កម្ពុជារំពឹងថា ការមានជើងហោះហើរពីស្វ៊ីសនឹងទាក់ទាញភ្ញៀវអឺរ៉ុបកាន់តែច្រើន
ភ្នំពេញៈ មន្ត្រីរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល (SSCA) និងវិស័យឯកជនមានសុទិដ្ឋិនិយមថា ការចុះហត្ថលេខាលើអនុស្សរណៈយោគយល់ (MOU) បន្ថែមលើកិច្ចព្រមព្រៀងសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាសរវាងប្រទេសស្វ៊ីស និងកម្ពុជា គឺជាសញ្ញាវិជ្ជមានមួយក្នុងការទាក់ទាញភ្ញៀវទេសចរពីតំបន់អឺរ៉ុបមកកាន់កម្ពុជា ដោយផ្តល់ជម្រើសកាន់តែច្រើន។
លោក ម៉ៅ ហាវណ្ណាល់ រដ្ឋលេខាធិកានៃ SSCA ក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសស្វ៊ីស បានចុះហត្ថលេខាជាមួយលោកស្រី Francine Zimmermann អគ្គនាយិកាគោលនយោបាយ និងយុទ្ធសាស្ត្រនៃរដ្ឋបាលអាកាសចរណ៍សហព័ន្ធស្វ៊ីស កាលពីថ្ងៃទី ២៣ ខែឧសភា ឆ្នាំ ២០២៣ ដើម្បីជំរុញឱ្យមានការតភ្ជាប់ជើងហោះហើររវាងប្រទេសទាំង ២ ជាពិសេស មកកាន់អាកាសយានដ្ឋានអន្តរជាតិតេជោ ចាប់ផ្តើមដំណើរការដើមឆ្នាំ ២០២៥។ នេះបើយោងតាមលោក ស៊ិន ចាន់សិរីវុត្ថា អ្នកនាំពាក្យ SSCA ថ្លែងប្រាប់ ភ្នំពេញ ប៉ុស្តិ៍។
លោកបានថ្លែងបញ្ជាក់ថា ដើម្បីជាការចូលរួមចំណែកដល់ការសម្រេចគោលបំណងជំរុញឱ្យមានការតភ្ជាប់ជើងហោះហើរ អាជ្ញាធរអាកាសចរស៊ីវិលនៃប្រទេសទាំង ២ បានឯកភាពចុះហត្ថលេខាអនុស្សរណៈយោគយល់ (MOU) បន្ថែមលើកិច្ចព្រមព្រៀងសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាសរវាងប្រទេសទាំង ២ ដែលបានចុះហត្ថលេខា និងចូលជាធរមានរួចហើយ កាលពីថ្ងៃទី ៦ ខែមករា ឆ្នាំ ២០០៧។
លោកថា៖ «MoU នេះ នឹងជួយដល់ក្រុមហ៊ុនអាកាសចរណ៍នៃប្រទេសទាំង ២ មានលទ្ធភាពបើកជើងហោះហើរ និងប្រើប្រាស់សិទ្ធិទី៥ ដែលជាសិទ្ធិមួយអាចចុះចត និងដាក់អ្នកដំណើរបន្ថែមនៅប្រទេសទី៣ មុននឹងមកដល់ប្រទេសកម្ពុជា ដោយសារតែសេចក្តីត្រូវការនៃអ្នកដំណើរតាមផ្លូវអាកាស លើការហោះហើរត្រង់រវាងប្រទេសទាំង ២ នៅមានកម្រិតនៅឡើយ»។
លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីបាស៊ីហ្វិក (PATA) លើកឡើងថា ការបើកជើងហោះហើរទៅកាន់ទីផ្សារអឹរ៉ុប គឺជាយុទ្ធសាស្ត្របើកចំហជើងមេឃដ៏មានប្រសិទ្ធភាពមួយក្នុងការផ្តល់ជម្រើសនៃជើងហោះហើរកាន់តែច្រើន។
លោកបានថ្លែងថា៖ «យើងដឹងហើយថាទីផ្សារអឺរ៉ុប គឺពិតជាបានចូលរួមចំណែកយ៉ាងសំខាន់មួយសម្រាប់ការងើបឡើងវិញនៃវិស័យទេសចរណ៍របស់យើង ដោយសារតែពួកគាត់ស្នាក់នៅរយៈពេលយូរ និងចំណាយច្រើនសម្រាប់ដំណើរកម្សាន្តរបស់ពួកគេម្តង។ ដូច្នេះនៅពេលយើងមានជើងហោះហើរពីអឺរ៉ុបកាន់តែច្រើន គឺយើងនឹងទទួលអត្ថប្រយោជន៍កាន់តែច្រើនពីការមកដល់នៃភ្ញៀវពីបស្ចិមប្រទេស»។
បើយោងតាមលោក ស៊ិន ចាន់សិរីវុត្ថា សម្រាប់ការហោះហើរមកពីប្រទេសស្វ៊ីសនោះ គឺពុំទាន់មានការកំណត់កាលបរិច្ឆេទនៅឡើយទេ គឺតម្រូវឱ្យក្រុមហ៊ុនឯកជនជាអ្នកធ្វើការសម្រេចចិត្ត។ លោកថា នៅពេលដែល អាកាសយានដ្ឋានអន្តរជាតិតេជោ ចាប់ផ្តើមដំណើរការដើមឆ្នាំ ២០២៥ នោះជើងហោះហើរថ្មីៗនៃប្រទេសទាំង ២ និងពីបណ្តាប្រទេស ផ្សេងៗទៀត នឹងអាចមានលទ្ធភាពច្រើន ដោយសារតែប្រទេសកម្ពុជា មានអាកាសយានដ្ឋានអន្តរជាតិដំបូងលំដាប់ខ្ពស់បំផុត 4F មានសក្តានុពលវិស័យទេសចរណ៍ វិនិយោគ និងកិច្ចប្រជុំអន្តរជាតិធំៗប្រព្រឹត្តទៅនៅកម្ពុជាផងដែរ។
បើយោងតាមលោក វុត្ថា សម្រាប់លំហូរនៃភ្ញៀវទេសចរអន្តរជាតិដែលបានមកកម្ពុជាក្នុងរយៈពេលប៉ុន្មានខែនេះ គឺក្នុងរង្វង់៤០ភាគរយនៃឆ្នាំ ២០១៩ ទេ រំពឹងទុកថា នៅឆ្នាំ ២០២៤ នឹងអាចទទួលបានស្មើនឹងចំនួនអ្នកដំណើរស្មើនឹង ២០១៩ បាន។
ក្នុងឆ្នាំ ២០២២ កម្ពុជាទទួលបានភ្ញៀវអន្តរជាតិជិត ២,៣ លាននាក់កើនឡើងជាង ១០ ដងធៀបឆ្នាំ ២០២១៕