ភ្នំពេញៈ ក្រុម​ប្រឹក្សា​អភិ​វឌ្ឍន៍​កម្ពុជា (CDC) បាន​ឱ្យដឹង​ថា ក្រុម​ហ៊ុន ​WANLI TIRE CORPORATION LIMITED មកពី​ប្រទេស​ចិន បាន​បង្ហាញ​ពី​ការ​ចាប់​អារម្មណ៍​ខ្លាំង និង​មាន​គោល​បំណង​ស្វែង​យល់​កាលានុវត្ត​ភាព​វិនិ​យោគ​ក្នុង​វិស័យ​ផលិត​សម្បក​កង់​យាន​យន្ត​នៅ​កម្ពុជា​។​

CDC បាន​បញ្ជាក់​ដូច​នេះ កា​ល​ថ្ងៃទី​៣០​ ខែ​ឧសភា ឆ្នាំ​២០២៣ ក្នុង​អំឡុង​​ជំនួប​រវាង​មន្ត្រី​គណៈ​កម្មាធិ​ការ​តំបន់​សេដ្ឋ​កិច្ច​ពិសេស​កម្ពុជា​នៃ​ក្រុម​ប្រឹក្សា​អភិ​វឌ្ឍន៍​កម្ពុជា(​ក​.​អ​.​ក​.)និងគណៈ​ប្រតិភូ​ក្រុម​ហ៊ុន​ WANLI TIRE CORPORATION LIMITED. មក​ពី​ប្រទេស​ចិន នៅ​ទីស្តី​ការ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​។​


​លោក ជា វុទ្ធី អគ្គ​លេខា​ធិការរ​ងគណៈ​កម្មាធិការ​វិនិយោគ​កម្ពុជា​/​គណៈ​កម្មាធិ​ការ​តំបន់​សេដ្ឋ​កិច្ច​ពិសេស​កម្ពុជា​នៃ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (​ក​.​អ​.​ក​.) បាន​ឱ្យដឹង​ថា ក្រុម​ហ៊ុន WANLI TIRE CORPORATION LIMITED គឺជា​ក្រុមហ៊ុន​ផលិត​សម្បក​កង់​យាន​យន្ត​ដ៏​ធំ​មួយ​នៅ​ក្រុង​ក្វាង​ចូ​វនិង​ក្រុង​ហឺ​ប៉ី ដោយ​ក្រុម​ហ៊ុន​នេះ មាន​ការ​ចាប់អា​រម្មណ៍​ខ្ពស់​លើ​វិស័យ​ផលិត​សម្បក​កង់​យាន​យន្ត​នៅ​កម្ពុជា​។​

​ក្នុង​ជំនួប​ជា​មួយ​គណៈ​ប្រតិភូ​ក្រុមហ៊ុន​នេះ​លោក ជា វុទ្ធី បាន​បង្ហាញ​នូវ​កាលានុវ​ត្តភាព​វិនិ​យោគ​នៅ​កម្ពុជា ​ជាពិសេស​កិច្ច​សម្រួល​ធុរ​កិច្ចនិង​ការផ្ត​ល់ការ​លើក​ទឹក​ចិត្ត​ប្រក​បដោយ​ភាព​ទាក់​ទាញ ​ដូច​មាន​ចែង​នៅក្នុង​ច្បាប់​ស្តីពី​វិនិយោគ​របស់​កម្ពុជា​។


លោក​បាន​បញ្ជាក់​ថា៖​«​ខ្ញុំ​សូម​ជំរុញ និង​លើក​ទឹក​ចិត្ត​ដល់​ក្រុម​ហ៊ុន ត្រូវធ្វើ​ការ​សិក្សា​ស៊ីជម្រៅ​លើ​ទីតាំង​ប៉ូល​សេដ្ឋ​កិច្ច និង​សក្តានុព​ល​សំខាន់ៗ​របស់​កម្ពុជា ​ដើម្បី​ធ្វើការ​សម្រេច​ចិត្ត​វិនិយោគ​នៅ​កម្ពុជា​។ ខ្ញុំ​សង្ឃឹម​យ៉ាង​មុតមាំ​ថា ការ​សម្រេច​ចិត្ត​វិនិយោគ​របស់​ក្រុម​ហ៊ុន​នឹង​ចូល​រួម​ចំណែក​ជំរុញ​ទ្វេ​ឡើង​នូវ​កិច្ច​សហប្រ​តិ​បត្តិការ​គ្រប់​ជ្រុង​ជ្រោយ​កម្ពុជា​-​ចិន ដែល​ជា​កិច្ចសហ​ប្រតិបត្តិ​ការ​ត្បូង​ពេជ្រ​រវាង​ប្រទេស​ទាំង​២​ឱ្យ​កាន់តែ​មាន​ភាព​រីក​ចម្រើន និង​ស៊ី​ជម្រៅ​»​។​

​ជាមួយ​គ្នា​នោះ​ដែរ​ លោក Wang Song ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​នៃ​ក្រុម​ហ៊ុន ​WANLI TIRE CORPORATION LIMITED. បាន​ឆ្លើយ​តប​ថា រូប​លោក​រួម​ជា​មួយ​នឹង​ប្រតិភូ នឹង​ពិចារណា​ និង​ស្វែង​យល់​បន្ថែម​ទៀត​ក្នុងការ​ចាប់​យក​កាលានុវ​ត្តភាព​វិនិយោគ​ក្នុង​វិស័យ​ផលិត​សម្បក​កង់​យាន​យន្ត​នេះ​។

​លោក ​Wang បញ្ជាក់ថា​៖«​កម្ពុជា​គឺជា​គោល​ដៅ​វិនិយោគ​ដ៍​មាន​សក្តានុ​ពល និង​មាន​ភាព​ទាក់​ទាញ​ខ្ពស់សម្រាប់​ការ​សម្រេច​ចិត្ត​វិនិ​យោគ​នៅ​ក្រៅ​ប្រទេស​របស់​ក្រុម​ហ៊ុន​»​។​

​លោក ហុង​ វណ្ណៈ អ្នក​ជំនាញ​សេដ្ឋ​កិច្ច នៃ​រាជ​បណ្ឌិត្យ​សភាក​ម្ពុជា បាន​ថ្លែង​ថា ​ការវិនិយោគ​ក្នុង​វិស័យ​ផលិត​សម្បក​កង់​យា​នយន្ត​នៅ​កម្ពុជា​ ពី​សំណាក់​ក្រុម​ហ៊ុន​បរទេស អាច​នឹង​រួម​ចំណែក​ធ្វើ​ឱ្យ​តម្លៃ​កៅស៊ូ​កម្ពុ​ជា​មាន​ស្ថិរភា​ព និង​មាន​ទីផ្សារ​។​

​លោក​បាន​បញ្ជាក់​ថា​៖«​កម្ពុជា ​មាន​សក្តានុ​ពល​ខ្ពស់ ស​ម្រាប់​អ្នក​វិនិយោគ ដែល​មាន​បំណង​ចង់​បើក​រោង​ចក្រ​សហ​គ្រាស ជា​ពិសេស​រោងចក្រ​ឧស្សាហ​កម្ម​ធុន​ធ្ងន់ ​ដែល​បាន​ផ្តល់​តម្លៃ​បន្ថែម​ខ្ពស់​សម្រាប់ ​ការនាំ​ចេញ ខណៈដែ​ល​កម្ពុជា​ក៏មាន​ដំណាំ​ក្រៅ​ស៊ូ​ស្រាប់ ដែល​អំណោយ​ដល់​ការ​កែច្នៃ​សម្បក​កង់​យាន​យន្ត​ទាំង​នោះ​»​។​

​គួរ​រំ​ឭកថា នៅក្នុង​ពិធី​សម្ពោធ​ដាក់ឱ្យ​ដំណើរ​ការ​រោងចក្រ​ផលិត​សម្បក​កង់ ដើម្បី​អប​អរសាទរ​ខួប​លើក​ទី​១០នៃ​គំនិត​ផ្តួចផ្តើ​ម​ខ្សែ​ក្រវាត់១ ផ្លូវ​១ ​នៅ​តំបន់​សេដ្ឋ​កិច្ច​ពិសេស ក្រុង​ព្រះសី​ហនុកាល​ពីពេល​​ថ្មីៗ​នេះ ​លោក ហ៊ុន សែន នាយករ​ដ្ឋមន្ត្រី​នៃ​កម្ពុជា ​បាន​ថ្លែង​ថា កម្ពុជា​ត្រូវ​ការ​ក្រុមហ៊ុន​វិនិយោគ​ផលិត​សម្បក​យានយ​ន្ត​កាន់តែ​ច្រើន​កាន់តែ​ល្អ ដែល​ជំរុញ​ឱ្យមាន​តម្លៃបន្ថែ​ម​ខ្ពស់ ​ដោយសា​រតែ​ការ​ប្រើប្រា​ស់​វត្ថុធា​តុដើម​កៅស៊ូ​ធម្មជាតិ​ដែល​មាន​ក្នុង​ស្រុក​ប្រមាណ​ជិត​៥​ពាន់​តោន​ក្នុង១​ឆ្នាំ​។​លោក​បាន​បន្ថែម​ថា វា​អាច​ជួយ​លើក​កម្ពស់​កម្រិត​ឧស្សា​ហកម្ម​នៃ​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះសី​ហនុ ជា​ពិសេស​ជួយ​លើក​កម្ពស់​ទីផ្សារ​ជ័រកៅស៊ូ​​របស់​កម្ពុជា និង​ដោះ​ស្រាយ​មុខ​របរ និង​ការ​ងារ​កម្មករ​ដាំ​កៅស៊ូ​ជា​ច្រើន​នាក់​ទៀត​។

​លោក​បាន​បញ្ជាក់​ថា​​៖«​នៅ​ពេល​ដំណើរការ​ផលិត​កម្ម ​រោង​ចក្រ​នេះ​អាច​ផលិត​សម្បក​កង់​ជិត១,៣​លាន​សម្បក​កង់​ក្នុង​១​ឆ្នាំ ​ដែល​នឹង​ប្រើប្រាស់​កម្មក​រនិយោ​ជិត​ប្រមាណ​ ១​ ១៥០​នាក់​។ តាម​រយៈ​ការវិ​និយោគ​របស់​រោង​ចក្រ​ផលិត​សម្បក​កង់​នា​ពេល​នេះខ្ញុំ​សង្ឃឹម​ជឿជាក់ថា​នឹង​មា​ន​ក្រុម​ហ៊ុនផ្សេងៗ​ទៀត​ដែល​អាច​បើក​រោង​ចក្រ​ផលិត​សម្បក​កង់​រថយ​ន្តនៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះសីហនុ​ »៕