ភ្នំពេញៈ ក្រុមហ៊ុន Cambodia Airport Investment Co.,Ltd (CAIC) ដែល​អភិវឌ្ឍ​អាកាសយានដ្ឋាន​អន្តរ​​ជាតិ​តេ​ជោ​តាខ្មៅ និង​ក្រុមហ៊ុន SIA Engineering Company Limited (SIAEC) ដែល​ចុះបញ្ជី​នៅ​ផ្សារ​ហ៊ុន​សិង្ហ​បុរី បានប្រកាស​នឹង​ចុះហត្ថលេខា​រួមគ្នា​លើ​កិច្ចព្រមព្រៀង​សហការ​ ដើម្បី​បណ្តាក់ទុន​រួមគ្នា​លើ Line maintenance នៅ​កម្ពុជា​។​

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃទី​ ៣០ ខែឧសភា គឺ​កិច្ច​ព្រម​​ព្រៀង​រវាង​ក្រុមហ៊ុន​ទាំង​ ២ នឹងត្រូវ​ធ្វើឡើង​នាពេលខាងមុខ​។ ស្ថិតក្រោម​កិច្ចព្រមព្រៀង​នេះ​ក្រុមហ៊ុន SIAEC នឹង​កាន់កាប់ ៥១ ​ភាគរយ​នៃ​ក្រុមហ៊ុន​បណ្តាក់ទុន​ថ្មី​នេះ ហើយ​ក្រុមហ៊ុន​ CAIC នឹង​កាន់កាប់ ៤៩​ ភាគរយ​។​


​សេចក្ដីប្រកាស​ព័ត៌មាន​បានឱ្យដឹងថា ក្រុមហ៊ុន​បណ្តាក់ទុន​រួមគ្នា​នេះ​នឹង​បង្កើតឱ្យមាន​សេវាកម្ម Line Maintenance នៅក្នុង​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី ដែល​ត្រូវបាន​កំ​ណ​ត់​ឈ្មោះថា ​«​អាកាសយានដ្ឋាន​​អន្តរជាតិ​តេ​ជោ​»​។​

​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ (​ដំណាក់កាល​ទី​១ ) ​ជា​អាកាសយាន​ដ្ឋា​ន​អន្តរជាតិ​ថ្មី​ដែល​បាន​សាងសង់​នៅ​ភាគខាងត្បូង​រាជធានី​ភ្នំពេញ​ចម្ងាយ​ប្រមាណ ១៩​ គីឡូម៉ែត្រ ជាមួយ​ទុន​វិនិយោគ​សរុប ១,៥​ ពាន់​លាន​ដុល្លារ​។ ការសាងសង់ និង​ការអភិវឌ្ឍ​គម្រោង​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ​ចែក​ចេញ​ជា ៣ ដំណាក់កាល ដែល​អាច​ទទួល​អ្នកដំណើ​រ​បាន​ចំនួន ៥០ ​លាន​នាក់ ក្នុង​ ១ ​ឆ្នាំ ដោយមាន​ផ្លូវ​រត់​សម្រាប់​យន្តហោះ ៣ និង​អគារ​ស្ថានីយ​ផ្សេងៗ​គ្របដណ្តប់​លើ​ផ្ទៃដី ២ ៦០០ ​ហិកតា​។ ​ក្រុមហ៊ុន​បណ្តាក់ទុន​នេះ​នឹង​ចាប់ផ្តើម​ដំណើរការ​នៅ​ខែមីនា ឆ្នាំ​ ២០២៥ ស្រប​ពេល​ការចាប់​ដំណើរការ​រប​ស់អា​កាស​យានដ្ឋាន​អន្តរជាតិ​តេ​ជោ​ផងដែរ​។​


​សេចក្តីប្រកាស​ព័ត៌មាន​បានឱ្យដឹងថា​៖ «​ក្រុមហ៊ុន​បណ្តាក់ទុន​រួមគ្នា​នេះ​នឹង​បំពេញបន្ថែម​ទៅលើ​បណ្តាញ​ស្ថានីយ Line Maintenance អន្តរជាតិ ​(LMI) ដែលមាន​ស្រាប់​របស់ SIAEC​។ ផ្អែកលើ​សមត្ថភាព​វិស្វកម្ម និង​បទពិសោធន៍​ប្រតិបត្តិការ​ពី​គ្រប់​បណ្តាញ LMI របស់ SIAEC ក្រុមហ៊ុន​បណ្តាក់ទុន​រួមគ្នា​នេះ​រំពឹងថា នឹង​ក្លាយជា​ស្ថានីយ ថែទាំ និង​ជួសជុល ​(MRO) យន្តហោះ​ថ្នាក់​តំបន់​ក្នុង​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ​។​

​លោក Ng Chin Hwee អគ្គនាយក​ក្រុមហ៊ុន SIAEC បានឱ្យដឹងថា ក្រុម​ហ៊ុន​បណ្តាក់ទុន​រួមគ្នា​នេះ​នឹង​ផ្តល់​ការ​គាំទ្រ​ដ៏​ស៊ីជម្រៅ​ផ្នែក Line Maintenance ជាមួយ​ការជឿជាក់​ខ្ពស់ និង​សេវាកម្ម​វិស្វកម្ម​ប្រកបដោយ​គុណភាព​ទៅដល់​ប្រតិបត្តិការ​អាកាសចរណ៍​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ​។​

​លោក​ថ្លែងថា​៖ «​វា​ក៏បាន​ជួយ​ពង្រឹង​តួនាទី​របស់ SIAEC ជា​ប្រតិបត្តិ​ករ​ផ្តល់​សេវា Line Maintenance ឈានមុខ​គេ​ប្រកបដោយ​គុណភាព និង​ប្រសិទ្ធ​​ភាព​សេវាកម្ម​ថែទាំ និង​ជួសជុល​ខ្ពស់​ដល់​អតិថិជន​នៅ​បរទេស​ទាំងអស់​»​។​

​លោក ពុង ឃាវ​សែ អគ្គនាយក​ក្រុម​ហ៊ុន CAIC បានឱ្យដឹងថា ការចូលរួម​ពី​ក្រុមហ៊ុន SIAEC នឹង​ផ្តល់​តម្រូវការ​បន្ថែមទៀត​សម្រាប់​ការអភិវឌ្ឍ​ព្រលានយន្តហោះ​នេះ​។ លោក​ថ្លែងថា​៖ «​យើង​មាន​ភាព​រីករាយ​ខ្លាំង​ក្នុង​ការសហការ​ជាមួយ SIAEC​។ យើង​ជឿថា ការផ្ទេរ​ជំនាញ​ប​ចេ្ច​ក​ទេស និង​ការបំពេញ​ការងារ​អនុលោម​តាម​គោលការណ៍​របស់ ក្រុមហ៊ុន SIAEC នឹង​ផ្តល់​សារៈសំខាន់​ដល់​ភាពជោគជ័យ​យូរអង្វែង​នៃ​ក្រុម​ហ៊ុន​បណ្តាក់ទុន​រួមគ្នា​នេះ​។ យើង​មាន​ក្តីរំភើប​ឥតឧបមា ហើយ​មានជំនឿថា កិច្ចសហការ​ជា​ដៃគូ​យុទ្ធសាស្ត្រ​នេះ នឹង​ហុច​ផ្លែផ្កា​លើសពី​ការរំពឹងទុក​»​។​

​លោក ស៊ិន ចាន់​សិរី​វុត្ថា អ្នកនាំពាក្យ​នៃ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល (SSCA) ធ្លាប់បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ថា ការងារ​នៅ​អាកាសយានដ្ឋាន​អន្តរ​ជាតិ​តេ​ជោ ​(TIA)​ បានកំណត់​ឱ្យ​ក្រុម​ហ៊ុន​អភិវឌ្ឍន៍ Cambodia Airport Investment Co., Ltd(CAIC) ជា​មួយ​ទុនវិនិយោគ ៦១៧​ លាន​ដុល្លារ​ត្រូវបាន​ចំណាយ​គិត​ត្រឹម​ថ្ងៃទី​ ៣១ ខែធ្នូ ឆ្នាំ ​២០២២​។ ការសាងសង់​សម្រេចបាន ៤៣ ​ភាគរយ​ហើយ​។ លោក​បន្តថា ដោយបាន​ចាប់ផ្តើម​សាងសង់​នៅ​ឆ្នាំ ២០១៩ TIA គ្រោង​នឹង​បញ្ចប់​ដំណាក់​​កាល​ទី​១ នៅ​ពាក់កណ្តាល​ឆ្នាំ​ ២០២៤​។ នេះ​បើតាម​ផែនការមេ​ដែល​ធ្វើ​បច្ចុប្បន្ន​ភាព​របស់​ក្រុមហ៊ុន CAIC​។​

CAIC គឺជា​ក្រុមហ៊ុន​បណ្តាក់ទុន​រួម​​គ្នា​រវាង​ក្រុមហ៊ុន Overseas Cambodia Investment Corp Ltd (OCIC) និង SSCA ដោយ​លើ​មូលដ្ឋាន ​៩០/១០​។ នេះ​បើ​យោងតាម​ក្រុមហ៊ុន OCIC បានឱ្យដឹង​នៅក្នុង​កំណត់ត្រា​នៅលើ​គេហទំព័រ​របស់ខ្លួន​៕