ក្រុមហ៊ុន PESTECH រងការធ្លាក់ចុះប្រាក់ចំណូល
ភ្នំពេញៈ PESTECH (Cambodia Plc) ជាក្រុមហ៊ុនផ្តល់ហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាថាមពលដែលបានចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជាបានរាយការណ៍ពីការធ្លាក់ចុះប្រាក់ចំណូលសរុបយ៉ាងខ្លាំងនៅក្នុងត្រីមាសទី៣ ឆ្នាំ ២០២៣ ដោយសារតែបម្រែបម្រួលនៃគម្រោងមួយចំនួននៅប្រទេសកម្ពុជា។
យោងតាមឯកសាររបស់ក្រុមហ៊ុនផ្ញើទៅផ្សារមូលបត្រកម្ពុជា (CSX) កាលពីថ្ងៃទី ២៥ ខែឧសភាសម្រាប់ត្រីមាសទី៣ ដែលបានបញ្ចប់នៅថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៣ ចំណូលសរុបរបស់ PEPC មានចំនួន ១៩ ១៦០ លានរៀល ដោយថយចុះចំនួន ៣៦ ១៣០ លានរៀល ឬ ៦៥,៣ ភាគរយបើធៀបនឹងចំនួន ៥៥ ២៩០ លានរៀល នៃត្រីមាសទី៣ នៃឆ្នាំហិរញ្ញវត្ថុដែលបានបញ្ចប់ត្រឹមថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២២។ បម្រែបម្រួលប្រាក់ចំណូលបានឆ្លុះបញ្ចាំងពីវឌ្ឍនភាពនៃការអនុវត្តគម្រោងផ្សេងៗនៅកម្ពុជា។
របាយការណ៍បានបង្ហាញថា គិតត្រឹមថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៣ ទ្រព្យសកម្មសរុប មានចំនួនជាង ១,២ ពាន់លានរៀល តំណាងឱ្យការកើនឡើងចំនួន ៧២៣ លានរៀល ឬ ០,០៦ ភាគរយ បើធៀបនឹងចំនួនជាង ១,២ ពាន់លានរៀលធៀបនឹងថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២២ និងមូលធនសរុបចំនួន ៩៧ ១០៣ លានរៀល តំណាងឱ្យការថយចុះចំនួនជិត ១៣ ពាន់ លានរៀល ឬ ១១,៧៤ ភាគរយបើធៀបនឹងចំនួន ១,១ ពាន់លានរៀល ធៀបនឹងរយៈពេលដូចគ្នាថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២២។
គម្រោងថ្មីៗជាបន្តបន្ទាប់ ធានាបាននូវហិរញ្ញប្បទានដែលជាតម្រូវការ និងធានាថាក្រុមការងារដែលទទួលបន្ទុកផ្នែកប្រតិបត្តិការអាចអនុវត្តគម្រោងប្រកបដោយប្រសិទ្ធផល និងប្រសិទ្ធភាព។
លោក Han Fatt Juan នាយកប្រតិបត្តិក្រុមហ៊ុន PESTECH បានឱ្យដឹងថា ផ្នែកប្រតិបត្តិគម្រោងបានសង្កេតឃើញការវិវឌ្ឍមិនសូវរលូនជាមួយនឹងសកម្មភាពសំខាន់ៗដែលទាញចេញពីគម្រោងភ្នំពេញទៅព្រំដែនកម្ពុជា-ឡាវ រួមជាមួយនឹងគម្រោងខ្សែកាបក្រោមដី ២៣០ គីឡូវ៉ុល (kV) ដែលផ្តល់មូលនិធិដោយ JICA។
ជាមួយគ្នានេះដែរក្រុមការងាររបស់លោកនឹងពឹងផ្អែកលើគ្រឿងចក្រដែលបំពាក់បានយ៉ាងល្អ ជាមួយនឹងបទពិសោធន៍ច្រើនក្នុងការរចនាហេដ្ឋារចនាសម្ព័ន្ធវិស្វកម្ម និងការអនុវត្ត លើគ្រឿងបរិក្ខារប្រើប្រាស់ថាមពលសូឡានៅលើដំបូលដើម្បីនាំ EPCC និងសេវាគ្រប់គ្រងគម្រោងឆ្ពោះទៅរកការរីកចម្រើនផ្នែកទីផ្សារថាមពលកកើតឡើងវិញនៅប្រទេសកម្ពុជា។
លោកលើកឡើងថា៖ «យើងនឹងបន្តរួមចំណែកក្នុងការលើកកម្ពស់ការអភិវឌ្ឍថាមពលប្រកបដោយនិរន្តរភាព ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជាក្នុងការធ្វើសមាហរណកម្មធនធានថាមពលកកើតឡើងវិញយ៉ាង សកម្មទៅក្នុងល្បាយថាមពលរបស់ខ្លួន»។
PESTECH បានចុះបញ្ជីជាផ្លូវការនៅ CSX កាលពីខែសីហា ឆ្នាំ ២០២០ បានបោះផ្សាយភាគហ៊ុនចំនួន ៣,៩ លាន (៥,២៦ ភាគរយ ក្នុងតម្លៃ ០,៧៦ដុល្លារក្នុង ១ ហ៊ុន និងបានប្រមូលទុនបាន ៣ លានដុល្លារ៕