត្ថិភាព​ជាងមុន ធ្វើឱ្យ​គុណភាព​ខ្យល់​ដកដង្ហើម​ល្អ​ជាងមុន ធ្វើឱ្យ​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់​កាន់តែ​មាន​ប្រសិទ្ធភាព និងមាន​ភាព​ស៊ាំ ក៏ដូចជា​ផ្តល់​ជម្រើស​ច្រើន​សម្រាប់​អ្នកធ្វើ​ដំណើរ​ផងដែរ។ នេះបើតាម​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន។

នៅក្នុងកិច្ច​ប្រជុំ​នេះ ប្រទេស​នីមួយៗ និងដៃគូ​អភិវឌ្ឍន៍ បានចែក​រំលែក​នូវ​បទ​ពិសោធ​ល្អៗ ​បញ្ហា​ប្រឈម និង​ឱកាស​ក្នុងការ​ជំរុញ​ការដឹក​ជញ្ជូន​បៃតង។ កិច្ចប្រជុំ​កំពូល ITF-2023 Summit មាន​អ្នកចូលរួម​ជាង ១១០០ នាក់ និងរដ្ឋមន្រ្តី​/អនុ​រដ្ឋមន្រ្តី​ដឹកជញ្ជូន​ជាង ៥០ នាក់ ដែល​អញ្ជើញ​មកពី​បណ្តា​ប្រទស​ជាសមាជិក​នៃ ITF ទាំង ៦៤ ក្រុមហ៊ុន​វិនិយោគ​ធំៗ និងសាជីវកម្ម​អន្តរជាតិ ស្ថាប័ន​ហិរញ្ញវត្ថុ​អន្តរជាតិ តំណាង​អង្គការ​សហប្រជាតិ​ផ្នែក​សេដ្ឋកិច្ច​អឺរ៉ុប និងបណ្តា​ប្រទេស​ជាអ្នក​សង្កេត​ការណ៍៕