ភ្នំពេញៈ ទំនិញ​ដែលមាន​ទឹក​ប្រាក់​សរុប​ជាង ៩១​ លាន​ដុល្លារ​ត្រូវបាន​កម្ពុជា​នាំចេញ​ទៅ​ឥណ្ឌា នា​រយៈពេល ៤ ​ខែ​ដំបូង​ឆ្នាំ ២០២៣ កើនឡើង​ជាង ៦៤ ​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២២ ខណៈ​ពា​ណិ​ជ្ជ​កម្ម​ទ្វេភាគី​មាន​ជាង ១៦១​ លាន​ដុល្លារ​។ នេះ​បើ​យោងតាម​ស្ថិតិ​ដែល​កត់ត្រា​ដោយ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​។​

​តារាង​ស្ថិតិ​ជញ្ជីង​ពាណិជ្ជកម្ម​ទំនិញ​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ឱ្យដឹងថា ចាប់​​ពី​ខែមករា ដល់​ខែមេសា ឆ្នាំ ​២០២៣ កម្ពុជា​បាន​នាំ​ទំនិញ​ទៅ​ឥណ្ឌា​ក្នុងតម្លៃ​សរុប ៩១,៥៣ ​លាន​ដុល្លារ កើនឡើង ៦៤,២ ​ភាគរយ​បើ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២២ ដែលមាន ៥៥,៧៥​ លាន​ដុល្លារ​។


ទន្ទឹមគ្នានេះ​ឥណ្ឌា​បាន​នាំ​ទំនិញ​មក​កម្ពុជា​វិញ​ក្នុង​ទឹកប្រាក់ ៦៩,៦១​ លាន​ដុល្លារ ធ្លាក់ចុះ ១៦,៦​ ភាគរយ​ពី ៨៣,៤៤ ​លាន​ដុល្លារ​។ សម្រាប់​ពាណិជ្ជកម្ម​ទ្វេភាគី គឺមាន​ទឹកប្រាក់​សរុប ១៦១,១៤​ លាន​ដុល្លារ កើនឡើង ១៥,៨​ ភាគរយ ពី​ចំនួន ១៣៩,១៩ ​លាន​ដុល្លារ​។​

​ប្រទេស​ឥណ្ឌា គឺជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​ទី ​១៨ របស់​កម្ពុជា ហើយ​បើ​ផ្អែក​តាម​តួលេខ​ខាងលើ គឺ​ជញ្ជីង​ពា​ណិ​ជ្ជ​កម្ម​កម្ពុជា មាន​ឧត្តមភាព ២១,៩១​ លាន​ដុល្លារ​។ នេះ​បើតាម​អគ្គនាយក​ដ្ឋា​ន​គយ និង​រដ្ឋាករ​កម្ពុជា​។​


​អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា លោក លឹម ហេង បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃទី​ ៣០ ខែឧសភា ថា កម្ពុជា​-​ឥណ្ឌា មាន​ទំនាក់ទំនង​វប្បធម៌​ប្រពៃណី និង​ប្រវត្តិសាស្ត្រ​ជាមួយគ្នា​ជា​យូរ​មកហើយ​។ ឥណ្ឌា​ជា​ប្រទេស​ធំ និង​មាន​ប្រជាជន​ច្រើន ដូច្នេះ​បើ​កម្ពុជា​អាចមាន​ទំនិញ​សក្តានុពល​សម្រាប់​នាំចេញ​ឥណ្ឌា​កាន់តែច្រើន គឺជា​រឿង​ល្អ​សម្រាប់​ជំរុញ​កំណើនសេដ្ឋកិច្ច​។

លោក​បន្តថា បន្ទាប់ពី​ថមថយ​មួយរយៈ​នៅក្នុង​អំឡុងពេល​នៃ​ការរីក​រាល​​ដាល​ជំងឺ​កូ​វីដ​ ១៩ ការផ្លាស់ប្តូរ​ទំនិញ​រវាង​ប្រទេស​ទាំង​ ២ កំពុងមាន​សម្ទុះ​ឡើង​គួរឱ្យកត់សម្គាល់ ពិសេស​ការនាំ​ទំនិញ​ពី​កម្ពុជា​ទៅ​ប្រទេស​ឥណ្ឌា​។​

​លោក​ថ្លែងថា​៖ «​ទោះបី​ទឹកប្រាក់​នាំ​ទំនិញ​ចេញ​-​ចូល​របស់​ប្រទេស​ទាំង​ ២ នៅ​មិនទាន់​ច្រើន ប៉ុន្តែ​តាមរយៈ​ទំនាក់​​ទំនង​ល្អ​រវាង​រដ្ឋាភិបាល​ប្រទេស​ទាំង ២ ខ្ញុំ​សង្ឃឹមថា ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី នឹង​កើនឡើង​ច្រើន​ថែមទៀត​ក្នុងពេល​ឆាប់ៗ​នេះ​»​។​

​បន្ថែម​លើ​នេះ​លោក​អះអាង​ទៀតថា បើ​ប្រទេស​ទាំង ២ អា​ចត​ភ្ជាប់​ជើង​​ហោះហើរ​ត្រង់​ជាមួយគ្នា​វា​នឹង​ជួយ​ឱ្យ​ការផ្លាស់ប្តូរ​ទំនិញ និង​ភ្ញៀវទេសចរ​រវាង​ប្រទេស​ទាំង​ ២ មាន​សម្ទុះ​ឡើង​លឿន​ជាមិនខាន​។​

​យោងតាម​លោក លឹម ហេង ទំនិញ​សក្តានុពល​ដែល​កម្ពុជា​នាំទៅ​ប្រទេស​ឥណ្ឌា រួមមាន ផលិតផល​វាយ​ន​ភណ្ឌ និង​កសិកម្ម ចំណែក​ឥណ្ឌា​នាំមក​វិញ ជា​ផលិតផល​បច្ចេកវិទ្យា សម្ភារ​វេជ្ជ​សាស្ត្រ និង​ឱសថ ជាដើម​។​

​ព្រះមហាក្សត្រ​កម្ពុជា ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី កាលពី​ថ្ងៃទី​ ២៩ ខែឧសភា បាន​យាង​ព្រះរាជដំណើរ​ទៅ​ទស្សន​កិច្ច​រយៈពេល ៣​ ថ្ងៃ​នៅ​សាធារណរដ្ឋ​​ឥណ្ឌា តប​តាម​ការអញ្ជើញ​ពី​លោកស្រី ប្រធានាធិបតី​ឥណ្ឌា​។ នៅក្នុង​ព្រះរាជ​​ដំណើរ​ទស្សនកិច្ច​នេះ គឺ​ចំ​ពេលដែល​ប្រទេស​ទាំង​ ២ ​កំពុង​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី ​៧០ នៃ​ការ​បង្កើត​ទំនាក់ទំនង​ការទូត​។​

​បើតាម​ក្រសួងការបរទេស​កម្ពុជា ក្នុងអំឡុងពេល​នៃ​ព្រះរាជទស្សនកិច្ច​នេះ លោកស្រី​ប្រធានាធិបតី​ឥណ្ឌា និង​លោក Narendra Modi នាយក​រដ្ឋ​មន្ត្រី​ឥណ្ឌា ទទួល​រៀបចំ​ព្រះរាជ​ពិធី​សវនាការ​ថ្វាយ​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី ដែល​ក្នុងឱកាស​នោះ កិច្ច​សហ​ប្រតិ​ប​ត្តិ​ការ​ទ្វេភាគី និង​ពហុភាគី នឹងត្រូវ​លើកយក​មក​ពិភាក្សា​ផងដែរ​។​

​អ្នកនាំពាក្យ​នៃ​ក្រសួងពាណិជ្ជកម្ម លោក ប៉ែន សុ​វិជាតិ ធ្លាប់បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា មុនពេល​មាន​វិបត្តិ​នៃ​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​ ១៩ ការធ្វើ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា និង​ឥណ្ឌា​បាន​កើន​ឡើងជា​បន្តបន្ទាប់ ដោយ​ឥណ្ឌា គឺជា​ទីផ្សារ​ដ៏​មាន​សក្ដានុពល​មួយ​សម្រាប់​កម្ពុជា ព្រោះ​ឥណ្ឌា​ជា​ប្រទេស​ធំ មាន​ប្រជាជន​ច្រើន និង​មាន​កម្លាំង​ទិញ​សកម្ម​ខ្លាំង​ហើយ​តម្រូវ​ការ​ផលិតផល​របស់​ឥណ្ឌា​ក៏​ស្រប​នឹង​អ្វីដែល​កម្ពុជា​អាច​ផលិត​បានដែរ​។

លោក​បន្តថា ភាគច្រើន​នៃ​ការដោះដូរ​ពាណិជ្ជកម្មរ​វាង​ប្រទេស​ទាំង​ ២ គឺជា​ទំនិញប្រើប្រាស់ ផលិតផល​កសិកម្ម ឧស្សាហកម្ម​ធុន​ស្រាល និង​សេវាកម្ម​បច្ចេកវិទ្យា​មួយចំនួន​។​

​លោក​បន្ថែមថា ជាមួយ​សក្តានុពល​ទាំងអស់នេះ​បច្ចុប្បន្ន​កម្ពុជា​ក៏​បាននិងកំពុង​ធ្វើការ​សិក្សា​វាយតម្លៃ​លទ្ធភាព​ជាក់ស្តែង​នៅក្នុង​ការរៀបចំ​ឱ្យមាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ទ្វេភាគី ​(FTA)​ ជាមួយ​ប្រទេស​មួយចំនួនទៀត​ដូចជា ឥណ្ឌា អង់គ្លេស អាមេរិក ជប៉ុន និង​សហភាព​សេដ្ឋកិច្ច​អឺរ៉ុប​-​អាស៊ី (EAEU) ជាដើម​។​

​លោក​ថ្លែងថា​៖ «​នៅពេល​មាន FTA វា​នឹងមិន​ត្រឹមតែ​អាចធ្វើ​ឱ្យមាន​លំហូរ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ ២ កើន​នោះទេ ប៉ុន្តែ​វា​ក៏​នឹង​ក្លាយជា​ឱកាស​សម្រាប់​កម្ពុជា​ក្នុងការ​ទាក់ទាញ​វិ​និ​យោគិន​បរទេស​ឱ្យ​ចូលមក​បណ្តាក់​ទុន​នៅ​កម្ពុជា ដើម្បី​ផលិត​ផលិតផល​ដែលមាន​តម្រូវការ​ខ្ពស់​នៅ​ឥណ្ឌា​»​។​

​ក្នុង​ឆ្នាំ​២០២២ ការផ្លាស់ប្តូ​រពា​ណិ​​ជ្ជ​កម្ម​រវាង​កម្ពុជា​-​ឥណ្ឌា មាន​ទឹកប្រាក់​សរុប ៤៤០ ​លាន​ដុល្លារ កើនឡើង​ ៤១,៣៧​ ភាគរយ​ពី​ចំនួន ៣១១,២៤​ លាន​ដុល្លារ​កាលពី​ឆ្នាំ​ ២០២១ ដោយ​កម្ពុជា​បាន​នាំ​ទំនិញ​ទៅ​ឥណ្ឌា​ចំនួន ១៩៦,៦៣ លាន​ដុល្លារ កើនឡើង ៥៦​ ភាគរយ និង​ឥណ្ឌា​នាំ​ទំនិញ​មក​កម្ពុជា​វិញ ២៤៣,៣៧​ លាន​ដុល្លារ កើន ៣១,៤ ​ភាគរយ​។ នេះ​បើ​យោងតាម​ទិន្នន័យ​ពី​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​៕