យោងតាមឯកសារ​ស្ដីពី​យុទ្ធសាស្ត្រ​កសិកម្ម​ថ្មី​របស់​រដ្ឋាភិបាល​វៀតណាម បានធ្វើ​ការបង្ហាញ​ពី​វិធានការ​កាត់បន្ថយ​ការនាំ​ចេញ​អង្ករ​របស់​ខ្លួន​ពី ៧,១ លានតោន​ក្នុងមួយ​ឆ្នាំ មកនៅត្រឹម ៤ លានតោន នៅត្រឹម​ឆ្នាំ២០៣០។ បច្ចុប្បន្ន​នេះ វៀតណាម​គឺជាប្រទេស​ដែលនាំចេញ​អង្ករ​ច្រើនបំផុត​លំដាប់​ទី៣ របស់​ពិភពលោក បន្ទាប់ពី​ប្រទេសឥណ្ឌា និង​ថៃ។

យោងតាម​សារព័ត៌មាន Reuters យុទ្ធសាស្ត្រ​កាត់បន្ថយ​ការនាំចេញ​អង្ករ​នេះ គឺ​ដើម្បី​ជំរុញការនាំចេញ​អង្ករ​ដែលមាន​គុណភាព​ខ្ពស់ ធានា​សន្តិសុខ​ស្បៀង​ក្នុង​ស្រុក ការការពារ​បរិស្ថាន និងការសម្របខ្លួន​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ។ នេះបើយោង​តាម​ឯកសារ​របស់រដ្ឋាភិបាល​វៀតណាម ចុះថ្ងៃ​ទី២៦ ខែឧសភា ឆ្នាំ២០២៣។


យោងតាម​ឯកសារ​ដដែល បានឱ្យដឹង​ថា ប្រាក់​ចំណូល​នាំចេញ​អង្ករ​ក៏នឹង​ធ្លាក់​ចុះ​ផងដែរ មកនៅ​ត្រឹម ២,៦២ ប៊ីលាន​ដុល្លារ​ក្នុងមួយ​ឆ្នាំ​នៅ​ឆ្នាំ២០៣០ ដោយធ្លាក់​ចុះពី ៣,៤៥ ប៊ីលានដុល្លារ​ក្នុង​ឆ្នាំ២០២២។ កាលពី​ថ្ងៃ​សៅរ៍ ឈ្មួញ​ទិញ​លក់​ទិន្នផល​ស្រូវ​ម្នាក់​នៅទី​ក្រុង​ហូជីមិញ បាន​និយាយ​ថា «បើទោះបីជា​ការធ្វើ​កសិកម្ម​ដាំដុះ​ស្រូវ​នៅប្រទេស​វៀតណាម​កំពុង​ធ្លាក់ចុះ​ដោយសារ​តែការប្រែប្រួល​អាកាសធាតុ ហើយកសិករ​មួយ​ចំនួន​កំពុង​ប្តូរ​ពី​ដំណាំ​ស្រូវ​ទៅដំណាំ​ផ្សេង ក៏ដូចជា​ប្រកប​មុខ​របរ​ចិញ្ចឹម​បង្កង​ក៏ដោយ យុទ្ធសាស្ត្រ​កសិកម្ម​របស់​រដ្ឋាភិបាល​នេះ ហាក់បីដូចជា​រាង​ជ្រុល​ហួសហេតុ​បន្តិច»។


ឈ្មួញ​រូប​នេះ​បានបន្ត​ថា៖«កសិករ​មួយ​ចំនួន​នៅតំបន់​ដី​សណ្ដ​ទន្លេមេគង្គ​កំពុង​ងាក​ពីការដាំ​ដុះ​ស្រូវទៅ​រក​ការធ្វើ​ចម្ការ​ផ្លែឈើ ដាំ​ស្វាយ ក្រូច​ថ្លុង ខ្នុរ និងទុរេន​ជាដើម ប៉ុន្តែ​ភាគច្រើន នៅតែត្រូវ​ពឹង​ផ្អែក​លើ​កសិកម្ម​ដាំដុះ​ស្រូវ​ដដែល»។


គួរដឹងដែរ​ថា និន្នាការ​ឆ្ពោះទៅរក​មុខ​របរ​បើក​កសិដ្ឋាន​ចិញ្ចឹម​បង្កង​បាន​និង​កំពុង​កើនឡើងខ្លាំង​នៅ​តាម​តំបន់​មេគង្គ​នេះ​អស់ជាច្រើន​ឆ្នាំ​មកហើយ។ ការកើន​ឡើង​នេះគឺ​ដោយសារតែ​ការកើន​ឡើង​នៃ​ទឹក​សមុទ្រ បង្ក​ឡើងដោយ​បម្រែបម្រួល​អាកាសធាតុ និងនាំមក​នូវ​ការបង្កើន​ជាតិ​ប្រៃ​នៅតំបន់​ដី​សណ្ដ​មេគង្គ។


បន្ថែមលើ​នេះ វៀតណាម​នឹងធ្វើ​ពិពិធកម្ម​ទីផ្សារ​នាំចេញ​អង្ករ​របស់​ខ្លួន ដើម្បី​កាត់បន្ថយ​ការពឹងផ្អែក​ទៅលើ​ទីផ្សារ​ក្នុង​ប្រទេស​តែមួយ។ ជាក់ស្ដែង ប្រទេស​ហ្វីលីពីន ជាប្រទេស​ទីផ្សារអង្ករ​ធំ​បំផុត​របស់​ប្រទេស​វៀតណាម ពោល​គឺ​ស្មើ​នឹង ៤៥ ភាគរយ​នៃការនាំ​ចេញ​អង្ករ​សរុបរបស់​វៀតណាម​កាលពី​ឆ្នាំ២០២២ កន្លង​ទៅ។


កាលពីដើម​ខែឧសភា​នេះ នាយក​រដ្ឋមន្ត្រី​វៀតណាម លោក ផាម មិញជិញ (Pham Minh Chinh) បានប្រាប់​ទៅកាន់​ប្រធានា​ធិបតី​ហ្វីលីពីន លោក ហ្វឺឌីណាន់ ម៉ាកូស (Ferdinand Marcos) ក្នុងកិច្ចប្រជុំ​ថ្នាក់​តំបន់​នៅប្រទេស​ឥណ្ឌូនេស៊ី​ថា ប្រទេស​វៀតណាម​មាន​គោលបំណង​ផ្គត់ផ្គង់​អង្ករ​ដល់​ប្រទេស​ហ្វីលីពីន​ក្នុងរយៈពេល​វែង និងក្នុង​តម្លៃ​មួយ​ដែល​សមរម្យ។

នៅឆ្នាំ​២០២៥ ការនាំ​ចេញ​អង្ករ​របស់​វៀតណាម ៦០ ភាគរយ​នឹងត្រូវ​ដឹកជញ្ជូន​ទៅកាន់​ទីផ្សារ​អាស៊ី ២២ ភាគរយ​ទៅកាន់​អាហ្វ្រិក ៧ ភាគរយ​ទៅកាន់​សហរដ្ឋអាមេរិក ៤ ភាគរយទៅកាន់​មជ្ឈិមបូព៌ា និង ៣ ភាគរយ​ទៅ​ទ្វីប​អឺរ៉ុប នេះបើ​យោងតាម​ឯកសារ​ស្ដី​ពី​យុទ្ធសាស្ត្រ​ខាងលើ។ យ៉ាងណាមិញ សមាគម​ស្បៀងអាហារ​វៀតណាម ឬហៅកាត់​ថា VFA ដែល​ជាសមាគម​តំណាង​ឱ្យក្រុមហ៊ុន​សហគ្រាស​កែច្នៃ​អង្ករ និងក្រុមហ៊ុន​នាំចេញ​អង្ករ មិនបាន​ធ្វើការឆ្លើយតប​ភ្លាមៗ​ទៅនឹង​សំណើ​សុំការ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​នោះ​ទេ។

ជាថ្មី​ម្ដងទៀត រដ្ឋាភិបាល​វៀតណាម​បាន​សង្កត់ធ្ងន់​ថា វៀតណាម​នឹង​ផ្តោត​លើ​ការផលិត​អង្ករ​ក្រអូប និងអង្ករ​ដំណើប​ដែលមាន​គុណភាព​ខ្ពស់ និងព្យាយាម​កាត់បន្ថយ​ការផលិត​គ្រាប់​ធញ្ញជាតិ​ដែលមាន​គុណភាព​ទាប​មកនៅ​ត្រឹម ១៥ ភាគរយ​នៃទិន្នផល​សរុប​នៅឆ្នាំ​២០២៥ និងរហូត​ដល់ ១០ ភាគរយ​នៅ​ឆ្នាំ២០៣០។

ឈ្មួញ​ទិញលក់​អង្ករ​ម្នាក់ទៀត​នៅ​ខេត្ត​អាន់ហ្គាង (An Giang) បានលើកឡើង​ថា «យុទ្ធសាស្ត្រ​នេះ​ទំនងជា​មិនអាច​ទៅរួច​នោះទេ ព្រោះ​ផលិតកម្ម​ស្រូវ​អាស្រ័យ​ទៅលើ​ការផ្គត់ផ្គង់ និងតម្រូវការ មិនមែន​អាស្រ័យ​ទៅលើ​ការសម្រេច​របស់​រដ្ឋាភិបាល​នោះទេ»។ យោង​តាមទិន្នន័យ​គយ​របស់​រដ្ឋាភិបាល​វៀតណាម​បានបង្ហាញ​ថា ការនាំ​ចេញ​អង្ករ​ពី​ប្រទេស​វៀតណាម​ក្នុងរយៈពេល ៤ ខែដំបូង​ក្នុង​ឆ្នាំនេះ បានកើន​ឡើង​ដល់ ២,៩ លានតោន ស្នើ​នឹង ៤០,៧ ភាគរយ​បើធៀបនឹង​ឆ្នាំមុន៕