សហគ្រិន​ខ្មែរ​ (Khmer En-terprises) ដែលជា​អង្គភាព​មួយ​របស់​រដ្ឋ​ស្ថិតនៅក្រោម​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ត្រូវបាន​បង្កើតឡើង​ក្នុងអំឡុង​ពេលដែល​ប្រទេស​កម្ពុជា​វាយលុក​ដោយ​ជំងឺ​រាតត្បាត​កូ​វីដ​ ​១៩ ដើម្បី​ជួយ​គាំទ្រ​ដល់​សហគ្រាស​ដែល​បង្កើត​ថ្មី ដោយ​ប្រើប្រាស់​មូលនិធិ​របស់រ​ដ្ឋា​ភិ​បាល​។ កាលពី​ថ្ងៃទី​ ២៦​ ឧសភា សហគ្រិន​ខ្មែរ​(KE)​ និង ​Swisscontact ដោយ​ទទួល​​បានការ​សហការ​ឧបត្ថម្ភ​ថវិកា​គាំទ្រ​ដោយ​ទីភ្នាក់ងារ​ស្វ៊ី​ស​សម្រាប់​ការអភិវឌ្ឍ និង​កិច្ច​សហប្រតិបត្តិ​ការ ​(SDC) ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​តាមរយៈ KE និង​ភ្នាក់ងារ KOICA បាន​បើក​ដំណើរ​ការ​កម្មវិធី​ «​ការពង្រឹង​ប្រព័ន្ធ​អេកូ​ឡូ​ស៊ី​សហគ្រិនភាព និង​ការ​វិ​និ​យោគ​(3Ei)»​ ក្នុង​គោលបំណង​បង្កើន​កិច្ចសហប្រតិបត្តិការ​នៅក្នុង​ប្រព័ន្ធ​អេកូឡូស៊ី​សហគ្រិនភាព និង​ជំរុញ​ការវិនិយោគ​នៅ​កម្ពុជា​។​

​បន្ទាប់ពី​ការចុះហត្ថលេខា​ភ្នំពេញ​ប៉ុស្តិ៍​បាន​ជួប​សម្ភាស​លោក​ ​ឈៀង វណ្ណ​មុនិ​ណ្ណ នាយក​ប្រតិបត្តិ​នៃ​សហគ្រិន​ខ្មែរ​អំពី​លទ្ធផល​ការងារ​របស់ KE និង​អ្វីដែល KE កំពុង​ធ្វើ​ជាមួយ​ដៃគូ​ក្នុងការ​លើកកម្ពស់​ស្មារតី​សហគ្រិន​នៅ​កម្ពុជា​៖​


តើ​លោក​អាច​បញ្ជាក់​បានទេ​ថា រហូតដល់​ពេលនេះ មាន​ក្រុមហ៊ុន​បង្កើត​ថ្មី និង​ក្រុមហ៊ុន​ផ្សេងទៀត​ប៉ុន្មាន ដែល KE បាន​ជួយ​ជ្រោមជ្រែង​?

​យើង​បានផ្តល់​ការគាំទ្រ​ដល់​ក្រុមហ៊ុន​រាប់ពាន់​មកហើយ ចាប់តាំងពី​យើង​បាន​ដំណើរ​ការ​មក ប៉ុន្តែ​ខ្ញុំ​ជឿថា មាន​ក្រុម​ហ៊ុន​រាប់ម៉ឺន​បានដឹងថា អ្វីដែល KE បាននិងកំពុង​ធ្វើ គឺ​ដើម្បី​គាំទ្រ​ដល់​ក្រុមហ៊ុន​ក្នុងស្រុក​។​


​តើ​សហគ្រិន​ខ្មែរ​ (KE) បានធ្វើ​អ្វីខ្លះ​រហូតមកដល់​ពេលនេះ​?

​សហគ្រិន​ខ្មែរ យើង​ធ្វើ​គម្រោង​ជាច្រើន​។ យើង​មិនមែន​ចាប់ផ្តើម​ឡើង​ដោយមាន​មនុស្ស​ច្រើន​ដូច​សព្វថ្ងៃនេះ​ទេ គឺ​យើង​ចាប់​ផ្តើមឡើង​ដោយមាន​តែម្នាក់ឯង ហើយ​យើង​ក៏​ប្រមូល​ធនធានមនុស្ស​ចូល​មកជា​បន្តបន្ទាប់​។ បច្ចុប្បន្ននេះ យើង​បាននិងកំពុង​ធ្វើ​គម្រោង​ជិត ​៣០០ ​គម្រោង​។​

​យើង​ក៏​មិនមែន​ចាប់​ផ្តើមឡើង​ដោយ​ធ្វើ​គម្រោង​ច្រើន​នោះដែរ គឺ​យើង​ធ្វើ​បណ្តើរ ត្រួតពិនិត្យ និង​បង្កើន​ឡើងជា​បន្តបន្ទាប់​ដែល​រហូតមក​ដល់ពេលនេះ​យើង​មាន​មនុស្ស​ច្រើន​សម្រាប់ធ្វើ​កិច្ចការ​នេះ​។​

​សម្រាប់​កម្មវិធី 3Ei វិញ តើ​មាន​រយៈពេល​ប៉ុន្មាន​ឆ្នាំ និង​គ្រោង​ចំណាយ​ទឹកប្រាក់​ប្រហែល​ប៉ុន្មាន​?

​យើង​មិនទាន់​អាច​បញ្ជាក់​ពី​ទំហំ​ថវិកា​លើ​គម្រោង​សហ​ប្រតិ​ប​ត្តិ​ការ​នៅពេលនេះ​នោះទេ ព្រោះថា ការចុះ​អនុស្សរណៈ​យោគយល់​គ្នា​ទើប​ចាប់ផ្តើម​។ ខ្ញុំ​រំពឹងថា ប្រហែល​ ១ ​ខែក្រោយ​មក​ទើប​យើង​អាច​បញ្ជាក់បាន​ថា ត្រូវ​ចាយ​លើ​អ្វីខ្លះ​។ ពេលនោះ​លោក​អាចទាក់ទង​មក​ខ្ញុំ​ម្តងទៀត​។​

ដោយសារ KE ជា​អង្គភាព​របស់​រដ្ឋ ហេតុអ្វី​ចាំបាច់​ត្រូវធ្វើ​ដៃគូ​ជាមួយ​ដៃគូ​ផ្សេងៗ​?

​យើង​ចង់ឃើញ​ដៃគូ​ដែល​ពូកែ​ធ្វើការ​ជាមួយ​យើង​។ ពេលខ្លះ​យើង​ដាក់​ថវិកា​ដែល​យើង​មាន​ទៅឱ្យ​ដៃគូ​ជា​អ្នកអនុវត្ត​។ ពេលខ្លះ​យើង​មាន​ថវិកា យើង​មិន​អនុ​​វត្ត​ដោយ​ខ្លួនឯង​នោះទេ ព្រោះ​ពេល​យើង​ធ្វើ​ខ្លួនឯង យើង​មិនដឹង​ខុស​ឬ​ត្រូវ​នោះទេ ដែល​ទាម​ទារ​ឱ្យមាន​អ្នក​ជួយ​ធ្វើ​យើង​។ ដូចនេះ​យើង​ឱ្យ​កញ្ចប់​នោះ​ទៅ​ដៃគូ​របស់​យើង​ធ្វើការ​ជាមួយ​យើង​។ យើង​បាន​តាក់តែង និង​រៀបចំ​នូវ​កម្មវិធី​ផ្សេងៗ​ដោយ​ខ្លួន​យើង ហើយ​យើង​ក៏​ស្វែងរក​ដៃគូ​សម្រាប់​អនុវត្ត ដូច​កម្មវិធី​មួយ​នេះ យើង​មាន Swisscontact ដើម្បី​រួមគ្នា​អនុវត្ត​។ យើង​មិនអាច​ធ្វើខ្លួន​យើង​ទាំងអស់​នោះទេ ព្រោះ​យើង​មាន​រាប់រយ​កម្មវិធី​ដែល​ត្រូវអនុវត្ត​។ ដូចនេះ​យើង​ត្រូវតែ​រក​ដៃគូ​ដែល​ពូកែ ដែល​អាចជួយ​យើង​បាន​។​

តើ KE អនុវត្ត​គម្រោង​របស់ខ្លួន​យ៉ាងដូចម្តេច​?

​សហគ្រិន​ខ្មែរ យើង​ធ្វើ​គម្រោង​ផែនការ​ ១ ​ឆ្នាំ​ម្តង​។ យើង​មាន​គម្រោង​តាម​ឆ្នាំ ដែល​យើង​ធ្វើ​ជាមួយ​ដៃគូ​ផ្សេងៗ​របស់​យើង​។ គម្រោង​ខ្លះ​ក៏​យើង​មាន​រយៈពេល​ពី​ ៣ ទៅ ​៤ ​ឆ្នាំ​ដែរ ប៉ុន្តែ​ក្នុង​រយៈ​ពេល ​១ ​ឆ្នាំ យើង​ត្រូវ​ត្រួត​ពិនិត្យមើល​កិច្ចសន្យា​ដែល​បាន​ចុះ​ហត្ថ​លេខា​ជាមួយគ្នា​នោះ​ម្តង​ដែល​មានន័យថា បើសិន​មានដំណើរ​​ការល្អ មាន​ដៃគូ​អាចធ្វើ​ការងារ​ជាមួយគ្នា​បាន និង​មាន​លទ្ធផល​ផ្សេងៗ​ដែល​យើង​ទទួលយកបាន យើង​នឹង​បន្តធ្វើ​វា​បន្តទៅទៀត​។ ពេលខ្លះ​មិនមែន​ដៃគូ​ធ្វើ​មិន​បានល្អ​នោះទេ ប៉ុន្តែ Ecosystem របស់​យើង មិនអាច​ទទួល​បែប​នោះបានទេ គឺ​ត្រូវ​កែ​សម្រួល​ឡើងវិញ ដើម្បី​ឱ្យមាន​ការវិវឌ្ឍ​តាម​អ្វី​ដែលមាន​តម្រូវ​​ការ​នៅក្នុង​ប្រទេស​របស់​យើង​។

​សម្រាប់​ទឹកប្រាក់​ដែល​សហ​​គ្រិន​ខ្មែរ (KE) បាន​អនុវត្ត​កន្លងមក គឺ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​រក្សា​ទុនបម្រុង​ចំនួន​ ៥ ​លាន​ដុល្លារ​សម្រាប់​អនុវត្ត​ក្នុង​រយៈពេល​ ១ ​ឆ្នាំ ប៉ុន្តែ​ការប្រកាស​ថ្មីៗ​នេះ​ក្រសួង​នឹង​បង្កើន​ទឹកប្រាក់​នេះ​រហូតដល់​ ១០ ​លាន​ដុល្លារ សម្រាប់​ឆ្នាំ​បន្តបន្ទាប់​។

ដោយសារ សហគ្រិន​ខ្មែរ ជា​អង្គភាព​បង្កើតឡើង​ក្នុង​បរិបទ​ដែលមាន​ការវាយលុក​ខ្លាំង​នៃ​ជំងឺ​កូ​វីដ​ ១៩ តើ​លោក​សង្កេតឃើញ​មានការ​ផ្លាស់ប្តូរ​យ៉ាងដូច​ម្តេច​ខ្លះ សម្រាប់​ឥរិយាបថ​អ្នក​ប្រកប​អាជីវកម្ម​នៅ​ស្រុក​ខ្មែរ​?

​តាមពិត​កូ​វីដ​ ១៩​ ប៉ះពាល់​ច្រើនណាស់​សម្រាប់​ប្រជាជន​យើង ប៉ុន្តែ​វា​ល្អ​សម្រាប់​រឿង​ ១ គឺ​ការ​ធ្វើឱ្យ​យើង​ចេះ​គិត​ឡើងវិញ​ថា អ្វីដែល​យើង​មាន​រាល់ថ្ងៃនេះ ដើរទៅ​មុខ​ឬទេ​? បើ​អ្វីដែល​យើង​មាន​សព្វថ្ងៃ​មិនសូវ​ល្អ ពេល​កូ​វីដ​កើតឡើង វា​ធ្វើឱ្យ​ដួល​។ បើសិន​ជា​គ្មាន​កូ​វីដ​មក​ដាស់​ស្មារតី​យើង​ទេ​យើង​ក៏​មិនដឹងថា អ្វី​ត្រូវធ្វើ ត្រូវ​កែសម្រួល​នោះដែរ​។ ពេល​កូ​វីដ​កើតឡើង ម្ចាស់​អាជីវកម្ម​ខ្លះ​ប្តូរ​របៀប​រកស៊ី ដូរ​របៀប​គិតគូរ​ថា​តើ ចំណាយលុយ​ទៅលើ​អ្វី​ដើម្បី​ធានា​ការទទួលបាន​ទុន​៕