ភ្នំពេញៈ ភ្ញៀវ​បរទេស​ដែល​ធ្វើ​ដំណើរ​មកដល់​ប្រទេស​កម្ពុជា​តាមផ្លូវ​អាកាស នា​ត្រីមាស​ទី​១ ឆ្នាំ​ ២០២៣ មាន​ប្រមាណ​ជាង ៤៨​ ម៉ឺន​នាក់ កើនឡើង ៤,៥​ ដង​ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២២ ខណៈ​ជាង ៧០​ ភាគ​​រយ​ចុះចត​នៅឯ​ព្រលាន​យន្ត​ហោះ​អន្តរជាតិ​ភ្នំពេញ​។ នេះ​បើតាម​ក្រសួងទេសចរណ៍​។​

​របាយការណ៍​ស្ថិតិ​ភ្ញៀវ​ទេស​ចរ​ប្រចាំ​ខែមីនា ឆ្នាំ​ ២០២៣ ឱ្យដឹងថា ចាប់ពី​ខែមករា ដល់​ខែ​មីនា ឆ្នាំ ​២០២៣ ប្រទេស​កម្ពុជា​ ទទួលបាន​ភ្ញៀវ​បរទេស​សរុប ១ ២៩១ ៥៣៩ ​នាក់ កើនឡើង ៧០៩,៥​ ភាគរយ​បើ​ធៀប​នឹង​ត្រីមាស​ទី​១ ឆ្នាំ ​២០២២ ដែលមាន​ចំនួន ១៥៩ ៥៤៦ ​នាក់​។ ចំនួន​ភ្ញៀវ​បរទេស​មក​តាមផ្លូវ​អាកាស​ស្មើ ៣៧,៣ ​នៃ​ចំនួន​ភ្ញៀវ​បរទេស​សរុប ខណៈ​ភ្ញៀវ​តាមផ្លូវ​គោក​ចំនួន ៦១,៣៥ ​ភាគរយ និង​ភ្ញៀវ​តាមផ្លូវ​ទឹក ១,៣៥​ ភាគរយ​។​


​យោងតាម​របាយការណ៍​ខាងលើ គឺ​ភ្ញៀវ​បរទេស​មក​កម្ពុជា​តាម​ផ្លូវអាកាស ក្នុង​ត្រីមាស​ទី១ ឆ្នាំ​ ២០២៣ មាន​ចំនួន​សរុប​ ៤៨១ ៥៨២ ​នាក់ កើនឡើង ៤៥៣,៧​ ភាគរយ​ពី​ចំនួន ៨៦ ៩៧៦​ នាក់​កាលពី​ត្រីមាស​ទី​១ ឆ្នាំ​ ២០២២​។ ក្នុង​ចំនួន​ខាងលើ គឺ​ចូល​តាម​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​ចំនួន ៣៣៩ ២៩១​ នាក់​(​ស្មើ ៧០,៤៥​ ភាគ​​រយ​ភ្ញៀវ​សរុប​តាមផ្លូវ​អាកាស​) កើនឡើង​ ៣៥៣,៥​ ភាគរយ​, ព្រ​​លាន​យន្តហោះ​អន្តរជាតិ​ខេត្តសៀមរាប ១៣៨ ០៤៦​ នាក់​ (២៨,៦៦​ភាគរយ​) កើន ១ ២៣០,៤​ ភាគរយ​, និង​តាម​ព្រ​លាន​យន្តហោះ​កងកេង ​(​ព្រះសីហនុ​) ៤ ២៤៥ ​នាក់ ​(០,៨៨​ភាគរយ​) កើន​ឡើង ១៣៨,៥​ ភាគរយ​។​

​លោក ធួន ស៊ីណាន ប្រធាន​សមាគម​ទេសចរណ៍​អាស៊ី​ប៉ាស៊ីហ្វិក​កម្ពុជា បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ២៩ ខែឧសភា ថា ក្នុងអំឡុងពេល​ស្ថានភាព​សេដ្ឋកិច្ចពិភពលោក​បន្ត​ជួប​វិបត្តិ​ដូចជា កូ​វីដ​ ១៩ សង្គ្រាម​រវាង​រុស្ស៊ី​-​អ៊ុយ​ក្រែ​ន និង​បញ្ហា​អតិផរណា​នោះ ការធ្វើដំណើរ​ពី​កន្លែង​ ១​ ទៅ​កន្លែង ​១ ជាពិសេស​ការធ្វើដំណើរ​ឆ្លង​ប្រទេស​ឆ្ងាយៗ​គឺ​ពុំ​សូវ​មាន​ទេ​។ លោក​បន្តថា ក្នុងដំណាក់កាល​នេះ​ភ្ញៀវទេសចរ​បរទេស​ដែល​មក​កម្ពុជា ភាគច្រើន​ជា​ប្រជាជន​ក្នុង​តំបន់ ឬ​មកពី​ប្រទេស​មាន​ព្រំដែន​ជាប់​គ្នា​តែប៉ុណ្ណោះ ព្រោះ​ងាយស្រួល​ធ្វើដំណើរ​ដោយ​អាច​តាម​ផ្លូវគោក ផ្លូវទឹក និង​ផ្លូវអាកាស​។​


​លោក​ថ្លែងថា​៖ «​ដោយសារ​ស្ថានភាព​ពិភពលោក​បន្ត​ស្ថិតក្នុង​ភាពមិន​ច្បាស់​លាស់ ដូច្នេះ​ខ្ញុំ​ពិតជា​ពិបាក​ព្យាករ​ថា វិស័យ​ទេសចរណ៍​កម្ពុជា ក៏ដូចជា​ការ​មកដល់​របស់​ភ្ញៀវ​តាមផ្លូវ​អាកាស​នឹងមាន​ស្ថានភាព​បែបណា​នោះទេ​»​។​

​ទោះយ៉ាងណា​ក្នុងនាម​ជា​អ្នក​នៅក្នុង​វិស័យ​ទេសចរណ៍ លោក​សង្ឃឹមថា វិបត្តិ​នានា​ដែល​កំពុង​កើតមាន​ជា​បន្ត​បន្ទាប់​នៅពេលនេះ​នឹង​អាច​បិទ​បញ្ចប់​ទៅវិញ​ក្នុងពេល​ឆាប់ៗ​។​

​ប្រធាន​សមាគម​មគ្គុទេសក៍​ទេសចរ​ណ៍​ភាសា​ចិន​កម្ពុជា ​(​ខេត្តសៀមរាប​) លោក ធៀ​ម ធឿ​ង និយាយថា ទោះបី​ក្ដីបារម្ភ​ពី​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ ១៩ លើ​ពិភពលោក​ថមថយ​ច្រើន​ធៀប​នឹង​អំឡុង​ឆ្នាំ​ ២០២០-២០២២ ក៏​ចំនួន​ភ្ញៀវ​ទេសចរ​បរទេស​ដែល​មក​ដើរ​កម្សាន្ត​នៅ​កម្ពុជា​នៅ​មិនទាន់មាន​ច្រើន​ទេ មកដល់ពេលនេះ​។ លោក​បន្តថា សូម្បីតែ​ទេសចរ​ជនជាតិ​ចិន​ដែល​មុនពេល​មាន​វត្តមាន​ជំងឺ​កូ​វីដ​ ១៩ បានធ្វើ​ដំណើរ​មក​កម្ពុ​ជា​ចំនួន​ច្រើន ក៏​ពេលនេះ​នៅតែ​ស្ថិតក្នុង​កម្រិត​ទាប​ដដែល​។​

​លោក​ប្រាប់ថា​៖ «​បច្ចុប្បន្ន​មគ្គុទេសក៍​ទេសចរណ៍​នៅ​ខេត្តសៀមរាប​មានការ​​ងារ​ធ្វើ​ច្រើនជាង​មុន ​(​អំឡុង​ឆ្នាំ​ ២០២០-២០២២) ប៉ុន្តែ​បើ​ធៀប​នឹង​មុន​កូ​វីដ គឺ​ខុសគ្នា​ឆ្ងាយ​ណាស់​។ យើង​មិនដឹងថា ពេលណា​ទើប​មាន​ភ្ញៀវ​ឡើងវិញ​ទេ​»​។​

​លោក​បន្តទៀតថា សម្រាប់​មគ្គុទេសក៍​ទេសចរណ៍ ដែល​បាន​ទៅ​ចាប់​យកមុខ​របរ​ផ្សេងៗ​កាលពី ២-៣​ ឆ្នាំមុន ក៏មាន​មួយចំនួន​បាន​ត្រៀមខ្លួន និង​ចូលមក​បម្រើ​ក្នុង​វិស័យ​ទេសចរណ៍​វិញ​ហើយ​។​

​ក្រសួងទេសចរណ៍​បានឱ្យដឹងថា ក្នុង​ឆ្នាំ​ ២០២២ កម្ពុជា​ទទួលបាន​ភ្ញៀវ​អន្តរ​ជាតិ ២,២៨ ​លាន​នាក់ កើន ១ ០៥៩ ​ភាគរយ​ ធៀប​នឹង​ឆ្នាំ​ ២០២១ ក្នុងនោះ គឺ​ភ្ញៀវ​តាមផ្លូវ​អាកា​សមាន​ចំនួន ៧៩១ ៦០៣​ នាក់ ស្មើនឹង ៣៤,៨​ ភាគរយ​នៃ​ចំនួន​ភ្ញៀវទេសចរ​បរទេស​សរុប​។​

​ឆ្នាំ​ ២០១៩ គឺជា​ឆ្នាំ​ដែល​កម្ពុជា​បានទទួល​ភ្ញៀវ​បរទេស​ច្រើនជាងគេ​ដោយមាន​ចំនួន ៦,៦១​ លាន​នាក់​។ ភ្ញៀវ​តាមផ្លូវ​អាកា​សមាន ៤,៤​ លាន​នាក់ ស្មើនឹង​ ៦៦,៦​ ភាគរយ​នៃ​ចំនួន​ភ្ញៀវ​សរុប​។ នេះ​បើតាម​ក្រសួងទេសចរណ៍​៕