ភ្នំពេញៈ ក្រុមហ៊ុន​អាកាស​ចរណ៍​ជាតិ​កម្ពុជា អង្គរ​អ៊ែរ និង Trip.com Group ជា​ក្រុមហ៊ុន​ផ្តល់​សេវា​ធ្វើដំណើរ​លំដាប់​ពិ​ភព​លោក បាន​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា ​(MOU) ជា​យុទ្ធសាស្ត្រ​ដើម្បី​ជួយ​លើក​​កម្ពស់​ប្រទេស​កម្ពុជា​ជា​គោល​ដៅ​សកល​ដ៏​សំខាន់​ទៅកាន់​ភ្ញៀវទេសចរ​អន្តរជាតិ​។​

MoU នេះ ត្រូវបាន​ចុះ​ហត្ថ​លេខា​នៅ​ថ្ងៃទី​ ២៤ ខែឧសភា នៅ​ប្រទេស​សិង្ហ​បុរី ដោយ​លោក Yudong Tan អគ្គនាយក​ក្រុម​ហ៊ុន Flight Business Group និង​ជា​អនុប្រធាន​នៃ​ក្រុមហ៊ុន Trip.com Group និង​លោក David Zhan អគ្គនាយក​ក្រុម​​ហ៊ុន កម្ពុជា​អង្គរ​អ៊ែរ​។​


MoU នេះ​វា​ក៏​នឹង​ជំរុញ​ការ​សាងសង់​ព្រលានយន្តហោះ​ឆ្លាត​វៃ និង​កម្មវិធី​បណ្តុះបណ្តាល​ទេពកោសល្យ​ទេសចរណ៍​ដល់​កម្ពុជា​ផងដែរ​។ ជាមួយនឹង​ការ​​មកដល់​នៃ​ព្រលានយន្តហោះ​អន្តរជាតិ​អង្គរ​ថ្មី ភាគី​ទាំង​ ២ ​ក៏​នឹង​ពង្រឹង​ការងារ​នៅក្នុង​វិស័យ​ទេសចរណ៍​ផ្សេងៗ​។ តាមរយៈ​ការប្រើប្រាស់​បណ្តាញ​អ្នក​ប្រើ​ប្រាស់​សកល​របស់ Trip.com Group និង​សមត្ថភាព​ផលិត​ផល​ឈានមុខ​គេ គឺ​ក្រុមហ៊ុន​កម្ពុជា អង្គរ​អ៊ែរ អាច​បង្កើន​ការ​ចូលទៅ​ដល់ទី​ផ្សារ​ពិភពលោក និង​លើកកម្ពស់​គុណភាព​សេវា​កម្ម​របស់ខ្លួន​ផងដែរ​។​

​ជា​ផ្នែក​មួយ​នៃ​កិច្ច​សហ​ប្រតិ​ប​ត្តិ​ការ Trip.com Group នឹង​កែលម្អ​សេវាកម្ម​ឌីជីថល និង​ភាព​ឆ្លាត​វៃ​របស់​ព្រលាន​យន្ត​ហោះ​អន្តរជាតិ​អង្គរ និង​ជួយ​ឱ្យ​ព្រលានយន្តហោះ​អន្តរជាតិ​នេះ ក្លាយជា​ព្រលានយន្តហោះ​ឆ្លាត​វៃ​ដ៏​សំខាន់​នៅក្នុង​តំបន់​។ ភាគី​ទាំង ​២ នឹង​ចាប់​ផ្តើមធ្វើ​យុទ្ធនា​ការ​ទីផ្សារ និង​កិច្ច​សហប្រតិបត្តិ​ការ​ក្នុងការ​អភិវឌ្ឍ​សណ្ឋាគារ សេវាកម្ម​ទិដ្ឋាការ​ធ្វើដំណើរ និង​កម្មវិធី​បណ្តុះបណ្តាល​ទេព​កោ​ស​ល្យ​ទេសចរណ៍​នៅ​ប្រទេស​កម្ពុជា​។​


​លោក តឹក​រ៉េត សំរេច ប្រធាន​ក្រុមហ៊ុន​អាកាសចរណ៍ កម្ពុជា អង្គរ​អ៊ែរ ដែល​បាន​ធ្វើជា​សាក្សី​ក្នុង​ពិធី​ចុះហត្ថលេខា​នោះ បានឱ្យដឹងថា ការសាងសង់​ព្រលាន​​យន្តហោះ​អន្តរជាតិ​អង្គរ​ថ្មី​មាន​សារៈសំខាន់​ចំពោះ​យុទ្ធសាស្ត្រ​ទេសចរណ៍​ពិភពលោក​របស់​កម្ពុជា​។

លោក​ថ្លែងថា​៖ «​យើង​សង្ឃឹមថានឹង​ចាប់យក​ឱកាស​នៃ​ការ​រស់​ឡើងវិញ​នៃ​ទេសចរ​ណ៍​ពិភពលោក ហើយ​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ក្រុមហ៊ុន Trip.com Group ដើម្បី​អនុ​​វត្ត​កិច្ចសហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ ចាប់ពី​ការ​សាង​សង់​ព្រលានយន្តហោះ​ឆ្លាត​វៃ រហូតដល់​ការលើកកម្ពស់​សេវា​កម្ម​របស់​យើង​សម្រាប់​អ្នក​ដំ​​ណើ​រ​កាន់តែច្រើន​»​។​

​លោក Xing Xiong ប្រធាន​ប្រតិបត្តិ​ក្រុមហ៊ុន Trip.com Group បាន​និយាយថា ការ​សាងសង់​ព្រលានយន្តហោះ​​អន្តរជាតិ​អង្គរ​ថ្មី និង​ការ​ស្ទុះ​ងើបឡើង​វិញ​នៃ​ការធ្វើដំណើរ​ជាស​កល​នឹង​បង្ហាញ​ពី​ឱកាស​យ៉ាងច្រើន​សម្រាប់​វិស័យ​ទេស​ចរណ៍​នៅ​កម្ពុជា​។​

​លោក​ថ្លែងថា​៖ «​យើង​មាន​សេចក្តីរំភើប​ក្នុងការ​សហការ​ជាមួយ​ក្រុមហ៊ុន​អាកាសចរណ៍ កម្ពុជា អង្គរ​អ៊ែរ ដើម្បី​គាំទ្រ​ដល់​ប្រទេស​កម្ពុជា​ក្នុងការ​សម្រេចបាន​នូវ​សក្តានុពល​ទីផ្សារ​ពិភព​​លោក​ពេញលេញ និង​ភ្ជាប់​វា​ជាមួយ​ឧស្សាហកម្ម​ទេសចរ​ណ៍​អន្តរជាតិ​»​។​

​លោក ធួន ស៊ីណាន ប្រធាន​សមាគម​ទេសច​រណ៍​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​កម្ពុជាបាន​និយាយថា កិច្ចសហប្រតិបត្តិការ​នេះ គឺជា​ជំហាន​វិជ្ជមាន​សម្រាប់​ភាគី​ទាំង ​២​ ក្នុងការ​ផ្សព្វផ្សាយ​ពី​ប្រទេស​​កម្ពុជា​ទៅ​ពិភពលោក ដោយ​សារ​ក្រុមហ៊ុន Trip.com គឺជា​វេទិកា​ឌីជីថល​ដែល​ផ្តល់​សេវា​​កម្ម​ទេសចរណ៍​ជាច្រើន​ដល់​ភ្ញៀវ​ជុំវិញ​ពិភពលោក​។​

​លោក​បន្តថា​៖ «​នឹងមាន​កិច្ច​សហប្រតិបត្តិការ​ដ៏​ល្អ ដោយ​សារ​ក្រុមហ៊ុន​ទាំង​២​នឹង​នាំមក​នូវ​មុខមាត់​រប​ស់​ប្រទេស​កម្ពុជា​ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​ឱ្យមក​ទស្សនា​កាន់តែច្រើន​ឡើង​។ ទន្ទឹមនឹងនេះ ភ្ញៀវទេសចរ​ក៏មាន​ភាពងាយស្រួល​ក្នុងការ​​ធ្វើដំណើរ​កម្សាន្ត​ដោយ​ប្រើ​វេទិកា​នោះ​ផងដែរ​»៕