​ភ្នំពេញៈ សមត្ថភាព​កែច្នៃ និង​នាំចេញ​គ្រាប់ស្វាយចន្ទី​របស់​សិប្ប​កម្ម​កែច្នៃ​គ្រាប់ស្វាយចន្ទី ជ័យ សំបូរ ទៅ​ទីផ្សារ​អន្តរជាតិ​ត្រូវ​រំពឹងថា​នឹង​អាច​កើនឡើង​យ៉ាងតិច​ទ្វេដង​នៅ​ឆ្នាំ​ ២០២៤ ខាងមុខ​ខណៈ​ថ្មីៗ​នេះ​ក្រុម​ហ៊ុន​មកពី​ជប៉ុន Mirarth Holdings, Inc បានបង្ហាញ​ពី​បំណង​វិនិយោគ​លើ​ម៉ាស៊ីន​កែច្នៃ​គ្រាប់ស្វាយចន្ទី​ចំនួន ២-៣​។​

​ម្ចាស់​សិប្បកម្ម​កែច្នៃ​គ្រាប់ស្វាយចន្ទី ជ័យ សំបូរ ដែល​ស្ថិតនៅ​ក្នុងស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ លោកស្រី អ៊ិន ឡៃ​ហ៊ួ​ត បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី ​២៨ ខែឧសភា​ថា កាលពី​សប្តាហ៍​មុន​ក្រោម​កិច្ចសម្របសម្រួល​ពី​មន្ត្រី​នៃ​ក្រសួងកសិកម្ម គណៈប្រតិភូ​ជប៉ុន​ដឹកនាំ​ដោយ​លោក Shimada Kazuichi នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Mirarth Holding និង​ថ្នាក់ដឹកនាំ​នៃ​ក្រុមហ៊ុន Top planning Japan Co., Ltd បានធ្វើ​ដំណើរ​មក​ទស្ស​ន​កិច្ច និង​ជួបពិភាក្សា​នៅ​សិប្បកម្ម​កែច្នៃ​គ្រាប់ស្វាយចន្ទី ជ័យ សំបូរ​។


​ដំណើរ​ទស្សនកិច្ច​របស់​ក្រុមហ៊ុន គឺ​ពិនិត្យ​លទ្ធភាព​ក្នុង​ការសង់​អគារ​បន្ថែម​នៅក្នុង​បរិវេណ ឬ​ជិតគ្នា​នឹង​សិប្បកម្ម​កែ​ច្នៃ​គ្រាប់ស្វាយចន្ទី ជ័យ សំបូរ ដើម្បី​ដាក់​ម៉ាស៊ីន​កែច្នៃ​គ្រាប់ស្វាយចន្ទី​ថ្មី​ចំនួន ២ ឬ​៣ បន្ថែម​លើ​ម៉ាស៊ីន​ចំនួន ២ របស់​ក្រុមហ៊ុន Top planning Japan Co., Ltd​។ លោកស្រី​បន្ថែមថា ជាមួយនឹង​ម៉ាស៊ីន​ដែល​កំពុងមាន​នាពេល​បច្ចុប្បន្ន គឺ​ក្នុង ១​ ខែ​សិប្បកម្ម​កែច្នៃ​គ្រាប់ស្វាយចន្ទី ជ័យ សំបូរ អាច​កែច្នៃ​គ្រាប់ស្វាយចន្ទី​សម្រេចបាន​ពី ៦០-១០០​ តោន​។​

​លោកស្រី​លើកឡើងថា ផែនការ​ដាក់​ម៉ាស៊ីន​របស់ Mirarth Holding នឹងចូលរួម​ចំណែក​យ៉ាងច្រើន​ក្នុងការ​​បង្កើត​ការងារ ក៏ដូចជា​ជួយ​ឱ្យ​ប្រជា​កសិករ​ដាំ​ដុះ​ស្វាយចន្ទី​ទទួលបាន​ចំ​ណូ​ល​ខ្ពស់ជាង​មុន​។ ក្នុង​ឆ្នាំ ​២០២៣ នេះ​គុណភាព​គ្រាប់ស្វាយចន្ទី​ឆៅ គឺ​ល្អប្រសើរ​ជាង​ឆ្នាំ ​២០២២ និង​មានតម្លៃ​ខ្ពស់​ផងដែរ ដោយ​តម្លៃ​ចន្លោះ​ពី​ជាង ៣ ០០០-៤ ០០០​ រៀល​ក្នុង ​១​ គីឡូក្រាម កើន​ពី​ជាង ១ ៥០០​ រៀល​កាលពី​ឆ្នាំមុន​។​


​លោកស្រី​បាន​បញ្ជាក់ថា​៖ «​ខ្ញុំ​រំពឹងថា សមត្ថភាព​កែច្នៃ​គ្រាប់ស្វាយចន្ទី​របស់​សិប្ប​កម្ម ជ័យ សំបូរ នឹង​អាច​កើនឡើង​ទ្វេដង​ចាប់ពី​ឆ្នាំក្រោយ​តទៅ ខណៈ Mirarth Holding មានបំណង​ដាក់​ម៉ាស៊ីន ២-៣ ​ទៀត​»​។​

​យោងតាម​លោកស្រី ឡៃ​ហ៊ួ​ត ការ​នាំចេញ​គ្រាប់ស្វាយចន្ទី​របស់​សិប្ប​កម្ម​កែច្នៃ​គ្រាប់ស្វាយចន្ទី ជ័យ សំបូរ ទៅ​ប្រទេស​ជប៉ុន​លើកដំបូង​ត្រូវបាន​ធ្វើឡើង​ក្នុង​ឆ្នាំ​ ២០២១ ជាមួយ​បរិមាណ ៣០ ​តោន និង​ឆ្នាំ​ ២០២២ ចំនួន ៤០​ តោន​។

​ទោះយ៉ាងណា ដោយសារ​ប្រ​ទេស​ជប៉ុន​បាន​កំណត់ឱ្យ​ការនាំចេញ​ត្រូវមាន​ច្បាប់ និង​ការ​វេច​ខ្ចប់​តាម​ស្តង់​​ដា​នោះ គឺ​ក្នុង​ឆ្នាំ​ ២០២៣ នេះ​មិនទាន់​ត្រូវបាន​ធ្វើជា​ផ្លូវការ​ទេ​។​

​លោកស្រី​អះអាងថា​៖ «​ដោយសារ​ពេលនេះ​អ្វីៗ​ត្រូវ​បានរៀបចំ​រួចរាល់ ដូច្នេះ​ការនាំ​ចេញទៅ​ជប៉ុន​អាច​នឹង​ចាប់ផ្តើម​ឡើងវិញ​នៅ​រយៈពេល​ជាង ១ ​ខែ​ទៀត​»​។​

​បើតាម​លោកស្រី ឡៃ​ហ៊ួ​ត បច្ចុប្បន្ន​សិប្បកម្ម​កែច្នៃ​គ្រាប់ស្វាយចន្ទី​នេះ​មាន​កម្មករ​ប្រមាណ ១០០ នាក់​។​

​ប្រធាន​សមាគម​ស្វាយចន្ទី​កម្ពុជា ​(​ស​សក​) លោក អួន ស៊ី​ឡុ​ត បានឱ្យដឹងថា Mirarth Holding គឺជា​ក្រុម​​ហ៊ុន​វិនិយោគ​ដ៏​ធំ​មួយ​មកពី​ប្រទេស​ជប៉ុន ដោយ​ក្រុមហ៊ុន​គ្រោង​នឹង​ចាប់​ដៃគូ​សហការ​ជាមួយ​ក្រុមហ៊ុន Top Planning Japan ដែល​កំពុងដំណើរការ​ស្រាប់​លើ​ការងារ​កែច្នៃ​គ្រាប់ស្វាយ​​ចន្ទី​នៅ​សិប្បកម្ម​កែច្នៃ​គ្រាប់ស្វាយចន្ទី ជ័យ សំបូរ ដើម្បី​បង្កើន​សមត្ថភាព​ផលិត និង​នាំ​ចេញទៅ​ទីផ្សារ​ជប៉ុន កូរ៉េ ចិន និង​អឺរ៉ុប ជាដើម​។​

​លោក ស៊ី​ឡុ​ត និយាយថា​៖ «​ការ​សហការ​រវាង​ក្រុមហ៊ុន​ជប៉ុន​ទាំង ​២ ​នឹង​បង្កើន​សមត្ថភាព​នៃ​ការប្រមូលទិញ​គ្រាប់​ចន្ទី​ស្រស់​ពី​កសិករ​ក្នុង​គោលបំណង​កែច្នៃ​គ្រាប់ស្វាយចន្ទី​ដែលមាន​គុណភាព​លេខ​ ១ សម្រាប់​នាំចេញ រួមជាមួយ​ពង្រីក​ការកែច្នៃ​ទៅលើ​សម្បក​គ្រាប់​ចន្ទី​ជា​ប្រេងឥន្ធនៈ ដែលមាន​គុណភាព​ខ្ពស់ ដើម្បី​បង្កើន​តម្លៃបន្ថែម​ផងដែរ​»​។​

​របាយការណ៍​ពី​សមាគម​ស្វាយចន្ទី​កម្ពុជា បាន​បង្ហាញថា ក្នុង​ឆ្នាំ ​២០២២ កម្ពុជា​នាំចេញ​គ្រាប់ស្វាយចន្ទី​ឆៅ​ទៅ​ទីផ្សារ​អន្តរជាតិ​ចំនួន ៦៧ ​ម៉ឺន​តោន គិត​ជា​ប្រាក់ ១,៧៧ ​លាន​ដុល្លារ​។ ក្នុងនោះ​ប្រទេស​នាំចូល​គ្រាប់ស្វាយ​ចន្ទី​ពី​កម្ពុជា មានដូចជា វៀតណាម ជប៉ុន និង​ចិន ខណៈ​ប្រទេស​ផ្សេងៗ​ទៀត​កំពុង​សម្លឹងមើល​ឱកាស​នាំចូល​គ្រាប់ស្វាយចន្ទី​ពី​កម្ពុជា​៕