ភ្នំពេញៈ ចក្រភពអង់គ្លេស និង​កម្ពុជា បាន​បើក​សម្ពោធ​វេទិកា​ពាណិជ្ជកម្ម និង វិនិយោគរួម (JTIF) នៅ​ថ្ងៃទី​២៦ ខែ​ឧសភា ដែល​នឹង​ផ្តល់​ឱកាស​ពង្រឹង​ទំនាក់ទំនង​ពាណិជ្ជកម្ម និង​វិនិយោគ​រវាង​ប្រទេស​ទាំង​២ នៅ​ទីស្តី​ការ​ក្រសួង​ពាណិជ្ជកម្ម។ នេះ​បើ​យោង​តាម​ស្ថានទូត​ចក្រភព​អង់គ្លេស​ប្រចាំ​កម្ពុជា។

ស្ថានទូត​បញ្ជាក់​ក្នុង​ហ្វេសប៊ុក​នា​ថ្ងៃទី​២៦ ខែ​ឧសភា ថា ៖ «ឯកឧត្តម Dominic Williams ឯកអគ្គរាជទូត​អង់គ្លេស​ប្រចាំ​កម្ពុជា និង​ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម បាន​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា ដើម្បី​គាំទ្រ​វេទិកា​ថ្មី ដែល​នឹង​ផ្តល់​ឱកាស​មួយ​ក្នុង​ការ​រៀបចំ និង​ពង្រឹង​ទំនាក់ទំនង​ពាណិជ្ជកម្ម និង​វិនិយោគ​រវាង​ចក្រភព​អង់គ្លេស និង​កម្ពុជា»។


JTIF បាន​ប្រមូល​ផ្តុំ​មេដឹកនាំ​នៃ​រាជរដ្ឋាភិបាល​ចក្រភព​អង់គ្លេស និង​កម្ពុជា អ្នក​បង្កើត​គោល​នយោបាយ អ្នក​ដឹកនាំ​ឧស្សាហកម្ម និង​គោលនយោបាយ​ដែល​ត្រូវ​បាន​ពិភាក្សា គ្រោង​ការណ៍​ពាណិជ្ជកម្ម រួមទាំង​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពាណិជ្ជកម្ម​សម្រាប់​ប្រទេស​កំពុង​អភិវឌ្ឍន៍ (DCTS) ច្បាប់​ថ្មី​របស់​កម្ពុជា​ស្តីពី​ការ​វិនិយោគ និង​ការ​ផ្តល់​អាទិភាព​របស់​ចក្រភព​អង់គ្លេស​ឆ្ពោះ​ទៅ​រក​ការ​អភិវឌ្ឍ​ដែល​ប្រកប​ដោយ​ភាព​បៃតង និងធន់។


វេទិកា​នេះ​ក៏​បាន​ផ្តល់​ឱ្យ​សភាពាណិជ្ជកម្ម​អង់គ្លេស និង​សភាពាណិជ្ជកម្ម​កម្ពុជា នូវ​កន្លែង​មួយ​ដើម្បី​ជជែក​គ្នា​អំពី​ឱកាស​សំខាន់ៗ បញ្ហា​ប្រឈម និង​ឧបសគ្គ​នានា​ក្នុង​ការ​ធ្វើ​អាជីវកម្ម​នៅ​ចក្រភព​អង់គ្លេស និង​កម្ពុជា៕