សិក្ខាកាម ទទួលបានការកើនប្រាក់ចំណូល ២០% ក្រោយឆ្លងកាត់ការបណ្តុះបណ្តាលបដិសណ្ឋារកិច្ច ហូកា
តាមរយៈការសិក្សាជាមួយសិក្ខាកាមដែលបានឆ្លងកាត់ការបណ្តុះបណ្តាលបដិសណ្ឋារកិច្ច ហូកា (Hoka) បានបង្ហាញថា មុនពេលបណ្តុះបណ្តាលសិក្ខាកាមទទួលបានប្រាក់ចំណូលជាមធ្យមប្រចាំខែចំនួន ១៨៦ ដុល្លារ ហើយនៅក្រោយទទួលបានការបណ្តុះបណ្តាល សិក្ខាកាមទទួលបានប្រាក់ចំណូលជាមធ្យមប្រចាំខែចំនួន ២២៣ ដុល្លារ មានការកើនឡើងប្រមាណ ២០% ស្មើនឹងប្រាក់កើនជាមធ្យមចំនួន ៣៦ ដុល្លារ។
យោងតាមការផ្សព្វផ្សាយលើទំព័រហ្វេសប៊ុកដែលមានឈ្មោះថា «កម្មវិធីហូកា នៃគម្រោង អភិវឌ្ឍន៍ជំនាញ» នៅថ្ងៃទី២៧ ខែឧសភានេះ បញ្ជាក់ថា កម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ច ហូកា ស្ថិតក្រោមកិច្ចសហប្រតិបត្តិការរវាងក្រសួងទេសចរណ៍ និងអង្គការ ស៊្វីសខន់ថាក់ ដើម្បីជំរុញការបណ្តុះបណ្តាលបដិសណ្ឋារកិច្ចដល់យុវជនងាយរងគ្រោះ បុគ្គលិកជំនាញទាប អ្នកគ្រប់គ្រង និងម្ចាស់អាជីវកម្មទេសចរណ៍ក្នុងខេត្តគោលដៅចំនួន ១០ ទូទាំងប្រទេស។
លោក ជួប រតនា ប្រធាននាយកដ្ឋានផែនការអភិវឌ្ឍន៍ទេសចរណ៍ និងជាប្រធានលេខាធិការដ្ឋាន គ.គ.ហ. ប្រាប់ឱ្យដឹងថា ជាទូទៅនៅពេលដែលសិក្ខាកាម បានឆ្លងកាត់វគ្គបណ្តុះបណ្តាលបដិសណ្ឋារកិច្ច ហូកា ទទួលបាននូវសេវាកម្មល្អប្រសើរជាងមុន។
លោកបន្តថា សិក្ខាកាមខ្លះទៀត បានទទួលនូវតំណែង ឬឋានៈនៅកន្លែងដែលពួកគេធ្វើការ ក្រោយពីទទួលបានវគ្គបណ្តុះបណ្តាលនេះ។
លោកថ្លែងថា៖« វគ្គបណ្តុះបណ្តាលរបស់យើង មិនមែនមានន័យថាចប់ភ្លាម យើងធ្វើ Survey ទេ។ បី ឬ បួនខែក្រោយនៃការចប់វគ្គបណ្តុះបណ្តាល បានយើងធ្វើ Survey នៅក្រោយវគ្គ»។
កម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ច ហូកា (HoKa) ជាសមាសធាតុគោលមួយរបស់កម្មវិធីអភិវឌ្ឍន៍ជំនាញ (Skills Development Programme) របស់អង្គការ Swisscontact ដោយទទួលបានជំនួយឧបត្ថម្ភពីទីភ្នាក់ងារស៊្វីសសម្រាប់កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍ (SDC) សម្រាប់រយៈពេល ១២ ឆ្នាំ ចាប់ពីឆ្នាំ២០១៦ ដល់២០២៨។
រហូតមកដល់បច្ចុប្បន្ន ក្រោមកិច្ចសហការដ៏ល្អជាមួយភាគីពាក់ព័ន្ធ គណៈកម្មការគ្រប់គ្រងគម្រោង ហូកា បានធ្វើការបណ្តុះបណ្តាលយុវជន យុវនារីកម្ពុជា អ្នកគ្រប់គ្រងនិងម្ចាស់អាជីវកម្មទេសចរណ៍បានជាង ៣ ០០០ នាក់ នៅតាមខេត្តគោលដៅគម្រោងចំនួន ១០ រួមមាន ខេត្តក្រចេះ ស្ទឹងត្រែង ព្រះវិហារ មណ្ឌលគិរី រតនគិរី ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន ឧត្តរមានជ័យ និងបន្ទាយមានជ័យ។ ការបណ្តុះបណ្តាលនោះ លើជំនាញសេវាកម្មម្ហូបអាហារនិងភេសជ្ជៈ ការិយាល័យជួរមុខ គេហកិច្ច ចុងភៅ មគ្គុទ្ទេសក៏ទេសចរណ៍ សហគមន៍ និងជំនាញឆុងកាហ្វេជាដើម៕