ភ្នំពេញៈ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ លោក គង់ វិបុល បានស្នើ​ឱ្យ​ភាគី​ជប៉ុន​ជួយ​ព​ន្លឿ​ន​ដំណើរ​ការចរចា​កិច្ច​ព្រមព្រៀង​ស្ដីពី​ការចៀសវាង​ការយកពន្ធ​ត្រួតគ្នា ​(DTA) ​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​ជប៉ុន ឱ្យបាន​ឆាប់ ខណៈ​ក្នុង​ឆ្នាំ​ ២០២២ ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា ជប៉ុន មាន​ទឹកប្រាក់​សរុប ១ ៩៤៨,០២​ លាន​ដុល្លារ កើនឡើង ១២,៣ ​ភាគរយ​ធៀប​ឆ្នាំ​ ២០២១​។​

​ក្នុងជំនួប​ពិភាក្សា​ជាមួយនឹង​លោក UENO Atsushi ឯកអគ្គរាជទូត​ជប៉ុន​ថ្មី​ប្រចាំ​កម្ពុជា នៅ​អគ្គនាយកដ្ឋាន​ពន្ធ​ដារ កាលពី​ថ្ងៃទី ​២៩ ខែឧសភា លោក គង់ វិបុល បានលើកឡើង​ពី​កិច្ចសហការ​ដ៏​ល្អ​រវាង​រដ្ឋាភិបាល និង​ប្រជាជន​នៃ​ប្រទេស​ទាំង ២ ជាពិសេស​រដ្ឋាភិបាល និង​ប្រជាជន​ជប៉ុន​ដែល​តែងតែ​ផ្តល់​កិច្ច​គាំទ្រ និង​ផ្តល់​កិច្ចសហប្រតិបត្តិការ​ល្អ​ជាមួយ​កម្ពុជា ពិសេស​ជំនួយ​បច្ចេកទេស តាមរយៈ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​នៃ​ប្រទេស​ជប៉ុន ​(JICA)​ ដល់​អគ្គនាយកដ្ឋាន​ព​ន្ធ​ដារ​ដោយ​ផ្ដោតទៅលើ​ការអភិវឌ្ឍ​សមត្ថភាព និង​ធនធានមនុស្ស​របស់​អគ្គ​នាយកដ្ឋាន​ពន្ធដារ តាំងពី​ឆ្នាំ​ ២០០៤ មក​។​


​លោក​ក៏បាន​លើកឡើង​ពី​វឌ្ឍនភាព​ថ្មីៗ និង​វិធានការ​លើកទឹកចិត្តរ​បស់​រដ្ឋាភិបាល​កម្ពុជា​ដើម្បី​ស្ដារ និង​ជំរុញ​កំណើនសេដ្ឋកិច្ច​តាមរយៈ​ការប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​ក្នុង​ការផ្តល់សេវា​ជូន​អ្នក​ជាប់ពន្ធ និង​ការយកចិត្តទុកដាក់រ​បស់​អគ្គនាយកដ្ឋាន​ព​ន្ធ​ដារ​ចំពោះ​វិនិយោគិន​ជប៉ុន ដោយ​ផ្តល់​កិច្ច​សហ​ការ​គ្រប់​ជ្រុងជ្រោយ​នៅក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ប្រឈម​នានា​ពាក់ព័ន្ធ​នឹង​ពន្ធដារ​ទៅដល់​សមាគម​ពាណិជ្ជកម្ម​កម្ពុជា​-​ជប៉ុន ​(JBAC)​។ ក្នុងពេល​ជា​មួយ​គ្នា​នេះ លោក វិបុល ក៏បាន​ស្នើ​ភាគី​ជប៉ុន​ឱ្យជួយ​ព​ន្លឿ​ន​ដំណើរ​ការចរចា​លើ​កិច្ចព្រមព្រៀង​ស្ដីពី​ការចៀស​វាង​ការយកពន្ធ​ត្រួតគ្នា ​(DTA)​ រវាង​ប្រទេស​ទាំង​ ២ ផងដែរ​។​

​លោក​លើកឡើងថា​៖ «​សូម​ស្នើ​ភាគី​ជប៉ុន​ជួយ​ព​ន្លឿ​ន​ដំណើរ​ការចរចា​កិច្ច​ព្រមព្រៀង​ស្ដីពី​ការចៀសវាង​ការយកពន្ធ​ត្រួតគ្នា ​(DTA) រវាង​ព្រះរាជា​ណា​ចក្រ​កម្ពុជា និង​ជប៉ុន​ឱ្យបាន​លឿន​»​។​


​អ្នកជំនាញ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា លោក ហុង វណ្ណៈ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី ​១ ខែមិថុនាថា ជាទូទៅ​ប្រទេស​ដែលមាន​ទំនាក់​ទំនង​ពាណិជ្ជកម្ម​ល្អ​ជាមួយគ្នា គឺ​តែងតែ​ចង់ឱ្យមាន​កិច្ចព្រមព្រៀង​ស្តីពី​ការ​​ចៀសវាង​ការយកពន្ធ​ត្រួតគ្នា​ (DTA) ព្រោះ​កិច្ចព្រមព្រៀង​នេះ​នឹង​ជួយ​លើក​ទឹកចិត្ត និង​ជំរុញឱ្យមាន​ចរន្ត​នៃ​ការនាំ​ចេញ​-​នាំចូល​ទំនិញ​រវាង​ប្រទេស​ដៃគូ​កាន់តែ​សកម្ម និង​ឆាប់រហ័ស​។ លោក​បន្តថា កិច្ចព្រមព្រៀង​នេះ​ក៏​អាចជួយ​ទាក់ទាញ​អ្នកវិនិយោគ​ឱ្យទៅ​បណ្តាក់​ទុន​ផ្ទាល់​ក្នុងប្រទេស​ដៃគូ​ទាំង​២​ដើម្បី​អាច​នាំចេញ​ទំនិញ​ក្រោម​លក្ខខណ្ឌ​ពិសេស​ផងដែរ​។​

​លោក​បាន​បន្តថា ជប៉ុន​ជា​ប្រទេស​រីកចម្រើន និង​មាន​សេដ្ឋកិច្ច​រីកចម្រើន ដូច្នេះ​នៅពេល​កិច្ចព្រមព្រៀង​នេះ​លេចចេញ​ជា​រូបរាង វា​នឹង​ទាក់ទាញ​វិ​និ​យោ​-​គិ​ន​ជប៉ុន​ឱ្យ​ចូលមក​បណ្តាក់ទុន​ផ្ទាល់​នៅ​កម្ពុជា​កាន់តែច្រើន និង​នាំ​បច្ចេក​​វិទ្យា​ថ្មី​មក​កម្ពុជា​ផងដែរ​។​

​លោក​បាន​បញ្ជាក់ថា​៖ «​ក្រៅពី​មាន​ទំនាក់ទំនង​ការទូត​ល្អ ប្រទេស​កម្ពុជា​-​ជប៉ុន ក៏​ជា​សមាជិក​នៃ​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់ ​(RCEP)​ ផងដែរ ដូច្នេះ​បើសិន​ប្រទេស​ទាំង​ ២ មាន​កិច្ចព្រមព្រៀង​ស្ដី​ពី​ការចៀសវាង​ការយកពន្ធ​ត្រួតគ្នា​ថែម​​ទៀត​នោះ ខ្ញុំ​ជឿថា ទឹកប្រាក់​ផ្លាស់ប្តូរ​ពាណិជ្ជកម្ម និង​ការវិនិយោគ​ផ្ទាល់​របស់​ជប៉ុន​នៅ​កម្ពុជា ប្រាកដជា​នឹង​ហក់​ឡើង​ខ្ពស់​នាពេល​អនាគត​»​។​

​យោងតាម​លោក វណ្ណៈ បច្ចុប្បន្ន​ក្រៅពី​ខិតខំ​ក្នុង​ការបង្កើត​ទំនាក់ទំនង​ល្អជា​មួយ​បណ្តា​ប្រទេស​នានា​លើ​ពិភព​លោក រដ្ឋាភិបាល​កម្ពុជា​ក៏បាន​ធ្វើកំណែទម្រង់​ក្នុងប្រទេស​ផងដែរ​ដូចជា ប្រព័ន្ធ​ច្បាប់​វិនិយោគ ការពង្រឹង​សមត្ថ​ភាព​កម្លាំង​ពលកម្ម និង​កសាង​ហេ​ដ្ឋា​រចនាសម្ព័ន្ធ​ជាច្រើន ដើម្បី​ធ្វើជា​គ្រឹះ​សម្រាប់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​។​

​យោង​អគ្គនាយកដ្ឋាន​ពន្ធដារ​គិត​ត្រឹម​ចុងខែ​កុម្ភៈ ឆ្នាំ​ ២០២២ កម្ពុជា​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ស្ដីពី​ការ​ចៀសវាង​ការយកពន្ធ​ត្រួតគ្នា​ចំនួន ១១ ប្រទេស​/​តំបន់​រួចមកហើយ ដែល​រួមមាន សិង្ហ​បុរី​, ចិន​, ប្រ៊ុយណេ​, ថៃ​, ឥណ្ឌូនេស៊ី​, វៀតណាម​, តំបន់​រដ្ឋបាល​ពិសេស​ហុងកុង​, ម៉ាឡេស៊ី​, សា​ធារ​ណ​រដ្ឋ​កូរ៉េ​, តំបន់​រដ្ឋបាល​ពិសេស​ម៉ា​កាវ និង​តួ​ក​គី​។ ទន្ទឹមនឹងនេះ កម្ពុជា​ក៏​កំពុង​ចរចា DTA ជាមួយ​ប្រទេស​ដៃគូ​មួយចំនួន ដូចជា ជប៉ុន ហ្វីលីពីន ឡាវ និង​អេ​មី​រ៉ា​ត​អារ៉ាប់​រួម ជាដើម​។​

​ធនាគារជាតិ​នៃ​កម្ពុជា​ (NBC)​ បានឱ្យដឹងថា គិត​ត្រឹម​ចុងឆ្នាំ ​២០២១ ជប៉ុន គឺជា​ប្រទេស​ដែល​មក​វិនិយោគ​ផ្ទាល់​នៅ​កម្ពុជា​ច្រើនជាងគេ​លំដាប់​ទី​ ៥ ដោយមាន​ទឹកប្រាក់ ២,៤​ ពាន់​លាន​ដុល្លារ តាម​ពីក្រោយ​ប្រទេស​ចិន​, កូរ៉េ​, សិង្ហ​បុរី និង​វៀតណាម​។​

​ទិន្នន័យ​ពី​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ឱ្យដឹងថា ក្នុង​ឆ្នាំ ​២០២២ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា ជប៉ុន មាន​ទឹកប្រាក់​សរុប ១ ៩៤៨,០១៩​ លាន​ដុល្លារ កើន ១២,៣ ​ភាគរយ​បើ​ធៀប​ឆ្នាំ​ ២០២១ ក្នុងនោះ​ការនាំ​ទំនិញ​ពី​កម្ពុជា​ទៅ​ជប៉ុន ១ ១៧៣,០៣​ លាន​ដុល្លារ កើន ៧,៣​ ភាគរយ និង​នាំចូល ៧៧៤,៩៨៩​ លាន​ដុល្លារ​កើនឡើង ២១ ​ភាគរយ​។​

​ទោះយ៉ាងណា វិបត្តិ​សេដ្ឋកិច្ច​ពិភព​លោក​ដែល​កំពុង​បន្ត​កើតមាន​នាពេលនេះ​បានធ្វើឱ្យ​ការផ្លាស់ប្តូរ​ពាណិជ្ជ​កម្ម​រវាង​ប្រទេស​ទាំង​ ២ ធ្លាក់ចុះ​គួរឱ្យកត់សម្គាល់​។ ទិន្នន័យ​បានឱ្យដឹងថា ក្នុង​រយៈពេល ៤ ​ខែ​ដើមឆ្នាំ​ ២០២៣ ពាណិជ្ជកម្ម​រវាង​កម្ពុ​ជា​-​ជប៉ុន មានទឹក​ប្រាក់​សរុប ៥៧៣,១​ លាន​ដុល្លារ ធ្លាក់ចុះ ៩,៨​ ភាគរយ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២២​។ ក្នុងចំណោម​ទឹក​ប្រាក់​ខាងលើ គឺ​កម្ពុជា​នាំទៅ​ជប៉ុន ៣៧១,៥៩​ លាន​ដុល្លារ ធ្លាក់ចុះ ៤,៥ ​ភាគរយ និង​ជប៉ុន​នាំចូល ២០១,៥១​ លាន​ដុល្លារ ធ្លាក់ចុះ​ ១៨,២​ ភាគរយ​៕